ក្រសួងព័ត៌មានតម្រូវឲ្យភ្ជាប់អាជ្ញាប័ណ្ណស្ថាប័ន​ ពេលសុំធ្វើកាតកាសែត

ក្រសួងព័ត៌មានតម្រូវឲ្យស្ថាប័នព័ត៌មានភ្ជាប់អាជ្ញាប័ណ្ណរបស់ស្ថាប័ន នៅពេលសុំក្រសួងធ្វើកាតកាសែត ដែលមន្រ្តីអះអាងថាវិធានការនេះធ្វើឡើងក្នុងគោលដៅដើម្បីរឹតបន្តឹងអ្នកព័ត៌មានដែលប្រើប្រាស់កាតនេះខុសគោលដៅនិងផ្នែកមួយនៃវិធានការទៅលើស្ថាប័នព័ត៌មានណាដែលមិនគោរពតាមការណែនាំរបស់ក្រសួង។

ស្ថាប័នសារព័ត៌មាននីមួយៗត្រូវសុំអាជ្ញាប័ណ្ណអនុញ្ញាតពីក្រសួងព័ត៌មានជាមុនសិន ទើបអាចដំណើរការបាន។ កន្លងទៅ ការសុំធ្វើកាតអ្នកកាសែត ក្រសួងតម្រូវឲ្យបំពេញឯកសារមួយចំនួន ភ្ជាប់ជាមួយរូបថតនិងអត្តសញ្ញាណប័ណ្ណ។

លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មាន ប្រាប់វីអូឌីនៅថ្ងៃអង្គារនេះថាកន្លងមក មានអ្នកប្រើប្រាស់ប័ណ្ណព័ត៌មានមិនសមស្របនិងខុសពីគោលដៅ ដោយលោកថាយកទៅសរសេរព័ត៌មានដើម្បីយកលុយពីគេ។ លោកមានប្រសាសន៍ថា៖ “ប្រជាពលរដ្ឋកន្លងទៅដូចធ្លាប់ដឹងហើយថាមានអ្នកប្រើប្រាស់ប័ណ្ណព័ត៌មានក្នុងគោលដៅខុស មិនមែនយកសម្រាប់យកសារព័ត៌មានទេ ដូចទៅជារឿងគោះប្រាក់ គោះអីណាណីវិញទៅវាអត់សូវ សមរម្យយើងរឹតបន្តឹងបន្តិចឲ្យអ្នកដែលស្នើសុំហ្នឹង ត្រូវមានចុះហត្ថលេខាពីម្ចាស់អង្គភាព អញ្ចឹងដើម្បីបញ្ជាក់ថានរណាជាម្ចាស់អង្គភាព ត្រូវភ្ជាប់ជាមួយហ្នឹងអាជ្ញាប័ណ្ណហ្នឹងទៀត

នៅពេលសួរថាតើវិធានការនេះពាក់ព័ន្ធនឹងការដែលស្ថាប័នព័ត៌មានមិនគោរពតាមការណែនាំរបស់ក្រសួងលើការប្រើប្រាស់គោរមងារនៅក្នុងអត្ថបទ មន្រ្តីព័ត៌មានរូបនោះបញ្ជាក់ថាវាជាផ្នែកមួយនៃវិធានការមួយរបស់ក្រសួង។ លោកមានប្រសាសន៍ថា៖ “វាក៏ជាវិធានការមួយដែរជាវិធានការមួយក្នុងការប្រើប្រាស់ចំពោះអង្គភាពមួយចំនួន បើដឹងអង្គភាពហ្នឹងមិនប្រើ បើមានភ្ជាប់អាជ្ញាប័ណ្ណហើយ មានសំណើហើយ អាចមិនចេញឲ្យទៀតផង។  វិធានការនេះនឹងត្រូវអនុវត្តជាបណ្តើរៗតាំងពីដើមខែកក្កដានេះ”

ក្រសួងព័ត៌មានបានទុករយៈពេលត្រឹមខែកក្កដាសម្រាប់សារព័ត៌មានប្រើប្រាស់គោរមងារសម្តេចនៅក្នុងអត្ថបទសារព័ត៌មាន។ ក្រសួងថាបើសារព័ត៌មានណាមិនគោរពតាមការណែនាំនេះទេ នោះក្រសួងនឹងសិក្សាពីផ្លូវច្បាប់ថាតើនឹងអាចបន្តអាជ្ញាប័ណ្ណឲ្យស្ថាប័ននោះទេ។

អគ្គលេខាធិការក្លឹបអ្នកកាសែតកម្ពុជាលោក ពុយ គា មានប្រសាសន៍ថាកន្លងទៅមានការស្នើសុំឲ្យមានការរឹតបន្តឹងនូវការចេញប័ណ្ណព័ត៌មាន។ លោកបន្តថាអ្នកខ្លះបានយកប័ណ្ណព័ត៌មានេះទៅប្រើប្រាស់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ លោកមានប្រសាសន៍ថា៖ “មានបុគ្គលខ្លះគាត់បន្លំ គាត់មិនមែនជាអ្នកកាសែតអាជីពទេ តែខំព្យាយាមយកប័ណ្ឌអ្នកកាសែតដែរតាមរយៈការសុំធ្វើប័ណ្ណពីក្រសួងព័ត៌មាន។ មានអ្នកខ្លះជាអ្នករកស៊ី ឬមួយក៏ជាប្រជាពលរដ្ឋធម្មតាទេតែគាត់ចង់បានប័ណ្ណជាអ្នកកាសែតទៅដើម្បីបានឱកាសរកស៊ីអីតិចតួចខុសច្បាប់ល្មមៗតែគាត់យកមុខងារតួនាទីអ្នកសារព័ត៌មានដើម្បីពាំង”

គួរបញ្ជាក់ថាសម្រាប់ការធ្វើកាតព័ត៌មានមានពីរប្រភេទគឺរយៈពេល៣ខែដែលតម្រូវឲ្យបង់ប្រាក់៥ពាន់រៀលនិង៦ខែ ក្រសួងតម្រូវឲ្យបង់ប្រាក់ចំនួន១ម៉ឺនរៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ