វិភាគ៖ តើ​បក្ស​កាន់​អំណាចនិង​បក្ស​ប្រឆាំង​ឈ្នះឬ​ចាញ់​ ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​​ឃុំ-សង្កាត់?

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន កាលពីការបោះឆ្នោតឃុំសង្កាត់ថ្ងៃទី៤មិថុនា

ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​នៅ​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ទី​០៤ ខែ​មិថុនា បាន​ចប់​រួច​រាល់​ហើយ តែ​នៅ​ឡើយ​រង់ចាំ​មើល​លទ្ធផល​ផ្លូវការ​តែ​ប៉ុណ្ណោះ។ ថ្វី​បើ​លទ្ធផល​ផ្លូវការ​មិន​ទាន់​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប. ប្រកាស​ជា​ផ្លូវ​ការ​ក៏​ដោយ ប៉ុន្តែ លទ្ធផល​បឋម​ក្រៅ​ផ្លូវការ បាន​បង្ហាញ​ថា គណបក្ស​នយោបាយ​ធំៗ​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដណ្ដើម​បាន​ឃុំ​សង្កាត់​ជាច្រើន​នៅ​ទូទាំង​ប្រទេស។

លទ្ធផល​បោះ​ឆ្នោត​ដែល​ត្រូវ​បាន​ គ.ជ.ប. ផ្សព្វផ្សាយ​ជា​បឋម​ បង្ហាញ​ថា​ ប្រសិន​បើ​គ្មាន​អ្វី​ប្រែ​ប្រួល​ច្រើន​ទេ គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ឃុំ​សង្កាត់​ដល់​ទៅ ១,១៥៨​ឃុំ-សង្កាត់​ ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​បាន​​ឃុំ​-សង្កាត់​ដល់​ទៅ ៤៨៧​ឃុំ-សង្កាត់ នៅ​ទូទាំង​ប្រទេស។

ជាមួយ​លទ្ធផល​បឋម​បែប​នេះ ទាំង​គណបក្ស​កាន់​អំណាច ទាំង​គណបក្ស​ប្រឆាំង សុទ្ធ​តែ​អះ​អាង​រៀងៗ​ខ្លួន​ពី​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​មូលដ្ឋាន​នេះ ហើយ​បន្ទរ​ថា លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ ធានា​ដល់​ជ័យ​ជម្នះ​របស់​ពួកគេ​សម្រាប់​ការ​បោះ​ឆ្នោត​​ជាតិនៅ​ឆ្នាំ​ក្រោយ​នេះ។

ជា​នាយក​រដ្ឋ​មន្ត្រី​ផង និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង លោក ហ៊ុន សែន បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​​ផ្លូវ​ការ​របស់​លោក​ថា គណបក្ស​លោក​​បាន​ឈាន​ទៅ​ទទួល​ជោគ​ជ័យ​ជា​ថ្មី​ម្ដង​ទៀត ជាមួយ​កំណើន​សំឡេង​គាំ​ទ្រ​ជាង ៣០​ម៉ឺនសំឡេង​។ ជាមួយ​កំណើន​សំឡេង​បែប​នេះ លោក ហ៊ុន សែន អះ​អាង​ថា គណបក្ស​របស់​លោក​នឹង​នៅ​ជា​គណបក្ស​មាន​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​សភា និង​ដឹកនាំ​រដ្ឋាភិបាល​បន្ត​ទៀត ដោយ​លោក​ថា សំឡេង​ឆ្នោត​ឆ្នាំ​២០១៨​ខាង​មុខ នឹង​មិន​ខុស​គ្នា​ប៉ុន្មាន​នឹង​សំឡេង​ឆ្នោត​នៅ​ពេល​នេះ​នោះ​ទេ។

រី​ឯ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា បាន​ថ្លែង​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​នេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ជោគ​ជ័យ​មួយ​ជំហាន​ធំ​ទៀត នៅ​ក្នុង​ការ​ដណ្ដើម​ជ័យ​ជម្នះ​ក្នុង​ការ​គ្រប់​គ្រង​ដឹកនាំ​ឃុំ-សង្កាត់។ ជាមួយ​ការ​ប្រកាស​នូវ​ជ័យ​ជម្នះ​បែប​នេះ លោក កឹម សុខា បាន​អះ​អាង​បន្ថែម​ថា គណបក្ស​លោក​នឹង​ទទួល​ជ័យ​ជម្នះ​មួយ​ជំហ៊ាន​ទៀត ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​រដ្ឋ​សភា​នៅ​ឆ្នាំ​២០១៨ និង​ដើម្បី​ឈាន​ទៅ​ដឹកនាំ​ប្រទេស​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។​

ស្រប​ពេល​ដែល​​មេដឹកនាំ​បក្ស​នយោបាយ​ទាំង​ពីរ​នេះ​សុទ្ធ​តែ​អះ​អាង​ពី​ជ័យ​ជម្នះ​រៀងៗ​ខ្លួន​នោះ វា​ជំរុញ​ឲ្យ​មាន​ការ​ជជែក​វែក​ញែក​ថា តើ​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​នេះ ពិត​ជា​ទទួល​បាន​ជ័យ​ជម្នះដូច​អ្វី​ដែល​ពួក​គេ​បាន​អះ​អាង​មែន​ឬ​ទេ?

ជា​ដំបូង​នេះ យើង​ពិនិត្យ​មើល​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រក​ឲ្យ​ឃើញ​ថា តើ​ពួកគេ​ឈ្នះ ឬ​ក៏​ពួក​​គេ​ចាញ់ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤​នេះ។ បើ​ផ្អែក​ទៅ​តាម​លទ្ធផល​បឋម​ចេញ​ផ្សាយ​ដោយ គ.ជ.ប. វា​ពិត​ជា​ច្បាស់​លាស់​ហើយ​ថា បក្ស​កាន់​អំណាច​បាន​ទទួល​ជ័យ​ជម្នះ ដោយ​ពួកគេ​នៅ​តែ​បន្ត​គ្រប់​គ្រង​ឃុំ​-សង្កាត់​ដល់​ទៅ ១,១៥៨​ឃុំ-សង្កាត់ នៅ​ទូទាំង​ប្រទេស។ តួលេខ​នេះ អាច​បញ្ជាក់​បាន​យ៉ាង​ច្បាស់​ថា បក្ស​កាន់​អំណាចនៅ​តែ​បន្ត​កាន់​កាប់​ឃុំ-សង្កាត់​ភាគ​ច្រើន ឬ​ស្មើ​នឹង​ប្រហែល ៧០​ភាគរយ ​នៃ​ចំនួន​ឃុំ​-សង្កាត់​សរុប​នៅ​ទូទាំង​ប្រទេស។

ប៉ុន្តែ បើ​គេ​ប្រៀប​ធៀប​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៤​នេះ ទៅ​នឹង​អាណត្តិ​ទី​៣ ឆ្នាំ​២០១២​កន្លង​មក វា​បង្ហាញ​ទិន្នន័យ​មួយ​គួរ​ឲ្យ​ពិចារណា​បាន​ថា បក្ស​កាន់​អំណាច​បាន​បាត់​បង់​ឃុំ​-សង្កាត់​យ៉ាង​ច្រើន​ទៅ​ខាង​បក្ស​ប្រឆាំង។ តួលេខ​ពី គ​.ជ.ប. ចាស់​ បង្ហាញ​ថា គណ​បក្ស​ប្រជាជន​កម្ពុជា ឈ្នះ​បាន​ដឹកនាំ​ឃុំ​-សង្កាត់​ដល់​ទៅ ១,៥៩២​ឃុំ-សង្កាត់ នៅ​ទូទាំង​ប្រទេស។ តួលេខ​​នេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា បក្ស​កាន់​អំណាច​បាន​បាត់​បង់​ការ​គ្រប់​គ្រង​ឃុំ​-សង្កាត់​ដល់​ទៅ ៤៣៤​ឃុំ-សង្កាត់ នៅ​ទូទាំង​ប្រទេស ពោល​គឺ​បាត់​បង់​ឃុំ​-សង្កាត់​អស់​ដល់​ទៅ​ដក ២៧​ភាគរយ​ឯណោះ។

បើទោះបី​ជាអ្នក​គាំ​ទ្រ​បក្ស​កាន់​អំណាច​អះ​អាង​ពី​ជ័យ​ជម្នះ ហើយ​បន្តុះ​បង្អាប់​បក្ស​ប្រឆាំង​ថា នៅ​តែ​បន្ត​ចាញ់​ក៏​ដោយ ប៉ុន្តែ លទ្ធផល​បឋម​ចេញ​ដោយ គ.ជ.ប. ផ្ដល់​នូវ​គំនិត​គួរ​ឲ្យ​ត្រិះ​រិះ​ពិចារណា​បាន​ថា បក្ស​ប្រឆាំង​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ធំ​ធេង ដូច​ទៅ​នឹង​អ្វី​ដែល​មេដឹកនាំ​បក្ស​នេះ​បាន​អះ​អាង​មែន។ បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់អាណត្តិ​ទី​៣ ចំនួន​ឃុំ-សង្កាត់​សរុប​ដែល​​គណបក្ស​ សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស ឈ្នះ​នា​ពេល​នោះ មាន​ចំនួន​ត្រឹម​តែ ៤០​ឃុំ-សង្កាត់​តែ​ប៉ុណ្ណោះ។ នៅ​ក្នុង​អាណត្តិ​ទី​៤​នេះ គណបក្ស​សង្គ្រោះ​ជាតិ ដែល​កើត​ចេញ​ពី​ការ​ប្របាច់​បញ្ចូល​គ្នា​រវាង​បក្ស​ទាំង​ពីរ​នោះ ដណ្ដើម​បាន​ឃុំ-សង្កាត់​ដល់​ទៅ ៤៨៧​ឃុំ-សង្កាត់ នៅ​ទូទាំង​ប្រទេស ហើយ​បើ​និយាយ​ពី​កំណើន​វិញ វា​ហក់​ឡើង​ដល់ ១,១១៧​ភាគរយ ឬ​មាន​ន័យ​ថា កើន​ឡើង​ដល់​ទៅ ១២​ដង​ឯណោះ។ ហេតុ​នេះ បើ​ទោះបី​បក្ស​ប្រឆាំង​មិន​ឈ្នះ​បាន​ឃុំ​-សង្កាត់​ភាគ​ច្រើនក្ដី​ ប៉ុន្តែ បក្ស​នេះ​ពិត​ជា​ទទួល​បាន​ជោគ​ជ័យ​ធំ​ធេង​ក្នុង​ការ​ដណ្ដើមយក​ឃុំ-សង្កាត់​ជា​ច្រើន​ពី​បក្ស​កាន់​អំណាច។

ការ​ពិចារណា​តែ​ទៅ​លើ​ចំនួន​ឃុំ-សង្កាត់​ដែល​បក្ស​ទាំង​ពីរ​ដណ្ដើម​បាន មិន​ទាន់​អាច​ផ្ដល់​ជា​ទិន្នន័យ​មូលដ្ឋាន​សម្រាប់​ឈាន​ទៅសន្និដ្ឋាន​បាន​ថា បក្ស​ណា​មួយ​ឈ្នះ ឬ​ក៏​ចាញ់​នោះ​ដែរ។ ខាង​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អះ​អាង​ថា ទទួល​បាន​សំឡេង​បោះ​ឆ្នោត​ឲ្យ​ដល់​ទៅ​ជាង ៣​លាន ៥២​ម៉ឺន​សំឡេង។ ប្រសិន​បើ​អ្វី​ដែល​លោក ហ៊ុន សែន អះ​អាង​នោះ​ជា​ការ​ពិត​​នោះ វា​ជាក់​ស្ដែង​ណាស់​ថា សំឡេង​គាំ​ទ្រ​បក្សកាន់​អំណាច​កើន​ឡើង ៣០​ម៉ឺន​សំឡេង​ទៀត ប្រសិន​បើ​ធ្វើការ​ប្រៀប​ធៀប​នឹង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៣​កន្លង​មក ដែល​កាល​នោះ បក្ស​កាន់​អំណាច​ទទួល​បាន​សំឡេង​គាំ​ទ្រ​តែ​ជាង ៣​លាន ២០​ម៉ឺន​សំឡេង​ប៉ុណ្ណោះ។

ទោះជាយ៉ាងណា ការ​បោះ​ឆ្នោត​ថ្នាក់​មូលដ្ឋាន គឺ​ជា​ការ​ជ្រើសរើស​ថ្នាក់​ដឹកនាំ​នៅ​មូលដ្ឋាន ដែល​ខុស​ពី​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ ដែល​ជា​ការ​ជ្រើស​រើស​បក្ស​នយោបាយ​ និង​មេដឹកនាំ​បក្ស​ចំ​ៗ​តែ​ម្ដង។ ដូច្នេះ ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​នៅ​ឆ្នាំ​នេះ មិន​គួរ​ត្រូវ​បានគេ​យក​ទៅ​ប្រៀប​ធៀប​នឹង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៣​នោះ​ទេ។

មួយ​វិញ​ទៀត ទិន្នន័យ​សង្កេត​មួយ​ដែល​ចេញ​ផ្សាយ​​ដោយ​បន្ទប់​ស្ថានការណ៍​នៃ​បណ្ដុំ​អង្គការធ្វើ​ការ​លើ​កិច្ចការ​បោះ​ឆ្នោត​នៅ​កម្ពុជា បាន​បង្ហាញ​ថា សំឡេង​គាំ​ទ្រ​ដែល​បក្ស​កាន់​អំណាច​ទទួល​បាន មាន​គម្លាត​ខុស​គ្នា​មិន​ច្រើន​នោះ​ទេ​ពី​សំឡេង​គាំ​ទ្រ​ដែល​បក្ស​ប្រឆាំង​ទទួល​បាន។ បន្ទប់ស្ថានការណ៍​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​សំឡេង​គាំ​ទ្រ ៤៨​ភាគរយ ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​សំឡេង​គាំ​ទ្រ ៤៥​ភាគរយ នៅ​ក្នុង​ចំណោម​ពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​ជាង ៦​លាន ៧៤​ម៉ឺន​នាក់។

ទោះជាយ៉ាងណា​ក៏​ដោយ ពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​រួច​រាល់​​យ៉ាង​តិច​ណាស់ ១​លាន ១២​ម៉ឺន​នាក់ ពុំ​បាន​ទៅ​បោះ​ឆ្នោត​នោះ​ទេ បើទោះបី​ជា​អត្រា​នៃ​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​មាន​កម្រិត​ខ្ពស់ដល់​ទៅ​ជាង ៨៥​ភាគរយ​ក៏​ដោយ។ ត្រង់​ចំណុច​នេះ វា​អាច​ទាញ​យក​មក​ពិចារណា​បាន​ថា តើ​ក្រុម​ពលរដ្ឋ​ដែល​មិន​បាន​ទៅ​បោះ​ឆ្នោត ជា​ក្រុម​ពលរដ្ឋ​ស្ថិត​ក្នុង​ស្រទាប់​ណា​មួយនៃ​សង្គម។ ចម្លើយ​គឺ​ថា វា​អាច​ជា​ក្រុម​ពលរដ្ឋ​ចម្រុះ​នៅ​ក្នុង​សង្គម ប៉ុន្តែ អ្វី​ដែល​គេ​មិន​អាច​បដិសេធ​បាន​នោះ គឺ​ថា ភាគ​ច្រើន​នៃ​ពលរដ្ឋ​មិន​បាន​ទៅ​បោះ​ឆ្នោត​នោះ អាច​ជា​ពលករ​ចំណាក​ស្រុក និង​ក្រុម​កម្មករ​កម្មការិនី ដែល​បាន​ចាក​ចេញ​ពី​ស្រុក​កំណើត​ទៅ​ធ្វើ​ការ​នៅ​ខេត្ត​ឆ្ងាយ។ តើ​ពួកគេ​នឹង​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ណា? ត្រង់​ចំណុច​នេះ វា​មិន​ទាន់​ច្បាស់​លាស់​ទាំង​ស្រុង​ទេ ប៉ុន្តែ ក្រុម​នេះ​អាច​ជា​ពលរដ្ឋ​ ទទួល​បាន​ព័ត៌មាន​នយោបាយ​ច្រើន​នៅ​ក្នុង​សង្គម។

សរុប​មក​វិញ បើទោះ​បី​ជា​នៅ​បន្ត​ឈ្នះ​គ្រប់​គ្រង​ឃុំ​-សង្កាត់​ភាគ​ច្រើន​លើស​លប់​នៅ​ទូទាំង​ប្រទេស​ក៏​ដោយ ប៉ុន្តែ ចង់​ឬ​មិន​ចង់ បក្ស​កាន់​អំណាច​ត្រូវ​តែ​ពិចារណា​ជាដាច់​ខាត​ទៅ​លើ​មូល​ហេតុ​ដែល​នាំ​ឲ្យ​បក្ស​នេះ​បាត់​បង់​ឃុំ-សង្កាត់រាប់​រយ​ទៅ​ខាង​បក្ស​ប្រឆាំង ហើយ​បើ​ទោះ​បី​ជា​មិន​ឈ្នះ​បាន​ឃុំ-សង្កាត់​ភាគ​ច្រើន​ក៏​ដោយ ប៉ុន្តែ បក្ស​ប្រឆាំង​ក៏​គួរ​តែ​ត្រេក​អរ​នឹង​ជោគ​ជ័យ​ដ៏​ធំ​ធេង​របស់​ពួកគេ​ផង​ដែរ ហើយ​ពិចារណា​ទៅ​លើ​ហេតុផល​​ដែល​ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​ដណ្ដើម​បាន​ឃុំ​-សង្កាត់​ភាគ​ច្រើន​ពី​បក្ស​កាន់​អំណាច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ