តុលាការរាជធានីភ្នំពេញ បានសម្រេចចុះអនុវត្តសាលដីការបស់ខ្លួននៅព្រឹកថ្ងៃនេះ ប្រឆាំងនឹងសារព័ត៌មានភ្នំពេញប៉ុស្តិ៍ នៅក្នុងវិវាទការងាររវាងអតីតអគ្គនាយក និងម្ចាស់សារព័ត៌មានមួយនេះ។
នៅឯការិយាល័យសារព័ត៌មាននេះ ព្រះរាជអាជ្ញារង លោក ខាំ សុផារី និងក្រុមមន្ត្រីដទៃទៀត បានចុះទៅអនុវត្តសាលដីកាដោយផ្ទាល់នៅទីស្នាក់ការកណ្ដាលសារព័ត៌មានបរទេសមួយនេះ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឲ្យអតីតអគ្គនាយក លោក Chris Dawe ឈ្នះក្ដី ជុំវិញបណ្ដឹងរបស់លោកនៅក្នុងវិវាទការងារ ។
ក្រុមមន្ត្រីតុលាការដែលបានចុះទៅអនុវត្តសាលដីកានៅព្រឹកថ្ងៃនេះ បានឲ្យដឹងថា តុលាការបានសម្រេចទុកពេល ១៥ថ្ងៃ សម្រាប់ឲ្យសារព័ត៌មានមួយនេះ ទូទាត់សំណងចំនួន ២៦ម៉ឺនដុល្លារ ទៅឲ្យអតីតអគ្គនាយក លោក Chris Dawe។ ផ្ទុយទៅវិញ ប្រសិនបើក្នុងរយៈពេលនេះ គ្មានការទូទាត់សំណងទេ ទ្រព្យសម្បត្តិរបស់សារព័ត៌មានភ្នំពេញ ប៉ុស្តិ៍ នឹងត្រូវរឹបអូសដាក់លក់ឡៃឡុង។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ប្រាប់វីអូឌីតាមបណ្ដាញតេឡេក្រាមថា នេះគឺជាវិធានការចាប់បង្ខំក្នុងសំណុំរឿងរដ្ឋប្បវេណី ហើយថា មិនជាប់ពាក់ព័ន្ធនឹងរឿងព្រហ្មទណ្ឌឡើយ។
VOD បានព្យាយាមស្វែងរកការឆ្លើយតបពីនិពន្ធនាយកកាសែតភ្នំពេញប៉ុស្ដិ៍ លោក កៃ គឹមសុង ប៉ុន្ដែ លោកថា កំពុងជាប់ប្រជុំ។ ចំណែក ថ្នាក់ដឹកនាំផ្សេងទៀតរបស់ស្ថាប័នកាសែតមួយនេះ ក៏មិនអាចទាក់ទងបានដូចគ្នា។
លោក Chris Dawe ត្រូវបានតែងតាំងជាអគ្គនាយកសារព័ត៌មានភ្នំពេញ ប៉ុស្តិ៍ នៅក្នុងខែមីនា ឆ្នាំ២០១២ មុននឹងលោកត្រូវបានបណ្ដេញចេញវិញនៅក្នុងឆ្នាំ២០១៥កន្លងមក។
សារព័ត៌មានភ្នំពេញ ប៉ុស្តិ៍ ត្រូវបានសារព័ត៌មានបរទេសចុះផ្សាយនាពេលថ្មីៗនេះថា កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពន្ធពីសំណាក់រដ្ឋាភិបាលកម្ពុជា និងប្រឈមមុខនឹងការពិន័យពន្ធមានតម្លៃ ៣.៩លានដុល្លារ ជុំវិញការខកខានមិនបានរាយការណ៍អំពីការផ្ទេរប្រាក់ ២.៥លានដុល្លារពីអូស្ត្រាលីកាលពីឆ្នាំមុន ចាក់បញ្ចូលក្នុងគណនីសារព័ត៌មានមួយនេះ។
ទោះជាយ៉ាងណា អគ្គនាយកបច្ចុប្បន្នរបស់កាសែតនេះ លោក Marcus Holmes បានច្រានចោលនូវព័ត៌មានបែបនេះ ដោយបញ្ជាក់ថា ការជជែកអំពីបញ្ហាពន្ធ មិនប៉ះពាល់ទៅដល់ដំណើរការរបស់សារព័ត៌មានមួយនេះទេ៕