អ្នក​ភូមិ​លើក​គ្នា​ទៅ​សួរ​អាជ្ញាធរ​ក្រោយ​ក្រុមហ៊ុន​ឈូស​ឆាយ​ដី​ធ្លី​មាន​ជម្លោះ​នៅ​ស្រុកកណ្ដាលស្ទឹង

តំណាងអ្នក​ភូមិ​ជាង ១​ពាន់​គ្រួសារ មានជម្លោះដីធ្លី​នៅ​ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បាននាំគ្នាទៅតវ៉ានៅសាលាស្រុក​នៅ​ព្រឹក​ថ្ងៃ​នេះ និង​ទាម​ទារ​ទៅ​អាជ្ញាធរ​ឲ្យជួយ​ទប់​ស្កាត់​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ កុំ​ឲ្យ​ជួយ​ឆាយ​លើដី​កំពុងមាន​ទំនាស់​ជាង ២០០​ហិកតា ដោយ​ថា ក្រុម​ហ៊ុន​មួយ​នេះ​នៅ​មិន​ទាន់​ដោះ​ស្រាយ​នៅ​ឡើយ។

អ្នកស្រី អឿង សាវី ដែល​អះអាងថា​ជាតំណាងប្រជាពលរដ្ឋជាង ១ពាន់គ្រួសារ​នៅឃុំព្រែកស្លែងនោះ បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ ហេង អភិវឌ្ឍន៍​របស់​អ្នកស្រី សៀង ចាន់ហេង បាន​បញ្ជូន​គ្រឿង​ចក្រ​ទៅ​ឈូស​ឆាយ​លើ​ដី​មាន​ទំនាស់​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ខណៈ​ដែល​វិវាទ​ដី​ធ្លី​មួយ​នេះ នៅ​មិន​ទាន់​មាន​ដោះ​ស្រាយ​នៅ​ឡើយ​ទេ​ចាប់​តាំង​ពី​ផ្ទុះ​ជម្លោះ​តាំង​ពី​ឆ្នាំ​២០០៥​មក។

អ្នកស្រី៖ «រហូតមកដល់ពេលនេះ គាត់អត់រកដំណោះស្រាយជូនប្រជាពលរដ្ឋទេ និយាយទៅគាត់ធ្វើមិនដឹងមិនលឺ គាត់ចេះតែយក​លេសនេះយកលេសនោះ គាត់ដោះស្រាយឲ្យប្រជាពលរដ្ឋ ហើយលូវបានក្រុមហ៊ុនវាចុះទៅកាយ។ លូវខ្ញុំមកសាលាស្រុក ខ្ញុំសួរព័ត៌មានថា តើក្រុមហ៊ុនចុះ​គេជូនដំណឹងសុំសាលាស្រុកអីយ៉ាងម៉េចៗ ព្រោះអីគេថា សាលាស្រុក និងឃុំជាអ្នកអនុញ្ញាតឲ្យគេចុះកាយ»។

តំណាងប្រជាពលរដ្ឋម្នាក់ទៀត លោក ញ៉ែម អឿន បាន​បង្ហាញ​មន្ទិល​សង្ស័យ​ថា អាជ្ញាធរ​អាច​ឃុប​ឃិត​គ្នា​យក​ដី​របស់​ពលរដ្ឋ​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន បន្ទាប់​ពី​ពួកគេ​ពុំ​ទទួល​បាន​ដំណោះ​ស្រាយ​ពី​អាជ្ញាធរ​ស្រុក​កណ្ដាល​ស្ទឹងនោះ។

លោកថា៖ «ប្រជាជនគាត់អស់ជំនឿហើយ គាត់ឥឡូវហ្នឹង អាក្រុមហ៊ុនណាទៅចុះកាយលើដីហ្នឹង គឺគាត់ត្រូវតែកម្ទេច​ចោលហើយ  ព្រោះថា វាអត់មានកិច្ចអន្តរាគមន៍។ ក្រុមហ៊ុនណាមកដោះស្រាយ ហើយអាជ្ញាធរក៏អត់ទៅជួយ។ គាត់ថា ដីនឹងពាក់ព័ន្ធៗតែខ្ញុំមិនដឹង​ពាក់ព័ន្ធអី បើខ្ញុំប្រជាជនរស់នៅហ្នឹងតាំងពីយូរហើយមកដល់ទល់សព្វថ្ងៃហ្នឹង ខ្ញុំអត់ដែលមានលក់ដីហ្នឹងអីមួយដុំផង ហើយគាត់ថា ពាក់ព័ន្ធនឹងក្រុមហ៊ុន ហើយអញ្ចឹងអ្នកណាជាអ្នកលក់ សួររកអ្នកលក់! ឲ្យយកឯកសារមកទូទាត់គ្នាក៏អត់ហ៊ានយក ហើយក្រុមហ៊ុនដែល​ទៅទិញ មិនដឹងទិញលើឈ្មោះណាក៏អត់មានទូទាត់គ្នា»។

អភិបាលរងស្រុកកណ្ដាលស្ទឹង លោក អ៊ួច សៅវឿន បាន​ប្រាប់​ថា លោកមិនទាន់បានដឹងព័ត៌មាននេះ​នៅ​ឡើយ​ទេ ហើយ​ប្រាប់​ឲ្យ​បង្វែរ​សំណួរ​ទៅ​សួរ​ក្រុមហ៊ុន​វិញ។

លោកថា៖ «​ទំនាស់នេះ បានផុតដៃអាជ្ញាធរស្រុកហើយ ស្រុកបានសម្របសម្រួលតែមិនត្រូវគ្នា ហើយខាងគាត់បានយកពាក្យបណ្ដឹងនេះទៅដាក់នៅស្ថាប័នពីរខាងលើហើយ ហើយការសម្រេចយ៉ាងណារបស់ស្ថាប័នខាងលើយើងអត់ដឹងទេ។ អត់ទាន់មានសេចក្ដីសម្រេចណាមួយទេ។ ក្នុងនាមយើងជាអាជ្ញាធរ យើងត្រូវតែដឹង ប៉ុន្តែ ការសម្រេចដឹកនាំប្រគល់សិទ្ធិឲ្យ។ ប៉ុន្តែ ជាទូទៅ មានការជូនដំណឹងហើយ បើសិនជាចង់ច្បាស់ទាក់ទងទៅខាងក្រុមហ៊ុនឲ្យគាត់បំភ្លឺមើល តើឯកសារអីមានពាក់ព័ន្ធខ្លះ»។

វីអូឌី​នៅ​មិន​ទាន់​អាច​ទាក់​ទង​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ពី​អ្នក​ភូមិ​បាន​នៅ​ឡើយ​ទេ​ជុំ​វិញ​វិវាទ​ដី​ធ្លី​នេះ។

ទោះជាយ៉ាងណា ក្រុមប្រជាពលរដ្ឋ អះអាងថា ប្រសិនបើក្រុមហ៊ុននៅតែយកគ្រឿងចក្រឈូសឆាយលើដីទំនាស់បន្តទៀត ពួកគេនឹងលើកគ្នាទៅ​ដុតកម្ទេច​គ្រឿងចក្រនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ