លី ឌីណា និង ​ឈិន សុធារី បញ្ចប់​ជម្លោះ​ក្រៅ​​​ប្រព័ន្ធ​តុលាការ

កញ្ញា លី ឌីណា និងអ្នកនាង ​ឈិន សុធារី

នៅ​ទី​បំផុត​​ជម្លោះ​យ៉ាង​ស្រួច​ស្រាល​​រវាង​តារា​សម្ដែង​​​ប្រចាំ​នៅ​ប៉ុស្ដិ៍​លេខ​​៥និង​ទូរទស្សន៍​បាយ័ន​​ ​​កញ្ញា ​លី ឌីណា និង​​​​ ឈិន សុធារី ត្រូវ​បាន​បញ្ចប់​ហើយ ​បន្ទាប់ពីអ្នក​ទាំង​ពីរ​​បាន​ជួបចរចាគ្នា ស្រប​គ្នា​ដែល​​លោក សុវណ្ណ មករា ជា​ដើម​ចម​ក៏​បាន​ធ្វើអោយ​​អ្នកនាង ​​​ឈិន សុធារី ជឿជាក់ថា​លោកនិង ​​​​​​ឌី លីណា មិន​មានស្នេហា​ក្រៅឆាក។

​​​​តារា​ស្រីទាំង​ពីរ​ក៏ត្រូវ​បាន​​ប្រកាសថា​​​​ សុំគ្នា​ធ្វើ​ជា​បង​ប្អូន​ធម៌ ​​បន្ទាប់ពី​​បាន​​​​លាង​ជម្រះ​នូវការ​យល់​ច្រលំ​​ដ៏ចម្រូង​ចម្រាស់​នោះ​ផងដែរ​​។

​​​​មុន​នេះ​បន្តិច​ មិនមាន​អ្នកណាមិន​ដឹង​នោះទេ ថា​​​តារា​សម្ដែង​​​​​​កំពុង​ឡើងកូដ​​​វ័យ​​២៥​ឆ្នាំ កញ្ញា​ លី ឌីណា ​​និង​ ឈិន សុធារី បាន​ផ្ទុះជម្លោះដាក់​គ្នា​​រហូត​ដល់​​​មាន​​​​​​ការ​ប្រកាស​​ប្ដឹង​​​​​​​​គ្នា​។

​ឈិន សុធារី ចោទ​ថា​​​​​​ លី ឌីណា ​​ដណ្ដើម​ប្ដី​​ ស្របគ្នាដែល​​លោក សុវណ្ណ មករា លែង​ចូលផ្ទះ ហើយ​មាន​បំណង​​សុំ​លែង​​​ជាមួយ​​អ្នកនាង ​​​ខណៈដែលភាគី​ខាង ​ឌី លីណា​ ឯណោះវិញ ក៏​បាន​ប្រកាស​ថា​នឹង​​ប្ដឹង​ការពារ​មុខ​មាត់​ខ្លួន​វិញ ​តប​នឹង​​បណ្ដឹ​ងរបស់ ​​ឈិន សុធារី ​។

​​អ្នកទាំង​ពីរ​បាន​សារភាពថាមាន​រឿង​​​​ផ្ទុះជម្លោះ​ដាក់គ្នា​រហូត​ឈានដល់​ការ​​ប្ដឹង​​ផ្ដល់​​ ដោយ​ ឈិន សុធារី ​បានប្រើ​​​​​បណ្ដាញសង្គម​ហ្វេសប៊ុក​លាតត្រលាង​ពីជម្លោះ​របស់ខ្លួន ​​​ធ្វើការ​វាយ​​​ប្រហារ​ទៅ​ ​​​​​លី ឌីណា ​ហើយ លី ឌីណា ក៏ព្រលះ​មួយសារ​​តប​ត និង​ពេលខ្លះ​ក៏​​​​រង់ចាំ​​​​មើលដើម្បី​ប្រមូល​ភស្ដុតាង​​​​។

​ជម្លោះ​ពួកគេ​កាន់តែមានកម្រិតធ្ងន់ បន្ទាប់ពី​​លោក សុវណ្ណ មករា ​​ខឹង​​នឹង​​​ការ​បង្ហោះ​ឡើង​របស់​ភរិយា ហើយ​បាន​ប្រកាសថា ឈិន សុធារី ​​​បំបាក់មុខ​ខ្លួន ដែល​នាំអោយ ​ឈិន សុធារី កាន់តែ​​​​​ក្ដៅ​ស្លឹក​ត្រចៀកនិង​ចោទ​ថា​​​​​​​តារា​សម្ដែង លី ឌីណា គឺជាមូលហេតុ​ដែលនាំ​អោយ​​លោក សុវណ្ណ មករា ​បែកចិត្ត។

ឈិន សុធារី ​គ្រោង​ដាក់​បណ្ដឹង​​​​​​​​ ​​​​​តារា​សម្ដែង លី ឌីណា​ ពីបទ​ប្រមាថ​​មាក់ងាយ​ ខ្លួន​​ក្នុង​ពេល​នាង​ខលទៅ​រក​​​​​លោក សុវណ្ណ មករា រាល់​ពេល​បាត់​ពីផ្ទះ ​ហើយ​ ​លី ឌីណា ​​ក៏​ប្រកាស​​​​​ប្ដឹង​បក​ជា​ការ​តបត ​ពីបទ​​បរិហារកេរ្តិ៍មិនពិត​ពីខ្លួន។

ម្នាក់ៗ​សុទ្ធតែ​​បង្ហាញ​ពី​ឆន្ទៈ​​ប៉ះគ្នាអោយ​បានដាច់ខាត​​​​ ​​ដើម្បី​ប្រឈម​មុខគ្នា​​ក្នុង​​ប្រព័ន្ធ​​​តុលាការ ​​បន្ទាប់ពី​​​​​​​ភាគី​​​​​​​ម្ខាងៗ​ក៏អះអាង​ថាខ្លួនមាន​​​ភស្ដុតាង​ដាក់បន្ទុកគ្នា​រៀង​ខ្លួន។

​​យ៉ាងណាក៏ដោយ​ក្រោយ​ការ​ស្ងប់ស្ងាត់ពីការ​តាមដាន​ ​​​តារា​សម្ដែង​ទាំង​ពី​​​​បែរជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​មាន​ដំណឹង​ថា​​​សម្រុះសម្រួលគ្នាហើយ​​​​ប្រកាសជំហរ​រៀង​ខ្លួនថា​​​​សុខ​ចិត្ត​រាប់គ្នានិង​បញ្ចប់​បញ្ហា​នៅ​ក្រៅ​ប្រព័ន្ធ​ច្បាប់។

​​តារា​សម្ដែង ​លី ឌីណា ដែលត្រូវគេ​ស្គាល់​​​ថា​​​​​​បានតំណែង​​​​​​​​​សំខាន់​ក្នុង​រឿង​​ជា​ច្រើន​​ចុង​ក្រោយ បានអះអាង​ថាហេតុ​ផលដែល​នាំអោយមានការ​យល់ច្រលំ គឺ​បណ្ដាលមកពី​​​​ក្នុង​ពេលនោះ​ លោក សុវណ្ណ មករា ដែល​​​ជា​អ្នក​ផលិតកុន​​អោយទូរទស្សន៍​បាយ័ន បាន​ហៅ​​នាង​សម្ដែង​តួ​ឯក ហើយ​ក្នុង​ពេ​លនោះ​​លោក សុវណ្ណ មករា ​និង​ឈិន សុធារី ​ក៏​មានរឿង​ខ្វែង​គំនិត​គ្នា​កើត​ឡើង។

​កញ្ញា​​ថាខ្លួន​ចង់បកស្រាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​​​​​​តាំងពី ​ឈិន សុធារី មាន​ការ​យល់ច្រលំ​ភ្លាមៗ​ម្ល៉េះ ប៉ុន្តែក្រោយមក​​ខ្លួន​​​មិនមាន​​​ឱកាស ​ទើប​​​​​ព័ត៌មានដែល​បាន​ចុះផ្សាយ​ស្រង់យកសម្ដីតែ​ម្ខាង​របស់​ ឈិន សុធារី ។

​​​កញ្ញា​និយាយថា​​៖ «​​ពេលមានរឿង​ហ្នឹង​ ខ្ញុំដឹងថា​គាត់​(ឈិន សុធារី)ប្រច័ណ្ឌ​​បង មករា ដោយសារតែ​បង ​មករា​គាត់ថត​យប់ៗ​បាន​ឈប់ ​ហើយ​បង ធារី គាត់ដៅ​មកលើតែខ្ញុំទេ ​ដោយសារ​ពួក​យើង​​​​នៅ​​​ថត​ដល់យប់ៗជ្រៅជា​មួយគ្នា ​​​ហើយជួន​កាល​​បង​ មករា ក៏នាំទៅ​ហូបអី​​ តែ​មិនមែនទៅ​តែ​​ខ្ញុំនិង​គាត់ណា! មានក្រុមការងារ​គាត់ដែរ​តើ ​​​​តែ​បង​​ ធារី ​គាត់​​ដៅប្ដីគាត់ជាមួយខ្ញុំទើបមានរឿង​ហ្នឹង!»។

កញ្ញា​ថា​​​​​​​​​​​ក្នុង​ពេល​​ផ្ទុះជម្លោះ​​​ ឈិន សុធារី ​​បាន​ប្រកាស​​ប្ដឹង​កញ្ញា ខណៈដែលកញ្ញាក៏ត្រៀម​ភស្ដុតាង​​​ត​តាំងដូចគ្នា​ដោយ​កញ្ញាយល់​ថា​នោះការ​បង្ខូចឈ្មោះ​​។

កញ្ញា​និយាយថា​៖ «​​​​​​​ខ្ញុំអត់ដឹង​ថា​​​​គាត់(ឈិន សុធារី)និង​ប្ដីគាត់មានរឿងអីទេ ​តែ​​អោយតែ​បាត់​​​​​បង​ មករា ​គាត់​ខល​មកខ្ញុំរហូត ហើយខ្ញុំសារភាព​ជួនកាលគាត់​ខល​​ទៅ​ប្ដី​គាត់​អត់ចូល ហើយ​ពេលខលមកខ្ញុំ​ គឺ​បង​ មករា​​ នៅ​ជាមួយ​​ខ្ញុំមែន ដោយសារតែ​ថត​មិនទាន់ចប់ តែ​លូវ​ខ្ញុំនិង​គាត់(ឈិន ធារី)​និយា​យគ្នាត្រូវ​ហើយ ដោយសារតែ​ខ្ញុំនិង​បង​មករា អត់មានរឿង​ចឹង​!»។

កញ្ញាថា​រវាងកញ្ញា និង​​ឈិន សុធារី ​​​លែង​មាន​បញ្ហា​ចម្រូង​ចម្រាស់ដូចអ្វីដែល​បានឃើញ​ហើយ ប៉ុន្តែ​អ្វីដែលនៅបន្ត​គឺ​រវា​ងកញ្ញានិ​ង​​​បុរស​ជា​គូស្នេហ៍​ដែល​​មិនមែនជា​អ្នកសិល្បៈហើយជា​​​​​​​​​​​​មន្ត្រី​រាជការ​នៅ​ក្នុង​ក្រសួងមួយ​ឈាន​ដល់​​​​​​​​រង្គោះរង្គើ​​។

កញ្ញា​និយាយថា​៖ «​​​​​​ឥលូវ​ខ្ញុំ​និង​​​បង ធារី ​យល់​គ្នា​អស់​ហើយ ប៉ុន្តែ​សង្សារ​ខ្ញុំ​​​គាត់អត់គិត​ចឹង​​ទេ គាត់នៅតែ​ថា​​​​ព័ត៌មាន​ហ្នឹង​​វា​ពិត ​ហើយ​​​ខឹង​ខ្ញុំ​រហូត! ខ្ញុំ​អត់ខ្វល់រឿង​គាត់សុំបែកពីខ្ញុំ​ទេ ប៉ុន្តែ​អ្វីដែលខ្ញុំ​​សោក​​​ស្ដាយ គឺ​​​​ពួកយើង​​បែកគ្នាដោយសារតែ​​រឿង​យល់ច្រលំ​​​​​​​មួយពេលហ្នឹង!»។

​អ្នកនាង ឈិន សុធារី ​បាន​​អះអាងថា​រវាង​អ្នកនាង និង​​​​​ លី ឌីណា ពិត​ជា​បាន​​បញ្ចប់បញ្ហា​​ដូចអ្វីដែល​បាន​​លើកឡើង ដោយ​ក្រោយពី​ទទួល​​​​យកការ​បកស្រាយ​ អ្នកនាង​ក៏សុំតារា​សម្ដែង​​កញ្ញា ​លី ឌីណា ធ្វើ​ជា​​​​បង​ប្អូនធម៌​ផង។

អ្នកនាង​​ថា​​ក្រោយ​ការជម្រះ​មន្ទិល​​​​​ ​អ្នកនាង​នឹង​ផ្ដល់​ឱកាស​អោយ​តារា​សម្ដែង​រូប​នេះ​​​​បានសម្ដែង​​​ជា​ថ្មីនៅ​ក្នុង​ផលិតកម្មរបស់ស្វាមី​​​ បើទោះ​មិនទាន់​​ច្បាស់​ពីគម្រោង​នៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ