ស្ត្រីមេផ្ទះមួយចំនួន​ស្នើរដ្ឋាភិបាលឲ្យបង្រៀនពួកគេចេះមើលបន្លែមានជាតិគីមី​

បន្លែលក់នៅលើទីផ្សារ (ណាត សុភាព)

ស្ត្រីមេផ្ទះមួយចំនួន​នៅរាជធានីភ្នំពេញ ដែលដើរផ្សារទិញម្ហូបជាប្រចាំនោះ អំពាវនាវទៅរដ្ឋាភិបាលឲ្យបង្រៀនពួកគេឲ្យចេះពិនិត្យមើលគុណភាព​បន្លែ ដោយថាបច្ចុប្បន្ននេះបន្លែលក់នៅលើទីផ្សារភាគច្រើន​សុទ្ធតែមានជាតិគីមី។

ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី៤ខែមករាម្សិលមិញ បានថ្លែងរំឭកជាថ្មីទៀតថា ដើម្បីលុ​បបំ​បាត់ចំណីអាហារមានសារធាតុគីមីនៅលើទីផ្សារ លោ​ក​ថា ​អ្ន​ក​ប្រើ​ប្រាស់​គួ​រ​ស្វែង​យល់ដោយ​ខ្លួនឯង ជាជាងជេរ និងបន្ទោសរដ្ឋាភិបាលថា ជាអ្នកបណ្តែ​តបណ្តោ​យឲ្យនាំចូ​ល​បន្លែ​គីមី​ទាំង​នោះ។

អំឡុងខែតុលាឆ្នាំមុន លោកនាយករដ្ឋមន្ត្រីបានប្រតិកម្មម្តងហើយ តបទៅនឹងអ្នករិះគន់ ដោយថា ដើ​ម្បី​​ថែ​​ទាំសុខភាព លោកថា ពួក​គេ​​ត្រូវ​ចេះពិនិត្យបន្លែដោយខ្លួនឯង​ កុំប​ន្ទោ​ស​រដ្ឋាភិបាល។

ដើរចេញពីកន្លែងទិញបន្លែនៅផ្សារទួលទំពូង​ អ្នកស្រី ឡេង សុធាវី​​  បានរៀប​រាប់ថា គាត់មិនចេះ​មើល​បន្លែ​ប្រភេទណា មានជាតិគីមី ឬមិនមាននោះទេ ដោយថាឲ្យតែមើលទៅល្អទិញយកទៅធ្វើម្ហូប​បរិភោគ។

អ្នកស្រីនិយាយថា «អត់ដឹងថា [បន្លែ​] មានគីមីឬអត់ផង បើមើលអត់ដឹងផង ឃើញល្អទិញ បន្ទោសក៏​មិន​កើត​ដែរ ព្រោះអីគ្នាឃើញល្អគ្នាទិញ»។

ស្ត្រីមេផ្ទះម្នាក់ទៀត​ នៅម្តុំផ្សារដើមគ អ្នកស្រី ប៉ែន សុវណ្ណារី​ បានរៀប​រាប់ថា អ្នកលក់ប្រាប់គាត់ថា បន្លែភាគ​ច្រើន​នាំ​ចូល​​​ម​ក​ពីប្រទេសចិន​ ដោយថាបន្លែទំាងនោះស្ទើតែទំាងអស់ប្រើជាតិគីមី។ ករណីនេះ​អ្នកស្រីថា គាត់​បារម្ភពី​សុខភាពដែរ ប៉ុន្តែគាត់ថាបង្ខំចិត្តទិញដោយ​សារគ្មានជំរើស។

អ្នកស្រីឲ្យដឹងថា «បើនាយករដ្ឋមន្ត្រីឲ្យចូលមក​ហើយ របស់ខ្មែរអត់មានផង ចូលសុទ្ធ​តែរបស់យួន របស់ចិន…បើស្ពៃបូកគោចិនសុទ្ធ​ឡើងស្វិតដូចក្រដាសចឹង​ ទុក​បួនប្រាំថ្ងៃទៅ​ ពេលទុក​បួន ប្រាំថ្ងៃ ញំាអត់ចង់កើតទេ ឡើងស្វិត…និយាយឆាទៅស្វិត បើរបស់ខ្មែរយើងទុកតែពីរ បីថ្ងៃ ទៅ វារលួយ​ បើរបស់​ចិនទុកមួយខែ ពីរខែ…សុខចិត្តស្រពោន​ ការ៉ុតក៏ចឹងដែរ សុខចិត្តស្រពោន​ អត់មានជំរើសត្រូវ​តែញំា បើគាក៏ញំា យើងក៏ញំាដែរ បើយើងអត់ញំា ក៏គង់តែងាប់ដូចតែគ្នា​​​»។

ហៀបឡើងជិះម៉ូតូ ទំាងដៃកាន់ថង់បន្លែ អ្នកនាង ផួង  ធីតា បាន​អំពាវនាវទៅរដ្ឋាភិបាល​ឲ្យបញ្ជាទៅ​មន្ត្រីជំនាញ​​នៅ​តា​ម​ក្រសួងនិមួយៗ ចុះអប់រំនិងបង្រៀនប្រជាពលរដ្ឋ ​។​

អ្នកនាង​ឲ្យដឹងថា «គួរតែ[រដ្ឋាភិបាល​]ចុះអប់រំ ឬក៏ផ្សព្វផ្សាយ​តាមវិទ្យុ ឬក៏ទូរទស្សន៍ បណ្តាញ​សង្គម​ឲ្យគាត់ បានយល់ដឹង​ពីបញ្ហាគីមី​ទំាងប្រជាពលរដ្ឋ​ ទំាងអាជីវក លក់នៅតាមទីផ្សារ​ ហើយទំា​ងអ្ន​ក​នាំចូល​ពីវៀត​​ណាម​ ឲ្យគាត់យល់ដឹងពីរបៀប​មើលថា បន្លែងហ្នឹងជាបន្លែគីមី​ ហើយបន្លែងហ្នឹងជាបន្លែធម្មជាតិ ហើយយើងត្រូវការពារសុខភាព»។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក សៀង ថៃ បានឲ្យដឹងថា ក្រុមមន្ត្រីកំាកុងត្រូលកំពុងរៀប​ចំសិក្ខា​សាលា និងចុះអប់រំប្រជា​ពលរដ្ឋ ​អាជីវក និងសិស្សសាលា ដើម្បីឲ្យស្គាល់បន្លែប្រភេទ​ណាមាន​ជាតិ​គីមី ឬមិន​មាន ដោយថា ​ដើម្បី​​​ការពារសុខភាពប្រជាពលរដ្ឋ។

លោកបានឲ្យដឹងថា «កំាកុងត្រូលកំពុង​ធ្វើកិច្ចការហ្នឹង​ ផ្សព្វផ្សាយ មានសិក្ខាសាលា សម្រាប់​បង្ហាត់​បង្រៀនប្រជាជន ហើយនិងកូនសិស្សនៅតាមសាលា​គាត់មើល ហើយហើយយើងចុះទៅ​តាមផ្សារមាន​ជាតិ​​[គីមី​]ហ្នឹងអត់ ពេលចុះទៅផ្ទាល់​»។

នៅពេលសួរថា តើរបៀបនៃការបង្រៀនប្រជាពលរដ្ឋ អាជីវក និងសិស្ស ត្រូវធ្វើ​ដូចម្តេចខ្លះ ដើម្បី​ឲ្យពួក​គេស្គាល់​បន្លែប្រភេទណាមានគីមីឬមិនមាន។ លោក សៀង ថៃ ឆ្លើយថា មិនទាន់អាចលម្អិតបានទេដោយសារជាប់ប្រជុំ។​

នាយកប្រតិបត្តិអង្គការសេដាក់ដែលធ្វើការផ្តោតលើកសិកម្ម លោក​ សម វិទូ និយាយថា មានតែមន្ត្រីជំនាញទេ​ អាចដឹ​ង​ពី​ចំណី​អាហារមានសារធា​តុគីមី តាមរយៈឧបករណ៍វាស់ស្ទង់នានា។ លោកថាចំណែក ពលរដ្ឋសាមញ្ញ ពិបា​កក្នុងការ​សម្គា​ល់​ដោយថា សា​​ធាតុគីមីខ្លះ ដែលគេយកទៅប្រើ គ្មានក្លិន គ្មានពណ៌។

លោកថា៖ «ជាទូទៅនៅក្នុងលក្ខណៈបច្ចេកទេសយើងមើលនឹងភ្នែកធម្មតាពិបាកក្នុងការកំណត់ចំណាំណស់ថាបន្លែ ឬត្រីសាច់ណា មានជាតិគីមី និងគ្មានជាតិគីមី។ ព្រោះ​​សាធាតុគីមីខ្លះយើងមើលអត់ឃើញទេ មានន័យថា វាអត់មានក្លិន វាអត់មានពណ៌ វាអត់មានអ្វីដែ​លអា​ចឲ្យយើងស​ម្គាល់បា​នទេ។​ ព្រោះឧទារណ៍ថា ដូចថ្នាំដែលគេប្រើដើម្បីសម្លាប់សត្វល្អិតខ្លះ ទៅលើបន្ថែទៅអីហ្នឹង ពេលដែល​បាញ់ទៅ​លើប​ន្ថែ​ទៅជា​ជ្រាបចូលទៅក្នុងសេរីរាង្គរបស់បន្ថែ ឬក៏ផ្លែឈើហ្នឹង ពេលនឹងវាមើ​លអត់ឃើញថាមានជាតិអីទេ ប៉ុន្តែ​នៅពេ​លដែល​សត្វល្អិ​តវា​ស៊ីទៅទើបវាងាប់»។

បើតាមលោក សម វិទូ ដើម្បីការពារសុខភាព គេចពីសារធាតុគីមី លោកថា រដ្ឋាភិបា​ល​ត្រូវជំ​រុញឲ្យ​មន្ត្រី​ជំ​នាញ កាំកុងត្រូ​​ល​ចុះ​ពិ​និ​ត្យអាហារទាំងនោះនៅលើទីផ្សារ តាមច្រកនាំចូល និងបង្ហា​ត់​បង្រៀ​​ន​ក​សិករ ឲ្យចេះ​ប្រើសារធាតុគីមី តាមបច្ចេ​ក​ទេស និងមា​នក្រមសីលធម៌។

អំឡុងខែកញ្ញាឆ្នាំ២០១៧ អង្គការ USAID របស់អាមេរិក បានបង្ហាញរបាយការណ៍ថា ពលរដ្ឋកម្ពុជាជាង ៧០ភាគរយកំពុង​ប្រ​ក​បរបរ​ក​សិក​ម្ម ប៉ុន្តែកសិករអាចដាំបន្លែបានតែ១ភាគ៣ នៃតម្រូវការទីផ្សារ ដោយសារ​បញ្ហាផ្សេងៗ។

ចំណែកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិញបានបង្ហាញរបាយការណ៍ដែរថា កម្ពុជាបានចំណាយថ​វិកា២០០​លានដុ​ល្លា​រ​អាមេរិក​ក្នុង១ឆ្នាំៗ សម្រាប់នាំចូលបន្លែពីបរទេស ដើម្បី​ផ្គត់ផ្គង់​តម្រូវការក្នុងស្រុក។ ក្រសួងថាបន្លែនាំចូលទាំងនោះ ភាគ​ច្រើ​​ននាំចូលពីប្រទេសវៀតណាម និង​ប្រទេសចិន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ