សមាគមគ្រូបង្រៀនថាក្រសួងអប់រំរើសអើងមិនចង់ឲ្យខ្លួនចូលរួមកិច្ចប្រជុំគ្រូបង្រៀនប្រចាំឆ្នាំ

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) បានចោទប្រកាន់ក្រសួងអប់រំថា មិនចង់ឲ្យសមាគមរបស់ខ្លួនចូលរួមនៅក្នុងកិច្ចប្រជុំក្រុមគ្រូបង្រៀនប្រចាំឆ្នាំដែលធ្វើនៅខេត្តសៀមរាប ដោយថាមានការរើសអើង និងប្រកាន់និន្នាការនយោបាយ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ឲ្យដឹងថា អង្គការយូណេសស្កូ បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៩ នៃក្រុមការងារគ្រូបង្រៀនអន្ដរជាតិ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៧ខែធ្នូឆ្នាំ២០១៦ និងដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើនទាំងក្នុងស្រុកនិងក្នុងតំបន់។

លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានឲ្យវីអូឌីដឹងថា លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំបានប្រាប់ទៅអង្គការយូណេសស្កូថា ក្រសួងនឹងមិនចូលរួមកិច្ចប្រជុំនេះឡើយ បើសិនជាសមាគមគ្រូបង្រៀនឯករាជ្យចូលរួមដែរនោះ។

ពាក់ព័ន្ធករណីនេះ សមាគមគ្រូបង្រៀនឯករាជ្យកម្ពុជាបានសំដែងប្រតិកម្មភ្លាមៗ ដោយចេញសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃចន្ទនេះ ហើយចាត់ទុកទង្វើរបស់លោក ហង់ ជួនណារ៉ុន ថាជារដ្ឋមន្ដ្រីអសមត្ថភាព និងទទូចឲ្យខំរៀនសូត្រផ្នែកទំនាក់ទំនងអន្ដរជាតិបន្ថែមទៀត។

លោកស្រីថា៖ «ប៉ុន្ដែយើងត្រូវបានយូណេសស្កូ គេជាអ្នកអញ្ជើញយើងឲ្យចូលរួមប្រជុំ។ ប៉ុន្ដែដោយឡែកនៅថ្ងៃចន្ទ ទី៥ ខែធ្នូ នេះ ត្រូវបានមន្ដ្រីក្រសួង ក៏ដូចជារដ្ឋមន្ដ្រីក្រសួងអប់រំ គាត់ថាបើមានសមាគមគ្រូបង្រៀនឯករាជ្យចូលរួមកិច្ចប្រជុំនេះ គាត់មិនបានចូលរួមក្នុងការបើកកិច្ចបើកវគ្គសិក្ខាសាលា ឬប្រជុំនេះទេ»។

យ៉ាងណាមិញ លោកស្រីបញ្ជាក់ថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានសម្រេចចិត្តមិនចូលរួមកិច្ចប្រជុំនេះទេ ដោយថាអ្នកស្រីមើលឃើញអំពីទង្វើរើសអើងរបស់រដ្ឋមន្ដ្រីក្រសួងអប់រំ។ អ្នកស្រីបន្ថែមថា កិច្ចប្រជុំនេះគឺត្រូវបានរៀបចំឡើង និងឧបត្តម្ភទាំងស្រុងដោយអង្គការយូណេសស្កូ ដោយថាក្រសួងអប់រំមិនមានសិទ្ធិសម្រេចថាតើអ្នកណាអាច ឬមិនអាចចូលរួមក្នុងកិច្ចប្រជុំនោះទេ។

លោកស្រីថា៖ «ប៉ុន្ដែជំហររបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បើសិនជាមានការរើសអើងបែបនេះ យើងខ្ញុំដែលជាតំណងឲ្យប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យទាំងមូល យើងក៏សម្រេចចិត្តថាយើងមិនចូលរួមមិនចង់ជួបមុខរដ្ឋមន្ដ្រីណាដែលមានការរើសអើងបែបដូច្នេះដែរ […] តាមពិតទៅក្នុងកិច្ចប្រជុំនេះមិនមែនធ្វើឡើងដោយក្រសួងអប់រំទេ កិច្ចប្រជុំ ការចាយវាយលុយគ្រប់បែបយ៉ាង គឺពីអង្គការយូណេសស្កូ»។

លោកស្រីនិយាយថា ក្រសួងមានបំណងចង់គេចវេសមិនហ៊ានជួបផ្ទាល់ជាមួយសមាគមគ្រូបង្រៀនឯករាជ្យ ដែលតែងរិះគន់ពីភាពកំសោយរបស់ក្រសួង និងកំហុងឆ្គងក្នុងប្រព័ន្ធអប់រំកម្ពុជាសព្វថ្ងៃ។

លោកស្រីថា៖ «គេមិនចង់ឲ្យសមាគមឯករាជ្យចូលរួម គឺដោយគេគិតថាសមាគមគ្រូបង្រៀនឯករាជ្យយើងប្រឈម ដែលទៅឃើញអ្វីដែលជាការភូតកុហករបស់ក្រសួងដែលគិតថាប្រព័ន្ធអប់រំនៅកម្ពុជាប្រសើរនោះទេ ព្រោះគេដឹងថាយើងដឹងចំណុចខ្សោយគេគ្រប់បែបយ៉ាងកន្លងមក។ អ៊ីចឹងពួកគាត់តែងតែយកការងារភូកកុហកតាមបែបផែនអ្វីដែលជានយោបាយគេធ្វើសព្វថ្ងៃ»។

ទាំងលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ និង លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ មិនអាចស្នើសុំការឆ្លើយបំភ្លឺនិងបញ្ជាក់បន្ថែមបានទេ រហូតមកដល់ម៉ោងចេញផ្សាយនេះ។

វីអូឌី បានព្យាយាមទាក់ទងទៅមន្ត្រីអង្គការយូណេសស្កូនៅខេត្តសៀមរាប ប៉ុន្តែពួកគាត់ឆ្លើយថាមិនបានដឹងរឿងខាងលើនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ