វិភាគ៖ បើ ដូណាល់ ត្រាំ ជាប់ឆ្នោតប្រធានាធិបតីអាមេរិក តើធ្វើឲ្យមានការប្រែប្រួលអ្វី​ខ្លះ​ដល់​កម្ពុជា?

លោក ដូណាល់ ត្រាំ (រូបភាពពី BBC)

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅសហរដ្ឋអាមេរិកនឹងធ្វើនៅថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០១៦នេះ។

នៅប្រទេសមហាអំណាចទាំងសេដ្ឋកិច្ចនិងកម្លាំងយោធាមួយនេះ គឺមានតែគណបក្សនយោបាយពីរប៉ុណ្ណោះដែលលេចធ្លោជាងគេនោះ គឺគណបក្សសាធារណៈរដ្ឋនិងគណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាច។

ឆ្លងកាត់ការបោះឆ្នោតជ្រើសរើសបេក្ខភាពប្រធានាធិបតីតំណាងឲ្យគណបក្សកន្លងមកនេះ បង្ហាញថាគណបក្សសាធារណៈរដ្ឋគឺមានលោក ដូណាល់ ត្រាំ ជាបេក្ខជនផ្លូវការសម្រាប់ប្រកួតប្រជែងដណ្ដើមតំណែងប្រធានាធិបតីអាមេរិកចុងឆ្នាំនេះ។ ចំណែកគណបក្សប្រជាធិបតេយ្យ គឺមានលោកស្រី ហ៊ីឡារី គ្លីនតុន ជាភរិយារបស់អតីតប្រធានាធិបតី ប៊ីល គ្លីនតុន។

ក្នុងរយៈកាលប្រហែលជិត២០ឆ្នាំចុងក្រោយនេះ នៅសហរដ្ឋអាមេរិកគឺគណបក្សនីមួយៗអាចកាន់អំណាចបានតែ២ឬ៣អាណត្តិប៉ុណ្ណោះ ដែលក្នុងមួយអាណត្តិរយៈពេល៤ឆ្នាំ។ មានន័យថាប្រធានាធិបតីម្នាក់អាចកាន់អំណាចយ៉ាងច្រើនបានតែ៨ឆ្នាំឬ១២ឆ្នាំប៉ុណ្ណោះ។

បច្ចុប្បន្ននេះលោកប្រធានាធិបតី អូបាម៉ា បានកាន់អំណាចចំនួនពីរអាណត្តិហើយ ក្នុងឋានៈជាបេក្ខជនរបស់គណបក្សប្រជាធិបតេយ្យ។

អ្នកវិភាគនិយាយថា បើផ្អែកតាមប្រវត្តិសាស្ត្ររបស់ពលរដ្ឋអាមេរិកដែលតែងតែផ្លាស់ប្តូរមេដឹកនាំជាទៀងទាត់នោះ គឺការបោះឆ្នោតនៅពេលខាងមុខនេះគឺទំនងជាបានទៅលើគណបក្សសាធារណៈរដ្ឋ។

គណបក្សសាធារណៈរដ្ឋនេះ គឺមានគោលនយោបាយរឹងត្អឹង (Hard Power) ហើយផ្តោត សំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេស ខណៈគណបក្សប្រជាធិបតេយ្យប្រកាន់នយោបាយបែបការទូតឬហៅថាជានយោបាយទន់ភ្លន់ (Soft Power) ជាមួយប្រទេសនានា។

លោក ដូណាល់ ត្រាំ ជាមហាសេដ្ឋីរបស់គណបក្សសាធារណៈរដ្ឋបានដាក់ចេញគោលនយោបាយរឹតបន្តឹងជនអន្តោប្រវេសន៍ ប៉ុន្តែលោកស្រី គ្លីនតុន មកពីគណបក្សប្រជាធិបតេយ្យមានគោលនយោបាយបើកទូលាយចម្រុះជាតិសាសន៍។

ក្នុងមួយឆ្នាំៗមានជនអន្តោប្រវេសន៍រាប់ពាន់នាក់មកពីទូទាំងពិភពលោក បានសិទ្ធិទៅរស់នៅអាមេរិកតាមរយៈគោលនយោបាយឆ្នោតផ្សងសំណាងដោយផ្តល់ប័ណ្ណពណ៌ខៀវឬ Green Card។

ប្រសិនបើលោក ដូណាល់ ត្រាំ ជាប់ឆ្នោត តើនឹងធ្វើឲ្យមានការប្រែប្រួលអ្វីខ្លះដល់កម្ពុជា?

សេចក្តីរាយការណ៍មួយស្តីពីការធ្វើជំរឿនឆ្នាំ២០១០បង្ហាញថាប្រជាជនខ្មែររស់នៅអាមេរិកមាន២៤៤ ០០០នាក់ដែលភាគច្រើនរស់នៅក្នុងក្រុងឡុងប៊ិចនិងឡូវែល។ ប៉ុន្តែជាមួយគ្នានោះ មេដឹកនាំសង្គមស៊ីវិលនៅកម្ពុជាមួយរូបបាននិយាយនៅក្នុងបទសម្ភាសវិទ្យុសំឡេងសហរដ្ឋអាមេរិកថា មានប្រជាជនកម្ពុជាប្រហែល៣០០ ០០០ នាក់រស់នៅអាមេរិក។

លោក អ៊ូ វីរៈដែលមានសញ្ជាតិអាមេរិក ដោយសារលោកភៀសខ្លួនតាំងពីសម័យសង្រ្គាមនោះ ឲ្យដឹងថាពលរដ្ឋខ្មែរនៅអាមេរិកអាចកើនឡើងដល់កន្លះលាននាក់នៅពេលនេះ ក្នុងនោះមួយភាគគឺជាអ្នកដែលស្វែងរកសិទ្ធិជ្រកកោន។

លោក អ៊ូ វីរៈ វិភាគថា ប្រសិនលោក ដូណាល់ ត្រាំ ឈ្នះឆ្នោតនឹងធ្វើឲ្យមានបញ្ហាច្រើនដល់រដ្ឋាភិបាលកម្ពុជានិងពលរដ្ឋខ្មែរនៅអាមេរិក។

លោកវិភាគថា៖ អញ្ជឹងបានន័យថា ដូណាល់ ត្រាំ អាចនឹងរឹតបន្តឹងសំរាប់ខ្មែរយើងដែលចង់ទៅរស់នៅសហរដ្ឋអាមេរិច ហ្នឹងគឺជារឿងមួយ ទំនាក់ទំនងការបរទេសជាមួយនឹងកម្ពុជាខ្ញុំមើលទៅនៅមានការប្រែប្រួលខ្លះ ប្រែប្រួលខ្លះគឺដោយសារ ដូណាល់ ត្រាំ ប្រហែលជាប្រើកម្លាំងទ័ព កម្លាំងបាយច្រើនជាងការទូត ហើយដោយសារអញ្ជឹងហើយ អ្វីដែលសហរដ្ឋអាមេរិចចង់បាន គឺការប្រើសម្លុតតែម្តង គឺអាចធ្វើឲ្យបាត់បង់មិត្តច្រើននៅតំបន់អាស៊ី ទន្ទឺមគ្នានោះដែរប្រហែលជាមានគ្រោះថ្នាក់ដល់ប្រទេសកម្ពុជា ដោយសារអាចធ្វើឲ្យមានអស្ថេរភាពនៅក្នុងប្រទេសកម្ពុជា ហើយជាការព្រួយបារម្ភរបស់ខ្ញុំ

បើតាមលោក អ៊ូ វីរៈ ប្រសិនបើលោក ដូណាល់ ត្រាំ ជាប់ឆ្នោត អាមេរិកនឹងប្រើកម្លាំងបាយជាមួយកម្ពុជាច្រើនជាងការទូតដោយសារតែរដ្ឋាភិបាលកម្ពុជាមិនទាន់គោរពសិទ្ធិមនុស្សពេញលេញ និងពិសេសដោយសាររដ្ឋាភិបាលកម្ពុជាបង្ហាញគោលនយោបាយលំអៀងទៅចិនខ្លាំងពេក។

លោកបន្តថា៖ លោក ដូណាល់ ត្រាំ គឺគាត់ឃើញអី គាត់ធ្វើហ្នឹង គឺគាត់គិតអត់ច្បាស់លាស់ អាហ្នឹងជាការព្រួយបារម្ភរបស់ពិភពលោកនៅពេលបច្ចុប្បន្ននេះ ហើយមនុស្សច្រើនណាស់ដែលអ្នកចេះដឹងនៅសហរដ្ឋអាមេរិចកំពុងព្រួយបារម្ភពីរឿងលោក ដូណាល់ ត្រាំ ហ្នឹង

ដោយសារតែចរឹកនយោបាយរឹងត្អឹងរបស់លោក ដូណាល់ ត្រាំ បែបនេះហើយ លោក អ៊ូ វីរៈ គិតថាពលរដ្ឋអាមេរិកភាគច្រើន មិនបោះឆ្នោតឲ្យមហាសេដ្ឋីរូបនេះ ដឹកនាំប្រទេសនោះទេ បើទោះជាតាមប្រវត្តិសាស្ត្រ អាមេរិកត្រូវផ្លាស់ប្តូរគណបក្សដឹកនាំប្រទេសជាទៀងទាត់ក៏ដោយ។

សាស្រ្តាចារ្យនយោបាយ លោក សូ ចន្ថា មិនគិតថាអាមេរិកដូរគណបក្សដឹកនាំរដ្ឋាភិបាលរៀងរាល់ពីរអាណត្តិម្តងនោះទេ ព្រោះការបោះឆ្នោតនៅប្រទេសមហាអំណាចមួយនេះធ្វើឡើងដោយឯកត្តនាម មានន័យថាពលរដ្ឋសំឡឹងទៅលើបេក្ខជនជាជាងគណបក្ស។

ទោះជាយ៉ាងណាលោកថា បើលោក ដូណាល់ ត្រាំ ជាប់ឆ្នោតអាចនឹងមានអន្តរាគមន៍ដោយផ្ទាល់ទៅលើរឿងរំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។

លោកវិភាគថា៖ អាចនឹងមានកិច្ចអន្តគមន៍ដោយចំហទៅប្រទេសណាមួយ ប្រសិនបើមានបញ្ហាពាក់ព័ន្ធទៅនឹងការរំលោភសិទ្ធិមនុស្សឬបំពាននូវនីតិរដ្ឋប្រជាធិបតេយ្យអីជាដើមដូច ដែលសហរដ្ឋអាមេរិចធ្លាប់ធ្វើកន្លងមកនៅអឺរ៉ាក់អីជាដើមហ្នឹង

សម្រាប់ពលរដ្ឋខ្មែរដែលទៅរស់នៅអាមេរិក លោក សូ ចន្ថា យល់ថាមិនមានអ្វីប៉ះពាល់ទេ ទោះជាគណបក្សណាជាប់ឆ្នោតក៏ដោយ ព្រោះថាពលរដ្ឋខ្មែរទាំងនោះសុទ្ធតែចូលទៅដោយស្របច្បាប់។ ប៉ុន្តែលោកថា អ្វីដែលលោក ដូណាល់ ត្រាំ លើកឡើងថានឹងរឹតបន្តឹងជនអន្តោប្រវេសន៍នោះ គឺសំដៅដល់ជនជាតិណាដែលចូលទៅអាមេរិកដោយខុសច្បាប់ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ