ប៉ះជើង​ថ្មី​ថៃ ម្ចាស់​ខ្សែ​ក្រវាត់ ឆៃ សារ៉ា ​​បាន​ត្រឹម​ស្មើ

ក្នុងជំនួប​ជា​លក្ខណៈអន្តរជាតិ​​កាលពី​ព្រឹកថ្ងៃ​អាទិត្យ​ ទី​​៥​ កុម្ភៈ ​គេកត់សម្គាល់​​​កីឡាករ​ល្បីឈ្មោះ​​របស់​កម្ពុជា ឆៃ សារ៉ា ដែលមាន​​​​​ឈ្មោះ​ជា​ម្ចាស់ខ្សែ​ក្រវាត់​​ផង បានត្រឹមតែ​ស្មើ​ពិន្ទុ​ប៉ុណ្ណោះ ជាមួយ​កីឡាករថៃ​ដែល​​​​​ត្រូវគេអះអាងថា​មិនមែន​ជាជើង​ក្នុង​លំដាប់​ជួរ​​​​មុខរបស់​ថៃ។

​ប៉ុន្តែពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​គេ​ដឹង​ហើយ​ថា​​ស្ថានភាព​បំប៉ន​​​របស់​​​កីឡាករ​​​កម្ពុជា​មិនអាច​ប្រដូច​កីឡាករបរទេសបានទេ។

​កា​រប្រកួតដែល​​បាន​ធ្វើឡើង​នៅលើសង្វៀនទូរទស្សន៍​​អាស៊ីអាគ្នេយ៍​​នេះ ​​​​មានជំនួប​រវាង​កីឡាករ​​​បរទស​​២​​រូបនិងកីឡាករ​កម្ពុជា​​​២​រូប ដោយការ​ប្រកួត​របស់​​គូអន្តរជាតិ​ទាំង​ពីរ​សុទ្ធ​តែ​បាន​ត្រឹម​លទ្ធផល​ស្មើ​គ្នា​នៅ​ចុង​ការ​ប្រកួត​ទាំង​អស់។

យ៉ាងណាមិញសម្រាប់ ​​តក់ សោភ័ណ្ឌ ​មកពី​ម្កុដរាជសីហ៍ ស្មើ​ពិន្ទុជាមួយកីឡាករថៃ​ឈ្មោះ Den Phetchhit​​​​​​ មិ​នមែនជា​រឿង​ចម្លែង​នោះ​ទេ ប៉ុន្តែ​សម្រាប់​លទ្ធផល​ស្មើរវាងកីឡាករ​​​​​​​​ ​ឆៃ សារ៉ា មកពីក្លឹប​​​​ក្រសួង​ការពារជាតិ និង​កីឡាករថៃ​ដែលត្រូវគេដឹង​​ថា​គ្រាន់តែ​​កីឡាករ​​​​​​​​​​​​​​​មិន​ទាន់​ទាំង​មានឱកា​ស​ធ្វើជា​បេក្ខភាព​ក្នុង​ព្រឹត្តិការណ៍​ជម្រុះ​យកខ្សែ​ក្រវាត់​ ទើប​ជា​រឿង​​ចាប់អារម្មណ៍។ ​​

លោក ថៃ អ៊ូ ​អ្នកដឹកនាំ​កីឡាករថៃ​អោយមក​ប្រកួត​បានអះអាងថា​​​​​​កីឡាករ Chhart Chhay ​មិន​មែនជា​កីឡាករ​​​លំដាប់ជួរ​មុខ​នៅ​ក្នុង​ប្រទេសថៃ​នោះទេ ដោយសូម្បីតែ​ការ​ប្រកួត​​​ដណ្ដើម​​ជើង​ឯកណាមួយ​កក៏មិនទាន់​​​មាន​ឱកាសដែរ​ កុំថា​ឡើយ​ឈាន​ដល់​​គ្រង​តំណែង​ជាម្ចាស់ខ្សែ​ក្រវាត់​ដូច​គ្នា​នឹ​ងកីឡាករ ​ឆៃ​ សារ៉ា ដែល​​​​​ទើប​ទទួល​បាន​ខ្សែ​ក្រវាត់​ជើង​ក្នុងប្រភេទទម្ងន់​៦៣,៥គីឡូក្រាម។

​លោក​ថា​អាច​បណ្ដាល​មកពី​​កីឡាករ​របស់​លោ​ក​​ទទួល​ការ​បង្វឹ​កបានច្រើន​ទើបធ្វើអោយ​ការ​ប្រកួត​​​​​​​បញ្ចប់​​៥​ទឹក​​​ជាមួយ​កីឡាករ ​ឆៃ សារ៉ា ​​​​ហើយ​​​​​បាន​ត្រឹម​ស្មើ​គ្នា​។​ ​​​កីឡាករ Chhart Chhay ត្រូវ​បាន​ប្រកាស​ថា​​​​ធ្លាប់​ប្រកួត​​​​​​​៦២លើក ឈ្នះ​​​​៥៧​លើក​​និងចាញ់៥​លើក ​​ប៉ុន្តែ​លោកថា​គេគ្រាន់តែ​ជា​គីឡាករថ្មោង​ថ្មីរបស់ថៃដែល​​មិនទាន់​មានឱកាស​សូម្បី​​ការ​ប្រកួតដណ្ដើម​យកខ្សែ​ក្រវាត់​​នៅ​ប្រទេស​ថៃ​ប៉ុណ្ណោះ។

លោក​បាន​​​ហៅ​ថ្វី​ដៃ​របស់​កីឡាករ​​ខ្លួន​ថាមិនទាន់​ដល់​កម្រិត​​ត្រូវ​​ប៉ះជាមួយ​កីឡាករ​លំដាប់​ៗ​នៅ​ក្នុង​ប្រទេស​ថៃ​បើទោះជា​អាច​ទប់​​​ជាមួយ​ម្ចាស់ខ្សែ​ក្រវាត់​​​ ​ឆៃ​ សារ៉ា ​របស់​កម្ពុជា​ធ្វើអោយមានការ​កោត​សរសើរ​។

លោកនិយាយថា៖ ​«​អាហ្នឹង​(កីឡាករ​Chhart Chhay) ​នៅ​​ថៃ​ចូល​គីឡូគេ​អត់​ទាន់រួចទេ ​តែ​​​​​​ពេល​វា​មកវៃ​ជាមួយ​​​​​អា សារ៉ា មានអី​ម៉ាអែម ​​​​អា សារ៉ា ​​​កុំតែ​បាន​​​​​​​ចុង​ទឹក(មាន​ប្រៀប)តិចទេ កុំអីចាញ់អាបស់​ខ្ញុំ​បាត់​ហើយ​!»។

លោកថា​​​​​កីឡាករ​​ថៃ​​​​បើទោះជាមិនស្ថិត​ក្នុង​កម្រិត​លេខ​​​១និង​លេខ​​២ តែគេមាន​​ការ​បំប៉ន​ច្បាស់​លាស់ ទើប​​​​កម្រិត​ប្រកួត​របស់​ពួកគេ​ពិបាកអោយ​កីឡាករ​កម្ពុជាទប់​ជាប់។

លោកសារភាព​​ថា​កីឡាករថៃ​ដែល​លោក​​​​ដឹក​នាំមកប្រកួត​ទាល់តែ​យូរ​ៗ​ម្ដង ទើបលោកសម្រេច​ចិត្ត​​យកកីឡាករ​លំដាប់​​អោយ​មកប្រកួត ​​ខណៈដែល​​វត្តមានរបស់កីឡាករ​​​កម្រិត​​នោះ​​ ក៏ពិបាក​​​រក​ដៃអោយប្រកួត​នៅ​កម្ពុជា។

លោក​​មិន​​​​ហ៊ាន​យកកីឡាករ​ល្អៗ​​​​​របស់​ប្រទេសថៃ​អោយ​មកប្រកួត​នោះទេ ដោយ​លោកប្រកាស​ថា​​​បើ​ហ៊ាន​​​​ចំណាយ​លុយ​​យកកីឡាករ​​​​​ប្រភេទ​នោះ​​អោយ​មកប្រកួត គឺ​​​នៅ​ស្រុកខ្មែរនឹង​រក​​​ដៃគូ​​ដាក់អត់​បាន។

លោកនិយាយថា​៖ «​​​​​​នៅស្រុកថៃ​ចង់​បាន​កីឡាករ​លំដាប់​ណា​ក៏​បាន​​ដែរ តែ​បើ​​ហ៊ាន​​​យកខ្សែ​ក្រវាត់​ថៃមកប្រកួតជា​មួយ​ខ្សែ​ក្រវាត់​ខ្មែរ​វិញ ខ្ញុំថា​ខ្មាស់​គេ​ ព្រោះ​​ស្រុកគេ​តែ​​​​​ម្ចាស់​ខ្សែ​ក្រវាត់​គឺ​ល្អ​ម្មង អត់​​មាន​​លេងៗ​បានទេ​!»។ ​​

យ៉ាង​ណាក៏​ដោយ​លោក​នៅតែអះអាងថា​កីឡាករ​ ឆៃ សារ៉ា គឺជា​កីឡាករ​ល្អ។

​​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​ធ្លាប់​បាន​បញ្ជាក់ថា​​​​​​​តម្លៃខ្លួនកីឡាករ​ខ្មែរ​ជាហេតុផលលើករណីនេះ តែ​​​​លោក​ថា​មិនអាច​​ដំឡើងខ្ពស់អោយស្មើ​នឹង​បរទេស​បានទេ ​ដោយសារតែ​​​​​​​​​ក្រុម​ហ៊ុនជា​អ្នកឧបត្ថម្ភ​​ចំណាយ​អោយ​ប៉ុស្ដិ៍ក៏មិនច្រើន ដែលអាច​បណ្ដាលមកពី​​​​​ការ​ផ្សព្វ​ផ្សាយ​​​​​ផលិតផលនៅ​ក្នុងព្រឹត្តិការណ៍​ប្រដាល់ក៏​មិនសូវលក់ដាច់​បើធៀប​នឹង​ប្រទេស​របស់ដែលមាន​​​ពលរដ្ឋ​ដល់​​​​រាប់​រយ​លាននាក់មិន​​​​ពិបាកចំណេញ​​។

​យ៉ាងណាមិញលោកថា​​​​កម្រិត​ប្រកួត​របស់​កីឡាករ​កម្ពុជា​ចាត់ទុកថា​ល្អ​ច្រើន​ហើយ​​​បើធៀប​នឹង​អតីត​​កាល​ដែល​​សូម្បីតែកីឡាករ​ថៃ​​​​​​​​​​​ទើប​ប្រកួត​តាម​វត្ត​ក៏ទប់មិនជាប់​នោះ​។ ​

​​​​កីឡាករ ​ឆៃ សារ៉ា បាន​សារភាព​​ថា​​​​កីឡាករ Chhart Chhay ​កណ្ដាប់​​រហ័ស និង​ជំហរ​​រឹង ទើប​លោ​​ក​វាយ​បុ​​​កមិនត្រូវ។

លោក​បានទទួលស្គាល់ថា​​បើ​​​ហ៊ាន​​សម្រុកខ្លាំង​នឹង​ត្រូវ​​​​​​​​កីឡាករ​ជា​គូ​ប្រកួត​​វាយ​សន្ធាប់​​អោយសន្លប់​នោះ​ផង ​ទើប​លោកយល់ថា​មិន​ហ៊ាន​ចូលខ្លាំង ហើយ​​​​​​​​​​​​​​បានត្រឹម​លទ្ធផលស្មើក៏ចាត់ទុក​​​ខ្លួន​ធ្វើ​បានល្អ​សម្រាប់ការប្រកួត​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ