លិខិតមិត្តអ្នកអាន៖ ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ​មក​របប​ឧកញ៉ាធិបតេយ្យ​៖ កម្ពុជា​ជា​របស់​អ្នក​មាន​ ដោយ​អ្នក​មាន​ និង​ដើម្បី​អ្នក​មាន​ (ភាគបញ្ចប់)

ទិដ្ឋភាពផ្សារធំថ្មី នៃទីក្រុងភ្នំពេញ កាលពីពេលកន្លងទៅ (ដោយ សាយ ទ្បាលីស)

រដ្ឋបានជំរុញឱ្យមានវិសមភាពសេដ្ឋកិច្ចតាមរយៈគោលនយោបាយនានាដែលទោររកអ្នកមាន រួមមានសម្បទានកាប់ឈើ, សម្បទានដីសេដ្ឋកិច្ច, សម្បទានដើម្បីគាស់យកថ្មកំបោរ សម្បទានដើម្បីរុករករ៉ែដែក ផ្តល់លិខិតអនុញ្ញាតដើម្បីកាប់ឈើនៅក្នុងចម្ការកៅស៊ូរដ្ឋ ផ្តល់កម្មសិទ្ធិឬជួលអាគារឬដីសាធារណៈនៅក្នុងក្រុងភ្នំពេញ ផ្តល់សម្បទានដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសមិនយកពន្ធ ផ្តល់លិខិតអនុញ្ញាតដើម្បីសាងសង់និងប្រតិបត្តិការកំពង់ផែ កាស៊ីណូ, ផ្តល់កិច្ចសន្យាកែលំអនិងប្រតិបត្តិការអាកាសយានដ្ឋាន ខ្សែផ្លូវរថភ្លើង សាងសង់និងជួលជុលផ្លូវ សាងសង់ស្ពាន ចែកចាយភ្លើងអគ្គិសនី, ផ្តល់សិទ្ធិផ្តាច់មុខធ្វើអំបិលអ៊ីយ៉ូត, ផ្តល់កិច្ចសន្យានាំចូលគ្រឿងផ្តត់ផ្គង់សុខាភិបាលពេទ្យឱ្យរដ្ឋាភិបាល និងផ្គត់ផ្គង់ស្រូវឱ្យកងទ័ព។ល។ តែវាគ្រាន់តែជាមួយចំណែកនៃដំណើររឿងប៉ុណ្ណោះ មួយទៀតគឺពន្ធដារនិងកញ្ចប់ថវិការដ្ឋដែលមានអំពើពុករលួយ។

«លោក ព្រាប កុល ប្រធានអង្គការតម្លាភាពអន្តរជាតិកម្ពុជា បានមានប្រសាសន៍ដែរថា ការមិនបង្ហាញព័ត៌មានជាសាធារណៈរបស់ស្ថាប័នរដ្ឋ ជាពិសេសស្ថាប័នដែលរកចំណូលចូលថវិកាជាតិគឺជាការបិទបាំងក្នុងការឃុបឃិបប្រព្រឹត្តអំពើពុករលួយពីសំណាក់មន្ត្រីរដ្ឋាភិបាល។ (ភ្នំពេញប៉ុស្តិ៍)» គេអាចជំទាស់ថា រដ្ឋាភិបាលពិតជាព្យាយាមកាត់បន្ថយភាពក្រីក្រនិងគម្លាតវិសមភាពតាមរយៈពន្ធលើប្រាក់បៀវត្សរ៍ ដែលអ្នកមានចំណូលច្រើនឬប្រាក់ខែខ្ពស់បង់ពន្ធច្រើនជាងអ្នកមានប្រាក់ខែតិច ចាប់ពី៨០០០០០រៀលឬ២០០ដុល្លារឡើងទៅទើបតម្រូវឱ្យបង់ពន្ធពី៥% ដល់ ២០%។

ទោះបីយ៉ាងណា គេគប្បីដឹងថា នៅលើក្រដាសនិងច្បាប់ដូច្នេះមែន តែអ្នកមានប្រាក់ខែឬចំណូលខ្ពស់នៅតែអាចគេចវេះពីការបង់ពន្ធតាមច្បាប់តម្រូវបាន តាមរយៈការសូកមន្ត្រីប្រមូលពន្ធ ឬបើមានខ្នងក្រាសមិនចាំបាច់បង់ពន្ធតែម្តង ឯអ្នកមានចំណូលមធ្យមមិនទំនងជាមានប្រាក់សម្រាប់សូកទេ រិតតែកម្រមានខ្នងធំទៅទៀត ដូច្នេះពន្ធលើប្រាក់បៀរវត្សរ៍អាចធ្វើឱ្យអ្នកមានចំណូលមធ្យមទៅជាអ្នកមានចំណូលទាបបាន និងទំនងជាមិនអាចកាត់បន្ថយវិសមភាពនោះទេ។ មូលហេតុដែលឈ្មួញសុខចិត្តសូកប៉ាន់ជាជាងបង់ពន្ធតាមច្បាប់ ប្រហែលជាដោយសារបង់ពន្ធចំណាយច្រើនជាងសូក និងដើម្បីយកចិត្តកសាងទំនាក់ទំនងនឹងមន្ត្រីពន្ធដារ ទុកពឹងពាក់ពេលក្រោយផង។ ពលរដ្ឋក្រីក្រនិងចំណូលមធ្យមឋិតនៅក្រោមច្បាប់សារពើពន្ធ អ្នកមានស្តុកស្តម្ភអាចនៅក្រៅច្បាប់នេះបាន។

«ក្នុងលិខិតចុះកាលបរិច្ឆេទថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ អគ្គនាយកដ្ឋានពន្ធដារបានបង្គាប់ឲ្យក្រុមហ៊ុន ងួន វុទ្ធី ត្រេឌីង ឌីវើឡុបមិន ខបផូរ៉េហ្សិន របស់លោកឧកញ៉ា ស្រី វុទ្ធី ក្រុមហ៊ុនហ្គ្រែនខនស្រ្តាក់ហ្សិន អ៊ីនដាស់ស្ទ្រីល របស់លោក សួស សារិទ្ធ ក្រុមហ៊ុន ពេជ្រ សុខន អភិវឌ្ឍន៍ ពាណិជ្ជ អាហរ័ណ នីហរ័ណ របស់លោក សរ សុខន និងក្រុមហ៊ុន បេស ត្រេនស្ព័ត សឺវីស របស់លោក ជា សុខហេង ឲ្យចូលខ្លួនមកដោះស្រាយបំណុលពន្ធរដ្ឋមិនឲ្យលើសពី១៥ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទលើលិខិតអញ្ជើញ។ […] លោក ពិច ពិសី ប្រធានកម្មវិធីនៃអង្គការតម្លាភាពកម្ពុជាបានថ្លែងថា៖ ‘‘អាចមកពីខាងក្រុមហ៊ុនហ្នឹងមានខ្សែមានខ្នង គាត់មិនស្តាប់ គាត់មានបញ្ហា គាត់អាងរកអ្នកណាជួយអន្តរាគមន៍។’’ លោកបន្តថា វាក៏អាចមកពីការព្យាយាមគេចវេះពីការបង់ពន្ធតាមរបបពិត ដោយសារភាពមិនស្មើភាពក្នុងការបង់ពន្ធ។ លោកបន្ថែមថា៖ ‘‘ក្រុមហ៊ុនខ្លះគាត់មិនសូវប្រកាសបង់ពន្ធឲ្យត្រូវទៅនឹងរបាយការណ៍ហិរញ្ញវត្ថុរបស់គាត់ទេ ដោយសារកាលណាគាត់បង់ទៅ គាត់ខាតថវិកាច្រើន។ ក្រុមហ៊ុនដទៃគេអត់បង់ដែរ អ៊ីចឹងការប្រកួតប្រជែងរបស់គាត់នៅចាញ់គេ។ អ៊ីចឹងគាត់ប្រកាសពន្ធអត់ពិតទេ’’។

(ភ្នំពេញប៉ុស្តិ៍)» អង្គការ International Budget Partnership តែងចេញរបាយការណ៍អំពីតម្លាភាពកញ្ចប់ថវិការបស់រដ្ឋាភិបាលនានានៅលើពិភពលោក  Open Budget Survey កម្ពុជាមិនដែលបានពិន្ទុល្អទេ តួយ៉ាងនៅឆ្នាំ២០១៥ កម្ពុជាទទួលបានចំណាត់ថ្នាក់ចុងប៉ូច បានពិន្ធត្រឹមតែ ៨/១០០ ប៉ុណ្ណោះ នៅឆ្នាំ២០១០និង២០១២ ១៥ពិន្ទុ ហើយនិង២០០៨ ១១ពិន្ទុ ពិន្ទុទាបមានន័យថាគ្មានបើកឱ្យមានការចូលរួមពីពលរដ្ឋក្នុងដំណើរការកញ្ចប់ថវិកា, មានភាពធ្លុះធ្លាយតាមផ្លូវពីសំណាក់អង្គនីតិប្រតិបត្តិនិងការធ្វេសប្រហែលពីស្ថាប័នសវនកម្មកំពូល។ បើនិយាយឱ្យស្រួលយល់ គ្មានតម្លាភាពថវិកាគឺមានអំពើពុករលួយ អង្គការតម្លាភាពអន្តរជាតិក៏តែងចេញរបាយការណ៍ពីភាពស្អាតស្អំគ្មានអំពើពុករលួយរបស់រដ្ឋាភិបាលនានាលើលោក កម្ពុជាជាច្រើនឆ្នាំទទួលបានតែចំណាត់មើលពីក្រោមរហូត ទោះបីមានការឡើងចុះក៏ដោយក៏មិនឆ្ងាយពីចំណាត់ថ្នាក់ទាបដែរ ជាក់ស្តែងឆ្នាំ២០១៥ កម្ពុជាទទួលលេខ១៥០/១៦៨ ទទួលបានពិន្ទុ២១/១០០, ២០១៤ ២១ពិន្ទុ, ២០១៣ ២០ពិន្ទុ, ២០១២ ២២ពិន្ទុ, ២០១០ ពិន្ទុ ២១ ពោលគឺ ៥ឆ្នាំពី២០១០-១៥ អំពើពុករលួយកម្ពុជាគ្មានការប្រែប្រួលជាដុំកំភួនអ្វីទេ ក៏មានន័យរដ្ឋាភិបាលបរាជ័យក្នុងការកាត់បន្ថយដែរ។

ដូចគ្នាដែរ តាមរបាយការណ៍របស់អង្គការតម្លាភាពកម្ពុជាឆ្នាំ២០១៤ «Corruption and Cambodia’s Governance System: The Need for Reform» ដែលវាយតម្លៃកម្រិតភាពស្អាតស្អំនៃស្ថាប័ននានានៅកម្ពុជា (ពិន្ទុពេញ១០០) បង្ហាញថា អាជ្ញាធរសវនកម្មជាតិទទួលបានពិន្ទុតែ ៣៤ ប៉ុណ្ណោះ ហើយស្ថាប័នតុលាការមានកម្រិតពុករលួយខ្ពស់ជាងគេ ពិន្ទុត្រឹម ១៦ សូម្បីតែអង្គភាពប្រឆាំងអំពើពុករលួយក៏ទទួលពិន្ទុតែ ៣៤ ដែរ។ យ៉ាងណាមិញ អង្គការពលកម្មអន្តរជាតិ (ILO) បានផ្សាយរបាយការណ៍មួយកាលពីឆ្នាំ២០១៤ «The Enabling Environment for Sustainable Enterprises in Cambodia (EESE)» បង្ហាញថា កម្ពុជាខាតបង់ថវិកា ១០% នៃផលិតផលក្នុងស្រុកសរុបក្នុងមួយឆ្នាំៗ ដោយសារអំពើពុករលួយ ស្មើនឹង ប្រមាណ ១,៧ពាន់លានដុល្លារ បើធៀបនឹងការប៉ាន់ស្មានរបស់ធនាគារពិភពលោក ផលិតផលក្នុងស្រុកសរុប កម្ពុជាមាន ១៧,២ពាន់លានដុល្លារនៅឆ្នាំ២០១៤។

ហេតុនេះហើយទើបសង្គមស៊ីវិលតែងជំរុញរដ្ឋាភិបាលឱ្យបង្កើតច្បាប់ធានាសិទ្ធិទទួលបានព័ត៌មាន ប៉ុន្តែដូចករណីច្បាប់អំពើពុករលួយស្រាប់ ដែលត្រឹមតែឱ្យមន្ត្រីធំៗប្រកាសទ្រព្យសម្បត្តិដោយសម្ងាត់ប៉ុណ្ណោះ ពោលគឺនៅតែសម្ងាត់ដដែល ច្បាប់ទទួលបានព័ត៌មាន ទោះបង្កើតមក ក៏នឹងត្រូវអនុវត្តដោយខ្ជីខ្ជាយឬប្រើស្តង់ដារពីរទុកប្រើដាក់ភាគីប្រឆាំងតែប៉ុណ្ណោះ ទោះបីមានច្បាប់ពិតជាប្រសើរជាងអត់ក៏ដោយ។

មិនតែប៉ុណ្ណោះ គោលនយោបាយមិនយកពន្ធដីក៏បានចូលរួមចំណែកធំក្នុងការពង្រីកវិសមភាពនិងភាពក្រីក្រនៅកម្ពុជាដែរ។ នៅផ្ទៃខាងលើ គោលនយោបាយនេះហាក់ជួយសម្រាលបន្ទុកកសិករ ដោយរួចផុតពីពន្ធដីស្រែរបស់ពួកគេ តែនៅផ្ទៃខាងក្រោមវិញ វាបានបន្តជួយពួកអ្នកមានៗដែលដើរទិញដីទុកច្រើនកន្លែង រួចទុកដីចោល មិនធ្វើសកម្មភាពសេដ្ឋកិច្ច ចាំលក់ពេលឡើងថ្លៃ ធ្វើឱ្យកសិករគ្មានដីទំនេរប្រកបរបរលើ ព្រោះលក់ដីអស់ រួចក៏ទៅស៊ីឈ្នួលធ្វើស្រែឱ្យគេ ឬធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសជាដើម។

តាមរបាយការណ៍របស់ USAID «Cambodia – Property Rights and Resource Governance Profile» ដែលផ្អែកលើរបាយការណ៍ដទៃទៀតជាច្រើនអំពីដីធ្លីបានឱ្យដឹងថា «វិសមភាពនៅកម្ពុជាបានបន្តកើនឡើង មានមួយផ្នែកដោយសារកំណើនការប្រមូលផ្តុំធនធានដែលគេអាចយកទៅបង្កបង្កើនផលបាន ពិសេសគឺដីធ្លី។ វិសមភាពកម្មសិទ្ធិដីធ្លី[នៅកម្ពុជា]គឺឋិតក្នុងកម្រិតខ្ពស់បំផុតនៅក្នុងតំបន់។ […] ការបែងចែកដីធ្លីបានបន្តគ្មានសមភាព តាំងពីទសវត្សឆ្នាំ១៩៨០មក ២០% ទៅ ៣០% នៃដីធ្លីរបស់ប្រទេសត្រូវបានបញ្ជូនទៅដល់ដៃមនុស្សតែ ១% ប៉ុណ្ណោះនៃប្រជាជនទាំងមូល។  កម្មសិទ្ធិដីធ្លីនៅជនបទគិតជាមធ្យមគឺ ១,៣ហិចតារប៉ុណ្ណោះ ហើយគ្រួសារដែលរស់នៅជនបទជាច្រើនរងគ្រោះពីភាពគ្មានដីប្រើប្រាស់ឬស្ទើរតែគ្មានដីតែម្តង…អ្នកគ្មានដីធ្លីបានកើនឡើង តាមការប៉ាន់ស្មានប្រហែល ១៣% នៅចុងទសវត្សឆ្នាំ១៩៩០ ទៅ២០% នៅឆ្នាំ២០០៤ និងដល់ ២០% ទៅ ៤០% នៃគ្រួសាររស់នៅជនបទនៅឆ្នាំ២០០៩។» កែម ឡី នៅវេទិកាអាស៊ីសេរីថ្ងៃ២០ ខែមីនា ២០១៥  ប្រធានបទ «វិធីសាស្ត្រលើកស្ទួយកម្រិតជីវភាពប្រជាពលរដ្ឋ» បានអះអាងថា «គោលនយោបាយអត់យកពន្ធដីគ្រាន់តែជាគោលនយោបាយការពារដីរបស់គាត់ទេ…ពីព្រោះ ៨៥% នៃប្រជាពលរដ្ឋខ្មែរមានដីក្រោម ១ហិចតារទេ  ទោះបីជាគាត់យក[ពន្ធ]ដី ប្រជាពលរដ្ឋដែលលើសពី ១០ហិចតារ ២០ ហិចតារ អត់មានប៉ះពាល់ដល់ប្រជាពលរដ្ឋទេ។» បានសេចក្តីថា ការបែងចែកកម្មសិទ្ធិដីធ្លីពង្រីកគម្លាតអ្នកមានអ្នកក្រទៅហើយ គោលនយោបាយមិនយកពន្ធដីចូលរួមពង្រីកឱ្យធំជាងនេះទៀត។

កម្ចីឥណទានធ្វើឱ្យកសិករវណ្ឌកណាស់ទៅហើយ ដោយសារតម្លៃស្រូវថោក ឈ្មួញកណ្តាលដាក់តម្លៃតាមចិត្ត នាំឱ្យកសិករខាត គ្មានប្រាក់សងធនាគារ ក៏ត្រូវបង្ខំចិត្តលក់ដីស្រែសងធនាគារ រួចធ្វើចំណាកស្រុក ឥឡូវរដ្ឋាភិបាលមានគម្រោងថ្មីសហការជាមួយធនាគារផ្តល់កម្ចីចំពោះសិស្សនិស្សិតដើម្បីឱ្យពួកគេអាចបន្តការសិក្សាដល់សាកលវិទ្យាល័យ ស្របពេលទីផ្សារការងារចង្អៀត រៀនចប់មិនធានាថារកការងារធ្វើបាន ទោះរកបានក៏ប្រាក់ខែមិនធានាថាខ្ពស់ មិនដឹងថាសងពេលណាទើបអស់ ទំរាំរៀនចប់រកការងារបានធ្វើនឹងវណ្ឌកនឹងបំណុលដូចកសិករដែរ។ អ្នកវិភាគនយោបាយអាមេរិកាំង Noam Chomsky អះអាងថា «និស្សិតដែលខ្ចីបំណុលច្រើន បង្ខំចិត្តដាក់ខ្លួនឯងទៅក្នុងសាលារៀន មិនទំនងជាអាចខ្វល់ខ្វាយពីការកែប្រែសង្គមនោះទេ។ នៅពេលដែលអ្នកដាក់អន្ទាក់ទាក់មនុស្សឱ្យជាប់នៅក្នុងប្រព័ន្ធបំណុល ពួកគេមិនអាចរកពេលឯណាមកគិតពិចារណាឡើយ។ ការបង្កើនថ្លៃសិក្សាគឺជាតាក់ទិចដាក់ទណ្ឌកម្មមួយ ហើយដល់ពេលនិស្សិតទាំងនោះបញ្ចប់ការសិក្សា ពួកគេពុំមែនត្រឹមតែហ៊ុមព័ទ្ធដោយបំណុលនោះទេ តែក៏បានស្រូបយកវប្បធម៌វិន័យដាក់ទណ្ឌកម្មមកជាមួយផងដែរ។»

លោកបានលើកឡើងពីប្រទេសអាមេរិកដែលជាប្រទេសមានវិសមភាពខ្ពស់បំផុតមួយ ជាប្រទេសអ្នកមាន តែមានថ្លៃសិក្សាថ្លៃហួសហេតុនិងមាននិស្សិតកាន់តែច្រើនឡើងវណ្ឌកដោយបំណុល ហើយគ្មានហេតុផលសេដ្ឋកិច្ចចាំបាច់អ្វីមកធ្វើជាបន្ទាល់ទាល់តែសោះថា ហេតុអ្វីគេមិនអាចចុះថ្លៃឬមិនយកថ្លៃតែម្តងចំពោះការអប់រំ ស្របពេលប្រទេសអភិវឌ្ឍន៍ដទៃទៀត ដូចជា ហ្វាំងឡង់ អាល្លឺម៉ង់ ន័រវ៉េ ស្វីស សូម្បីតែប្រទេសក្រីក្រដូច ម៉ិចស៊ីកូក៏មិនយកប្រាក់ដែរ ពិសេសគឺអាមេរិកខ្លួនឯង កាលពីទស្សវត្សឆ្នាំ១៩៥០ ដែលមិនទាន់មានបានដូចសព្វថ្ងៃ ក៏មានថ្លៃអប់រំថោក អាចនិយាយបានថាជិតដល់កម្រិតហ្វ្រ៊ីដែរ។

ទស្សនៈដែលថា ការមិនយកថ្លៃសេវាអប់រំនាំឱ្យមានវិបត្តិសេដ្ឋកិច្ចពុំមានភស្តុតាងឡើយ ផ្ទុយទៅវិញ វាជួយបង្កើនកម្លាំងពលកម្មដែលមានជំនាញច្រើន មានផលប្រយោជន៍ចំពោះទីផ្សារទៅវិញទេ។ តាមរបាយការណ៍មូលធនមនុស្ស របស់ World Economic Forum ដែលវាស់ស្ទង់ធនធានមនុស្ស ចំនួន ១២៤ប្រទេស នៅលើពិភពលោក ដោយមើលតាមរយៈអត្រាមានការងារធ្វើ, កម្រិតអប់រំនិងការចូលរួមក្នុងវិស័យសេដ្ឋកិច្ចក្នុងចំណោមក្រុមអាយុខុសៗគ្នា ព្រមទាំងការចុះឈ្មោះចូលរៀនចំណោមក្មេងៗនិងមនុស្សវ័យចំទង់ផងដែរ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១០០/ ពិន្ទុ ៥៨,៨៨/១០០ នៅឆ្នាំ២០១៦ នេះ, លេខ ៩៧ ពិន្ទុ ៥៨,៥៥ នៅឆ្នាំ២០១៥, លេខ ៩៦ នៅឆ្នាំ២០១៣…បានសេចក្តីថា ធនធានមនុស្សនៅកម្ពុជានៅមានកម្រិត។

វិទ្យាស្ថានស្ថិតិរបស់ UNESCO បានបង្ហាញថា កម្ពុជាមានភាពយឹតយ៉ាវក្នុងការចាយវាយថវិកាទៅក្នុងវិស័យអប់រំ ប្រៀបធៀបនឹងប្រទេសសមាជិកអាស៊ានដទៃទៀត។ ឆ្នាំ២០១០ កម្ពុជាចំណាយនៅក្នុងវិស័យអប់រំ ២,៦% នៃផលិតផលក្នុងស្រុកសរុប តិចជាងលាវ ២,៨%, ថៃ ៣,៨% និង វៀតណាម ៦,៣%។ ស្ថិតិចុងក្រោយនៅឆ្នាំ២០០៧ បង្ហាញថា ការចំណាយសាធារណៈទៅលើការអប់រំចំនួន ១២,៤% នៃការចាយវាយសរុបរបស់រដ្ឋាភិបាល។ «លោក ជិន ច័ន្ទវាសនា នាយកប្រតិបត្តិនៃអង្គការភាពជាដៃគូអប់រំបានឲ្យដឹងថា ថវិកាសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា មាន ១៨.៣% នៃថវិកាជាតិសរុបប្រមាណ ៤.៣ ពាន់លានដុល្លារនៅឆ្នាំ២០១៦ នេះ។ (ភ្នំពេញប៉ុស្តិ៍)» ដោយសារនៅក្នុងវិស័យអប់រំ រដ្ឋាភិបាលកម្ពុជាចំណាយតិចជាងប្រទេសដទៃនៅក្នុងតំបន់ ទើបបណ្តាអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការទាក់ទងនឹងវិស័យអប់រំ បានបង្កើតនូវយុទ្ធនាការមួយដើម្បីជំរុញរដ្ឋាភិបាលឲ្យចំណាយថវិកាឱ្យដល់ ២០% នៃថវិកាជាតិសរុប។

ការចំណាយតិចលើវិស័យអប់រំនិងមិនព្រមលើកកម្ពស់ជីវភាពគ្រូបង្រៀន គឺជាតាក់ទិចពង្រឹងអំណាចមួយ មានចេតនាធ្វើឱ្យប្រព័ន្ធអប់រំខ្សោយ មិនអាចប្រកួតប្រជែងនឹងវិស័យឯកជន ហើយបង្កើតបានតែធនធានមនុស្សដែលគ្មានគុណភាព មិនអាចមើលឃើញកំហុសរដ្ឋាភិបាលបាន ខ្វល់តែពីបញ្ហាជីវភាព គ្មានពេលគិតពីបញ្ហាសង្គមជាតិ ងាយស្រួលឃោសនានយោបាយឱ្យបោះឆ្នោតឱ្យបក្សកាន់អំណាចជាដើម។ ពលរដ្ឋក្រីក្រដែលផ្អែកលើសេវាអប់រំសាធារណៈរបស់រដ្ឋនឹងមិនអាចដោះខ្លួនចេញពីភាពក្រីក្រតាមរយៈការបញ្ចូលកូនទៅសាលារៀនឡើយ ព្រោះគុណភាពអប់រំទាបមិនអាចនាំរកការងារល្អឡើយ នេះនៅមិនរាប់ទីផ្សារការងារតូចចង្អៀតផង។ ចំណែកឯអ្នកមានវិញក៏ពុំត្រូវសេវាកម្មអប់រំពីរដ្ឋដែរ ព្រោះមានលុយបញ្ចូលកូនទៅរៀននៅសាលាឯកជនថ្លៃៗ រហូតដល់ក្រៅប្រទេសផងដែរ នៅពេលត្រលប់មកវិញ គ្រួសាររបស់ពួកបានរៀបចំការងារឱ្យពួកគេរួចជាស្រេច។ នេះហើយជារបៀបប្រព័ន្ធអប់រំបង្កើនវិសមភាព។

សកម្មភាពរបស់រដ្ឋាភិបាលដែលបង្កឱ្យមានវិសមភាពសង្គមសេដ្ឋកិច្ចខាងលើនេះមិនចម្លែកទេ ព្រោះរដ្ឋាភិបាលកម្ពុជាក៏ពុំមានកម្រិតល្អនៅក្នុងការវាស់ស្ទង់អភិបាលកិច្ចដែរ។ ធនាគារពិភពលោកបានបង្កើតសូចនាករអភិបាលកិច្ច  ដែលប្រមូលសូចនាករសរុបដទៃជាច្រើនរបស់ស្ថាប័នផ្សេងៗទៀត មកវាស់ស្ទង់អភិបាលកិច្ចរបស់រដ្ឋាភិបាលនៅលើពិភពលោក រួមមាន ៦ចំណុច ហើយរដ្ឋាភិបាលកម្ពុជាមានអត្រាពុំគួរជាទីគាប់ចិត្តឡើយទៅតាមខ្នាតនីមួយៗ គិតត្រឹមឆ្នាំ២០១៤នេះ (តួលេខកាន់តែទាប អភិបាលកិច្ចកាន់តែអាក្រក់)៖ ១. សំឡេងនិងទំនួលខុសត្រូវ: ទស្សនៈចំពោះកម្រិតដែលពលរដ្ឋអាចចូលរួមជ្រើសរើសតំណាងនៅក្នុងរដ្ឋាភិបាល បូករួមទាំងសេរីភាពបញ្ចេញមតិ សេរីភាពការប្រមូលផ្តុំ និងសេរីភាពសារព័ត៌មាន (១៧,៧%), ២. ស្ថិរភាពនយោបាយនិងអវត្តមានអំពើហិង្សា/ភេរវកម្ម:  ទស្សនៈចំពោះលទ្ធភាពដែលរដ្ឋាភិបាលត្រូវបានផ្តួលរំលំដោយមធ្យោបាយអធម្មនុញ្ញភាពឬហិង្សា រួមមានអំពើហិង្សាដែលលក្ខណៈនយោបាយឬភេរវកម្ម (៤៤,៧%), ៣. ប្រសិទ្ធភាពរដ្ឋាភិបាល: ទស្សនៈចំពោះកម្រិតគុណភាពសេវាកម្មសាធារណៈ សេវាកម្មស៊ីវិល និងកម្រិតឯករាជ្យពីសម្ពាធនយោបាយ ហើយនិងគុណភាពនៃការបង្កើតនិងបំពេញគោលនយោបាយ ព្រមទាំងភាពជឿទុកចិត្តដែលថារដ្ឋាភិបាលបេ្តជ្ញាធ្វើតាមគោលនយោបាយទាំងនោះ (២៥,៥%), ៤. គុណភាពនៃការអនុវត្តច្បាប់: ទស្សនៈមើលទៅកាន់សមត្ថភាពរបស់រដ្ឋាភិបាលក្នុងការបង្កើតនិងបំពេញគោលនយោបាយ ហើយនិងអនុវត្តច្បាប់ដែលអនុញ្ញាតនិងលើកស្ទួយការអភិវឌ្ឍវិស័យឯកជន (៣៧,០%), ៥. នីតិរដ្ឋឬវិធានច្បាប់:  ទស្សនៈចំពោះកម្រិតដែលអ្នកកាន់អំណាចឬភ្នាក់ងារអាជ្ញាធរត្រូវបានច្បាប់ដាក់កំហិតឬនៅក្រោមច្បាប់ជាជាងអាជ្ញាធរនៅលើច្បាប់ (១៧,៣%) និង ៦.ការគ្រប់គ្រងអំពើពុករលួយ: ទស្សនៈចំពោះកម្រិតដែលអំណាចសាធារណៈត្រូវបានប្រើប្រាស់ដើម្បីបម្រើប្រយោជន៍ឯកជនផ្ទាល់ខ្លួន បូករួមទាំងទម្រង់តូចធំ ព្រមទាំងការក្តោបក្តាប់រដ្ឋដោយពួកវរជននិងផលប្រយោជន៍ឯកជន (១២,៥%)។

កម្រិតអភិបាលកិច្ចទាបងាយនឹងបង្កឱ្យមានភាពក្រីក្រនិងវិសមភាពណាស់ ហើយពិសេសគឺវានាំឱ្យមានទំនាស់នយោបាយជានិច្ច ជាក់ស្តែង កម្ពុជាតាំងពីឆ្នាំ១៩៩៣មក តែងមានវិបត្តិនយោបាយរាល់ពេលជិតដល់រដូវកាលបោះឆ្នោត កំលុងពេលបោះឆ្នោតនិងភាពជាប់គាំងនយោបាយក្រោយការបោះឆ្នោត លើកលែងតែឆ្នាំ២០០៨ ដែលគណបក្សកាន់អំណាចឈ្នះដាច់ ដោយសារយុទ្ធសាស្ត្រជាតិនិយមទាក់ទាញប្រជាប្រិយភាពនៅក្នុងបញ្ហាជម្លោះប្រដាប់អាវុធតាមព្រំដែនខេត្តព្រះវិហារជាមួយនឹងថៃក្នុងរឿងក្តីប្រាសាទព្រះវិហារ។

មូលហេតុចម្បងដែលរដ្ឋាភិបាលកម្ពុជាមានកម្រិតទាបផ្នែកអភិបាលកិច្ច គឺមកពីគណបក្សកាន់អំណាចមានប្រភពចេញពីកងកម្លាំងឧទ្ទាមនិងទទួលឥទ្ធិពលកុម្មុយនិស្តតាមរយៈខ្មែរក្រហមផងនិងវៀតណាមផង មិនមែនតាមរយៈការដំឡើងដោយចលនាប្រជាជនឬការបោះឆ្នោត។ តាមរយៈការសិក្សាទ្រង់ទ្រាយធំគ្របដណ្តប់ចលនាឧទ្ទាមប្រដាប់អាវុធចំនួន ២១៨ តាំងពីឆ្នាំ១៩០០មក, Erica Chenoweth និង Maria J.  Stephan នៅក្នុងស្នាដៃ «Why Civil Resistance Works: The Strategic Logic of Nonviolent Conflict» បានរកឃើញថា ចលនាប្រដាប់អាវុធដែលជោគជ័យ មានអត្រាប្រហែល ៥% ប៉ុណ្ណោះអាចក្លាយជារដ្ឋាភិបាលប្រជាធិបតេយ្យ បើក្នុងករណីចលនាហិង្សានោះបរាជ័យវិញ តិចជាង ៤%។ សូម្បីតែក្នុងករណីប្រទេសនោះមានលក្ខណៈប្រជាធិបតេយ្យស្រាប់ហើយក៏ដោយ រដ្ឋាភិបាលដែលមិនអាចប្រយុទ្ធតទល់នឹងក្រុមឧទ្ទាមហិង្សា មានឱកាស តិចជាង ១៧% នៅអាចរក្សារបបប្រជាធិបតេយ្យបាន បន្ទាប់យុទ្ធនាការហិង្សាចប់ បើក្នុងករណីដែលរដ្ឋាភិបាលពិតជាអាចវាយឈ្នះក្រុមប្រដាប់អាវុធនោះវិញ ក៏មានតែ ៧០% ប៉ុណ្ណោះ នៅតែរក្សាប្រជាធិបតេយ្យបាន។ សម្រាប់ប្រទេសកម្ពុជា ភស្តុតាងល្អបំផុតគឺចលនាកម្មុយនិស្តខ្មែរក្រហមនិងក្រុមដែលបែកចេញពីខ្មែរក្រហមទៅចូលជាមួយវៀតណាម។

លោក ញ៉ែម បូរ៉ាដែន អ្នកនិពន្ធសៀវភៅ «The Khmer Rouge: Ideology, Militarism and the Revolution that Consumed a Generation»បានរកឃើញថា ចលនាខ្មែរក្រហម ទោះក្រោយប្រយុទ្ធឈ្នះរដ្ឋាភិបាលសាធារណៈខ្មែរហើយក៏ដោយ ក៏រដ្ឋាភិបាលខ្មែរក្រហមនៅតែមានលក្ខណៈឬរចនាសម្ពន្ធដឹកនាំបែបយោធាស្ទើរទាំងស្រុងដដែលមិនបានបង្កើតស្ថាប័នស៊ីវិលនោះទេ បន្ទាប់ពីវាយឈ្នះខ្មែរដែលពួកគេចាត់ទុកថាខ្មាំងហើយ ពួកគេនៅតែបន្តស្វែងរកខ្មាំងនៅសល់សេសបន្តទៀត។ ក្រុមដែលបែកចេញពីខ្មែរក្រហមវិញ ដែលក្រោយវាយដណ្តើមបានក្រុងភ្នំពេញ ក្រោមជំនួយវៀតណាម បង្កើតរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា មានវៀតណាមនៅពីក្រោយហើយ ក៏នៅបន្តតាមវាយខ្មែរក្រហមដល់ជាយដែនថៃដូចខ្មែរក្រហមវាយសម្លាប់ខ្មាំងសេសសល់ដែរ ទោះពួកគេបានធ្វើការិយាធិបតេយ្យនីយកម្ម បង្កើតស្ថាប័នស៊ីវិលនិងប្រព័ន្ធរដ្ឋាភិបាលខុសពីខ្មែរក្រហមក៏ដោយ ក៏វប្បធម៌ខ្មែរក្រហមនិងរបៀបដឹកនាំបែបកុម្មុយនិស្តនៅតែនៅរស់មកទល់សព្វ ជាក់ស្តែង គណបក្សប្រជាជនបដិវត្តន៍កម្ពុជា ទោះបានប្តូរឈ្មោះទៅជាគណបក្សប្រជាជនក៏ដោយ ក៏នៅតែដឹកនាំរបៀបបញ្ជាពីលើនិងរបៀបចាត់តាំងបែបកុម្មុយនិស្តដដែល ហើយវាយកម្ទេចគូប្រជែងជាជាងប្រណាំងប្រជែងគោលនយោបាយតាមរយៈការបោះឆ្នោត ព្រឹត្តិការណ៍រដ្ឋប្រហារឆ្នាំ១៩៩៧ គឺជាភស្តុតាងស្រាប់ នេះនៅរាប់មិនប្រព័ន្ធឈ្លបតាមដានឬភ្នែកម្នាស់និងឃាតកម្មនយោបាយផង (ប្រល័យពូជសាសន៍សម័យថ្មី)។

The Economist Intelligence Unit តែងចេញផ្សាយរបាយការណ៍សន្ទស្សន៍ប្រជាធិបតេយ្យរៀងរាល់ឆ្នាំដែលវាស់ស្ទង់កម្រិតប្រជាធិបតេយ្យរបស់ប្រទេសចំនួន ១៦៧ នៅលើពិភពលោក ក្នុងនោះ កម្ពុជា រយៈពេល៥ឆ្នាំចុងក្រោយនេះ ពុំដែលទទួលបានចំណាត់ថ្នាក់ល្អឡើយ ពិន្ទុក៏មិនប្រែប្រួលច្រើន ជាប្រទេសកាន់របបចម្រុះឬកូនកាត់ មិនមែនប្រជាធិបតេយ្យនោះទេ ពោលគឺនៅក្នុងទ្រឹស្តី ប្រជាធិបតេយ្យ តែអនុវត្តជាក់ស្តែង ផ្តាច់ការ (ប្រជាធិបតេយ្យអាស្រ័យនាយករដ្ឋមន្ត្រី)។ នៅឆ្នាំ២០១៥ លេខ១១៣ ពិន្ទុ៤,២៧, ២០១៤ លេខ១០៣ ពិន្ទុ៤,៧៨, ២០១៣ លេខ១០៩ ពិន្ទុ៤,៦០, ២០១២ លេខ១០០ ពិន្ទុ៤,៩៦, ២០១១ លេខ១០១ ពិន្ទុ៤,៨៧, ២០១០ លេខ១០០ ពិន្ទុ៤,៨៧។ គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ ក្រុមប្រដាប់អាវុធដែលវិវត្តខ្លួនទៅជាបក្សនយោបាយ ទោះពេលបានឡើងកាន់អំណាច ក៏នៅតែនិយមហិង្សាដដែល រដ្ឋាភិបាលមានប្រវត្តិចេញពីកុម្មុយនិស្ត ដឹកនាំតាមបែបកុម្មុយនិស្ត ប្រទេសមានកម្រិតប្រជាធិបតេយ្យកាន់តែទាប មានអភិបាលកិច្ចកាន់តែខ្សោយ។

រដ្ឋាភិបាលតែងបដិសេធរបាយការណ៍គ្រប់ប្រភេទរបស់អង្គការសង្គមស៊ីវិលក្នុងស្រុកនិងអន្តរជាតិណាដែលចង្អុលបង្ហាញពីភាពអសកម្មនិងគុណវិបត្តិរបស់រដ្ឋាភិបាល ឯអ្នកសារព័ត៌មានសឹងទស្សន៍ទាយដឹងពីចម្លើយមិនទទួលស្គាល់ពីរដ្ឋាភិបាលទៅហើយរាល់លើកអំពីការស្រង់មតិប្រតិកម្ម គ្រាន់តែពួកគេចេះតែធ្វើបង្គ្រប់កិច្ចតែប៉ុណ្ណោះ។ នៅពេលដែលផ្គុំរបាយការណ៍ទាំងនោះច្រើនផ្នែកនិងច្រើនឆ្នាំចូលគ្នា គេនឹងទទួលភាពស៊ីគ្នានិងរូបភាពធំមួយ គឺថាបើរបាយការណ៍ទាំងអស់នោះពុំឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជា ដូចដែលរដ្ឋាភិបាលអះអាងមែន ហេតុអ្វីរបាយការណ៍ទាំងអស់នោះត្រូវគ្នាខ្លាំងម្ល៉េះ ត្រូវទាំងជាមួយនឹងសកម្មភាពរដ្ឋាភិបាលនិងស្ថានភាពរបស់ប្រជាជន ឱ្យតែចង់រកកម្ពុជានៅក្នុងតារាងចំណាត់ថ្នាក់នៅក្នុងរបាយការណ៍អន្តរជាតិនានា គេតែងត្រូវមើលពីក្រោមឡើងលើ ពោលគឺ មកពីកម្រិតប្រជាធិបតេយ្យទាប មានអភិបាលកិច្ចមិនល្អ មានអំពើពុករលួយ គ្មានតម្លាភាពថវិកា មានគោលនយោបាយទោរទៅអ្នកមាន និងរារាងគោលនយោបាយដែលបម្រើអ្នកក្រ…ហ្នឹងហើយទើបនាំឱ្យមានភាពក្រីក្រខ្ពស់ ការអភិវឌ្ឍមនុស្សទាប មូលធនមនុស្សមានកម្រិត គ្មានសេចក្តីសុខ ដែលធ្វើឱ្យប្រទេសដ៏តូចមួយត្រូវពុះច្រៀកជាពីរមិនស្មើគ្នារវាងអ្នកមានមួយក្តាប់តូចនិងអ្នកក្រនិងជិតក្រមួយភាគធំ។ ដូច្នេះហើយ គ្មានអ្វីចម្លែកទេដែលឧស្សហ៍មានបាតុកម្មកើតឡើងនៅកម្ពុជា ពោលគឺពុំមែនមកពីមានការញ៉ុះញ៉ុងឬមកពីបក្សប្រឆាំងនៅក្រោយខ្នងនោះទេ គឺមកពីរដ្ឋាភិបាលពុំអាចដោះស្រាយបញ្ហារបស់ពលរដ្ឋបាន។ បាតុករធ្វើបាតុកម្មគឺជាការត្រឹមត្រូវដែលមើលឃើញថាប្រទេសរបស់ពួកគេកំពុងឋិតនៅក្នុងស្ថានភាពមិនត្រឹមត្រូវ។

បើបញ្ហាភាពក្រីក្រនិងវិសមភាពនៅតែបន្តរីកធំទៅៗនិងមិនមានដំណោះស្រាយទាញចេញពីមូលហេតុខាងលើ អ្នកមានមួយក្តាប់តូច ១%នៃពលរដ្ឋសរុប គួរចងចាំសម្តីព្រមានចុងក្រោយរបស់លោក Joseph E. Stiglitz ថា «ពួកថ្នាក់ខ្ពស់ ១% មានគេហដ្ឋានល្អបំផុត ទទួលបានការអប់រំល្អបំផុត មានវេជ្ជបណ្ឌិតល្អបំផុត និងរស់នៅក្នុងរបៀបល្អបំផុត ប៉ុន្តែមានរបស់មួយដែលលុយហាក់ដូចជាទិញមិនបានគឺ ការយល់ដឹងថា វាសនារបស់ពួកគេជាប់ស្អិតនឹងរបៀបដែលមនុស្ស ៩៩% ទៀតរស់នៅ។»

 ដោយ ទេព រ៉ានិត

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ