សិស្សានុសិស្សរាប់សិបនាក់នៅវិទ្យាល័យមួយក្នុងស្រុកបរវេល ខេត្តបាត់ដំបង បានប្រមូលផ្តុំគ្នាតវ៉ានៅមុខការិយាល័យអប់រំយុវជន និងកីឡាស្រុក ប្រឆាំងទៅនឹងការដកគ្រូបង្រៀន ២រូប បន្ទាប់ពីផ្ទុះវិវាទផ្ទៃក្នុងសាសា។
វិវាទរវាងនាយកវិទ្យាល័យបរវេល លោក ហូ វុទ្ធី និងគ្រូបង្រៀនគណិតវិទ្យា លោក រ៉ាត់ សារ៉េត និងគ្រូបង្រៀនម្នាក់ទៀត បានកើតឡើងកាលពីចុងឆ្នាំ២០១៧ បន្ទាប់ពីគណៈគ្រប់គ្រងសាលារូបនេះ បានចោទគ្រូបង្រៀនទាំង ២រូបនោះថា បានបំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់សាលា និងជេរប្រមាថរូបលោក ប៉ុន្តែ ត្រូវបានគ្រូបង្រៀនទាំងពីរនាក់នោះ ចោទនាយកសាលារូបនេះវិញថា តែងតែជេរប្រមាថមកលើលោកគ្រូអ្នកគ្រូ និងគាបសង្កត់លើសិស្សលើជាដើម។
សិស្សម្នាក់ដែលអះអាងថា រៀនថ្នាក់ទី១២ នៃវិទ្យាល័យបវេល លោក លន់ លីហូវ ប្រាប់វីអូឌីថា សិស្សានុសិស្សប្រមាណជិត១០០នាក់នៅថ្ងៃនេះ បានប្រមូលផ្តុំគ្នាតវ៉ាមុខមន្ទីអប់រំស្រុក ដើម្បីទាមទារឲ្យគ្រូពីរនាក់ចូលបង្រៀនឡើងវិញ។
លោក លន់ លីហូវ ឲ្យដឹងថា គ្រូបង្រៀនផ្នែកគណិតវិទ្យា លោក រ៉ាត់ សារ៉េត និងគ្រូបង្រៀនផ្នែកសីលធម៌ លោក នាង ចំណាប់ ត្រូវបានគេឈប់ឲ្យបង្រៀននៅវិទ្យាល័យបវេល ដោយសារតែមានជម្លោះជាមួយនាយកសាលានៅទីនោះ។
លោកបន្ថែមថា៖ «ពួកខ្ញុំតវ៉ាសុំឲ្យគ្រូខ្ញុំនៅបង្រៀនបន្តទៀត ព្រោះគេបញ្ឈប់គាត់ តែពួកសិស្សគេអត់សុខចិត្ត ព្រោះគ្រូខ្ញុំបង្រៀនល្អ ហើយផ្នែកគណិតវិទ្យាទៀត ព្រោះដើមហេតុនៃរឿង គឺរឿងផ្ទាល់ខ្លួនគាត់នាយក ដល់ពេលអញ្ចឹង វារាល់ដាលដល់សិស្សដែរ»។
យុវតី ថាវ លាភ ដែលប្រាប់ថាជាសិស្សផងដែរនោះ បានស្នើឲ្យមានការសម្របសម្រួលគ្នារវាងនាយកសាលា និងគ្រូបង្រៀន ជុំវិញវិវាទមួយនេះ។
កញ្ញាបន្ថែមថា៖ «ពួកខ្ញុំតវ៉ា ព្រោះ គ្រូខ្ញុំគាត់បង្រៀនល្អ គាត់ណែនាំឲ្យពួកខ្ញុំធ្វើតែអំពើល្អ មិនដែលណែនាំពួកខ្ញុំធ្វើអាក្រក់ផង ហើយគាត់ចូលចិត្តនិយាយតែរឿងការពិត តាមតែគាត់មើលឃើញ។ និយាយទៅ បើសិនគេអត់ដោះស្រាយ ពួកខ្ញុំបាតុកម្មអត់ចូលរៀនទេ»។
សិស្សម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា លោក ហូ វុទ្ធី បានគំរាមថា ប្រសិនសិស្សទាំងនោះនៅតែបន្តតវ៉ាទៀត នាយកសាលារូបនោះ នឹងកាត់បេក្ខភាពមិនឲ្យពួកគេប្រឡងឡើយ។
កញ្ញាបន្ថែមថា៖ «ហើយនិយាយថា ពួកខ្ញុំអត់មានសិទ្ធិទុកគ្រូ ឬក៏ដកគ្រូចេញទេ មានបានត្រឹមតែអង្គុយរៀនប៉ុណ្ណោះ ហើយគាត់គំរាមពួកខ្ញុំថា ប្រសិនបើពួកខ្ញុំនៅតែបន្តធ្វើរឿងហ្នឹងទៀត គាត់លុបឈ្មោះលែងឲ្យប្រឡងហើយ»។
វិអូឌីមិនសុំការឆ្លើយបំភ្លឺពីលោក ហូ វុទ្ធី បានទេជុំវិញការលើកឡើងនេះ ដោយទូរស័ព្ទលោកមិនអាចទាក់ទងបាន។
អនុប្រធានការិយាល័យអប់រំយុវជន និងកីឡាស្រុកបវេល លោក សួង វេង បានប្រាប់ថា ក្រោយមានវិវាទនៅវិទ្យាល័យបវេល គណៈកម្មការអប់រំស្រុក និងខេត្ត បានសម្រេចប្តូរឲ្យលោក រ៉ាត់ សារ៉េត គ្រូបង្រៀនផ្នែកគណិតវិទ្យា និងគ្រូបង្រៀន លោក នាង ចំណាប់ មកធ្វើការនៅការិយាល័យអប់រំស្រុកវិញ ប៉ុន្តែ លោកថា ប្រសិនបើក្រុមសិស្សជំទាស់ លោកថា ក្រុមសិស្សទាំងនោះអាចដាក់ពាក្យបណ្តឹងទៅក្រសួងអប់រំឲ្យបានមុន ១៥ថ្ងៃ ដើម្បីតវ៉ាក្រសួងជាអ្នកដោះស្រាយវិញ។
លោកបន្ថែមថា «ព្រោះគណៈថ្នាក់ខេត្តលោកអ្នកសម្រេចហើយ ប្រសិនបើគាត់ព្រម ឬមិនព្រម គាត់អាចដាក់ពាក្យបណ្តឹងទៅក្រសួងអប់រំទៅក្នុងរយៈពេលខាងមុខ ១៥ថ្ងៃ ដើម្បីឲ្យក្រសួងលោកអ្នកចាត់វិធានការវិញ ព្រោះគណៈកម្មការស្រុកយើងជួយគាត់បានតែប៉ុណ្ណឹងទេ»។
លោកគ្រូ រ៉ាត់ សារ៉េត បានប្រាប់ថា ករណីជម្លោះរវាងលោក និងនាយកសាលានោះ ជារឿងតូចតាចមួយមិនគួរមន្ទីរអប់រំ ស្រុកនិងខេត្តធ្វើការផ្លាស់ប្អូរដូច្នេះទេ ហើយថា លោកមិនតតាំងក្តីដល់ក្រសួងឡើយ ដោយថា ទុកសិស្សជាសម្រេចក្នុងរឿងនេះ។
លោកបន្ថែមថា៖ «បើសិនខាងការិយាល័យអប់រំស្រុក និងខេត្តហ្នឹង គេដាច់ខាតកំណត់ឲ្យពួកខ្ញុំប្តូរមកហើយ ពួកខ្ញុំមិនដឹងធ្វើយ៉ាងម៉េចទេ មានតែតាមហ្នឹងទៅ ប៉ុន្តែ កូនសិស្សដែលរៀនជាមួយខ្ញុំ ពួកគេមិនសប្បាយចិត្តទេ ពួកគេនឹងតវ៉ាទៀតហ្នឹង»។
សិស្សវិទ្យាល័យបវេលឲ្យដឹងថា នៅម៉ោង១១ព្រឹកនេះពួកគេបានផ្អាកការតវ៉ា និងត្រឡប់មកតវ៉ាពេលថ្ងៃទៀត។ សិស្សមួយចំនួន ព្រមានថា ប្រសិនជាអត់មានដំណោះស្រាយទេ ពួកគេនឹងនាំគ្នាអត់ចូលរៀន។
ជុំវិញវិវាទរវាងនាយកសាលា និងគ្រូបង្រៀននៅវិទ្យាល័យបវេលនេះ កាលពីចុងឆ្នាំ២០១៧ អាណាព្យាបាល និងសិស្ស បានស្នើសុំឲ្យមានការសម្របសម្រួលគ្នា ដោយមិនចង់ឲ្យវិវាទនេះប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្សនៅទីនោះ៕