ក្នុងកិច្ចសម្ភាសន៍ដោយផ្ទាល់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីយប់ថ្ងៃទី៤ កញ្ញា តារាកំប្លែងល្បីឈ្មោះគួរសម អ្នកនាង ទេព បុទុមបូផល បានអះអាងថា អ្នកនាងនឹងចេញទៅរស់នៅប្រទេសបារាំងជារៀងរហូតតាមស្វាមីនិងកូនៗ ដោយមិនកំណត់រយៈពេលដើម្បីត្រលប់មកកាន់ទឹកដីកំណើតវិញទេ ដោយសារតែអ្នកនាងត្រូវការទៅកសាងជីវិតថ្មីនៅទីនោះ។
អ្នកនាងបានបង្ហាញពីអារម្មណ៍សោកស្ដាយសិល្បៈ និងការនឹករលឹកដល់មិត្តរួមអាជីព ជាពិសេសគឺក្រុមកំប្លែងក្នុងវង់នាយវីតាមីនសេ និងអ្នកកំប្លែងនាយឆ្អឹងជាដើម ដែលអ្នកនាងបញ្ជាក់ថា សុទ្ធតែជាអ្នកមានគុណចំពោះខ្លួននៅក្នុងពិភពសិល្បៈកន្លងមក។
អ្នកនាងបានថ្លែងបញ្ជាក់ថា ជាយូរមកហើយដែលអ្នកនាងរមែងគេចពីគម្រោងដើរចេញពីសិល្បៈនិងផែនការទៅរស់នៅប្រទេសបារាំង បើទោះជាលោក អៀង ធី អាណិកជនបារាំង ជាស្វាមីបានធានារត់ច្បាប់អោយអ្នកនាង
និងកូនប្រុសទាំង២ដែលជាចំណងដៃអាពាហ៏ពិពាហ៍មានសិទ្ធិទៅរស់ទីនោះជាយូរមកហើយ។
អ្នកនាងថាខ្លួនធ្លាប់បានទៅរស់នៅទីនោះជាមួយស្វាមីបានកន្លះឆ្នាំដែរកាលពីច្រើនឆ្នាំមុន ក៏បណ្ដាលមកពីមិនចេះរស់នៅ ទើបសុំប្ដីត្រលប់មករស់នៅកម្ពុជា ហើយបណ្ដោយអោយស្វាមីជាអ្នកចុះឡើងៗមករស់នៅស្រុកខ្មែរតាមអ្នកនាងវិញ។
មកទល់ពេលនេះអ្នកនាង និងស្វាមីបានរៀបការជាមួយគ្នាចំនួន១៥ឆ្នាំហើយ ក្នុងរយៈពេលកន្លងមក គឺស្វាមីរបស់អ្នកនាងស្ទើរតែមករស់នៅនៅកម្ពុជាទៅហើយ ដោយរស់នៅទីនេះច្រើនខែ ឬមួយឆ្នាំ ទើបឡើងទៅបារាំងម្ដង។
យ៉ាងណាមិញ អ្នកនាងប្រាប់ថាស្ថានភាពគេចវេសមិនទៅប្រទេសបារាំងនឹងមិនអាចបន្តទៀតទេ ទើបអ្នកនាងសម្រេចចិត្តដឹកដៃកូនប្រុសទាំងពីរទៅតាមស្វាមី កាលពីថ្ងៃទី៤កញ្ញា ដោយអ្នកនាងបញ្ជាក់ថាដំណើរចាកចេញទាំងគ្រួសាររបស់ខ្លួន នឹងមិនងាយត្រលប់មកកាន់កម្ពុជាវិញទេ ដោយសារតែអ្នកនាង និងស្វាមីបានដាក់គម្រោងទៅចាក់គ្រឹះនៅទីនោះជាលក្ខណៈកាន់ឆ្នាំតែម្ដង។
អ្នកនាងបានបង្ហាញពីមូលហេតុធំ២ ដែលធ្វើអោយអ្នកនាងត្រូវតែសម្រេចចិត្តទៅរស់នៅទីនោះ ដោយអ្នកនាងបានទាំងចាត់ទុកថាក្រោយពីការចេញផុតពីប្រទេសកម្ពុជា គឺទីក្រុងប៉ារីសនឹងក្លាយជាទឹកដីថ្មីសម្រាប់ការកសាងជីវិតថ្មីនិងសម្រាប់អនាគតរបស់អ្នកនាងផង។
អ្នកនាង ទេព បុទុមបូផល បានអះអាងថាហេតុផលទាំង២ដែលជំរុញអោយអ្នកនាងត្រូវតែចេញទៅរស់នៅប្រទេ
សបារាំងរហូតបោះបង់សិល្បៈ និងស្រុកកំណើតមិនស្ដាយស្រណោះនោះ គឺដើម្បីយកកូនប្រុសរបស់ខ្លួនទៅសិក្សានៅក្នុងប្រទេសបារាំងនិងទៅមើលថែស្វាមីតែម្ដង បន្ទាប់ពីលោកទើបនឹងវះកាត់បេះដូងដែលមិនអាចបន្តការរស់នៅនៅកម្ពុជាបានយូរៗដូចមុន ដើម្បីងាយស្រួលក្នុងការតាមដានសុខភាព។
អ្នកនាងប្រាប់ថាកូនប្រុសច្បងរបស់អ្នកនាងមានវ័យ១៥ឆ្នាំ និងកូនប្រុសពៅមានអាយុ៨ឆ្នាំ ដោយកូនទាំងពីរមិនអាចបន្តការសិក្សានៅក្នុងប្រទេសកម្ពុជាបានទៀតនោះទេ ដោយសារតែអ្នកទាំងពីរមានសញ្ជាតិបារាំងដែលត្រូវតែបញ្ជូនអោយទៅសិក្សានៅក្នុងប្រទេសបារាំងតាមការកំណត់របស់ប្រទេសបារាំង ដោយមិនអាចបន្តការពន្យារពេលទៀត និងទី២គឺដោយសារតែស្វាមីត្រូវការថែទាំសុខភាពនៅក្នុងប្រទេសបារាំង ក្រោយវះបេះដូងផ្ទាល់តែម្ដង។
អ្នកនាងនិយាយថា «ទោះជាកន្លងមក ខ្ញុំអត់ចេះរស់នៅស្រុកបារាំង តែវាដល់ពេលហើយដែលខ្ញុំត្រូវតែទ្រាំ ដើម្បីកូនខ្ញុំ និងប្ដីខ្ញុំម្ដង! គាត់(ប្ដី)ធ្វើច្រើនហើយសម្រាប់ខ្ញុំ អ៊ីចឹងវាគួរតែដល់ដែលពេលខ្ញុំត្រូវធ្វើដើម្បីគាត់ម្ដងហើយ ទើបខ្ញុំត្រូវតែទ្រាំរស់នៅប្រទេសបារាំងអោយបានដើម្បីមើលគាត់ម្ដង ក្រោយពីគាត់ទើបវះបេះដូង ដែលខាងពេទ្យអត់អោយគាត់នៅឆ្ងាយពីការតាមដានទេ!»។
អ្នកនាងប្រកាសបោះចោលអាជីពសិល្បៈក្នុងស្រុកទាំងស្រុង តែក៏នឹងឆ្លៀតពេលសម្ដែងម្ដងម្កាលសម្រាប់ឱកាសបុណ្យទាននៅទីនោះផងដែរ ប្រសិនបើមានការអញ្ជើញអ្នកនាងអោយសម្ដែងកំប្លែង ឬច្រៀងនៅក្នុងប្រទេសបារាំង។
ក្រោយទៅដល់ប្រទេសបារាំង អ្នកនាងគ្រោងចូលសិក្សាភាសាបារាំងអោយស្ទាត់ ហើយជំហានបន្តបន្ទាប់គឺអ្នកនាងនឹងជួយកិច្ចការស្វាមីពាក់ព័ន្ធនឹងមុខជំនួញរបស់ស្វាមី ដែលជាអ្នកគួកជេរផ្ទះ អ្នកគួគជេររថយន្ត និងជាអ្នករកបញ្ចាំនៅក្នុងប្រទេសបារាំង។
ដោយឡែកសម្រាប់មុខជំនួញខាងបើកក្រុមហ៊ុនបញ្ចាំនៅក្នុងប្រទេសកម្ពុជាឯណេះវិញ អ្នកនាងប្រាប់ថាមិនមានការបិទទ្វារនោះទេ គឺអ្នកនាងនឹងអោយបងប្អូននិងឪពុកម្ដាយមើលខុសត្រូវ ដោយស្វាមីរបស់អ្នកនាងនឹងឡើងចុះមកមើលខុសត្រូវម្ដងម្កាល ខណៈដែលអ្នកនាងប្រាប់ថាខ្លួនប្រហែលមិនអាចមកចុះឡើងមកជាមួយស្វាមីបានទេ ក្រោយទៅដល់ទឹកដីប្រទេសបារាំង ដោយសារតែអ្នកនាងត្រូវចំណាយពេលរៀនបារាំងផង
និងមិនអាចមកចោលកូនប្រុសទាំង២អោយនៅតែ២នាក់ម៉ង់ៗបាន។
អ្នកនាងយល់ថាការចេញដំណើរទៅរស់នៅប្រទេសបារាំងលើកនេះ នឹងក្លាយជាការបើកទំព័របោះបង់សិល្បៈ
ហើយក៏មិនដឹងថារហូតដល់ពេលណាទើបអាចត្រលប់មករស់នៅប្រទេសកំណើតវិញដែរ លើកលែងតែកូនប្រុសពៅរបស់អ្នកនាងមានវ័យធំចេះធ្វើម្ចាស់ការខ្លួនឯង ពោលគឺមានប្រពន្ធមានកូន ដែលអ្នកនាង និងស្វាមី លែងត្រូវការការមើលថែ។
អ្នកនាងថាខ្លួនមានអារម្មណ៍នឹករលឹកចំពោះមិត្តភ័ក្រ្ត និងរៀមច្បងសិល្បៈ ជាពិសេសគឺលោកនាយវីតាមីនសេ និងអ្នកនាងប៉េងប៉ោង ដែលបានជួយបង្ហាត់បង្ហាញផ្លូវអោយអ្នកនាងបានក្លាយជាតារាកំប្លែងមានឈ្មោះ
បោះសំលេងម្នាក់ រហូតធ្វើអោយអ្នកនាងបានភពប្រសព្វជាមួយលោក អៀង ធី ហើយបានចាប់ដៃគ្នាជាស្វាមីភរិយា។ ក្នុងនោះនាយឆ្អឹង នាយចាប ចៀន និងតារាកំប្លែងរួមក្រុមផ្សេងទៀត ក៏សុទ្ធតែបានរួមចំណែកធ្វើអោយអ្នកនាងជោគជ័យលើមាគ៌ាសិល្បៈមុនសម្រេចចិត្តបោះបង់សិល្បៈផងដែរ។
លោក អៀង ធី ស្វាមីរបស់អ្នកនាងបានថ្លែងបញ្ជាក់ថា តាំងពីបានរៀបការជាមួយអ្នកនាង ទេព បុទុមបូផល
លោកបានចុះឡើងមករស់នៅប្រទេសកម្ពុជាច្រើនជាងរស់នៅប្រទេសបារាំង ប៉ុន្តែដោយសារតែលោកមានជំងឺបេះដូង ហើយបានធ្វើការវះកាត់ ទើបខាងវេជ្ជបណ្ឌិត្យបានហាមមិនអោយលោកបន្តរស់នៅឆ្ងាយពីប្រទេសបារាំង ដោយត្រូវរស់នៅក្នុងប្រទេសត្រជាក់គឺបារាំង ដើម្បីងាយស្រួលតាមដានសភាពជំងឺវិញ
ជាពិសេសក្នុងពេលធ្វើទុក្ខម្ដងៗ។ លោកថាសប្បាយចិត្តដែលអ្នកនាងបូផល និងកូនៗ
បានសម្រេចចិត្តទៅរស់នៅជាមួយលោក ដោយលោកបញ្ជាក់ថាទៅដល់ទីនោះនឹងមិនអោយអ្នកនាងធ្វើការណាមួយដើម្បីជួយគ្នារកប្រាក់នោះទេ គឺអោយតែមើលថែកូនៗប៉ុណ្ណោះ ដោយសារតែលោកក៏មានមុខជំនួញនៅក្នុងប្រទេសបារាំង និងនៅកម្ពុជាផង ដែលអាចមានចំណូលគ្រប់គ្រាន់ក្នុងការ ផ្គត់ផ្គង់គ្រួសារទាំងមូលបាន។
លោកថាមិនហ៊ានជំទាស់រឿងអ្នកនាងចង់បន្តការងារសិល្បៈនៅក្នុងប្រទេសបារាំងនោះទេ ប៉ុន្តែបើអោយទទួលសម្ដែងឬច្រៀងរាំជាប់លាប់ដូចតារាខ្មែរដែលបានទៅរស់នៅទីនោះមួយចំនួន ក៏លោកមិនអោយដែរ ដើម្បីកុំអោយអ្នកនាងពិបាក និងកុំអោយមានការមាក់ងាយថាលោកយកប្រពន្ធទៅលំបាក ដោយសារតែចង់បានប្រាក់កម្រៃបន្ថែម៕