សហភាពអឺរ៉ុបអំពាវនាវឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្សដែលត្រូវបានចោទប្រកាន់រឿងសូកប៉ាន់សាក្សី

កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី៩(រូបថតពីហ្វេសប៊ុក​របស់លោក​ ជិន ម៉ាលីន)

សហភាពអឺរ៉ុបនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី៩ដែលធ្វើឡើងនៅរាជធានីភ្នំពេញ បានស្នើរដ្ឋាភិបាលកម្ពុជាបង្កើតឡើងនិងរក្សាបរិយាកាសមួយ ដែលគណបក្សនយោបាយទាំងអស់និងសង្គមស៊ីវិល អាចដំណើរការដោយសេរីនិងគ្មានការភ័យខ្លាចនិងអំពាវនាវដោះលែងមន្រ្តីសិទ្ធិមនុស្សដែលត្រូវបានចោទប្រកាន់រឿងសូកប៉ាន់សាក្សី។

ក្នុងសេចក្តីថ្លែងការណ៍រួមមួយក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបកាលពីថ្ងៃពុធ ភាគីទាំងពីរលើកឡើងថាមានការពិភាក្សាស្តីពីការកែទម្រង់រដ្ឋបាល ការកែទម្រង់ច្បាប់និងតុលាការ អភិបាលកិច្ចនិងសិទ្ធិមនុស្សនិងស្តីពីពាណិជ្ជកម្ម។ សេចក្តីថ្លែងការណ៍បន្តថាសហភាពអឺរ៉ុបស្នើររដ្ឋាភិបាលបង្កើតឡើងនិងរក្សាបរិយាកាសដែលគណបក្សនយោបាយទាំងអស់និងសង្គមស៊ីវិល អាចដំណើរការដោយសេរីនិងគ្មានការភ័យខ្លាច។

លោក អ៊ុយហ្គោ អាស្ទូតូ (UgoASTUTO) អនុប្រធានគ្រប់គ្រងទទួលបន្ទុក កិច្ចការអាស៊ីនិងប៉ាស៊ីហ្វិករបស់សហភាពអឺរ៉ុប មានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍ថា៖  “យើងបានលើកឡើងនូ វការព្រួយ បារម្ភរបស់យើងអំពីឯករាជ្យភាពរបស់តុលាការនិង ភាពត្រឹមត្រូវនៃការអនុវត្តច្បាប់ពិសេសអំពីកា រឃាត់ ខ្លួនតំណាងសង្គមស៊ីវិលនាពេលថ្មីៗនេះ ហើយយើងសូមអំពាវនាវឲ្យមានការដោះលែងពួកគេ”។

សហភាពអឺរ៉ុបក៏បានសម្តែងក្តីបារម្ភរបស់ខ្លួនអំពីករណីការឃុំខ្លួនអ្នកនយោបាយជាប់ឆ្នោតនិងសកម្មជន ហើយបានស្នើឲ្យមានការគោរពលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សេរីភាពបញ្ចេញមតិ សិទ្ធិមនុស្សនិងនីតិរដ្ឋ។

រដ្ឋលេខាធិការក្រសួងការបរទេស អ៊ុច បូររិទ្ធ ដែលដឹកនាំកិច្ចប្រជុំនេះបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថារដ្ឋាភិបាលមិនបានប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីព្យាបាទសង្គមស៊ីវិលនិងបក្សប្រឆាំងនោះទេ។ លោកបញ្ជាក់ថា៖ សកម្មភាពរបស់តុលាការដែលបានអនុវត្តរហូតមកដល់ពេលនេះ ពុំមែនជាការព្យាបាទឬជាការប្រើប្រាស់តុលាការ ដើម្បីរំខានដល់តួនាទីរបស់គណបក្សប្រឆាំងនោះទេ  ប៉ុន្តែគឺជាសកម្មភាពនៃការអនុវត្តនីតិរដ្ឋ

បើតាមសេចក្តីថ្លែងការណ៍ សហភាពអឺរ៉ុបបានបង្កើនការគាំទ្ររបស់ខ្លួនគួរឲ្យកត់សម្គាល់ គឺរហូតដល់ចំនួន៤១០លានអឺរ៉ូក្នុងកម្មវិធីជំនួយសម្រាប់ឆ្នាំ២០១៤-២០២០)។ សេចក្តីថ្លែងការណ៍បន្តថាទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេរភាគី ត្រូវបានពង្រីកគួរឲ្យកត់សម្គាល់ ដោយការនាំចេញរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុបមានចំនួនជាង៤ពាន់លានអឺរ៉ូក្នុងឆ្នាំ២០១៥។

លោក អ៊ុយហ្គោ អាស្ទូតូ បានលើកឡើងថា៖ “សហភាពអឺរ៉ុបគឺជាដៃគូនិងជាអ្នកគាំទ្រដ៏យូរលង់របស់កម្ពុជា”និងថា“កិច្ចសន្ទនាកម្រិតខ្ពស់អនុញ្ញាតឲ្យយើងធ្វើការពិនិត្យទិដ្ឋភាពទាំងមូលនៃទំនាក់ទំនងទ្វេភាគីរបស់យើង រួមទាំងពាណិជ្ជកម្មនិងកិច្ចសហប្រតិបត្តិការអភិវឌ្ឍហើយនិងបញ្ហាសំខាន់ៗដូចជា ការ គ្រប់គ្រងដី ធ្លីនិងដំណោះស្រាយ ទំនាស់ដីធ្លី  វិសាលភាពសម្រាប់សង្គមស៊ីវិល កិច្ចសន្ទនាប្រជាធិបតេយ្យនិងការកែទម្រង់ការបោះឆ្នោត”។

គួរបញ្ជាក់ថាកាលពីថ្ងៃទី២ ខែឧសភា តុលាការបានសម្រេចចោទប្រកាន់មន្រ្តីការពារសិទ្ធិមនុស្សអាដហុក៤រូប មន្រ្តីគ.ជ.បនិងមន្រ្តីអង្គការសហប្រជាជាតិពីបទសូកប៉ាន់សាក្សីនិងសមគំនិតសូកប៉ាន់។ មន្រ្តីអាដហុក៤ទាំងរូប រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និង លោកស្រី លឹម មុនី។ ចំណែកអតីតបុគ្គលិករបស់អាដហុក លោក នី ចរិយា ដែលទើបតែទទួលបានតំណែងជាអគ្គលេខាធិការរងគ.ជ.ប ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សី(មាត្រា២៩និង៥៤៨នៃក្រមព្រហ្មទណ្ឌ) ដោយសារអង្គភាពប្រឆាំងអំពើពុករលួយបានដឹងពីការពិភាក្សាតាមខ្សែអាត់សំឡេង។

តុលាការក៏បានចោទប្រកាន់មន្ត្រីមួយរូបរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាគឺលោក សឺន សាលី ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សីផងដែរ។ ប្រសិនបើតុលាការផ្តន្ទាទោស អ្នកទាំងអស់នោះអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី៥ឆ្នាំដល់១០ឆ្នាំ។ សង្គមស៊ីវិលជាតិនិងអន្តរជាតិបានថ្កោលទោសការចោទប្រកាន់នេះ។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍PNNកាលពីថ្ងៃពុធ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានថ្លែងថាចំណាត់ការរបស់ACUផ្អែកលើភស្តុតាងទាំងស្រុង។ លោកបានបន្ថែមថាអង្គភាពកំពុងតាមដានមនុស្សមួយចំនួនទៀតដែលលោកអះអាងថាពាក់ព័ន្ធនឹងករណីនេះ។ ទោះជាយ៉ាងណា លោកមិនបានបញ្ចេញឈ្មោះមនុស្សទាំងនោះទេ។ លោកមានប្រសាសន៍ថា៖ “មានឈ្មោះមួយចំនួនទៀត យើងខ្ញុំអត់មានរាយនៅក្នុងរបាយការណ៍សំយោគសោះ តុលាការអត់ទាន់ឃើញឈ្មោះអស់ហ្នឹងដែរ ហើយយើងខ្ញុំត្រូវការតាមមើលថែមទៀតដែរ ហើយបើសិនមានបញ្ហាជាប់ យើងធ្វើទៀត

ចំណែកមេបក្សប្រឆាំង លោក សម រង្ស៊ី កំពុងតែប្រឈមមុខនឹងការចាប់ខ្លួន ខណៈអ្នកនយោបាយបក្សប្រឆាំងមួយចំនួនទៀតត្រូវបានតុលាការចោទប្រកាន់ រួមមានលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី និងលោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ។ ចំណែកអនុប្រធានគណបក្សប្រឆាំង លោក កឹម សុខា ត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺទាក់ទងនឹងបណ្តឹងរបស់កញ្ញា ធី សុវណ្ណថា ដែលបានប្ដឹងរូបលោកពីបទបរិហារកេរ្តិ៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ