ក្រសួងអប់រំរំឮកឲ្យយុវជនខ្មែរកុំភ្លើតភ្លើននឹងទិវាក្ដីស្រឡាញ់១៤កុម្ភៈ

ការលក់ផ្កានៅថ្ងៃ១៤កុម្ភៈ (ហ្វេសប៊ុក)

ការលក់ផ្កានៅថ្ងៃ១៤កុម្ភៈ (ហ្វេសប៊ុក)

ក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវដល់មាតាបិតានិងបណ្ដាគ្រឹះស្ថានសិក្សាទាំងអស់ ធ្វើការអប់រំនិងណែនាំដល់យុវជនកម្ពុជា កុំឲ្យយល់ខុសនឹងអត្ថន័យនៃ «ទិវាបុណ្យនៃក្ដីស្រឡាញ់» ឬ “Valentine’s Day”។

ក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវដល់មាតាបិតានិងបណ្ដាគ្រឹះស្ថានសិក្សាទាំងអស់ ធ្វើការអប់រំនិងណែនាំដល់យុវជនកម្ពុជា កុំឲ្យយល់ខុសនឹងអត្ថន័យនៃ «ទិវាបុណ្យនៃក្ដីស្រឡាញ់» “Valentine’s Day”

នៅក្នុងសេចក្ដីប្រកាសចេញផ្សាយថ្ងៃចន្ទទី៦មករានេះ ក្រសួងអប់រំបានទទូចឲ្យយុវជន-យុវនារីកុំឲ្យភ័ន្ដច្រឡំ «ទិវាបុណ្យនៃក្ដីស្រឡាញ់» ជាមួយនឹងបុណ្យសង្សារ ឬធ្វើការយល់ខុស ទៅជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍ឡើយ។ បើតាមក្រសួងអប់រំ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ បុណ្យនៃក្ដីស្រឡាញ់​កំពុងពង្រីកឥទ្ធិពលធំឡើងៗ ជាហេតុធ្វើឲ្យយុវជនខ្មែរភ្លើតភ្លើនភ្លេចការសិក្សា បាត់បង់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់គ្រួសារ និងប្រពៃណីដ៏ល្អរបស់សង្គមជាតិ។

ដើម្បីថែរក្សាតម្លៃវប្បធម៌ និងប្រពៃណីជាតិ ក្រសួងអប់រំ ក៏បទទូចឲ្យយុវជនខ្លួនឯង​យល់​អត្ថន័យនៃ​បុណ្យនេះ​​ឲ្យបានច្បាស់, គ្រឹះស្ថានអប់រំទាំងអស់ត្រូវពង្រឹងសីលធម៌ និងវិន័យឲ្យបានតឹងរ៉ឹងជាងមុន និងចាត់វិធានការទប់ស្កាត់ បើមានភាពមិនប្រក្រតីនៅថ្ងៃបុណ្យនៃក្ដីស្រឡាញ់ខាងមុខនេះ។

«ទិវាបុណ្យនៃក្ដីស្រឡាញ់» ឬ “Valentine’s Day” គឺមានប្រវត្តិចេញពីប្រទេសលោកខាងលិច ដែកគេប្រារព្ធធ្វើនៅថ្ងៃទី១៤ខែកុម្ភៈ ជារៀងរាល់ឆ្នាំ និងជាទម្លាប់ បុណ្យនេះ ​ធ្វើឡើង​ដើម្បីចែករំលែក​​សេចក្ដីស្រឡាញ់ដល់ឪពុកម្ដាយ ក្រុមគ្រួសារ មិត្តភក្ដិ និងមនុស្សជាតិក្នុងពិភពលោក។ ប៉ុន្តែ តាមរយៈឥទ្ធិពលវប្បធម៌បរទេស និង ការអូសទាញពីសំណាក់ការផ្សាយពាណិជ្ជកម្ម​គ្មានក្រមសីលធម៌ ពិធីបុណ្យនេះ ត្រូវបានយុវជនខ្មែរយល់ខុសដោយហៅថាជា «បុណ្យសង្សារ» ទៅវិញ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។