សាលាក្រុង​មិនអនុញ្ញាតឲ្យតវ៉ា​ប្រឆាំងនឹង​ACUតាមការស្នើសុំ​ ខណៈ​ពលរដ្ឋ​ប្រកាន់ជំហរតវ៉ាតាមការគ្រោងទុក

សាលារាជធានីភ្នំពេញបានសម្រេចមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋមកពីសហគមន៍ដីធ្លី តវ៉ានិងដើរដង្ហែក្បួនដាក់ញត្តិទៅអង្គភាពប្រឆាំងអំពើពុករលួយ(ACU)ប្រឆាំងនឹងចំណាត់ការរបស់ACUលើមន្រ្តីសិទ្ធិមនុស្ស ខណៈតំណាងប្រជាពលរដ្ឋនៅតែប្រកាន់ជំហរតវ៉ាតាមការគ្រោងទុក។

តំណាងប្រជាពលរដ្ឋប្រមាណ២ពាន់នាក់ កាលពីថ្ងៃពុធ បានដាក់លិខិតមួយច្បាប់ទៅអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយស្នើសុំដង្ហែញត្តិនៅថ្ងៃសៅរ៍សប្តាហ៍នេះ ដាក់ទៅអង្គភាពប្រឆាំងអំពើពុករលួយ(ACU)ទាមទារឲ្យបញ្ឈប់ការចោទប្រកាន់និងដោះលែងមន្រ្តីសិទ្ធិមនុស្សដែលកំពុងជាប់ពន្ធនាគារ។

ប្រធានរដ្ឋបាលនៃសាលារាជធានីភ្នំពេញលោក មាន ចាន់យ៉ាដា បានឲ្យវីអូឌីដឹងថាក្រោយពីបានប្រជុំជាមួយតំណាងពលរដ្ឋនៅរសៀលថ្ងៃព្រហស្បតិ៍នេះ អង្គប្រជុំបានសម្រេចមិនអនុញ្ញាតឲ្យពលរដ្ឋទាំងនោះតវ៉ានិងដង្ហែក្បួនដាក់ញត្តិនៅថ្ងៃសៅរ៍សប្តាហ៍នេះ ដោយអះអាងថាថ្ងៃដែលពលរដ្ឋចង់ដង្ហែក្បួនដាក់ញត្តិនោះគឺជាន់គ្នាជាមួយការជិះកង់របស់សហគមន៍អឺរ៉ុប ដោយលោកថាអាចបណ្តាលឲ្យមានការប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ។ លោកបន្តថាចំណុចផ្សេងទៀតនោះគឺថាប្រជាពលរដ្ឋដែលដាក់លិខិតស្នើសុំតវ៉ា ពុំមានស្នាមមេដៃរបស់ពលរដ្ឋដែលចូលរួមតវ៉ានោះទេនិងលិខិតដែលដាក់នោះមានរយៈពេលតែបីថ្ងៃ មុនការតវ៉ា ដែលលោកថាតាមច្បាប់គឺត្រូវទុករយៈពេល៥ថ្ងៃ។

លោក ចាន់យ៉ាដា ឲ្យដឹងទៀតថាចំណុចនៃការស្នើសុំរបស់ប្រជាពលរដ្ឋ ត្រូវបានប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានបកស្រាយរួចរាល់អស់ហើយក្នុងអង្គប្រជុំដែលមានពួកគាត់បានចូលរួមនៅថ្ងៃនេះ។ លោកបានបញ្ជាក់ថាប្រសិនបើពលរដ្ឋទាំងនោះនៅតែបន្តធ្វើការដង្ហែដាក់ញត្តិទៀត សាលារាជធានីនឹងមានវិធានការផ្លូវច្បាប់ ដោយលោកថានេះជាការមិនគោរពទៅលើស្មារតីនៃអង្គប្រជុំដែលត្រូវបានផ្តិតស្នាមមេដៃនៃភាគីពាក់ព័ន្ធ។

តំណាងពលរដ្ឋម្នាក់ដែលបានចូលរួមកិច្ចប្រជុំ អ្នកស្រី អេច គឹមហ៊ាង បានឲ្យវីអូឌីដឹងថាពលរដ្ឋនឹងតវ៉ានិងដង្ហែក្បួនតាមគម្រោងដែលបានគ្រោងទុក។

ក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី៤ ខែឧសភា តំណាងពលរដ្ឋដែលមកពីសហគមន៍មានជម្លោះដីធ្លីបានលើកឡើងថាពួកគេប្រមាណ២ពាន់នាក់ដែលតំណាងឲ្យប្រជាពលរដ្ឋ យុវជននិងស្រ្តីចំនួន៥២០៩នាក់គ្រោងនឹងដង្ហែញត្តិដាក់ទៅACUនៅព្រឹកម៉ោង៩ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦។ ពួកគេបញ្ជាក់ថា៖ “យើងខ្ញុំសូមជ្រាបជូនឯកឧត្តមថាពួកយើងខ្ញុំមានក្តីបារម្ភជាខ្លាំងចំពោះស្ថានការណ៍បច្ចុប្បន្ន ដោយសារមានការចោទប្រកាន់ថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល មន្រ្តីគ.ជ.ប និងមន្រ្តីអង្គការសហប្រជាជាតិពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ”

ក្នុងលិខិតនោះ ពួកគេបានស្នើសុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយបញ្ឈប់ការគំរាមកំហែងធ្វើទុក្ខបុកម្នេញមកលើសកម្មជនសិទ្ធិមនុស្សនិងមន្រ្តីអង្គការសង្គមស៊ីវិល តាមរយៈការចោទប្រកាន់ផ្សេងៗ។ ពួកគេក៏បានស្នើបញ្ឈប់ការអនុវត្តតួនាទីរបស់ACU ដោយពួកគេចាត់ទុកថាមានលក្ខណៈស្តង់ដារពីរ។

រហូតមកដល់ពេលនេះមានមនុស្ស៧នាក់ហើយដែលត្រូវបានចោទប្រកាន់ហើយក្នុងនោះ៦នាក់កំពុងជាប់ពន្ធនាគារ។ មន្រ្តីអាដហុក៤នាក់ រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និង លោកស្រី លឹម មុនី ត្រូវបានតុលាការចោទប្រកាន់ពីបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨នៃក្រមព្រហ្មទណ្ឌ។ ចំណែកអតីតបុគ្គលិករបស់អាដហុក លោក នី ចរិយា ដែលទើបតែទទួលបានតំណែងជាអគ្គលេខាធិការរងគ.ជ.ប ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សី ដោយACUថាបានធ្វើឲ្យអំពើសូកប៉ាន់សាក្សីនេះបានសម្រេច។

តុលាការក៏បានចោទប្រកាន់មន្ត្រីមួយរូបរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាគឺលោក សឺន សាលី ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សីផងដែរ។  ចំណែកមេឃុំរបស់គណបក្សសម រង្ស៊ី លោក ស៊ាង ចែត ក៏ត្រូវបានចោទប្រកាន់ ដោយតុលាការរកឃើញថាមេឃុំរូបនោះយកប្រាក់៥០០ដុល្លារទៅឲ្យម្តាយកញ្ញាស្រីមុំ ជាថ្នូរកុំឲ្យនិយាយរឿងពិតពីទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ។ ប្រសិនបើតុលាការផ្តន្ទាទោស អ្នកទាំងអស់នោះអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី៥ឆ្នាំដល់១០ឆ្នាំ។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍PNNកាលពីថ្ងៃពុធ ប្រធានACU លោក ឱម យ៉ិនទៀង បានថ្លែងថាចំណាត់ការរបស់ACUផ្អែកលើភស្តុតាងទាំងស្រុង។ លោកបានបន្ថែមថាអង្គភាពកំពុងតាមដានមនុស្សមួយចំនួនទៀតដែលលោកអះអាងថាពាក់ព័ន្ធនឹងករណីនេះ។ ទោះជាយ៉ាងណា លោកមិនបានបញ្ចេញឈ្មោះមនុស្សទាំងនោះទេ។ លោកមានប្រសាសន៍ថា៖ “មានឈ្មោះមួយចំនួនទៀត យើងខ្ញុំអត់មានរាយនៅក្នុងរបាយការណ៍សំយោគសោះ តុលាការអត់ទាន់ឃើញឈ្មោះអស់ហ្នឹងដែរ ហើយយើងខ្ញុំត្រូវការតាមមើលថែមទៀតដែរ ហើយបើសិនមានបញ្ហាជាប់ យើងធ្វើទៀត”

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ