អាជ្ញាធរអះអាងថាករណីពង្រាយគ្រាប់មិនទាន់ផ្ទុះនៅស្រុកសង្កែមិនបង្កអសន្ដិសុខទេ

អាជ្ញាធរខេត្តបាត់ដំបងកំពុងស្រាវជ្រាវបន្ថែម បន្ទាប់ពីលេចឮដំណឹងថាមានជនមិនស្គាល់មុខបានដាក់ពង្រាយគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់នៅតាមចិញ្ចើមថ្នល់ស្រុកសង្កែ។

លោក ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង បានឲ្យវីអូឌីដឹងថាគ្រាប់មិនទាន់ផ្ទុះទាំងនោះ គឺគ្មានការរៀបចំដាក់ពង្រាយក្នុងគោលបំណងបង្កអសន្ដិសុខឡើយ ហើយលោកថា គឺគេប្រទះឃើញនៅលើវាលស្រែដោយគ្មានសណ្ដាប់ធ្នាប់ប៉ុណ្ណោះ។

លោកបន្ថែមថា ៖ «មិនមានការរៀបចំ ប៉ុនប៉ងដាក់អីទេ ដើម្បីបង្កអីទេ មិនមែនទេ។ នៅត្រង់ហ្នឹង ក៏ធ្លាប់ជាកន្លែងប្រយុទ្ធគ្នា កាលពីសម័យសង្គ្រាម ពីអតីតកាលមក។»

សមត្ថកិច្ចជំនាញបានប្រមែប្រមូលគ្រាប់មិនទាន់ផ្ទុះទាំងអស់នោះដើម្បីត្រៀមកម្ទេចចោល បន្ទាប់ពីបានទទួលព័ត៌មានកាលពីថ្ងៃទី៣ ខែកញ្ញា។

បើតាមមន្ដ្រីជំនាញ គ្រាប់មិនទាន់ផ្ទុះទាំងនោះអាចបង្កជាគ្រោះថ្នាក់បាន បើមិនមានការចាត់វិធានការប្រមូលទាន់ពេលទេនោះ។

គួរបញ្ជាក់ថាកាលពីខែកញ្ញា មានករណីបំផ្ទុះគ្រាប់បែកមួយនៅកណ្ដាលទីក្រុងភ្នំពេញ បណ្ដាលឲ្យមនុស្ស៤នាក់រងរបួស និងរថយន្ដ៣គ្រឿងរងការខូចខាត។ នៅថ្ងៃបន្ទាប់ ក៏មានការគប់គ្រាប់បែកមួយករណីទៀតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ប៉ុន្តែពុំមានអ្នកណារងរបួសឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ