លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកោតសរសើរដល់ការរីកចម្រើនរបស់រាជធានីភ្នំពេញ ដោយថា លោកមិននឹកស្មានថា ទីក្រុងមួយនេះរីកចម្រើនលឿនបែបនេះនោះទេ។
លោក ហ៊ុន សែន បានបង្ហាញភាពភ្ញាក់ផ្អើលបែបនេះ នៅលើទំព័រហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃនេះ ជាមួយរូបថត៦សន្លឹក បង្ហាញរូបលោកផ្ទាល់ធ្វើដំណើរដោយថ្មើរជើងនៅតាមដងផ្លូវក្បែរវិមានឯករាជ្យ និងទិដ្ឋភាពរាជវាំង អគារវឌ្ឍនៈនៅជាមួយអគារកាណាឌីយ៉ា និងអគារវិមានសន្តិភាព។
លោក ហ៊ុន សែន រៀបរាប់ថា៖ «ភ្នំពេញ ពីមុនជាទីក្រុងខ្មោច តែសព្វថ្ងៃបានក្លាយជាទីក្រុងវប្បធម៍ និងទេសចរណ៍ដ៏ទាក់ទាញបំផុតមួយនៅអាស៊ី។ ខ្ញុំផ្ទាល់មិននឹកស្មានថា ទីក្រុងភ្នំពេញយើងរីកចម្រើនលឿនបែបនេះឡើយ។ អ្វីដែលយើងសម្រេចបានមកទល់ថ្ងៃនេះ គឺដោយសារការខិតខំប្រឹងប្រែងធ្វើដោយខ្លួនយើងផ្ទាល់ គ្មាននរណាមកធ្វើអោយយើងទេ បើយើងមិនប្រឹងដោយខ្លួនយើង»។
លោក ហ៊ុន សែន បានលើកឡើងទៀតថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋដែលមករស់នៅភ្នំពេញបានកើនឡើងជាង ១លាននាក់ ដោយសារតែកំណើនប្រជាពលរដ្ឋច្រើន ទើបធ្វើឲ្យមានការសាងសង់លំនៅដ្ឋាន និងពង្រីកផ្លូវ ស្ពានអាកាសបន្ថែមទៀត ដើម្បីជួយសម្រួលដល់ចរាចរណ៍គ្រប់ប្រភេទ ខណៈចំនួនរថយន្ត និងម៉ូតូវិញ ក៏បានកើនឡើងយ៉ាងខ្លាំងដែរនោះ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យ៉ង់ គឹមអេង បានទទួលស្គាល់ចំពោះការរីកចម្រើននៅទីក្រុងភ្នំពេញបច្ចុប្បន្ន ប៉ុន្តែ លោកថា គម្រោងអភិវិឌ្ឍន៍មួយចំនួន បានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ដោយសារការបណ្ដេញពីលំនៅឋានទាំងបង្ខំផងដែរ។
លោកថា៖ «យើងក៏ឃើញមានបញ្ហាខ្លះ ដែលឃើញមានប្រជាពលរដ្ឋបាត់បង់ដីធ្លីពីការអភិវឌ្ឍ។ អ្នកខ្លះត្រូវបណ្ដេញចេញពីលំឋានជាដើម មានបឹងកក់ បុរីកីឡា។ នេះជារូបភាពនៃផលប៉ះពាលដែរ ហាក់មិនបានបង្ហាញការផ្ដល់ការសម្របសម្រួល ឬការដោះស្រាយសំណងមិនបានសមរម្យដល់គាត់ ឬសំណងមិនបានសមស្រប។ នេះការបញ្ហាពាក់ព័ន្ធនឹងការអភិវិឌ្ឍន៍នេះដែរ»។
ក្រៅពីបញ្ហារំលោភសិទ្ធិមនុស្ស អ្នកឃ្លាំមើលបញ្ហាសង្គមរូបនេះ ក៏បានចង្អុលទៅរកបញ្ហានានានៅទីក្រុងភ្នំពេញផងដែរ ដូចបញ្ហាកកស្ទះចរាចរណ៍ និងការជំនន់ទឹកភ្លៀងនៅរដូវវស្សា ដែលបណ្ដាលមកពីការចាក់ដីលុបបឹងនានានៅក្នុងទីក្រុងនេះ នៅចំពោះមុខគម្រោងអភិវឌ្ឍន៍នានា។
លោកថា៖ «ជាមួយគ្នានោះ យើងឃើញមានបញ្ហាដែរ ទន្ទឹមនឹងការរីកចម្រើន យើងឃើញបឹងមួយចំនួននៅជាយក្រុងភ្នំពេញ ដែលជាការជួយរំដោះទឹកភ្លៀងទឹកជំនន់មួយចំនួនត្រូវបាលលុបអស់ នេះជាឧបសគ្គដែរ ពេលភ្លៀងមកម្ដងៗគឺជាបញ្ហាធ្វើឲ្យមាន ការកក់ស្ទះចរាចរណ៍ជាប្រជាពលរដ្ឋពិបាកធ្វើដំណើរ ឡានម៉ូតូត្រូវរលត់ ដោយសារ លិចទឹក»។
សំណង់អគារខ្ពស់ៗ បានលេចរូបរាងឡើងនៅរាជធានីភ្នំពេញនៅក្នុងរយៈពេលជិត ១០ឆ្នាំចុងក្រោយនេះ ខណៈដែលលំហូរទុនវិនិយោគផ្ទាល់ពីបរទេស បានកើនឡើងខ្ពស់។
របាយការណ៍ក្រសួងដែនដី បានបង្ហាញថា ទុនវិនិយោគលើវិស័យសំណង់នៅកម្ពុជារយៈពេល ១០ខែក្នុងឆ្នាំ ២០១៧ បានកើនឡើងជិត ៣០ភាគរយ បើធៀបទៅនឹងរយៈពេល ១០ខែក្នុងឆ្នាំ២០១៦។
របាយការណ៍ដដែលឲ្យដឹងទៀតថា ក្រុមហ៊ុនឯកជនមានចំនួន ១០៣៨ បានចុះបញ្ជីធ្វើអាជីវកម្មសំណង់នៅក្រសួងមួយនេះនៅក្នុងរយៈពេល ១០ខែកន្លងមកនេះ ក្នុងនោះមានក្រុមហ៊ុនវិនិយោគដោយជនបរទេសចំនួន ៣២៤៕