វិភាគ៖ តើប៉ះពាល់សន្លឹកឆ្នោត CPP កម្រិតណា បើអ្នករួមគំនិតសម្លាប់លោក កែម ឡី មិនត្រូ​វវែ​ក​មុខ​?

ព្រឹត្តិការណ៍បាញ់សម្លាប់ លោក កែម ឡី បានកន្លងទៅជិត១០០ថ្ងៃហើយ តែអ្នកពាក់ព័ន្ធ និងអ្នកនៅពីក្រោយឃាតកម្មនេះ រដ្ឋាភិបាលនូវមិនទាន់វែកមុខយកមកផ្តន្ទាទោសបាននៅឡើយទេ ក្រៅពីជនសង្ស័យ «ជួប សម្លាប់» ។

«ជួប សម្លាប់» ត្រូវក្រុមគ្រួសារនៅខេត្តសៀមរាបអះអាងថា បានមកភ្នំពេញ១០ថ្ងៃ មុនមានការចាប់ខ្លួននៅភ្នំពេញ ក្នុងព្រឹត្តិការណ៍បាញ់សម្លាប់លោក កែម ឡី នេះ។

លោក កែម ឡី ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងហាងស្តាម៉ាតមួយកន្លែង ស្ថិតក្នុងស្ថាននីយ៍ប្រេងឥន្ទៈកាល់តិចជាប់ស្តុបបូគោ កាលថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៦ ក្រោយពីអ្នកវិភាគដ៏ល្បីរូបនោះបានវិភាគបន្ថែមលើរបាយការណ៍ស៊ើបអង្កេតរបស់អង្គការអន្តរជាតិមួយ ដែលលាតត្រដាងពីការក្តោបក្តាប់មុខជំនួញរបស់គ្រួសារ «ត្រកូលហ៊ុន» ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់សរសេរលើបណ្តាញសង្គមថ្កោលទោសការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ដោយថាជាអំពើឃោឃៅព្រៃផ្សៃ។

ក៏ប៉ុន្តែល្បឿននៃការស៊ើបអង្កេត ស្វែងរកអ្នកពាក់ព័ន្ធមកផ្តន្ទាទោសហាក់មានភាពយឺតយ៉ាវ ពោលគឺជនសង្ស័យក្នុងឃាតកម្មនេះ មានតែ «ជួប សម្លាប់» ម្នាក់គត់ ដែលត្រូវបានបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារ ដោយរងចាំសវនាការ បើទោះបីជាកន្លែងឃាតកម្មនោះ មានកាមេរ៉ាសុវត្ថិភាពស្អេកស្កះ ទាំងនៅក្នុងហាងស្តាម៉ាត និងតាមបង្កោលភ្លើងស្តុបទាំងបួនក៏ដោយ។

បើទោះជាគ្មានរបាយការណ៍ស្រាវជ្រាវជាក់លាក់ បង្ហាញពីចំនួនអ្នកអាណិតស្រឡាញ់លោក កែម ឡី ក៏ដោយ ប៉ុន្តែក្រោយមានការបាញ់សម្លាប់ គេសង្កេតឃើញអ្នកចូលរួមដង្ហែរសពពីភ្នំពេញទៅខេត្តតាកែវ ត្រូវគេអះអាងក្រៅផ្លូវការថាមានប្រមាណជា២លាននាក់។

ចំនួននេះមិនទាន់គិតពីចំនួនមនុស្សរាប់ពាន់នាក់ផ្សេងទៀត ដែលគេអះអាងមកថា គ្មានមធ្យោបាយមកចូលរួមដង្ហែរសព ពួកគេបានសម្តែងការសោកស្តាយ និងសុំចូលរួមរំលែកទុក្ខគ្រូសារលោក កែម ឡី ពីចម្ងាយ។

ករណីបាញ់សម្លាប់លោក កែម ឡី នេះ មិនមែនមានតែពលរដ្ឋនៅក្នុងស្រុកទេដែលបង្ហាញខកចិត្ត នៅពេលដែលគ្រួសារមិនទាន់បានយុត្តិធម៌ សូម្បីតែសហគមន៍អន្តរជាតិក៏បានបង្ហាញពីការព្រួយបារម្ភពីការរួចទោសចំពោះអ្នកដែលនៅពីក្រោយឃាតកម្មនេះដែរ។

នៅក្នុងកិច្ចប្រជុំនៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នៅទីក្រុងហ្ស៊ឺណែវ កាលពីថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០១៦ ក៏បានលើកពីករណីបាញ់សម្លាប់ លោក កែម ឡី ទៅជជែកដេញដោលយ៉ាងច្រើន ក្រៅពីករណីរំលោភសិទ្ធិមនុស្សផ្សេងទៀត។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស តំណាងអង្គការពិភពលោកប្រឆាំងនឹងការធ្វើទារុណកម្ម បានអំពាវនាវឲ្យក្រុមប្រឹក្សាទាំងអស់ជំរុញកម្ពុជាអនុវត្តតាមច្បាប់ ខណៈល្បឿននៃការស៊ើបអង្កេតរកអ្នកពាក់ព័ន្ធនិងអ្នកនៅពីក្រោយនៃការបាញ់សម្លាប់លោក កែម ឡី នេះមិនទាន់មានពន្លឺនៅឡើយ។

បើអ្នករួមគំនិតសម្លាប់ លោក កែម ឡី មិនត្រូវបានវែកមុខ តើនឹងប៉ះពាល់សន្លឹកឆ្នោត CPP កម្រិតណា?

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ លើកឡើងថា ចំណាត់ការស្វែងរកអ្នកពាក់ព័ន្ធបាញ់សម្លាប់ លោក កែម ឡី លោកថា រដ្ឋាភិបាលអាចប្រើពេលយូជាងនេះ ឬក៏អាចកប់ចោលដូចករណីឃាតកម្មបាញ់សម្លាប់មនុស្សក្រៅច្បាប់ដូចពេលមុន។

លោក សន ជ័យ លើកឡើងទៀតថា ភរិយាលោក កែម ឡី ឆ្លងទន្លេ លោកថា ប្រជាជាពលស្ទើទូទាំងប្រទេសបានដឹង។ ប៉ុន្តែលោកថា ចំលែកតែតុលាការបែជាចេញដីកាកោះហៅឲ្យស្ត្រីសសៃខ្ចីរូបនោះចូលខ្លូនមកបំភ្លឺនៅតុលាការទៅវិញ។

មន្ត្រីសង្គមស៊ីវិលរូបនោះ បានដាក់ជាសំនួរថាតើចំណាត់ការរបស់តុលាការនេះ ជានីតិវិធីបង្ក្រប់កិច្ច ឲ្យពលរដ្ឋរាប់លាននាក់ដែលគាំទ្រលោក កែម ឡី  និងសហគមន៍អន្តរជាតិ អស់ចិត្តឬយ៉ាងណា។

លោកថា៖ “បើយើងមើល វាចាប់ផ្តើមមិនគ្រប់ជ្រុងជ្រោយតាំងពីដើមទៅហើយ អ្វីដែលគេភ្ញាក់ផ្តើលនឹង គឺប្រពន្ធទើបនឹងឆ្លងទន្លេតុលាការចេញដីកាកោះ ឲ្យចូលខ្លួន។ អញ្ចឹងខ្ញុំថាចំនុចហ្នឹង ព្រោះវាហាក់មើលឃើញថា វាបានចេញពីចំនុចមួយយ៉ាប់យ៉ឺនទៅហើយ ចុះទម្រាប់បំបែកសំនុំរឿងឃាតកម្ម លោកបណ្ឌិត កែម ឡី នឹងវាអាចទៅរួចដែរឬទេ ” 

បើតាមលោក សន ជ័យ យុត្តិធម៌របស់លោក កែម ឡី ស្ថិតនៅលើដណ្តាប់ដៃរដ្ឋាភិបាល ។ លោកថាបើរដ្ឋាភិបាលមិនស្វែងរយុត្តិធម៌ជូនលោក កែម ឡី ទេ លោកវិភាគថា ពលរដ្ឋរាប់លាននាក់ដែលគាំទ្រលោក កែម ឡី នឹងមិនបោះឆ្នោតគាំទ្របក្សកាន់អំណាចមួយនេះទេ។

កាលពីបោះឆ្នោតអាណត្តិឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជា បានថយចំនួនអាសនៈពី៩០ មកត្រឹម៦៨វិញ ពោលគឺបាត់អស់ ២២អាសនៈក្នុងសភា។

ការធ្លាក់ចុះប្រជាប្រិយភាពរបស់បក្សកាន់អំណាចនេះ ត្រូវបានវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិរបស់សហរដ្ឋអាមេរិ (IRI) រកឃើញថាមូលហេតុមួយចំនួន គឺបណ្តាលមកពីប្រព័ន្ធយុត្តិធម៌មិនឯករាជ្យ និងអំពើពុករលួយនៅក្នុងសង្គម។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក ប៊ូ បញ្ញា វិភាគថាការអូសបន្លាយក្នុងការវែកមុខអ្នកពាក់ព័ន្ធនឹងអ្នកនៅពីក្រោយការបាញ់សម្លាប់លោក កែម ឡី លោកថា នឹងធ្វើឲ្យរដ្ឋាភិបាលបាក់មុខនៅលើឆាកអន្តរជាតិផង និងនៅក្នុងប្រទេសផង។

លោក ប៊ូ បញ្ញា វិភាគទៀតថា បើរដ្ឋាភិបាល នៅតែបន្តទុកឲ្យព្រឹត្តិការណ៍បាញ់សម្លាប់លោក កែម ឡី នេះស្ថិតក្នុងភាពអាថកំបាំងសម្រាប់ពលរដ្ឋរាប់លាននាក់ទៀតនោះ លោកថាបក្សកាន់អំណាចនឹងធ្លាក់ចុះប្រជាប្រិយភាពបន្ថែមទៀតនៅពេលបោះឆ្នោតខាងមុខ។

លោកថា៖ “ខ្ញុំគិតថា រដ្ឋាភិបាលហ្នឹងមិនចាំបាច់លាក់អីច្រើនទេ ! គន្លឹះសំខាន់លើឃាតកម្មបាញ់សម្លាប់លោក កែម ឡី នឹងនៅត្រង់បើកកាមេរ៉ាសុវត្ថិភាព។ សំនួរសួរថា ចុះរឿងឃាតកម្មផ្សេងៗ ដែលមានបំពាក់កាមេរ៉ា នឹងម៉េចគេបង្ហាញ ចុះម៉េចឃាតកម្មលោក កែម ឡី គេមិនបង្ហាញ។ បង្ហាញមក ឲ្យយើងដឹងថាឃាតករ ជួប សម្លាប់ ហ្នឹងពិតជាឃាតករពិតប្រាកដទេ? កាលណា បើរដ្ឋាភិបាលជំរុញឲ្យមានការបង្ហាញ បង្ហាញទាំងអស់គ្នា មើនោះ យើងអស់ចម្ងល់ត្រឹមហ្នឹងហើយ ប្រជាពលរដ្ឋក៏អស់សង្ស័យទៅលើរដ្ឋាភិបាលហើយ។ ប៉ុន្តែ បើរដ្ឋាភិបាលនៅតែបន្តធ្វើបែបហ្នឹងទៀត សំឡេង [សន្លឹកឆ្នោត] រដ្ឋាភិបាលហ្នឹងដាំក្បាលចុះ ហើយនៅអាណត្តហ្នឹង “។

ចាប់ពីឆ្នាំ១៩៩៣មក មានឃាតកម្មច្រើនករណីដែលជនដៃដល់និងអ្នកនៅពីក្រោយឃាតកម្មនោះ មិនត្រូវបានវែកមុខមកផ្តន្ទាទោសទេ ដូចជាករណីបាញ់សម្លាប់ តារាចម្រៀង អ្នកស្រី ពិសិដ្ឋ ពីលីកា កញ្ញា ទូច ស៊ុននិច បាញ់សម្លាប់ប្រធានសហជីពដ៏ល្បីឈ្មោះ លោក ជា វិជ្ជា និងប្រធានអង្គការការពាបរិស្ថាន លោក ឈុត វុទ្ធី ជាដើម ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារា លើកឡើងថា ការពន្យាលពេលក្នុងការស្វែងរកអ្នកពាក់ព័ន្ធមកផ្តន្ទាទោស ករណីបាញ់សម្លាប់លោក កែម ឡី នេះ លោកវិភាគថា អាចអ្នកនយោបាយគិតថា ការអូសបន្លាយពេល ស្វែងរកយុត្តិធម៌ជូនជនរងគ្រោះកាន់តែយូ អាចធ្វើឲ្យប្រជាពលរដ្ឋបំភ្លេចការឈឺចាប់ ដូចការណីឃាតកម្មបាញ់សម្លាប់នាពេលកន្លងទៅ។

ប៉ុន្តែលោកវិភាគថា ការគិតបែបនេះខុសដោយសាតែឃាតកម្មលើកលោក កែម ឡី នេះ ទាក់ទិននឹងសេរីភាពបញ្ចេញមតិ ក្នុងរបបប្រជាធិបតេយ្យ ដូចនេះលោកថា មជ្ឈដ្ឋាននានានឹងបន្តថ្កោលទោស បើយុត្តិធម៌សម្រាប់លោក កែម ឡី មិនត្រូវបានរកឃើញ។ លោកថាហេតុផលនេះ នឹងបង្កឲ្យប៉ះពាល់ដល់សន្លឹកឆ្នោតគណបក្សប្រជានកម្ពុជានៅឆ្នាំ២០១៧ និង២០១៨ ខាងមុខធ្ងន់ធ្ងរ។

លោកថា៖ “នៅក្នុងករណីដែលរដ្ឋាភិបាលកម្ពុជា នៅតែមិនអាចធ្វើឲ្យសហគមន៍អន្តរជាតិជឿជាក់ ទៅលើសកម្មភាពរបស់ខ្លួន ឬ ក៏កាដឹកនាំរបស់ខ្លួនក្នុងការរកយុត្តិធម៌  ឬក៏ការគោរពតាមអ្វីដែលខ្លួនឯងផ្តល់សច្ចាប័នទេ អាហ្នឹង។ រដ្ឋាភិបាល នឹងប្រឈមនឹងការខាតបង់ច្រើន ហើយប្រជាពលរដ្ឋខ្មែរក៏បាត់ជំនឿដែរ “។

បើតាមអ្នកវិភាគវិធានការតែមួយគត់ ដែលរដ្ឋាភិបាលអាចស្តាប្រជាប្រិយភាពឡើងវិញបាន គឺចាប់អ្នកពាក់ព័ន្ធនៅពីក្រោយឃាតកម្ម និងជនជនដៃដល់ពិតប្រាកដមកផ្តន្ទាទោស បញ្ចេញរូបភាពក្នុងកាមេរ៉ាសុវត្ថិភាពឲ្យសាធារណជនបានដឹង បង្កើតគណៈកម្មការស៊ើបអង្កេត ដោយមានសមាសភាពចូលរួមមកពីស្ថានប័នឯករាជ្យ ជាតិនិងអន្តរជាតិ ដូចគណៈកម្មការស៊ើបអង្កេត ករណីបោកគ្រាប់បែក នៅមុខរដ្ឋសភាកាលពីឆ្នាំ១៩៩៧ ដែលមានភ្នាក់ងារស៊ើបអង្កេត FBI របស់សហរដ្ឋអាមេរិចចូលរួម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ