មន្រ្តីរដ្ឋាភិបាលទទួលបន្ទុកដោះស្រាយវិវាទដីធ្លីបានកោះហៅពលរដ្ឋខេត្តកោះកុងដែលឡើងមកតវ៉ាដល់ភ្នំពេញនោះទៅបញ្ជាក់ពីការទាមទារសំណង ខណៈអ្នកភូមិនៅតែបន្តដើរដាក់ញត្តិស្ទើររាល់ថ្ងៃតាមស្ថាប័នពាក់ព័ន្ធ។
ក្នុងសប្តាហ៍នេះ ពលរដ្ឋប្រមាណ១០០នាក់មកពីខេត្តកោះកុង ដែលមានជម្លោះដីធ្លីជិត១០ឆាំ្ន បាននាំដើរដាក់ញត្តិជាបន្តបន្ទាប់នៅតាមស្ថាប័នរដ្ឋដូចជា ក្រសួងមហាផ្ទៃ ខុទ្ទកាល័យលោកនាយករដ្ឋ ទីស្តីការគណៈរដ្ឋមន្រ្តី និងស្ថាប័នផ្សេងទៀត ដើម្បីរកកិច្ចអន្តរាគមន៍ពីស្ថាប័នទាំងនោះឲ្យជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគេ។
ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់នៅថ្ងៃព្រហស្បតិ៍នេះ បានកោះហៅពលរដ្ឋទាំងនោះមកពិភាក្សាដើម្បីស្វែងរកដំណោះស្រាយ។
តំណាងពលរដ្ឋអ្នកស្រី ផាវ ញើង ប្រាប់អ្នកសារព័ត៌មានក្រោយជំនួបថា ក្នុងកិច្ចពិភាក្សានោះ ពលរដ្ឋសម្រេចទាមទារដី២ហិកតានិងថវិកា៥០០០ដុល្លារសម្រាប់១គ្រួសារ និងមួយទៀតគឺទាមទាឲ្យមានប្រព័ន្ធផ្លូវក្នុងសហគមន៍។
អ្នកស្រីបន្តថា ប្រសិនបើមិនតាមការទាមទាទេ ក្រុមពលរដ្ឋគឺមិនទទួលយកឡើយ ហើយពួកនៅតែបន្តតវ៉ារហូត។
អ្នកស្រីបន្ថែម៖ “មុននឹងមកទីនេះ គឺពួកយើងបានពិភាក្សាលំអិតយ៉ាងម៉ត់ចត់ថា ពួកយើងចុះអស់ហើយត្រឹម៥០០០ដុល្លានិង២ហិកតាហ្នឹង ដែលវាតិចបំផុតហើយ ចំពោះក្រុមហ៊ុនគេយកដីយើងទៅប្រើប្រាស់ចំណេញផលប្រយោជន៍ច្រើនមែនទែន តែសម្រាប់ពួកយើងធ្លាក់ខ្លួនក្រីក្រ ទទួលសំណងប៉ុណ្ណឹងយកសងគេសឹងមិនគ្រប់ផង ចុះហើយអ្វីលុយប៉ុណ្ណឹងសងយើងមិនបាន បើសងមិនបានគឺយើងមិនទទួលយកទេ”។
ពលរដ្ឋម្នាក់ លោក សោម តឹង អាយុ៧០ឆ្នាំ និយាយថា ក្រុមហ៊ុនរបស់លោក លី យ៉ុងផាត់ រំលោភយកដីគាត់អស់៥ហិតា ដែលលោកថាបច្ចុប្បន្នលោកនៅសល់ដីមិនដល់១ហិកតាទេសម្រាប់បង្កបង្កើនផល។
លោកបន្តថា គ្រួសារគាត់បានជួបផលលំបាកខ្វះខាតជីវភាព កូនៗចំណាកស្រុកដោយសារខ្វះដីធ្វើស្រែចំការ។
លោកបន្ថែម៖ “ខ្ញុំចំណាស់នេះខំមក គឺយើងចង់បានតែដីយើងវិញទេ យើងមិនឲ្យគេសងសំណងអីទេចង់បានតែដីយើងត្រឡប់មកវិញ ដើម្បីបានដីបង្កបង្កើនផល ធ្វើម៉េចសុំឲ្យអស់ លោកមេតាជួយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អីជួយឲ្យបានដីរបស់ប្រជាជនត្រឡប់មកវិញ ដើម្បីបង្កបង្កើតផល”។
វីអូឌីមិនអាចសុំការឆ្លើយបំភ្លឺពីប្រធានគណៈកម្មការដោះស្រាយដីធ្លីនៃក្រសួងរៀបចំដែនដី លោក ទេព ធន បានទេនៅរសៀលនេះ ដោយទូរសព្ទមិនចូល។
បើតាមតំណាងរបស់ពលរដ្ឋឲ្យដឹងថា ការដែលពួកគេទាមទារសំណងដី២ហិកតានិងលុយ៥០០០ដុល្លារក្នុង១គ្រួសារនោះ លោក ទេព ធន និយាយថា ក្រសួងនឹងយកសំណើនេះទៅពិភាក្សាដើម្បីដោះស្រាយ ប៉ុន្តែលោកមិនធានាថាបានដូចពលរដ្ឋទាមទារទាំងអស់នោះទេ។
ក្រុមពលរដ្ឋអះអាងថា ពួកគេជិត២០០គ្រួសារនៅស្រុកស្រែអំបិលនិងស្រុកបុទមសាគរខេត្តកោះកុងបានបាត់បង់ដីទំហំ៨៤១ហិកតាតាំងពីឆ្នាំ២០០៦និងខ្លះ២០០៩ ដែលអ្នកតវ៉ាចោទថាដីទាំងនោះត្រូវបានក្រុមហ៊ុនចំនួនពីរនៅខេត្តនោះរំលោភយក គឺមានក្រុមហ៊ុនរបស់ លោក ហេង ហ៊ុយ និងក្រុមហ៊ុន ស្កស របស់សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជាគឺលោក លី យ៉ុងផាត់៕