អ្នកច្បាប់អន្ដរជាតិរិះគន់ការធ្វើច្បាប់ដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រ

ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី និង មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ក្នុងទិវាបុណ្យឯករាជ្យជាតិកាលពីពេលកន្លង

ក្រុមអ្នកច្បាប់អន្ដរជាតិ បានហៅការធ្វើច្បាប់ដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រ​ថា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិបញ្ចេញមតិ និងបំបិទសំឡេងរិះគន់ ប៉ុន្ដែអ្នកនាំពាក្យបក្សកាន់អំណាចយល់ថា នេះគ្រាន់ជាការបញ្ចេញមតិមួយ។

ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីសប្ដាហ៍​មុន រដ្ឋាភិបាលគ្រោង​ស្នើ​ឲ្យ​មាន​វិសោធនកម្ម​ក្រម​ព្រហ្ម​ទណ្ឌកម្ពុជា ដើម្បី​ដាក់​ទោស​អ្នក​ប្រមាថ​ព្រះ​មហាក្សត្រ​ឲ្យ​ជាប់​ពន្ធនាគារ​ពី ១ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ប្រាក់​ចន្លោះ​ពី ២​លាន ដល់ ៥០​លាន​រៀល។

ប៉ុន្ដែ គណៈកម្មាការអ្នកច្បាប់អន្ដរជាតិ (International Commission of Jurists) បានហៅសេចក្ដីព្រាងច្បាប់នេះថា ធ្វើឡើងដើម្បីបំបិទសំឡេងរិះគន់ និងក្រុមអ្នកប្រឆាំង។

ក្រុម​អ្នក​ច្បាប់​អន្តរជាតិ ICJ បាន​អះអាង​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ថា សិទ្ធិសេរីភាពបញ្ចេញមតិ មានសារៈសំខាន់ណាស់នៅក្នុងសង្គមប្រជាធិបតេយ្យ ហើយត្រូវបានធានាដោយច្បាប់ជាតិ និងច្បាប់អន្ដរជាតិ ដើម្បីឲ្យពលរដ្ឋអាចសម្ដែងមតិ និងរិះគន់លើគោលនយោបាយ និងការដឹកនាំរបស់រដ្ឋាភិបាល។​

ទីប្រឹក្សាជាន់ខ្ពស់នៃគណៈកម្មាការអ្នកច្បាប់អន្ដរជាតិប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍ លោក Kingsley Abbott បានលើក​​ឡើង​ក្នុង​សេចក្ដីថ្លែងការណ៍​នោះ​ថា រដ្ឋាភិបាល​កំពុងកែច្បាប់ដើម្បីដាក់ទោសអ្នកប្រឆាំង ហើយថា ការរំលោភច្បាប់របស់រដ្ឋាភិបាល កើតចេញពីស្ថាប័នតុលាការ ដែលខ្វះចៅក្រមមានអព្យាក្រឹត្យ និងឯករាជ្យភាពពេញលេញ។

លោក Kingsley Abbott និយាយ​ថា៖ «ការយល់ព្រមរបស់គណៈរដ្ឋមន្ដ្រីលើច្បាប់ការពារអង្គព្រះមហាក្សត្រនេះ អាចជាការព្យាយាមមួយទៀតរបស់រដ្ឋាភិបាល ដើម្បីធ្វើច្បាប់ប្រឆាំងនឹងក្រុមអ្នកជំទាស់។ ការបន្ដរំលោភច្បាប់របស់រដ្ឋាភិបាល គឺជាប់ពាក់ព័ន្ធជាពិសេសទៅនឹងចៅក្រម ដែលពុំមានភាពអព្យាក្រឹត្យ និងឯករាជ្យភាព ដើម្បីផ្ដល់នូវការត្រួតពិនិត្យ និងតុល្យភាពនៃអំណាច»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បាន​ច្រាន​ចោល​នូវ​ទស្សន​យល់​ឃើញ​បែប​នេះ ហើយ​អះ​អាង​ថា អ្វីដែលរដ្ឋាភិបាលខិតខំធ្វើនេះ គឺស្របនឹងរដ្ឋធម្មនុញ្ញ ដែលត្រូវ​បាន​ចែង​ថា អង្គព្រះមហាក្សត្រ គ្មាននរណាអាចរំលោភបំពានបានឡើយ។

លោកថា៖ «រឿងគាត់ថា ជារឿងថា ក៏ប៉ុន្ដែរាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នធ្វើច្បាប់​របស់កម្ពុជានេះ គឺថាគេមានគម្រោងធ្វើអី គេធ្វើទាល់តែសម្រេច។ បើយើងជារបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ បើយើងមិនការពារកិតិ្ដនាមរបស់ព្រះមហាក្សត្រ តើឲ្យយើងទៅការពារអ្នកណា ក្នុងរដ្ឋធម្មនុញ្ញ គេចែងហើយថា អង្គព្រះមហាក្សត្រ មិនអាចអ្នកណារំលោភបំពារបំពានបាន»។

លោកមេធាវី សុក សំអឿន យល់ស្របថា គួរមានច្បាប់ដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រ ប៉ុន្ដែ លោកថា ច្បាប់នេះ មិនគួរដាក់ទោសអ្នករិះគន់លើកិច្ចការសាធារណៈ និងការរិះគន់ក្នុងន័យស្ថាបនានោះទេ។​

លោកថា៖ «តែបើក្នុងន័យជេរប្រមាថធ្ងន់ធ្ងរ តើយើងគួរឲ្យមានឬអត់ យើងក៏បណ្ដោយឲ្យអ្នកតូចអ្នកធំចេះតែជេរស្ដេចអញ្ចឹង។ ម៉េចទៅហៅប្រមាថ បើរិះគន់​ព្រះករុណា​ថា ធ្វើអញ្ចឹង វាអត់ត្រូវ សុំព្រះអង្គធ្វើអញ្ចេះ អាហ្នឹង វាមិនមែនប្រមាថណា តែបើយើងជេរប្រមាថ​ថា ស្ដេចនេះ ស្ដេចនោះ អាហ្នឹងទៅជាប្រមាថហើយ ព្រោះថា រដ្ឋធម្មនុញ្ញនិយាយថា ព្រះមហាក្សត្រមិនអាចប៉ះពាល់បាន»។

រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ស្នើ​ឲ្យ​មាន​វិសោធនកម្ម​​បែប​នេះ បន្ទាប់​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​មន្ត្រី​របស់​លោក បាន​ចោទ​លោក លឺ ឡាយស្រេង បាន​ប្រមាថ​ព្រះ​មហាក្សត្រ បន្ទាប់​ពី​សំឡេង​សន្ទនាតាម​ទូរសព្ទ​របស់​អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​រូប​នេះ ត្រូវ​បាន​ទម្លាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ក្រោយ​ពី​លោក​បាន​ថ្លែង​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​បន្ត​បន្ទាប់។

ទោះជាយ៉ាងណា លោក ហ៊ុន សែន ផ្ទាល់​បាន​គំរាម​រំលាយ​របប​រាជា​និយម​កាល​ពី​ឆ្នាំ​២០០៥ ហើយ​ជំនួស​មក​វិញ​នូវ​របប​សាធារណរដ្ឋ បន្ទាប់​ពី​ព្រះ​មហាក្សត្រ សម្ដេច​ព្រះ នរោត្ដម សីហមុនី បាន​បដិសេធ​ឡាយ​ព្រះហស្ថលេខា​លើ​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ស្ដី​ពី​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម ដែល​រង​ការ​រិះគន់​ថា ធ្វើ​ឲ្យ​កម្ពុជា​ខាត​បង់​ទឹក​ដី​ទៅ​ខាង​វៀតណាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ