នាវា​ដឹក​ប្រេង​ផ្ទុក​នាវិក​ឥណ្ឌា​២២​នាក់​បាត់​ខ្លួន​នៅ​ឆ្នេរ​ភាគ​ខាងលិច​ទ្វីប​អាហ្វ្រិក

នាវា​ដឹក​ប្រេង​មួយ​គ្រឿង​ផ្ទុក​ទៅ​ដោយ​នាវិក​ជន​ជាតិ​ឥណ្ឌា ២២​នាក់ កំពុង​បាត់​ខ្លួន​នៅ​ឆ្នេរ​ភាគ​ខាង​លិច​នៃ​ទ្វីប​អាហ្វ្រិក នៅ​ក្នុង​ដែន​ទឹក​ដែល​សម្បូរ​ទៅ​ដោយ​ចោរ​សមុទ្រ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP។

AFP បាន​ដក​ស្រង់​សម្ដី​ក្រុម​មន្ត្រី​ដែល​បាន​និយាយ​ថា នាវា​ដឹក​ប្រេង​ឈ្មោះ MT Marine Express ដែល​ចុះ​បញ្ជី​នៅ​ប្រទេស​ប៉ាណាម៉ា​ និង​ផ្ទុក​ប្រេង​ដល់​ទៅ ១៣ ៥០០​តោន​នោះ បាន​ចាក​ចេញ​ពី​កំពង់ផែបេនីន នៅ​ទីក្រុង​ខូតូនូ មុន​នឹង​បាត់​ការ​ទាក់​ទង​ជាមួយ​អាជ្ញាធរ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន។

អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​ឥណ្ឌា លោក រ៉ាវី កុមារ ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដែល​បាន​និយាយ​ថា ឥណ្ឌា​បាន​រក្សា​ទំនាក់​ទំនង​ជាមួយ​អាជ្ញាធរ​នៅ​ទីក្រុង​បេនីន និង​អាជ្ញាធរ​ប្រទេស​នីហ្សេរីយ៉ា ដើម្បី​ជួយ​ស្វែង​រក​ទីតាំង​នាវា​នោះ ព្រម​ទាំង​តាម​ដាន​ស្ថានភាព​របស់​នាវា​ផង​ដែរ។

ក្រុមហ៊ុន​ដឹក​ជញ្ជូន Anglo-Eastern មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង ដែល​ជា​អ្នក​គ្រប់​គ្រង​លើ​នាវា​នោះ បាន​និយាយ​ថា ក្រុម​នាវិក​នៃ​នាវា​នោះ​បាន​រក្សា​ទំនាក់​ទំនង​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន។

សារព័ត៌មាន​ឥណ្ឌា​បាន​ចុះ​ផ្សាយ​ថា នេះ​គឺ​ជា​នាវាទី​ពីរ​ដែល​បាន​បាត់​ខ្លួន​​នៅ​តំបន់​ឆ្នេរ​សមុទ្រ​ភាគ​ខាង​លិច​ទ្វីប​អាហ្វ្រិក​កាល​ពី​ខែ​មុន។

កាសែត​ហិណ្ឌូស្ថាន ថែមស៍ បាន​រាយការណ៍​ថា កាល​ពី​ខែ​មករា នាវា MT Barret បាន​បាត់​ខ្លួន​ផង​ដែរ ប៉ុន្តែ នាវិក​ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​ឥណ្ឌា​នោះ ត្រូវ​បាន​ដោះ​លែង​មក​វិញ ៦​ថ្ងៃ​ក្រោយ​មក បន្ទាប់​ពីការ​បង់​ប្រាក់​តាម​ការ​ចាប់​ជំរិត​នោះ។

នាវា​ជាច្រើន បាន​ក្លាយ​ទៅ​ជា​គោលដៅ​នៃ​ការ​ចាប់​ជំរិតរបស់​ក្រុម​ចោរ​នៅ​ឈូង​សមុទ្រ​​ហ្គីណេ ដែល​វា​ធ្វើ​ឲ្យ​រំខាន​ដល់​បណ្ដាញ​ដឹក​ជញ្ជូន​អន្តរជាតិ និង​ធ្វើឲ្យ​ពិភព​លោក​ខាត​បង់​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ