វិភាគ៖ តើ​ស្ថាប័ន​ណា​ខ្លះ​របស់​រដ្ឋាភិបាល ​​ទទួល​ខុស​ត្រូវ​​លើសុវត្ថិភាព​ចំណី​អាហារ​សម្រាប់​ប្រជា​ពលរដ្ឋ?

អ្នកលក់បន្លែនៅផ្សារដើមគ កាលពីពេលកន្លងទៅ (រូបភាព៖ សហការី)

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​០២ ខែ​តុលា​ នេះ បាន​ថ្លែង​បែប​ស្ដី​បន្ទោស​ទៅ​លើ​ប្រជា​ពលរដ្ឋ​ជា​អ្នក​ប្រើ​ប្រាស់ ឬ​បរិភោគ​បន្លែ​ផ្ទាល់ ដោយ​លោក​ថា ពលរដ្ឋ​នាំ​គ្នា​ទិញ​បន្លែ​ផ្ទុក​សារធាតុ​គីមី ទើប​មាន​បន្លែ​គីមី​នាំ​ចូល​មក​ចរាចរ​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា។

មិន​ត្រឹម​តែ​បន្ទោស​ទៅ​លើ​ពលរដ្ឋ​ជា​អ្នក​ប្រើ​ប្រាស់ ឬ​បរិភោគ​បន្លែ​ដោយ​ផ្ទាល់​ប៉ុណ្ណោះ​ទេ លោក ហ៊ុន សែន ក៏​បាន​ប្រាប់​ប្រជា​ពលរដ្ឋ​ថា​ កុំ​ឲ្យ​បន្ទោស​ទៅ​លើ​រដ្ឋាភិបាល​ ដែល​មិន​អាច​ទប់​ស្កាត់​ការ​នាំ​ចូល​បន្លែ​ផ្ទុក​ទៅ​ដោយ​សារធាតុ​គីមី ចូល​មក​ក្នុង​ប្រទេស​កម្ពុជា រួច​ហើយ​ចែក​ចាយ​នៅ​លើ​ទីផ្សារ ឬ​លក់​បន្ត​ទៅ​ប្រជា​ពលរដ្ឋ​នោះ។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «ខ្ញុំ​សូម​ផ្ដាំ​ផ្ញើ​ត្រឡប់​ទៅ​វិញ​ថា សូម​មេត្តា​កុំ​ទិញ​នូវ​អ្វី​ដែល​មាន​ជាតិ​គីមី​ទៅ វា​ចប់​បាត់​ហើយ វា​នៅ​ត្រង់​កន្លែង​ហ្នឹង។ ដោយសារ​តែ​យើង​សម្រុក​ទៅ​ទិញ​អា​គីមី​ហ្នឹង ដូច្នេះ គេ​ចេះ​តែ​លក់​ត​ទៅ​ទៀត រួច​ហើយ​ចេះ​តែ​មក​ចោទ​រដ្ឋាភិបាល ហើយ​ខ្លួន​ឯង​អ្នក​ទទួល​ទាន ម៉េច​ក៏​មិន​មើល​ផង! រួច​ចេះ​តែ​ចោទ​រដ្ឋាភិបាល​ថា ទុក​ឲ្យ​អ្នក​នោះ​ផលិត​ដោយ​ដាក់​ជី​គីមី​ច្រើន ឬ​ក៏​មាន​ការ​នាំ​ចូល​បន្លែ​បង្កា​ដោយ​មាន​គីមី​ច្រើន ចុះ​មាន​យើង​អ្នក​ទៅ​ទិញ កុំ​ទិញ​វា​មាន​ម៉េច អា​ហ្នឹង​មិន​មែន​របស់​យើង​យក​ទៅ​ចែក​ណា»

បន្ទាប់​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​ជា​សាធារណៈ​បែប​នេះ វា​បាន​ជំរុញ​ឲ្យ​មាន​ការ​ចោទ​សួរ​ថា តើ​រដ្ឋាភិបាល​មាន​តួនាទី​បែប​ណា​ខ្លះ​ក្នុង​ការ​ធានា​នូវ​សុវត្ថិភាព​ចំណី​អាហារ​ដែលត្រូវ​បាន​នាំ​ចូល និង​ចែក​ចាយ​នៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា។

ជុំ​វិញ​ការចោទ​សួរ​អំពី​តួនាទី​​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ការ​ធានា​សុវត្ថិភាព​ចំណី​អាហារ ក៏​ដូចជា​សុខមាលភាព​ប្រជា​ជន​នោះ សាស្ត្រាចារ្យ​ច្បាប់​ លោក យឿង សុធារ៉ា បាន​ឲ្យ​ដឹង​ថា ថ្វី​បើ​កម្ពុជា​ពុំ​ទាន់​បង្កើត​​ច្បាប់​សុវត្ថិភាព​ចំណី​អាហារ​ក៏​ដោយ ប៉ុន្តែ តួនាទី​របស់​រដ្ឋ ឬ​រដ្ឋាភិបាល​​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ដោយ​ប្រជា​ពលរដ្ឋ​នោះ ត្រូវ​បាន​ចង​ដោយ​រដ្ឋ​ធម្មនុញ្ញ អំពី​ការ​ធានា​នូវ​សុវត្ថិភាព​ចំណី​អាហារ និង​សុខមាលភាព​របស់​ប្រជាជន។

មាត្រា ៧២ នៃ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ត្រូវ​បាន​ចែង​ថា សុខភាព​ប្រជា​រាស្ត្រ​ត្រូវ​បាន​ធានា​ដោយ​រដ្ឋ ហើយ​មាត្រា ៦៤ ក៏​បាន​ចែង​ផង​ដែរ​ថា រដ្ឋ​ហាម​ឃាត់ និង​ផ្ដន្ទា​ទោស​ជា​ទម្ងន់​ដល់​ជន​ណា​ដែល​នាំ​ចូល ផលិត លក់ដូរ គ្រឿង​ញៀន ទំនិញ​ក្លែង​ក្លាយ ហួស​រយៈ​ពេល​ប្រើ​ប្រាស់ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព អាយុ​ជីវិត​របស់​អ្នក​ប្រើ​ប្រាស់។

ជា​អ្នក​ជំនាញ​កសិកម្ម​មួយ​រូប​​​ដែល​បាន​ដឹក​នាំ​មជ្ឈ​មណ្ឌល​កសិកម្ម​សេដាក​ជាច្រើន​ឆ្នាំ​ផង​នោះ លោក​បណ្ឌិត យ៉ង់ សាំងកុមារ បាន​អះ​អាង​ថា បញ្ហា​ការ​នាំ​ចូល​បន្លែ​ផ្ទុក​សារធាតុ​គីមី​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា វា​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ ដោយ​លោក​ថា រដ្ឋាភិបាល​មិន​ត្រូវ​បន្ទោស​ប្រជា​ពលរដ្ឋ​នោះ​ទេ។

លោក៖ «គាត់ត្រូវបន្ទោសក្រសួង ឬក៏មន្ត្រីជំនាញរបស់គាត់ដែរ ព្រោះជាផ្នែកមួយនៃការទទួលខុសត្រូវរបស់រដ្ឋាភិបាលដែរ ក្នុង​ការ​ដឹកនាំ​ឲ្យ​កសិករចេះដាំ ចេះផលិតបន្លែសុវត្ថិភាព​ ដើម្បីយកមកលក់នៅទីផ្សារ។ ទី២ ធ្វើការ​ត្រួត​ពិនិត្យ​ធ្វើ​យ៉ាង​ម៉េច​កុំ​ឲ្យ​មាន​ផលិត​ផល​ដែល​មាន​សារធាតុគីមីច្រើនមកចរាចរណ៍លើទីផ្សារ»

ពាក់​ព័ន្ធ​នឹង​បន្លែ​ដែល​ត្រូវ​បាន​ចែក​ចាយ និង​ដាក់​លក់​នៅ​លើ​ទីផ្សារ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ទីភ្នាក់ងារ​អភិវឌ្ឍន៍​​អន្តរជាតិ​​អាមេរិក ហៅ​កាត់​ថា USIAD បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា​ថា ពលរដ្ឋ​កម្ពុជា​ជាង ៧០​ភាគរយ កំពុង​ប្រកប​របរ​កសិកម្ម ប៉ុន្តែ កសិករ​កម្ពុជា អាច​ដាំ​បន្លែ​ផ្គត់​ផ្គង់​តម្រូវ​ការ​ទីផ្សារ​ក្នុង​ស្រុក​បាន​តែ ១​ភាគ៣​ប៉ុណ្ណោះ។

ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា​ថា កម្ពុជា​បាន​នាំ​ចូល​បន្លែ​ពី​ប្រទេស​ជិត​ខាង​ប្រហែល ២០០ ទៅ ៤០០​តោន ក្នុង​មួយ​ថ្ងៃ​ៗ សម្រាប់​ផ្គត់​ផ្គង់​តម្រូវការ​ក្នុង​ស្រុក ដោយ​ភាគ​ច្រើន​បំផុត​នាំ​ចូល​ពី​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ។ ជាមួយ​ទំហំ​នៃ​ការ​នាំ​ចូល​បែប​នេះ ក្រសួង​បញ្ជាក់​ថា វា​បាន​ធ្វើ​ឲ្យ​កម្ពុជា​ចំណាយ​ប្រាក់​ជាង ២០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ទៅ​លើ​ការ​នាំ​ចូល​បន្លែ​ទាំង​នោះ។

យោង​តាម​ប្រកាស​អន្តរ​ក្រសួង​កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១០ ការ​គ្រប់​គ្រង​ និង​ត្រួត​ពិនិត្យ​លើ​សុវត្ថិភាព​ចំណី​អាហារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​​ដែន​សមត្ថកិច្ច​នៃ​ស្ថាប័ន​​នានា មក​ពី​ក្រសួង​ចំនួន ៦ របស់​រដ្ឋាភិបាល ដើម្បី​ធានា​សុវត្ថិភាព​ចំណី​​អាហារ រាប់​ចាប់​តាំង​ពី​ការ​ដាំ​ដុះ​រហូត​ដល់អាហារ​ត្រូវ​បាន​ចម្អិន​សម្រេច​នៅ​លើ​តុ​នៅ​តាម​ភោជនីយដ្ឋាន។ ក្រសួង​ទាំង​នោះ​មាន​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្រសួង​ពាណិជ្ជកម្ម ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​ទេសចរណ៍ និង​ក្រសួង​សុខាភិបាល។

ប៉ុន្តែ និយាយ​ដោយ​ឡែក​​ចំពោះ​ការ​ត្រួត​ពិនិត្យ​​បន្លែ​នាំ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា វា​ស្ថិត​នៅ​ក្រោម​ដែន​សមត្ថកិច្ច​ជាក់​លាក់​មួយ​របស់​អគ្គនាយកដ្ឋាន​កម្ពុជា​ត្រួត​ពិនិត្យ​ទំនិញ​អាហ័រណ នីហ័រណ និង​បង្ក្រាប​ការ​ក្លែង​បន្លំ ដែល​ត្រូ​វ​បាន​គេ​ហៅ​ជា​ទូទៅ​ថា «កាំកុងត្រូល» របស់​ក្រសួង​ពាណិជ្ជកម្ម។

ជា​រួម​មក ការ​ត្រួត​ពិនិត្យ​លើ​សុវត្ថិភាព​បន្លែ​នាំ​ចូល​មក​លក់​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​របស់​ស្ថាប័ន​រដ្ឋាភិបាល ខណៈ​ដែល​ការ​ចម្អិន​អាហារ​ប្រកប​ដោយ​សុវត្ថិភាព​ទៅ​តាម​សេចក្ដី​ណែនាំ​របស់​អង្គការ​សុខភាព​ពិភព​លោក គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ប្រជា​ពលរដ្ឋ​។

អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​សុវត្ថិភាព​ចំណី​អាហារ​ថា ចំណី​អាហារ​ផ្ទុក​ទៅ​ដោយ​សារធារ​ពុល​ប្រកប​ដោយ​គ្រោះ​ថ្នាក់ ដូច​ជា​មេរោគ បាក់តេរី បារ៉ាស៊ីត ឬ​សារធាតុ​​គីមី បង្ក​នូវ​ជំងឺ​ជាង ២០០​ប្រភេទ រាប់​ចាប់​តាំង​ពី​រាគ​រូស​រហូត​ដល់​ជំងឺ​មហារីក។

របាយការណ៍​អង្គការ​សុខភាព​ពិភ​លោក​កាល​ពី​ឆ្នាំ​២០១៥ បាន​ឲ្យ​ដឹង​ថា ប្រជាជន​ប្រហែល ៦០០​លាន​នាក់ ឬ​ម្នាក់​ក្នុង​ចំណោម ១០​នាក់ នៅ​លើ​ពិភព​លោក បាន​ធ្លាក់​ខ្លួន​ឈឺ បន្ទាប់​ពី​បរិភោគ​ចំណី​អាហារ​​ផ្ទុក​ដោយ​សារធាតុ​ពុល។

របាយការណ៍​ WHO បាន​ឲ្យ​ដឹង​ទៀត​ថា មនុស្ស​យ៉ាង​ហោច​ណាស់ ៤២​ម៉ឺន​នាក់ បាន​ស្លាប់​នៅ​រៀង​រាល់​ឆ្នាំ នៅ​ក្នុង​ចំណោម​ពលរដ្ឋ​​ពុល​ចំណី​អាហារ​ប្រហែល ៦០០​លាន​នាក់​នៅ​រៀង​រាល់​ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ