របាយការណ៍៖ វិនិយោគទុនចិន​នៅកម្ពុជាកើនឡើងស្ទើរពាក់កណ្តាល​

វិស័យសំណង់ក្នុងរាជធានីភ្នំពេញ

រដ្ឋាភិបាលបានបង្ហាញថា នៅឆ្នាំ២០១៧ អ្នកវិនិយោគចិនមកកម្ពុជាមានចំនួនកើនឡើងស្ទើរពាក់កណ្តាលបើប្រៀបធៀបទៅជាមួយរបាយការណ៍ក្នុងឆ្នាំ២០១៦។​

របាយការណ៍ប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋចិន​ Xinhua កាលពីថ្ងៃទី៣មករា បង្ហាញថា នៅឆ្នាំ២០១៧ កម្ពុជាទទួលបានកំណើនវិនិយោគបរទេសសរុប ៥,២​ប៊ីលានដុល្លារអាមេរិក បន្ទាប់ពីកម្ពុជាបានអនុម័តគម្រោងវិនិយោគធំៗ ចំនួន១១៧ ដែលកើនឡើងដល់ទៅ ៤៤ភាគរយ ដូចជា ក្នុងវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និងទូរគមនាគមន៍ជាដើម។

បើតាមរបាយការណ៍ ទំហំ​វិនិយោគចិនមកកម្ពុជានៅឆ្នាំ២០១៧ មានចំនួន ១,៤៣ប៊ីលានដុល្លារអាមេរិក ឬស្មើ២៧ភាគរយ នៃវិនិយោគបរទេសសរុប ដែលចំនួននេះ គឺកើនឡើងស្ទើរពាក់កណ្ដាល បើធៀបនឹងឆ្នាំ២០១៦ ទំហំវិនិយោគរបស់ចិន មានចំនួន៧៤៨លានដុល្លារអាមេរិក។

របាយការណ៍ដដែលនេះបង្ហាញថា វិនិយោគចិនជាប់ចំណាត់ថ្នាក់លេខ២ សិង្ហបុរី ជាប់លេខ៣ មានទឹកប្រាក់ ២៥២លានដុល្លារ ខណៈអ្នកវិនិយោគក្នុងស្រុកនាំមុខគេមានចំនួន៣,១ប៊ីលានដុល្លារអាមេរិក។ ក្រៅពីនេះ កម្ពុជាក៏ទទួលបានការវិនិយោគពីប្រទេសផ្សេងទៀត ដូចជា កូរ៉េខាងត្បូង វៀតណាម ថៃ ម៉ាឡេស៊ី អង់គ្លេស ឥណ្ឌា និងជប៉ុនជាដើម។

នៅដើមសប្ដាហ៍នេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសលើហ្វេសប៊ុក ថា លោកនឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីចិន លោក លី ឃឹជាំង និងអ្នកវិនិយោគចិនមួយចំនួន នៅចន្លោះថ្ងៃទី១០និងទី១២ខែមករាខាងមុខនេះ។ លោក ហ៊ុន សែន អះអាងថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំចិន នឹងរឹតចំណងមិត្តភាពប្រទេសទាំងពីរ និងបង្កើនទំហំវិនិយោគទ្វេរភាគីកាន់តែច្រើនបន្ថែមទៀត។​

មន្ត្រី​​ស្រាវ​ជ្រាវ​នៅរាជបណ្ឌិតសភាកម្ពុជា​ លោក គី សេរីវឌ្ឍន៍ យល់ថា កំណើនវិនិយោគចិន នឹងជួយជំរុញវិស័យអចលនទ្រព្យ និងកសិកម្មរបស់កម្ពុជាយ៉ាងច្រើន ដែលថា អាចជួយទ្រទ្រង់សេដ្ឋកិច្ចមួយកម្រិតទៀត បើសិនអន្ដរជាតិដាក់ទណ្ឌកម្ម ដែលធ្វើឲ្យប៉ះពាល់ដល់វិស័យវាយនភណ្ឌកាត់ដេរ។

លោកថា៖ «ជាការបំពេញបន្ថែមមួយទេ តាមពិតពលកម្ម ដែលទៅធ្វើការក្នុងវិស័យអចលនទ្រព្យ សុទ្ធតែជាបុរស ដែលក្នុងវិស័យរោងចក្រកាត់ដេរ គេអត់យក អញ្ចឹង បើសិនវិនិយោគចិនចូលមក គឺវាជួយឲ្យ​កម្លាំងបុរសមានការងារធ្វើច្រើន ហើយចៀសផុតពីការធ្វើចំណាកស្រុកទៅថៃ។ ដូច្នេះ វាជួយឲ្យសេដ្ឋកិច្ចកម្ពុជា កើនឡើងយ៉ាងច្រើន។ បើសិនជាគេគ្រាន់តែបិទប្រព័ន្ធអនុគ្រោះនេះ ដែលខ្ញុំយល់ថា មិនប៉ះពាល់អីច្រើនទេ ព្រោះវិស័យកាត់ដេរ បើសិនជាមានប្រព័ន្ធអនុគ្រោះ គ្រាន់តែរោចក្របានចំណេញច្រើន តែរោងចក្រប្រហែលជាមិនបិទទេ…»។

រដ្ឋាភិបាលកម្ពុជា បានទទួលរងការថ្កោលទោសពីសហគមន៍អន្តរជាតិ​ បន្ទាប់ពីតុលាការកំពូលបានរំលាយអតីតគណបក្សប្រឆាំង ដែលមានអ្នកគាំទ្រជិតពាក់កណ្ដាលប្រទេស កាលពីខែវិច្ឆិកាឆ្នាំ២០១៧។ សហគមន៍អន្ដរជាតិ នាំមុខសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងសើរើប្រព័ន្ធអនុគ្រោះដល់កម្ពុជា បើសិនរដ្ឋាភិបាល មិនធ្វើឲ្យស្ថានការណ៍នយោបាយ មានភាពធូរស្រាលនៅមុនការបោះឆ្នោតទេនោះ។

អ្នកវិភាគនយោបាយលោកបណ្ឌិត មាស នី យល់ថា ទំនាក់ទំនងពាណិជ្ជកម្មជាមួយអ្នកវិនិយោគចិន ជារឿងមួយ។ ប៉ុន្ដែ លោកថា កម្ពុជាមិនអាចអោបជើងចិន ហើយផ្ដាច់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសលោកសេរីបានទេ។

កាលពីកន្លងទៅ នាយករដ្ឋមន្ដ្រី ហ៊ុន សែន ធ្លាប់បានប្រកាសថា ទោះបីជាអាមេរិក និងសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មសេដ្ឋកិច្ចក៏ដោយ ប៉ុន្ដែ លោកថា កម្ពុជានឹងរៀនរស់ជាមួយប្រទេសមហាអំណាចផ្សេងទៀតដូចជា ចិន ជប៉ុន និងរុស្ស៊ីជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ