បក្សកាន់អំណាច គ្រោងប្តឹងសង្គ្រោះជាតិ បើមិនកែសារនយោបាយ

លោក ហ៊ុន សែន (រូបភាពហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

គណបក្សប្រជាជន គ្រោងប្តឹងទៅតុលាការ ក្នុងករណីគណបក្សសង្គ្រោះជាតិ មិនព្រមកែខ្លឹមសារគោល​នយោបាយរបស់ខ្លួន ដែលនិយាយថា «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ»។

ការស្នើឲ្យគណបក្សប្រឆាំង កែសម្រួល​ខ្លឹមសារន​យោបាយនេះ ធ្វើឡើង​មិនដល់មួយសប្តាហ៍ ពោលគឺក្រោយគណបក្ស​សង្គ្រោះ​ជាតិ ​​បានដាក់​ចេញគោនយោបាយ​អាទិភាព៥​ចំណុច​កាល​ពីថ្ងៃ​ទី២មីនា សម្រាប់ការបោះឆ្នោតខែមិថុនា។

នៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្លៃទី៦ខែមីនានេះ អ្នកនាំពាក្សគណបក្សប្រជាជនកម្ពុជា​ បានទាមទារឲ្យ​ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិកែតម្រូវជាបន្ទាន់នូវខ្លឹមសារឃោសនានយោបាយ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» ដោយថាខ្លឹមសារនេះ មានចរិកញុះញុង បង្កហេតុ និងប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរ​ដល់មន្ត្រី​នៅថ្នាក់មូលដ្ឋាន ដែលបានខិតខំបម្រើរាស្ត្រ។

បើតាមសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យ​បក្សកាន់​អំណាច ចាត់ទុកថា ការទាម​ឲ្យបក្សប្រឆាំងកែតម្រូវនេះ គឺដើម្បីរក្សា​បរិយាកាស​នយោបាយឲ្យល្អ ​និងសុខ​សន្តិភាព​ប្រទេសជាតិ។

នៅក្នុងពិធីចែកសញ្ញាបត្រនៅរសៀលថ្ងៃចន្ទនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ ក៏បានរិះគន់ចំៗពាក់ព័ន្ធនឹងសារនយោបាយគណបក្សសង្គ្រោះជាតិនេះដែរ។

លោកមានប្រសាសន៍ថា៖ « […] មិនទាន់ដឹងអីផង បង្អាប់គេទៅហើយ ស្អីអាហ្នឹង ភាសាហ្នឹង ភាសាវាយគេ។ ដកមេឃុំ ដូរមេឃុំ ដូរមេឃុំបម្រើបក្ស​ ដាក់មេឃុំបម្រើរាស្ត្រ! អាមេឃុំបម្រើបក្សរាល់ថ្ងៃហ្នឹង គ្រាន់គណបក្សប្រជាជន […] »។

គណបក្សសង្គ្រោះជាតិ នៅមិនទាន់ប្រតិកម្ម ឬឆ្លើយតបជាផ្លូវការណ៍ណាមួយនៅឡើយទេ ចំពោះការទាមទាររបស់បក្សកាន់អំណាច ដែលថាឲ្យដូរសារនយោបាយនេះ។

ទោះជាយ៉ាងណា នៅក្នុងសេចក្តីប្រកាសព័ត៌មាន​ពីលទ្ធផលប្រជុំគណៈកម្មការអចិន្ត្រៃយ៍​ចេញផ្សាយ​នៅរសៀល​ថ្ងៃចន្ទនេះ គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថាខ្លួនបានកំណត់ផែនការសកម្មភាព ដើម្បីផ្សព្វផ្សាយគោលនយោបាយអាទិភាព៥ចំណុចសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ