បណ្ដាញព្រះសង្ឃឯករាជ្យថាសមាជិកមួយអង្គត្រូវបានផ្សឹកដោយអយុត្តិធម៌

បណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម បានលើកឡើងថាសមាជិកខ្លួនមួយអង្គនៅខេត្តកំពង់ធំ ត្រូវបានអភិបាលស្រុក និង មន្រ្តីសង្ឃចាប់ផ្សឹកដោយអយុត្តិធម៌ ក្រោមរូបភាពនយោបាយ។

បណ្ដាញព្រះសង្ឃ​ឯករាជ្យបានលើកឡើងនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថានៅថ្ងៃទី ០៤ ខែ ឧសភា សមាជិកបណ្ដាញព្រះសង្ឃឯករាជ្យមួយអង្គទៀត គឺព្រះអង្គ សេង ណារ៉ា ដែលគង់នៅវត្តទឹកម្លាង ឃុំ​សណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពុងធំ​ ត្រូវបានចាប់ផ្សឹកដោយអយុត្តិធម៌ ដោយអភិបាលស្រុកសណ្ដាន់ លោក ឡុង គឹសឹង និងមន្ត្រីសង្ឃ២អង្ឃទៀត​​ គឺព្រះគ្រូអនុគណៈស្រុកសណ្ដាន់ ហួន ខុន និង វន លន។

បើតាមព្រះអង្គ បូរ បេត​ដែលជាសមាជិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមបានមាន សង្ឃ​ដីការ​ថា ព្រះអង្គ សេង ណារ៉ា គ្មានកំហុសអ្វីដែលបានប្រព្រឹត្តខុសក្នុងព្រះពុទ្ធសាសនា ឬច្បាប់កម្ពុជា​ដែល​រហូតឈានដល់ការចាប់ផ្សឹកនោះទេ ដោយលោកគ្រាន់តែបញ្ចេញមតិក្នុងបណ្ដាញសង្គម ហៅលោក អភិបាលស្រុក ថាជាយួន និងថាគណបក្សប្រជាជនកម្ពុជារាល់ថ្ងៃនេះ ជាគណបក្ស​របស់លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។

ព្រះអង្គ បូរ បេត មានសង្ឃដីការបន្ថែមថាការចាប់ផ្សឹកសមាជិករបស់ខ្លួននេះគឺទាក់ទងនឹងរឿង​នយោ​បាយ និង​ គុំគួនផ្ដាច់ខ្សែរយៈបណ្ដាញព្រះសង្ឃឯករាជ្យនៅក្នុងស្រុក​សណ្ដាន់ នៃខេត្តកំពង់ធំនេះ ព្រោះ​កន្លងមកពួក​ព្រះអង្គតែងតែតាមដាន និង រាយការណ៍ការពីការកាប់បំផ្លាញ់ព្រៃឈើក្នុងខេត្ត​កំពង់ធំ។

កន្លងមកសមាជិកបណ្ដាញព្រះសង្ឃឯករាជ្យមួយអង្គគឺព្រះតេជគុណ ហន សុផាន្នី គង់នៅវត្តដំរីស ខេត្ត​បាត់ដំបង ត្រូវបាន​អាជ្ញាធរខេត្ត​ ចាប់ផ្សឹក ហើយវាយខ្នោះ ហើយតុលាការសម្រេចផ្ដន្ទា​ទោសឲ្យ​ជាប់​ពន្ធនា​គារ ២ឆ្នាំ​ដោយចោទពីបទញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋជាអាទិ៍ បន្ទាប់ពីព្រះអង្គបង្ហោះ​រូប​ថត​កាំភ្លើងមួយដើម នៅលើគណនីហ្វេសប៊ុក ដែលគេថាកាំភ្លើងនោះជាកាំភ្លើងជ័រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ