រដ្ឋាភិបាល​ប្ដឹង​ម្ចាស់​អាជីវកម្ម​ជីក​ដី​នៅ​ខេត្ត​កណ្ដាល​ទារ​សំណង​ជំងឺ​ចិត្ត​១០០​រៀល

រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម បាន​ប្ដឹង​ទារ​សំណង ១០០​រៀល​ពី​ម្ចាស់​អាជីវកម្ម​ជីក​ដី​លក់​នៅ​ខេត្ត​កណ្ដាល ដែល​ក្រសួង​នេះ​ចោទ​ថា បាន​ធ្វើ​អាជីវកម្ម​គ្មាន​ការ​អនុញ្ញាត បាន​ជេរ​ប្រមាថ និង​បរិហារកេរ្តិ៍​ជា​សាធារណៈ ប៉ុន្តែ មន្ត្រី​សិទ្ធិ​មនុស្ស​បាន​ជំរុញ​ឲ្យ​មាន​ចំណាត់​ការ​ទៅ​លើ​អាជីវកម្ម​ខុស​ច្បាប់​ដទៃ​ទៀត​ផង។

ក្នុង​ពាក្យ​បណ្តឹងចំនួន​ ២​​ដែល​ផ្ញើរ​ទៅ​កាន់​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កណ្តាលចុះ​ថ្ងៃ​ទី​១ កុម្ភៈ ​លោក ស៊ុយ សែម បាន​ចោទ​លោក រឿង សំអាន និង​ភរិយា​របស់​លោក​ថា បាន​ធ្វើ​អាជីវកម្មជីក​ដី​​នៅ​ឃុំ​ស្វាយរលំ ស្រុក​ស្អាង យកទៅ​លក់ ដោយ​ពុំ​មាន​ច្បាប់​អនុញ្ញាត​នោះ​ឡើយ។

ក្រៅ​ពី​ចោទ​ថា ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ហើយ រដ្ឋ​មន្ត្រី​រូប​នេះ បាន​ចោទ​ម្ចាស់​អាជីវកម្ម​នោះ​ថា បាន​ប្រើ​ពាក្យ​សម្ដី​ជេរ​ប្រមាថ​មន្ត្រី​ក្រសួង​នេះ​ផង​ដែរ អំឡុង​ពេល​មន្ត្រី​ក្រសួង​នេះ​ចុះ​ទៅ​ត្រួត​ពិនិត្យ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា​កន្លងមក។

បើ​តាម​ពាក្យ​បណ្ដឹង​នោះ លោក ស៊ុយ សែម បាន​ទាមទារ​ទៅ​តុលាការ​ខេត្ត​កណ្ដាល ឲ្យ​ផ្ដន្ទា​ទោស​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ ព្រម​ទាំង​ទាម​ទារ​សំណង​ជំងឺ​ចិត្ត ១០០​រៀល។

វីអូឌី​មិន​អាច​ស្វែង​រក​ការ​បក​ស្រាយ​ពី​ម្ចាស់​អាជីវកម្ម​ លោក រឿង សំអាន និង​ភរិយា​របស់​លោក ជុំ​វិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ។

ប៉ុន្តែ ​អ្នក​នាំពាក្យ​សាលា​ដំបូ​ង​ខេត្ត​កណ្តាល ​លោក សំ រិទ្ធីវាសនា បាន​ឲ្យ​វី​អូ​ឌី​ដឹង​ថា ​ស្ថាប័ន​អយ្យការ​មិន​ទាន់​ទទួល​បាន​ពាក្យ​បណ្តឹង​របស់​លោក​រដ្ឋ​មន្ត្រី​ ស៊ុយ សែម នៅ​ឡើយ​ទេ។

លោក​ រិទ្ធីវាសនា ប្រាប់​ថា៖ «ខ្ញុំ​អត់​ទាន់​ដឹង​ម៉េច​ផង ​ព្រោះ​អី​អត់​ទាន់​មាន​សំណុំ​រឿង​អី​អញ្ចឹងណា។ អញ្ចឹង​ខ្ញុំ​អត់​អាច​ឆ្លើយ​បាន​ទេ​ចំពោះ​សំណួរ​ហ្នឹង។ […] ចាំ​មើល​ពាក្យបណ្តឹង​ខាង​ក្រសួង​គាត់​ដាក់​មក​សិន​ចាំ​យើង​គិត​តាម​ក្រោយ​ទៀត​»។

អ្នក​នាំពាក្យ​ក្រសួង​រ៉ែ​ និង​ថាម​ពល​ លោក ស៊ុយ ឌី​ម៉ង បាន​ឲ្យ​ដឹងថា ក្រសួង​បាន​ពន្យាពេល​ក្នុង​ការ​ដាក់​ពាក្យ​បណ្តឹង​មក​ក្នុង​សប្តាហ៍​នេះវិញ ដោយ​ថា ​ក្រសួង​កំពុង​រៀប​ចំ​ឯក​សារ​បន្ថែម​ដើម្បី​តតាំង​ក្តី​នេះ។

លោក​ថា៖ «យើង​កំពុង​រៀប​ចំ​សំណុំ​ឯក​សារ​អត់​ទាន់​បាន​គ្រប់។ ​អញ្ចឹង​ទៅ​ អត់​ទាន់​បាន​ដាក់​ទៅ កំពុង​បង្ហើយអញ្ចឹង​ទៅ​អត់​ទាន់​បាន​ដាក់​ទៅ​តុលាការ។ (ដាក់​ទៅ​)ឆាប់​ៗ​នេះ​ហើយ​ ក្នុង​អាទិត្យ​នេះ​ឯង​យ៉ាង​យូរ»។

​មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគមអាដ​ហុក​​ លោក សឹង សែន​ករុណា គាំ​ទ្រ​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​នេះ ហើយ​លោក​ជំរុញ​ទៅ​រដ្ឋាភិបាល​ឲ្យ​ចាត់​វិធានការ​ស្មើភាព​គ្នា និង​ពេញ​លេញ ទៅ​ម្ចាស់​អាជីវកម្ម​ផ្សេង​ទៀត​នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​មាន​ទាំង​អាជីវកម្ម​បូម​ខ្សាច់ និង​រុក​រក​រ៉ែ​ផង​ដែរ។

លោក​ថា៖ «ចំពោះ​ការ​ជីក​រុក​រក ឬ​ដី​អី​ខុស​ច្បាប់​ទាំង​អស់​នេះ ឃើញ​ថា ​ករណី​នេះ​គួរ​តែ​ក្រសួង​ពិនិត្យ​ទៅ​តំបន់​ផ្សេង​ៗ​ទៀត​ដូ​ចជា​ខេត្ត​មួយ​ចំនួនផង​ដែរ។ យើង​ឃើញ​ហើយ​រឿង​រ៉ែ​នេះ​ មាន​ភាព​អាណា​ធិបតេយ្យ​ផងដែរ​ ជា​ពិសេស​នៅ​ខេត្ត​ព្រះ​វិហារ។ ដូ​ច្នេះ​យើងគាំ​ទ្រ​ចំពោះ​ការ​អនុវត្តបែប​នេះ ហើយ​ចំណាត់​យើង​កុំ​ធ្វើ​តែ​បុគ្គល​ប៉ុន្មាន​រូប​យើង​គួរ​តែ​ធ្វើ​ឲ្យ​ស្នើ​ភា​ពគ្នា​ចំពោះ​បុគ្គល​ទូ​ទាំង​ប្រទេស​»។

ក្រៅ​ពីការ​ជីក​ដី​លក់ អាជីវកម្ម​បូម​ខ្សាច់​ក៏​កើត​មាន​ផង​ដែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បង្ក​ឲ្យ​មាន​ក្ដី​បារម្ភ​អំពី​ការ​បាត់​បង់​ថវិកា​ជាតិ​រាប់​រយ​លាន​ដុល្លារ និង​ផល​ប៉ះ​ពាល់​ខាង​ផ្នែក​បរិស្ថាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ