អង្គការសហប្រជាជាតិការពារ​មន្រ្តីUN លោក ស៊ឺន សាលី​ ពីការកាត់ទោស​រឿងសមគំនិតសូកប៉ាន់សាក្សី​

មន្រ្តី​របស់ការិយាល័យ​ឧត្តមស្នងការអង្គការ​សហប្រជាជាតិ​ទទួលបន្ទុកសិទ្ធិមនុស្ស​នៅកម្ពុជា លោក ស៊ឺន សាលី(រូបថតដោយCCHR)

អ្នកនាំពាក្យអង្គការសហប្រជាជាតិ(UN)និយាយថាខ្លួនបានប្រាប់ទៅរដ្ឋាភិបាលកម្ពុជាថាបុគ្គលិករបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក ស៊ឺន សាលី មានអភ័យឯកសិទ្ធិហើយមិនអាចកាត់ទោសបាននោះទេ។

លោក ស៊ឺន សាលី ត្រូវបានចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សីឈ្មោះ ខុម ចាន់តារ៉ាទី ហៅស្រីមុំដែលត្រូវបានទម្លាយថាមានទំនាក់ទំនងស្នេហាជាមួយអនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ឲ្យផ្តល់ចម្លើយកុហកតុលាការថាមិនមានទំនាក់ទំនងស្នេហាជាមួយមេដឹកនាំបក្សប្រឆាំង។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric មានប្រសាសន៍កាលពីថ្ងៃពុធហើយត្រូវបានដកស្រង់សម្តីដោយសារព័ត៌មានក្រៅប្រទេសថា៖ “យើងបានប្រាប់ទៅរដ្ឋាភិបាលកម្ពុជាថាបុគ្គលិកស៊ឺន សាលី ជាបុគ្គលិករបស់អង្គការសហប្រជាជាតិហើយបញ្ហាពាក់ព័ន្ធនឹងការបំពេញតួនាទីរបស់គាត់ជាផ្នែកមួយនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា”។ លោកបន្ថែមថា៖ “រដ្ឋាភិបាលកម្ពុជាត្រូវបានជម្រាបថាលោក ស៊ឺន សាលី មានអភ័យឯកសិទ្ធិពីដំណើរការផ្លូវច្បាប់ទាក់ទងនឹងបញ្ហានេះ”។ លោកបញ្ជាក់ថាអង្គការសហប្រជាជាតិបានពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីឈានទៅដល់”ដំណោះស្រាយសមរម្យមួយ”លើករណីនេះ។

អ្នកនាំពាក្យស្ថាប័នអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា ប្រាប់វីអូឌីថារហូតមកដល់ពេលនេះ តុលាការមិនទាន់ចេញដីកាចាប់ខ្លួន លោក ស៊ឺន សាលី នៅឡើយទេ ហើយថានៅពេលចេញដីកាចាប់ខ្លួន តុលាការនឹងជូនដំណឹងពេលក្រោយ។ លោកបដិសេធអត្ថាធិប្បាយបន្ថែមលើបញ្ហានេះ។

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង មានប្រសាសន៍ថាកាលពីថ្ងៃពុធថាករណីលោក ស៊ឺន សាលី តុលាការជាអ្នកចាត់ការបន្ត ដោយលោកថាករណីនេះរួចពីដៃរបស់អង្គភាពប្រឆាំងអំពើពុករលួយ។

កាលពីថ្ងៃទី១ខែឧសភា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថានឹងមិនមានការលើកលែងចំពោះមន្រ្តីសង្គមស៊ីវិលនិងមន្រ្តីអង្គការសហប្រជាជាតិ(UN) បើទោះជាមានអភ័យឯកសិទ្ធិក៏ដោយ ដោយលោកថានឹងមិនមានការដោះដូរអ្វីនោះទេ។ លោកនាយករដ្ឋមន្រ្តីថ្លែងថា៖ “សូមអស់លោកជាNGOs ឬក៏ជាអ្នកដែលធ្វើការនៅអង្គការសហប្រជាជាតិ កុំអាងអភ័យឯកសិទ្ធិឲ្យសោះ ទោះបីម៉ែអភ័យឯកសិទ្ធិ ឪអភ័យឯកសិទ្ធិ តែដល់ម៉ោងគេដាក់គឺគេដាក់ចូលគុកដូចតែគ្នាហ្នឹង… លោកឯងសូកសាក្សី អ្នកឯកសង្កត់គេអីណា… ច្បាប់គឺច្បាប់ អត់មានរញ៉េរញ៉ៃ ហើយមកចង់ដោះដូរអីណា អត់មានទេ អត់មានត្រូវដោះដូរទេ”។

លោក ឱម យ៉ិនទៀង ធ្លាប់មានប្រសាសន៍ថាលោក ស៊ឺន សាលី ជាមន្ត្រីរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដែលលោកថាបានបញ្ចប់អាណត្តិរបស់ខ្លួននៅកម្ពុជាហើយ។ លោកមានប្រសាសន៍ថា៖ “សួរថាអាណត្តិគាត់(OHCHR)ចប់នៅ? គាត់ចប់បាត់ហើយ។ គាត់នៅរាល់ថ្ងៃអត់មានច្បាប់អីផងហ្នឹង! MOU គាត់ចប់ហើយតើ”

តំណាងOHCHRប្រចាំប្រទេសកម្ពុជា លោកស្រី Wan-Hea Lee   ធ្លាប់ប្រាប់វីអូឌីថាអនុស្សរណៈយោគយល់(MOU)រវាងOHCHRនិងរដ្ឋាភិបាលកម្ពុជាពិតជាបានផុតកំណត់មែន។ លោកស្រីបន្តថា OHCHR កំពុងធ្វើការជាមួយរដ្ឋាភិបាលដើម្បីបន្តMOU។ លោកស្រីបន្ថែមថា៖ “ទោះយ៉ាងណាក៏ដោយ MOU នេះមិនមែនជាមូលដ្ឋានសម្រាប់អភ័យឯកសិទ្ធិរបស់លោក ស៊ឺន សាលី ដែលកើតចេញពីតួនាទីរបស់លោកជាមន្ត្រីរបស់អង្គការសហប្រជាជាតិនិងត្រូវបានផ្តល់ជូន ក្រោមអនុសញ្ញាស្តីពីបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិរបស់អង្គការសហប្រជាជាតិឡើយ”

គួរបញ្ជាក់ថាពាក់ព័ន្ធនឹងករណីសូកប៉ាន់សាក្សីនេះ មន្រ្តីអាដហុក៤នាក់ រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និង លោកស្រី លឹម មុនី ត្រូវបានតុលាការចោទប្រកាន់ពីបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨នៃក្រមព្រហ្មទណ្ឌ។ ចំណែកអតីតបុគ្គលិករបស់អាដហុក លោក នី ចរិយា ដែលទើបតែទទួលបានតំណែងជាអគ្គលេខាធិការរងគ.ជ.ប ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សី  ដោយACUថាបានធ្វើឲ្យអំពើសូកប៉ាន់សាក្សីនេះបានសម្រេច។ ប្រសិនបើតុលាការផ្តន្ទាទោស អ្នកទាំងអស់នោះអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី៥ឆ្នាំដល់១០ឆ្នាំ៕ រាយការណ៍បន្ថែមដោយ ញ៉ែត ស្រីអូន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ