អាមេរិកសាទរការបោះឆ្នោតនៅកម្ពុជា

ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងភ្នំពេញ បានអបអរសាទរប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ដែលធ្វើដំណើរទៅបោះឆ្នោតកាលពីថ្ងៃអាទិត្យនេះ ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤។

សេចក្តីថ្លែងការណ៍ នៅរសៀលនេះ ស្ថានទូតសហរដ្ឋអាមេរិក សរសើរដល់រដ្ឋាភិបាលកម្ពុជា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) មន្ត្រីបោះឆ្នោត និងអ្នកស្ម័គ្រចិត្ត សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីរៀបចំ និងដំណើរការការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧។

សេចក្តីថ្លែងការណ៍បន្តថា អាមេរិកនឹងបន្តតាមដានការប្រកាសលទ្ធផលរបស់ គ.ជ.ប។ ហើយអាមេរិករំពឹងថា គ.ជ.ប នឹងអនុវត្តការស៊ើបអង្កេតឱ្យបានពេញលេញ ប្រកបដោយការទទួលខុសត្រូវ សុចរិតភាព និងតម្លាភាព ចំពោះការព្រួយបារម្ភដែលលើកឡើងដោយ​​គណបក្ស​ប្រឆាំង និងអង្គការសង្គមស៊ីវិល មុននិងអំឡុងពេលដំណើរការបោះឆ្នោតនេះ។

ស្ថានទូតអាមេរិកបានដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍បោះឆ្នោតចំនួន៤០ក្រុម នៅទូទាំងប្រទេសកម្ពុជា។ ក្រុមទាំងនេះបានចូលសង្កេតការណ៍នៅជាង ៣០០មណ្ឌល ក្នុងរាជធានីភ្នំពេញ និងចុះទៅដល់ខេត្តចំនួន១៣ផ្សេងទៀត។

សេចក្តីថ្លែងការណ៍បញ្ជាក់ជាចុងក្រោយថា ការបោះឆ្នោតកាលពីម្សិលមិញ គឺជាព្រឹត្តិការណ៍សំខាន់ក្នុងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ជាបន្តរបស់ប្រទេសកម្ពុជា និងអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា គណបក្សនយោបាយ ទទួលយកលទ្ធផលនៃការបោះឆ្នោតដោយសន្តិវិធីនិងក្នុងស្មារតីនៃការផ្សះផ្សាជាតិនិងកិច្ចសហប្រតិបត្តិការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ