អតីតប្រធានសាលាដំបូងក្រុងភ្នំពេញដ៏មានឥទ្ធិពលម្នាក់ ត្រូវបានកាត់ឈ្មោះចេញពីក្របខណ្ឌអង្គចៅក្រមហើយបន្ទាប់ពីបានអនុវត្តទោសរួចរាល់ពាក់ព័ន្ធនឹងសំណុំរឿងពុករលួយ។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៩ កុម្ភៈ ឆ្នាំ២០១៧ ឲ្យដឹងថា ព្រះមហាក្សត្រ និងឧត្តមស្នងការនៃអង្គចៅក្រមបានសម្រេចកាត់ឈ្មោះអតីតប្រធានសាលាដំបូងរាជធានីភ្នំពេញគឺលោក អាំង មាលតី ចេញពីក្របខណ្ឌអង្គចៅក្រមហើយ បន្ទាប់ពីលោកបានអនុវត្តទោសរួចរាល់ ទាក់ទងសំណុំរឿងពុករលួយ ក្រោមបទចោទ «កេងយកផលប្រយោជន៍ដោយខុសច្បាប់» តាមក្រមព្រហ្មទណ្ឌកម្ពុជា។
លោក អាំង មាលតី អាយុ៦០ឆ្នាំ ត្រូវបានតុលាការខេត្តកណ្ដាលសម្រេចឃុំខ្លួនបណ្ដោះអាសន្ន កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ និងត្រូវបានចៅក្រមជំនុំជម្រះផ្តន្ទាទោសឲ្យពន្ធនាគាររយៈពេល៣ឆ្នាំ ប៉ុន្ដែត្រូវបានអនុញ្ញាតឲ្យអនុវត្តទោសតែ២ឆ្នាំជាប់ពន្ធនាគារនិង១ឆ្នាំទៀតត្រូវបានព្យួរទោស តាមអំណាចសាលក្រមថ្ងៃទី១២ កុម្ភៈឆ្នាំ២០១៦។ ពាក់ព័ន្ធការចោទប្រកាន់នេះ លោក អាំង មាលតី មិនបានប្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍នោះទេ។
បើតាមព្រះរាជក្រឹត្យមួយទៀតចុះថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០១៦ អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក អាំង មាលតី បានទទួលការបន្ធូរបន្ថយទោសចំនួន៦ខែក្នុងឱកាសពិធីបុណ្យអុំទូកឆ្នាំ២០១៦ ហើយបានអនុវត្តទោសរួចរាល់នៅខែកុម្ភៈ ឆ្នាំ២០១៧។
លោក អាំង មាលតី បានទទួលតំណែងជាប្រធានសាលាដំបូងរាជធានីភ្នំពេញនៅខែមេសា ឆ្នាំ២០១៤ បន្ទាប់ពីបានកាន់តំណែងជាប្រធានតុលាការខេត្តបន្ទាយមានជ័យអស់រយៈពេលជិត៧ឆ្នាំ។ ក្រោយកាន់តំណែងនេះបានតែ១ឆ្នាំ លោកត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន កាលពីថ្ងៃទី១៤ សីហា ឆ្នាំ២០១៥ ដោយចោទថាបានទទួលយកថយន្តម៉ាក Audi មួយគ្រឿងជាថ្នូរនឹងការដោះលែងជនជាប់ចោទក្នុងសំណុំរឿងគ្រឿងញៀនឈ្មោះ ថៅ ថាវី ឲ្យបាននៅក្រៅឃុំបណ្តោះអាសន្ន៕