ភាគី​រោងចក្រ​វីងស្តារស៊ូ​ថា ​កម្មករ​​ដួល​សន្លប់​ដ៏​ច្រើន​បាន​ជាសះ​ស្បើយ​វិញ​ហើយ

កម្មកររោងចក្រដែល​បាន​ដួលសន្លប់កាលពីពេល​កន្លងទៅ

ភាគីរោងចក្រវីងស្តារស៊ូ បានឲ្យដឹងថា កម្មករចំនួន ១៣៩នាក់ ដែលបានដួលសន្លប់កាលពីថ្ងៃទី០២ ខែវិច្ឆិកាកន្លងមកនេះ បានជាសះស្បើយដូចធម្មតាវិញហើយរហូតមកដល់ថ្ងៃនេះ។

កញ្ញា គឹម ទៀង ប្រធានផ្នែករដ្ឋបាលរោងចក្រវីងស្តារស៊ូ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៣ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានប្រាប់វីអូឌីនៅថ្ងៃនេះថា កម្មករដែលបានដួលសន្លប់ទាំងនោះ មានសុខភាពល្អធម្មតាវិញហើយ និងអាចចូលធ្វើការឡើងវិញនៅដើមសប្ដាហ៍ក្រោយ បន្ទាប់ពីទទួលបានការសម្រាកព្យាបាលប៉ុន្មានថ្ងៃកន្លងមក។

ប៉ុន្តែ តំណាងរោងចក្ររូបនេះ បានបដិសេធថា កម្មករដួលសន្លប់ក្នុងចំនួនដ៏ច្រើនបែបនេះ មិនមែនបណ្ដាលមកពីបញ្ហាបរិស្ថាននៅក្នុងរោងចក្រនោះឡើយ បើទោះបីពុំទាន់មានការស៊ើបអង្កេតទៅលើមូលហេតុច្បាស់លាស់ក៏ដោយ។

កញ្ញា គឹម ទៀង ថ្លែងប្រាប់ VOD នៅព្រឹកថ្ងៃនេះថា៖ …វាអត់មានអីត្រូវបកស្រាយ ហើយខ្ញុំអត់ចង់ចោទប្រកាន់កម្មករខ្ញុំ ហើយខ្ញុំមិនចង់និយាយអីច្រើន ព្រោះរឿងនឹងមិនមែនជារឿងបរិស្ថាន……អារឿងអស់នឹងវាជាពាក្យចរចាមអារ៉ាមខ្លះទៅ វាជាការបំប៉ោងខ្លះទៅ។ អីចឹងយើងអត់ទាន់ដឹងម៉េច អត់ទាន់បានស៊ើបអង្កេតចឹង ក៍ហានចោទភាគីមួយណាដែរ។ អីចឹងសូមរក្សាការចោទ ដោយសារយើងអត់មានពេលទៅអង្កេត”។

ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ លោក ចឹក បូរិន បានឲ្យដឹងថា កម្មការិនីជាច្រើននាក់ បានកើតអការៈភិតភ័យ ថប់ដង្ហើម ទន់ដៃទន់ជើង និងដួលសន្លប់ជាបន្តបន្ទាប់ ក្រោយពីកម្មករម្នាក់ កើតមានអការៈកន្ត្រាក់ដៃកន្ត្រាក់ជើង ស្រែកឡូឡា និងដួលសន្លប់។ លោកបន្ថែមថា កម្មការិនីរូបនោះ មានសុខភាពមិនសូវល្អ ដោយសារប្រឈមនឹងជំងឺលើសជាតិស្ករ និងជំងឺលើសឈាម។

លោកវេជ្ជបណ្ឌិត ជា សុខលីម ម្ចាស់គ្លីនិកឯកជនដែលបានព្យាបាលកម្មការិនីទាំងនោះ បានប្រាប់ថា កម្មការិនី ប៉ែន សារី អាយុ ២៥ឆ្នាំ បានស្ថិតក្នុងអការៈស្រែករវើរវាយ និងដួលសន្លប់ ដោយបណ្ដាលឲ្យកម្មការិនីដទៃទៀតភ័យតក់ស្លុត និងដួលសន្លប់ជាបន្តបន្ទាប។

លោកវេជ្ជបណ្ឌិត ជា សុខលីម អះអាងថា កម្មការិនី ប៉ែន សារី មិនត្រឹមតែមានជំងឺក្រពះរ៉ាំរ៉ៃ ដែលបណ្ដាលឲ្យគាត់ក្អួតជាញឹកញាប់ប៉ុណ្ណោះទេ ប៉ុន្តែ កម្មការិនីរូបនេះ ថែមទាំងមានជំងឺខ្វះជាតិស្ករមួយមុខទៀត។

បើតាមលោកវេជ្ជបណ្ឌិតរូបនេះ កម្មកររោងចក្រជាង ៩០ភាគរយ ប្រឈមនឹងជំងឺក្រពះបែបនេះ ដោយសារតែការហូបចុកមិនគ្រប់គ្រាន់ និងមិនទៀងទាត់តាមពេលវេលា។

លោកបញ្ជាក់ថា៖ បញ្ហានេះ វាកើតមកពី emotional (អារម្មណ៍) បានន័យថា អារម្មណ៍មនុស្សយើងម្នាក់ៗតែងតែមានអ្នកខ្សោយ និងមិនខ្សោយ មានអ្នកតាំងស្មារតីបាន មានអ្នកមិនតាំងស្មារតីបានចឹង ជាពិសេសមនុស្សស្រី គាត់ខ្សោយជាងមនុស្សប្រុស ហើយមនុស្សស្រីគាត់ងាយនឹងតក់ស្លុត ហើយអ្នកខ្លះមានជំងឺប្រចាំកាយ កម្មករ ១០០នាក់ មានអ្នកឈឺក្រពះពោះវៀន ៩០នាក់ហើយ ព្រោះការញុំារបស់ពួកគាត់អត់គ្រប់គ្រាន់ ហើយឈរយូអីចឹងទៅ គាត់អត់សូវបានញុំាទឹក ញុំាមិនទៀងទាត់អីទៅ

លោកបន្ថែមថា កម្មកររោងចក្រដែលបានដួលសន្លប់ទាំងនោះបានជាសះស្បើយ អស់ហើយ បន្ទាប់ពីបានសម្រាក ព្យាបាលនៅមន្ទីរពេទ្យរបស់លោក ហើយលោកបានអនុញ្ញាតអោយពួកគេ ចេញទៅផ្ទះរាងៗខ្លួន។

កាលពីខែឧសភា ឆ្នាំ២០១៣កន្លងមក កម្មការិនី ២នាក់ បានស្លាប់ និង ៩នាក់ទៀត បានរងរបួស បន្ទាប់ពីធ្នើអគាររោងចក្រ Wing Star Shoes Co., Ltd ដែលមានថៅកែជាជនជាតិតៃវ៉ាន់ បានបាក់សង្កត់លើកម្មករ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ