វិភាគ៖ ហេតុអ្វីអ្នកនយោបាយនៅតែបន្តខ្វែងគំនិតគ្នាចំពោះថ្ងៃ៧មករា?

ពួក​ខ្មែរក្រហម (រូបភាពដោយ Roland​ Neveu)

បើទោះជាថ្ងៃ៧មករា ឆ្នាំ១៩៧៩ បានកន្លងផុតទៅជិត៤០ឆ្នាំហើយក៏ដោយ ប៉ុន្តែអ្នកនយោ​បាយនៅតែមានបន្ត​ខ្វែងគំនិតគ្នាចំពោះ​អត្ថន័យរបស់​ថ្ងៃនោះ ដោយម្ខាងថាជាថ្ងៃដែលកម្ពុជាបានជ័យជម្នះនិងម្ខាងទៀតថាជាថ្ងៃដែលវៀតណាមឈ្លានពាន។

សម្រាប់គណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចតាំងពីក្រោយ​ដួល​រលំរបបខ្មែរ​​ក្រហមបាន​ចាត់​ទុក​៧មករាថា «ជាថ្ងៃជ័យជម្នះមួយធ្វើ​ឲ្យកម្ពុជាមានសន្តិភាពនិងការអភិវឌ្ឍ»។ ​គណបក្សនេះ​ក៏មិនដែលភ្លេចពីការរំលឹកគុណវៀតណាមចំពោះការបញ្ជួនកម្លាំងទ័ពចូល​កម្ពុជា​​ដើម្បី​កំចាត់​របប ប៉ុល ពត នោះឡើយ។

មេដឹកនាំគណបក្សប្រជាជនកម្ពុជាបានទន្ទេញរត់មាត់ថា «៧មករា គឺជាថ្ងៃកំណើតទី២» របស់ពួកគេ។

ប៉ុន្តែសម្រាប់មជ្ឈដ្ឋានមួយចំនួនទៀត ពិសេសគណបក្សប្រឆាំង បានចាត់ទុកថ្ងៃ៧មករា ថា «ជាថ្ងៃដែលវៀតណាមឈ្លានពានទឹកដីខ្មែរ» ដោយ​ថែមទាំងបញ្ជួនជនជាតិវៀតណាម​រាប់លាននាក់​មករស់​នៅលើ​ទឹក​ដីខ្មែរទៀតផង។

នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាននានាកាលពីលោកនៅមានជីវិត លោក ប៉ែន សុវណ្ណ បានអះអាងថា លោកគឺជាបិតាថ្ងៃ៧មករា ដែលជាថ្ងៃរំដោះប្រទេសកម្ពុជាចេញពីរបបខ្មែរក្រហម ក្រោមការជួយជ្រោមជ្រែងពីកងទ័ពវៀតណាម។

ប៉ុន្តែនៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានចំខួបលើកទី៣៦ឆ្នាំនៃថ្ងៃទី៧មករា កាលពីឆ្នាំ២០១៥កន្លងមកនោះ លោក ប៉ែន សុវណ្ណ បញ្ជាក់ថា លោកគឺជាអ្នកប្រឆាំងនឹងថ្ងៃ៧មករាផងដែរ ដោយលោកថា វាជាថ្ងៃដែល “វៀតណាមឆ្លៀតធ្វើជាជួយខ្មែរ ដើម្បីឈ្លានពាននិងលេបត្របាក់ទឹកដីខ្មែរ”។

លោក ប៉ែន សុវណ្ណ បានអះអាងទាំងនៅក្នុងសៀវភៅជីវប្រវត្តិសង្ខេបរបស់លោកនិងកិច្ចសម្ភាសនានាថា លោកគឺជាអ្នកស្នេហាជាតិនិងជំទាស់ទៅនឹងគោលនយោបាយវៀតណាមនៅក្នុងប្រទេសកម្ពុជា នៅក្រោយការដួលរលំទៅនៃរបបខ្មែរក្រហម។ នៅក្នុងកិច្ចសម្ភាសជាមួយកាសែតភ្នំពេញប៉ុស្តិ៍ កាលពីខែតុលា ឆ្នាំ២០១៤ បន្ទាប់ពីលោកបានជាប់ជាតំណាងរាស្ត្ររបស់គណបក្សសង្រ្គោះជាតិនោះ លោក ប៉ែន សុវណ្ណ រំលឹកឡើងវិញថា លោកបានបដិសេធសំណើបញ្ជូនជនជាតិវៀតណាមក្នុងមករស់នៅតាមខេត្តនីមួយៗរបស់ខ្មែរចន្លោះពី៣ទៅ៥ពាន់នាក់។ លោកក៏បានអះអាងផងដែរថា លោកប្រឆាំងទៅនឹងផែនការកាត់ទឹកដីខ្មែរនិងការបង្កើតការដ្ឋាន ក.៥ ដែលលោកយល់ថា វាជានយោបាយសម្លាប់ពលរដ្ឋខ្មែរ។

ក.៥ គឺជាពាក្យកាត់ខ្លីនៃផែនការកេណ្ឌរាស្ត្រខ្មែរកាប់ឆ្កាព្រៃការពារព្រំដែនកម្ពុជា ដែលត្រូវបានស្នើឡើងនៅអំឡុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។

បើតាមលោក ប៉ែន សុវណ្ណ ការជំទាស់នឹងផែនការឬគោលនយោបាយទាំងនោះហើយ គឺជាមូលហេតុដែលជំរុញឲ្យវៀតណាមទម្លាក់លោកចេញពីតំណែងនាយករដ្ឋមន្ត្រី និងចាប់ខ្លួនលោកទៅដាក់ឃុំក្នុងគុកងងឹត១០ឆ្នាំនៅទីក្រុងហាណូយ។

ទស្សនៈថាលោក ប៉ែន សុវណ្ណ គឺជាបិតាថ្ងៃ៧ មករា បានទទួលការគាំទ្រពីសំណាក់មេដឹកនាំបក្សប្រឆាំង។ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនឯងនៅឯបរទេស បានបញ្ជាក់ថា លោក ប៉ែន សុវណ្ណ គឺជាបិតាថ្ងៃ៧ មករា ពីព្រោះលោកបានកាន់តំណែងជាអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍កម្ពុជា ដែលជាតំណែងមានអំណាចខ្លាំងជាងគេនៅពេលនោះ។

ប៉ុន្តែកាលពីខែកុម្ភៈ ឆ្នាំ២០១២កន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជានោះ បានចោទលោក ប៉ែន សុវណ្ណ ថាជាមនុស្សរបស់វៀតណាម តាំងពីតូចមកម៉្លេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា៖ “ហើយតាំងខ្លួនជាបិតា ៧ មករា ហើយអីថា គេហ្នឹងស្នេហាជាតិ គេប្រឆាំងវៀតណាម។ ប្រឆាំងវៀតណាមអី? វៀតណាមយកទៅចិញ្ចឹមតាំងពីក្រោយឆ្នាំ ៥៤ ក្រោយសន្និសីទហ្សឺណែវ អី? ហេ! កោតតែចេះនិយាយទៅរួច! ផាត ឯងមិនទៅដែរ ហើយមិនឆែកផ្ទះបង ជា ស៊ីម ដែរ? ហើយផ្ទះបង ហេង សំរិន ទៀត ប៊ិះផ្ទះខ្ញុំទៀតថ្ងៃនោះ។ នែ! លេងដល់ថ្នាក់ហ្នឹង បានគេដេញចោល បានគេចាប់នោះ។ អារឿងហ្នឹងនិយាយតិចទៅចុះ បិតា ៧ មករានោះ ហើយមកធ្វើរដ្ឋមន្ត្រីក្រសួងការពារជាតិ អត់មានទាហានមួយគ្រាប់ទេអាសត្វហ្នឹង ហើយចេះតែថា ខ្ញុំ បង ហេង សំរិន បង ជា ស៊ីម ធ្វើជាទាហានវាទៀតណាស់ វាឆ្ងាញ់អាត្រង់ហ្នឹង។ និយាយបន្តិចទៅចុះរឿងអាថ៌កំបាំងជាន់ដើម។ អាហ្នឹងពាក់សក្ដិ ២ កងទ័ពវៀតណាមតើ!”។

ការបន្តខ្វែងគំនិតគ្នាលើអត្ថន័យ៧មករានេះ អ្នកវិភាគនយោបាយជើងចាស់ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា មកពីអ្នកនយោបាយមិនព្រមទទួលស្គាល់ការពិតជាប្រវត្តិសាស្ត្រ។

លោកមានប្រសាសន៍ថា៖ «ទទួលស្គាល់ទៅ! ២៥ធ្នូ[១៩៧៨] ជាថ្ងៃដែលកងទ័ពវៀតណាមចូ​ល​ឈ្លានពាន​ទឹកដីកម្ពុជា ហើយរំលំរបបខ្មែរក្រហម។តែខុសច្បាប់​អន្តរជាតិ​ហើយ​ទទួល​រង​ការ​ថ្កោល​ទោសពីអន្តរជាតិ។៧មករាគឺការ​បង្កើត​រដ្ឋាភិបាល​របបថ្មី ក្រោម​ការ​គ្រប់​គ្រងរបស់​កងទ័ព​វៀតណាម កាន់កាប់​ប្រទេសកម្ពុជាពេលនោះ»។

លោក ឡៅ ម៉ុងហៃ បានឲ្យដឹងថា ការពិតប្រវត្តិសាស្ត្រ​ គឺវៀតណាមលើកទ័ពចូលទឹកដីខ្មែរ​ជំនាន់នោះ ដោយសារតែមានការស្នើសុំរបស់រដ្ឋាភិបាលកម្ពុជាពេលនោះ​។លោកបន្តថា ការ​ដែល​​វៀត​ណាម​ឈ្លានពានកម្ពុជាពេលនោះ គឺវៀតណាមបានប្រាប់​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​អង្គ​ការ​សហ​ប្រជា​ជាតិនៅថ្ងៃទី១២ដល់១៥ មករាឆ្នាំ១៩៧៩ថា ជាការវាយបក​លើកងទ័ព​ខ្មែរ​ក្រហម​​ ដែល​វៀតណាមថា ឈ្លានពានប្រទេសខ្លួន។ ការអះអាងរបស់វៀតណាមពេលនោះ លោក ឡៅ ម៉ុងហៃថា ជាឆ្លើយតប​នឹង​លិខិត​តវ៉ាមួយ​របស់ស្រ្តីជាឧបនាយក​រដ្ឋមន្រ្តី​ការ​បរទេស​របស់​របប​ខ្មែរ​ក្រហម​ដែល​បានប្តឹង​ទៅ​ក្រុម​ប្រឹក្សា​អង្គការសហប្រជាជាតិ​ពីករណី​វៀតណាម​លើកទ័ព​ចូល​ទឹក​ដី​កម្ពុជា​កាលពី​ថ្ងៃទី២៥ខែធ្នូឆ្នាំ១៩៧៨។

លោកមានប្រសាសន៍ថា៖ «អាហ្នឹងការពិតជាក់ស្តែង​យើង​ត្រូវទទួល​ស្គាល់​ទៅ។​ការ​មិន​ទទួលស្គាល់ហ្នឹងហើយ​បានជាមាន​ទំនាស់គ្នា»។

លោកបណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា ការបង្កើតរដ្ឋាភិបាល​ក្រោយ​ថ្ងៃ៧មករាដោយ​វៀតណាម​លើក​បន្តុបនោះ គឺមិនមានការទទួលស្គាល់ពីសហគមន៍អន្តរជាតិនោះទេ ជាពិសេស​អង្គការ​សហប្រជាជាតិ។

លោកបណ្ឌិត ចាន់ វិបុល អ្នកប្រឹក្សាយោបល់ឯករាជ្យ ពន្យល់មតិខ្វែងគ្នាពីថ្ងៃ៧មករានេះដោយលើកឡើងពីហេតុផលអ្នកគាំទ្រថ្ងៃ៧មករាថា ដោយសារតែអត់មានអ្នករំដោះជាតិ មានតែអ្នកចូលព្រៃម៉ាក់គីតាមការអំពាវនាវរបស់ សម្តេច នរោត្តម ស៊ីហនុ ដែលបានពលិកម្មឈាមស្រស់សាច់ស្រស់ ចំណាយពេលវេលាក្នុងព្រៃរំដោះប្រជាពលរដ្ឋដែលនៅសល់៤លាននាក់ជាង ចេញពីរបបអាវខ្មៅ។ លោកបន្តថា៖ «ការផ្តល់តម្លៃ ការដឹងគុណ មិនមែនការដឹងគុណទៅលើទាហ៊ានវៀតណាមទេ ប៉ុន្តែការដឹងគុណទៅលើបងប្អូនដែលជាយុទ្ធខ្មែរដែលយើងមានសល់សព្វថ្ងៃនេះ។រដ្ឋមន្ត្រី និងមន្ត្រីដែលបានចំណាយពេលវេលា បង្ហាញពីពលិកម្មរបស់គាត់ចេញពីក្រញ៉ាំរបស់ក្រុមខ្មែរក្រហម។ អ្វីដែលយើងគួរលើកទឹកចិត្ត គួរដឹងគុណ គឺទៅក្រុមគាត់ហ្នឹង មិនមែនស្មារតី៧មករាទេ!»។

ដើម្បីកុំឲ្យមានមតិខ្វែងគ្នា លោក ចាន់ វិបុល លើកឡើងថា រដ្ឋាភិបាលត្រូវបង្ហាញឲ្យច្បាស់ថា៧មករាចង់រំលឹកពីអី? លោកបន្តថាបើអ្នកដុតផ្ទះយើងហើយឲ្យយើងដឹងគុណទៀតវាអត់សមទេ? ហើយថាគណបក្សកាន់អំណាចមិនអាចបង្ខំឲ្យគេជឿថ្ងៃ៧មករាទេ។ លោកមានប្រសាសន៍​ថាបន្ថែមថា «ខ្ញុំយល់ថា រៀបចំឲ្យក្លាយទៅជាវាទិកាមួយរបស់រដ្ឋាភិបាលដែលជំរុញលើកទឹកចិត្តឲ្យមនុស្សចួលរួម ប៉ុន្តែកុំឲ្យពាក់ព័ន្ធទៅនឹងគណបក្សនយោបាយ តែបើសិនណាចាត់ទុកថាគណបក្សប្រជាជនជាអ្នកទទួលបាន អញ្ចឹងរឿងហ្នឹងវាភ្ជាប់នឹងគណបក្សនយោបាយហើយ កាលណាភ្ជាប់ជាមួយគណបក្សនយោបាយ អ្នកដែលគាត់អត់គាំទ្រគណបក្សប្រជាជនគាត់អត់ចូលរួមទេ»។

ជាមួយគ្នានោះ លោក ឡៅ ម៉ុងហៃ ជំរុញឲ្យអ្នកនយោបាយគ្រប់និន្នាការ​ត្រូវហ៊ាន​ទទួល​ស្គាល់ការពិត​នៃប្រវត្តិសាស្ត្រ​ដោយ​មិនត្រូវ​លើក​យក​តែ​ចំណុចណា​មួយ​មក​បក​ស្រាយ​ដើម្បី​ផល​ប្រយោជន៍​នយោបាយ​រៀងៗខ្លួននោះទេ។ លោកបន្តថា៖ «ទទួលស្គាល់ការពិតហ្នឹងទៅលែងទាស់គ្នាហើយ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ