បទ​ល្មើស​គ្រឿង​ញៀន​កើន​ឡើង​គំហុក​កាល​ពី​ឆ្នាំ​មុន​ក្រោយ​ចាប់​ផ្ដើម​យុទ្ធនាការ​បង្ក្រាប

ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធ​​ប្រឆាំងគ្រឿងញៀន​ លោក កែ គឹមយ៉ាន (ណាត សុភាព)

អាជ្ញាធរគ្រឿងញៀន បានឲ្យដឹងថា បទល្មើស​គ្រឿងញៀនឆ្នាំ២០១៧ បាន​កើនឡើងយ៉ាង​គំហក​កាល​ពី​ឆ្នាំ​មុន ជា​ឆ្នាំ​ដែល​រដ្ឋាភិបាល​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​។

​របាយការណ៍សង្ខេបស្តីពីលទ្ធការងារត្រួតពិនិត្យគ្រឿងញៀនចេញ​នៅ​ថ្ងៃ​នេះ បាន​ឲ្យដឹងថា ចំនួន​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​​នៅ​ទូទាំង​ប្រទេស បាន​កើន​ឡើង​ពី​ចំនួន ៧ ៣០១​នាក់​នៅ​ឆ្នាំ​២០១៦ ទៅ​ដល់​ចំនួន ១២ ៦៩៥​នាក់ នៅ​ក្នុង​ឆ្នាំ​២០១៧ ពោល​គឺ​បាន​កើន​ឡើង​ដល់​ទៅ ៧៣.៨៨​ភាគរយ។

របាយការណ៍ដដែល ​បានឲ្យដឹងទៀតថា បទ​ល្មើស​គ្រឿង​ញៀន​ដល់​ទៅ ៨ ១៧៣​ករណី ត្រូវ​​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​ឆ្នាំ​២០១៧ ដោយ​មាន​កំណើន​ដល់​ ៩២.៤៨​ភាគរយ បើធៀប​នឹង​តួលេខ​ឆ្នាំ​២០១៦ ដែល​មាន​ចំនួន ៤ ២៤៦​ករណី។

ក្នុង​ពិធី​បូក​សរុប​លទ្ធផល​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​នៅ​ព្រឹក​ថ្ងៃ​នេះ ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធ​​ប្រឆាំងគ្រឿងញៀន​ លោក កែ គឹមយ៉ាន បាន​ថ្លែង​ថា ភាគ​ច្រើន​នៃ​បទ​ល្មើស​គ្រឿង​ញៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​កើត​ឡើង​តាម​ជើង​គោក ជើង​អាកាស ប្រៃសនីយ៍ តាម​ព្រលាន​យន្ត​ហោះ នៅ​តាម​បណ្ដា​ខេត្ត​ភាគ​ឦសាន​កម្ពុជា​ជាប់​ព្រំដែន​ថៃ ឡាវ និង​វៀតណាម។

លោក គឹមយ៉ាន បានជំរុញទៅអាជ្ញាធរពាក់ព័ន្ធ ឲ្យទប់ស្កាត់បទល្មើសគ្រឿងញៀនតាមតំបន់កើតហេតុខាងលើឲ្យ​មាន​ប្រសិទ្ធភាព ជាពិ​សេស​តាម​ច្រករបៀង​ជាប់ប្រទេសជិតខាង​​។

លោកថ្លែងថា៖ «ទប់ស្កាត់ការចរាចរណ៍គ្រឿងញៀន​តាមច្រកព្រំដែន​ ច្រករបៀង​នៃប្រទេសជិតខាង​ចូលមក​ប្រទេសយើង ជាពិ​សេស នៅព្រំដែនឡាវ។​ វិធានការទប់ស្កាត់​កុំឲ្យមានភ្នាក់ងារថ្មី​ និងការពង្រឹងប្រសិទ្ធិភាព… ព្យាបាល​​អ្នកដែលញៀន​តាមសហគមន៍​ និងយន្តការគ្រប់គ្រងអ្នកញៀន ដែលសមាហរណកម្មនៅក្នុង​សហគមន៍ យន្តការត្រួតពិនិត្យ​គ្រឿងញៀន​ជា​អចិន្ត្រៃយ៍នៅតាមឃុំសង្កាត់​ យន្តការ​នៃការរឹបអូសទ្រព្យសម្បត្តិ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព»។

​​ប្រធានសមាគមន៍សង្គ្រោះជនរងគ្រោះ​​ដោយគ្រឿងញៀនកម្ពុជា ហៅកាត់ថា DARAC លោក មាស សុវណ្ណ បាន​ឲ្យ​ដឹង​ថា លោក​មិន​មាន​ជំនឿ​លើការអនុវត្តច្បាប់របស់អាជ្ញាធរកម្ពុជា​នោះ​ទេ ដោយថា បទល្មើសនៅតែបន្តកើនឡើងជារៀងរាល់ថ្ងៃបែបនេះ។

លោក​ថា ដើម្បីទប់ស្កាត់បទល្មើសគ្រឿងញៀនឲ្យមានប្រសិទ្ធភាព ស្ថាប័នពាក់ព័ន្ធត្រូវ​ពង្រឹងការ​អនុវត្តច្បាប់ឲ្យបានតឹងរឹង ដោយមិន​ប្រកាន់បក្ខពួក ទើបទទួលបានផលវិជ្ជមាន។

លោក​និយាយថា៖ «អ្នកណាក៏ត្រូវ​ចូលរួមបង្ក្រា​បចាប់​ ហើយបើមិនចាប់ទេ ក៏ចូលរួមផ្តល់ព័ត៌មានឲ្យទៅ[អាជ្ញាធរ​] ទោះបីអ្នកតូច អ្នកធំ​ណាក៏ដោយ​ វាត្រូវការអនុវត្តច្បាប់ដែរច្បាប់ហ្នឹង​ ចំរុះអន្តរក្រសួង​ ដើម្បីបង្ក្រាប បោសសំអាត​ បើសិនជាធ្វើជាប់​ទៅទៀត បន្តឆ្នាំទៅមុខ​ទៀត​​គឺមានការថយចុះកាន់តែបានច្រើន»។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​កាល​ពី​ដើម​ឆ្នាំ​២០១៧​កន្លង​ទៅ បន្ទាប់​ពីដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ កាល​ពី​ពាក់​​កណ្ដាល​ខែ​ធ្នូ​ឆ្នាំ​២០១៦។

បញ្ហា​គ្រឿង​ញៀន ត្រូវ​បាន​រក​ឃើញ​ក្នុង​ការ​ស្ទង់​មតិ​មួយ​កាល​ពី​ឆ្នាំ​២០១៦​​ថា ជា​ចំណុច​ខ្សោយ​ធំ​មួយ​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ