ក្រុម​សមាជិក​សភា​​អន្តរជាតិ​១៥៨​រូប​ទាម​ទារ​ឲ្យ​ដោះ​លែង​លោក កឹម សុខា

មេដឹកនាំ​អតីត​បក្សប្រឆាំង លោក កឹម សុខា កាលពីពេលកន្លងទៅ (រូបភាព៖ សហការី)

ក្រុម​សមាជិក​សភា​ ១៥៨​រូប​មក​ពី​​បណ្ដា​ប្រទេស​ចំនួន ២០ បាន​ទាមទារ​​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ឲ្យ​ដោះ​លែង​មេដឹកនាំ​អតីត​បក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ និង​អនុញ្ញាត​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹម​ត្រូវ​នៅ​ឆ្នាំ​ក្រោយ​នេះ។

ក្រុម​សមាជិក​សភា​ទាំង​នោះ បាន​ទាមទារ​បែប​នេះ​នៅ​ក្នុង​លិខិត​ចំហរ​មួយ​ច្បាប់ ដែល​ផ្ញើ​ទៅ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

ក្រុម​សមាជិក​សភា​ ១៥៨​រូប​ ដែល​ជា​សមាជិក​នៃ​សហភាព​អន្តរ​សភា ហៅ​កាត់​ថា IPU បាន​លើក​ឡើង​នៅ​ក្នុង​លិខិត​ចំហរ​នោះ​ថា ការ​ឃុំ​ខ្លួន​លោក កឹម សុខា គឺ​ជា​ចេតនា​នយោបាយ​យ៉ាង​ជាក់​ច្បាស់ ហើយ​ថា រដ្ឋាភិបាល​កម្ពុជា ពុំ​មាន​ភស្តុតាង​ច្បាស់​លាស់​សម្រាប់​ចោទ​ប្រកាន់​លើ​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​នោះ​ទេ។

ក្រៅ​ពី​ទាមទារ​ឲ្យ​ដោះ​លែង​លោក កឹម សុខា ហើយ ក្រុម​សមាជិក​សភា​ទាំង​នោះ​ដែល​មក​ពី​បណ្ដា​ប្រទេស​នានា​នៅ​ទ្វីប​ទាំង ៦ ក៏​បាន​ទាមទារ​ទៅ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ឲ្យ​អនុញ្ញាត​ឲ្យ​បក្ស​នេះ​ចូល​រួម​ក្នុង​នយោបាយ​ឡើង​វិញ​ដោយ​សេរី។

ក្រុម​សមាជិក​សភា​អន្តរជាតិ​ទាំង​នោះ បាន​ទាម​ទារ​បែប​នេះ ខណៈ​ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា កំពុង​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​នៅ​ឡើយ​ចាប់​តាំង​ពី​លោក​ត្រូវបាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​០៣ ខែ​កញ្ញា​កន្លង​មក ក្រោម​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា «ក្បត់​ជាតិ»។

ជាង​នេះ​ទៅ​ទៀត គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ ដែល​ទទួល​បាន​សំឡេង​ឆ្នោត​គាំ​ទ្រ​ប្រហែល ៣​លាន​សំឡេង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៣​នោះ ក៏​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​កន្លង​មក​នេះ ទៅ​តាម​បណ្ដឹង​របស់​ក្រសួង​មហាផ្ទៃ ហើយ​ថ្នាក់​ដឹកនាំ​បក្ស​នេះ ១១៨​រូប ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ។

វិធានការ​ថ្មីៗ​នេះ​របស់​រដ្ឋាភិបាល​ទៅ​លើ​បក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​ចំនួន បាន​រង​ការ​ថ្កោល​ទោស​ពី​សហគមន៍​អន្តរជាតិ ដោយ​ចាត់​ទុក​ជា​ដំណើរ​ថយ​ក្រោយ​ និង​ការ​ឃ្លាត​ចាក​ពី​គន្លង​ប្រជាធិបតេយ្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ