រដ្ឋាភិបាលបញ្ជាក្រុមហ៊ុនអ៊ិនធើណែតក្នុងស្រុក​រាំងខ្ទប់គេហទំព័រសារព័ត៌មានដេលី

Screenshot of The Cambodia Daily website

​រដ្ឋាភិបា​ល​បាន​បញ្ជា​ទៅ​កាន់​ក្រុម​ហ៊ុនផ្គត់​ផ្គង់​អ៊ិន​ធើ​ណែ​តទាំង​អស់​នៅ​កម្ពុ​ជា ឲ្យ​រារាំង ឬប្លុក​នូវ​បណ្ដាញ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន​ខេមបូឌា ដេលី បន្ទាប់​ពី​កាសែត​នេះ​បាន​បិទ​ដំណើរ​ការ​របស់​ខ្លួន​កាល​ពី​ឆ្នាំ​មុន​។

ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​កាន់​ម្ចាស់​ក្រុម​ហ៊ុន​ផ្តល់​សេវា​អ៊ិន​ធើណែត​ទាំង​អស់​ចុះ​ថ្ងៃ​ទី​២៨ ខែកញ្ញា​ ឆ្នាំ​២០១៧ ដែល​វី​អូ​ឌី​ទើប​ទទួល​បាន ក្រសួង​ប្រៃ​សនីយ៍ និង​ទូរគមនាគមន៍​ បាន​បញ្ជាទៅ​កាន់​ក្រុម​ហ៊ុន​ដែល​ផ្តល់​សេវា​ធើណែត​ទាំង​អស់ ឲ្យ​រាំង​ខ្ទប់ និង​បញ្ឃប់ដំណើរ​ការ នូវ​គេ​ហទំព័រ​របស់​កាសែត​ខេបូឌា ដេលី និង​ទំព័រ​ហ្វេសប៊ុក និង​ Twitter របស់​កាសែត​នេះ ដើម្បី​បញ្ឃប់​ដំណើរ​ការ​នៃ​គណនី​ ឬ​ទំព័រ​ទាំង​នេះ​ចេញពី​ប្រទេស​កម្ពុជា។

បើតាម​លិខិត​នោះ​ ការ​បញ្ជារបស់​ក្រសួង​ទូរគមនាគមន៍​ គឺ​ធ្វើ​ឡើង​ដោយ​មាន​ការ​ស្នើ​សុំ​ពី​អគ្គនាយក​ដ្ឋាន​ពន្ធដារ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

កាសែត​​ខេមបូឌា ដេលី បាន​ប្រកា​ស​បិទ​ទ្វារ​នៅ​ថ្ងៃ​ទី៤ កញ្ញ ឆ្នាំ​២០១៧ បន្ទាប់​ពី​កាសែត​នេះ​បដិសេធ​បង់​ពន្ធ​តម្លៃ​ជាង ៦​លាន​ដុល្លារ ដែល​រដ្ឋាភិបាល​កម្ពុជា​ចោទ​ថា កាសែត​នេះ​បាន​ជំពាក់​នៅ​ក្នុង​រយៈ​ពេល ១០​ឆ្នាំ​ចុង​ក្រោយ។

ទោះ​ជា​យ៉ាង​ណា​ សារព័ត៌មាន​ដែល​មាន​អាយុកាល ​២៤ឆ្នាំ​នេះ​ បាន​បន្ត​ការ​ផ្សាយ​របស់​ខ្លួន​តាម​រយៈ​ប្រព័ន្ធ​អ៊ិនធើណែត​រហូត​ដល់​ថ្ងៃ​ដែល​រដ្ឋាភិបាល​បិទ​នេះ។

គេហទំព័រ​​សារព័ត៌មាន​នេះ ​ត្រូវ​បាន​រារាំង​កាលពី​សប្តាហ៍​មុន ប៉ុន្តែ​ ទំព័រ​ហ្វេស​បុក​ និង​ Twitter របស់​សារព័ត៌មាន មិន​ទាន់​ត្រូវ​បាន​រារាំង​នៅឡើយ​ទេ។

ក្រុម​ហ៊ុនអ៊ិន​ធើណែត Sinet បាន​បញ្ជាក់​ក្នុង​គេ​ហទំព័រ ​Twitter របស់​ខ្លួន​ថា ពួកគេត្រូវ​បាន​រដ្ឋាភិបាល​បញ្ជា​ឲ្យ​បិទ​គេហ​ទំព័រ​របស់​កាសែត​ខេមបូឌា ដេលី ជាច្រើនខែមក​ហើយ​ តែ​ដោយ​សារគេ​ហទំព័រ​នេះ​មិន​សូវ​មាន​ប្រជា​ប្រិយ​ភាព​ទើប​ការ​បិទ​នេះ​មិន​សូវ​មាន​ការ​ភ្ញាក់​ផ្អើល។

អ្នក​នាំពាក្យ​ក្រសួង​ប្រៃ​សនីយ និង​ទូរគមនាគមន៍​ លោក អ៊ឹម វត្ថា បាន​ទទួល​ស្គាល់​ថា ក្រសួង​ពិត​ជា​បាន​បញ្ជា​ឲ្យ​បិទ​គេហទំព័រ​នេះ​មែន ដោយ​ថា ជា​ការ​​អនុវត្ត​ទៅ​តាម​ច្បាប់ទាំង​ស្រុង បន្ទាប់​ពី​កាសែត​មួយ​នេះ​ពុំ​បាន​គោរព​តាម​ច្បាប់​កម្ពុជា។

លោក​បញ្ជាក់​ថា៖ «ពួកខ្ញុំមិន​គិតពី​រឿង​សារព័ត៌មាន​ទេ! ពួក​ខ្ញុំ​កាន់តែ ​Infrastructure មាន​ន័យ​ថា បើ​មាន​ការ​ប៉ះពាល់​ណាមួយ​ក្នុង​ការ​អនុវត្តវិធាន​ការ​ផ្លូវ​ច្បាប់ ​យើង​អនុវត្តន៍​តាម​ហ្នឹង។ […] គេហ​ទំព័រទាំង​អស់​ដែល​មិន​មាន​ប៉ះ​ពាល់​ផ្លូវ​ច្បាប់​ យើង​មាន​នៅ​ដំណើរ​ការ​ធម្ម​តា។ ឥឡូវ​ដូច​ខាង​ VOD មាន​បិទ​ទេ? អត់​ទេ! ខាង​ណា​ក៏​គេអត់​បិទ បើ​អត់​ធ្វើ​អី​ខុស​ច្បាប់​ និងទម្លាប់​គេអត់​បិទ​ទេ! គេ​បើក​សេរីភាព​ពេញ​ទី​នៅ​កម្ពុជា»។

នាយក​វិទ្យា​ស្ថានកម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មានលោក ម៉ឿន ឈានណារិទ្ធ មាន​ប្រសាសន៍ប្រាប់​កាសែត​ភ្នំពេញ ​ប៉ុស្តិ៍​កាលពី​ម្សិល​មិញ​ថា រដ្ឋាភិបាល​មាន​សិទ្ធិ​ក្នុង​ការ​អនុវត្ត​ច្បាប់ ប៉ុន្តែ ​ការ​រារាំង​គេហទំព័រ​​ខេមបូឌា ដេលី គឺ​ជា​សកម្ម​ភាព​មួយ​ក្នុង​ការ​រាំង​ខ្ទប់​នៃ​សេរីភាព​សារព័ត៌មាន​ផង​ដែរ។

អ្នក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា ​លោក ង៉ែត ម៉ូសេ មាន​ប្រសាសន៍​ថា បើ​ទោះ​បី​ជា​គេ​ហទំព័រ​ខេមបូឌា ដេលី ត្រូវ​បាន​រារាំង​​មែន​ ប៉ុន្តែ ​សម្រាប់​ទំព័រ​ហ្វេសបុក និង​ Twitter មិនទាន់​​អាច​រារាំង​បាន​នោះ​ទេ។

លោក​ថា​៖ «URL(គេហទំព័រ)​របស់​ Twitter ឬ​របស់​ Facebook គេ​អាច Block(រារាំង)បាន​ តែ​បើសិន​ជា​នៅ​ក្នុង​របស់​ Content (មាតិកា)​ហ្នឹង គឺ​មិន​អាច​ធ្វើ​បាន​នោះ​ទេ ព្រោះ​អីចង់​មិន​ចង់ ​គឺ​ត្រូវ​ប្រាប់​ទៅ​ហ្វេសបុក​អីញ្ចឹង។ បើ​ទោះ​បី​ជា ​Block តាម​បច្ចេក​ទេស​ឥឡូវ ​គឺ​នៅ​តែបើកបាន​អញ្ចឹង​ឯង(​សម្រាប់​ទំព័រ​ទាំង​នោះ​​)»។

កាសែត​ភាសា​អង់គ្លេស​ខេមបូឌា ដេលី ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​កាសែត​អាមេរិក​ជើង​ចាស់ លោក Bernard Krisher ក្នុង​ឆ្នាំ​១៩៩៣ មុន​នឹង​កាសែត​នេះ​ត្រូវ​បាន​លក់​ទៅ​ឲ្យ​អ្នកស្រី Deborah Krisher-Steele នៅ​ក្នុង​ឆ្នាំ​២០១៧​។

អត្ថបទ​ការ​សែត​នេះ​ បាន​សរសេរ​រិះគន់​រដ្ឋាភិបាល​ជា​ច្រើន​ពាក់​ព័ន្ធ​នឹង​កិច្ច​ការ​នយោបាយ និង​ការ​គ្រប់គ្រង​សង្គម ដែល​យូរៗ​ម្តង​​កាសែតមួយ​នេះ​ ​ត្រូវ​បាន​រដ្ឋាភិបាល​ប្រតិកម្ម​ទៅ​នឹង​អត្ថបទ​របស់​ខ្លួន​​ផង​ដែរ រហូត​ដល់​ថ្ងៃ​ដែល​ប្រកាស​បិទ​ទ្វារ​នៅខែ​កញ្ញា​ឆ្នាំ​មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ