មេឃុំបក្សប្រឆាំងបន្តជាប់ឆ្នោត បើទោះជាតុលាការបានឃុំខ្លួន

សកម្មជនម្នាក់របស់គណបក្សសង្គ្រោះជាតិ ដែលរងបណ្តឹងនៅតុលាការករណី លោក កឹម សុខា  និងម្នាក់ទៀតដែលកំពុងជាប់ឃុំ សុទ្ធតែបានជាប់ឆ្នោតជាមេឃុំ និងចៅសង្កាត់ តាមរយៈការដាក់ភរិយាឲ្យ​ឈរ​ឈ្មោះជំនួស។

អតីតមេឃុំមកពីគណបក្សប្រឆាំង លោក ស៊ាង ចែត ប្រាប់វីអូឌីនៅថ្ងៃចន្ទនេះថា  ភរិយារបស់លោក បានឈរឈ្មោះជាមេឃុំ ស្រក ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ជំនួសរូបលោកដោយសារតុលាការបានឃុំខ្លួនគាត់កន្លងមក។ លោកន្តថាលទ្ធផលនៃការបោះឆ្នោតគឺពលរដ្ឋបោះឆ្នោតឲ្យភរិយារបស់លោកជាប់ជាមេឃុំ។

លោក ស៊ាង ចែត អតីតមេឃុំរបស់គណបក្ស សម រង្ស៊ី ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ទៅតាមចម្លើយនៅក្នុងលិខិតចំហរបស់នាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលបានចោទលោកមេឃុំរូបនេះថា បានបញ្ចុះបញ្ចូលឲ្យនាងនិយាយកុហកសមត្ថកិច្ច អំពីរឿងទំនាក់ទំនងស្នេហាលួចលាក់ជាមួយ លោក កឹម សុខា ។ ប៉ុន្តែលោកត្រូវព្រះមហាក្សត្រលើកលែងទោស កាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០១៦។

ដោយឡែក លោក ចៅ វាសនា ដែលជាចៅសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មកពីគណបក្សសម រង្ស៊ី ក៏ត្រូវបានពលរដ្ឋបោះឆ្នោតឲ្យលោកជាប់ជាចៅសង្កាត់បន្តទៀត តាមរយៈការឈរឈ្មោះរបស់ភរិយាលោក ខណៈដែល លោក ចៅ វាសនា ត្រូវបានតុលាការឃុំតាំងពីចុងខែកុម្ភៈឆ្នាំ២០១៧ទាក់ទងនឹងការតវ៉ារបស់កម្មករតាំងពីឆ្នាំ២០១៤។

អតីតមន្ត្រីសកម្មជនគណបក្សសង្គ្រោះជាតិ លោក ឌិន ពុទ្ធី   ដែលត្រូវបានតុលាការឃុំខ្លួន ដោយសារតែ​នគរបាលឈ្មោះ ឈាន ពិសិដ្ឋ ធ្វើជាផ្តួល​ខ្លួនឯងនៅមុខរថយន្តរបស់លោកនោះ យល់ថា បានជាប្រជាពលរដ្ឋបោះឆ្នោតឲ្យ លោកចៅ វាសនា ដោយសារ កន្លងមកលោកតែងតែជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ។

លោក ឌិន ពុទ្ធី   ចាត់ទុកការឃុំខ្លួនលោក ចៅ វាសនា ថាជារឿងអយុត្តិធម៌ ដោយថា លោកមិនបានញុះញង់ឲ្យពួកកម្មទៅគប់ទីស្នាក់ការគយ ដូចការចោទប្រកាន់របស់តុលាការនោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ