លទ្ធផលកំណែទម្រង់របស់រដ្ឋាភិបាលក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣

ទិដ្ឋភាពទីក្រុងភ្នំពេញ (មាស មុនី)

អស់រយៈពេល៤ឆ្នាំមក បន្ទាប់ពីការបោះឆ្នោតជាតិឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជានៅតែទទួលបានសំឡេងអាសនៈរដ្ឋសភាច្រើនគឺចំនួន៦៨ និងបានបន្ដដឹកនាំរដ្ឋាភិបាល សម្រាប់នីតិកាលអាណត្តិទី៥។ ប៉ុន្ដែក្រោយការបោះឆ្នោត គណបក្សប្រឆាំងបានចាត់ទុកលទ្ធផលបោះឆ្នោតថា មានភាពមិនប្រក្រតីមួយចំនួន និងបានដឹកនាំធ្វើមហាបាតុកម្មជាច្រើនកន្លែងនៅទូទាំងប្រទេស ដើម្បីស្នើឲ្យមានការស៊ើបអង្កេតលើលទ្ធផលបោះឆ្នោត។

ក្រោមលេសរក្សាសន្ដិសុខជាតិ អ្នកឃ្លាំមើលថា គណបក្សកាន់អំណាច បានបង្ក្រាបយ៉ាងចាស់ដៃទៅលើក្រុមបាតុករ កម្មករ សកម្មជនបក្សប្រឆាំង ដោយមានទាំងការវាយដំ និងចាប់ខ្លួន ឃុំខ្លួន និងខ្លះទៀតរហូតដល់បាត់បង់ជីវិត។ ទោះជាយ៉ាងណា ស្ថានការណ៍នយោបាយ ដែលតានតឹងនេះបានថយកម្ដៅបន្ដិចម្ដងៗ ក្រោយពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានព្រមព្រៀងបញ្ចប់ជម្លោះនយោបាយនៅថ្ងៃទី២២កក្កដា២០១៤ ដែលបង្កើតឲ្យមានវប្បធម៌សន្ទនា ដោយភ្ជាប់ជាមួយនឹងការសន្យាធ្វើកម្រែទម្រង់ស៊ីជ្រៅមួយចំនួនរបស់រដ្ឋាភិបាលថ្មី តាមការទាមទាររបស់បក្សប្រឆាំង។

នៅដើមឆ្នាំ២០១៤ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសថារាជរដ្ឋាភិបាលនឹងធ្វើកំណែទម្រង់នៅក្នុងក្រសួង-ស្ថាប័នរដ្ឋ ដែលរងការរិះគន់ថា ចាក់ស្រេះទៅដោយអំពើពុករលួយ បក្សពួកនិយម និងភាពអសកម្ម ដូចជា នៅក្នុងវិស័យអប់រំ វិស័យសេដ្ឋកិច្ចនិងសង្គម ការផ្តល់សេវាសាធារណៈ ប្រព័ន្ធយុត្តិធម៌ និងវិស័យសុខាភិបាលជាដើម។

១.ប្រព័ន្ធអប់រំ

ជាទូទៅ ការធ្វើតេស្ដប្រឡងនៅសាលារដ្ឋក្នុងប្រទេសកម្ពុជា ត្រូវបានមជ្ឈដ្ឋានទូទៅមើលឃើញថា មានកំហុសឆ្គងមួយចំនួនផ្នែករដ្ឋបាល និងមានការបន្លំ ឬប្រព្រឹត្តិអំពើពុករលួយនៅពេលប្រឡង ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធអប់រំ និងការអភិវឌ្ឍធនធានមនុស្ស។

នៅខែមករា ឆ្នាំ២០១៤ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសធ្វើកំណែទម្រង់ស្ដីអំពីគោលនយោបាយគ្រូបង្រៀន តាមរយៈការបណ្ដុះបណ្ដាល និងអភិវឌ្ឍអាជីពជាគ្រូបង្រៀន ពង្រឹង​អភិបាលកិច្ចតាមគ្រឹះស្ថាន​អប់រំ និងជម្រុញឲ្យសិស្សដែលប្រឡងជាប់និទ្ទេសល្អចាប់យកជំនាញជាគ្រូបង្រៀន ជាដើម។

លោក ហង្ស ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ បានមានប្រសាសន៍ថា ដើម្បីពង្រឹងវិស័យអប់រំ និងធនធានមនុស្សនៅកម្ពុជា ការប្រឡងសញ្ញាបត្របាក់ឌុប គឺត្រូវឈរលើគោលការណ៍គោរពច្បាប់ តម្លាភាព យុត្តិធម៌ និងសុចរិតភាព។ លោកមានប្រសាសន៍បន្ដថា ក្រសួងអប់រំ បានសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ និងសមត្ថកិច្ចក្រសួងមហាផ្ទៃ ដើម្បីរក្សាសន្ដិសុខសណ្ដាប់ធ្នាប់កំឡុងពេលប្រឡង ព្រមទាំងបើកឲ្យអង្គការសង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធចូលរួមសង្កេតការណ៍ផងដែរ។

ក្រោយអនុវត្តវិធានការទាំងនេះ ជាលទ្ធផល បេក្ខជនដែលបានចូលរួមប្រឡងមធ្យមសិក្សាទុតិយភូមិ បានកើនពី៥៥,៨៨ភាគរយក្នុងឆ្នាំ២០១៥ ដល់៦២.១៨ភាគរយ ក្នុងឆ្នាំសម្រាប់ឆ្នាំ២០១៦។

មជ្ឈដ្ឋានជាច្រើនបានសាទរចំពោះការកែទម្រង់វិស័យអប់រំនេះ ប៉ុន្ដែពួកគេក៏បានរិះគន់អំពីការបន្ដឹងវិន័យ ពេលប្រឡង ដែលថា តឹងរ៉ឹងជ្រុលពេកនាំឲ្យសិស្សានុសិស្សមានការភិតភ័យខ្លាំង។

លោកស្រី អ៊ុក ឆាយាវី ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ បានរិះគន់ថា ទោះបីរដ្ឋាភិបាលបានធ្វើកំណែទម្រង់យ៉ាងនេះក្ដី លោកស្រីថា ប្រព័ន្ធអប់រំនៅកម្ពុជា គឺនៅធ្លាក់ចុះដដែល។

សម្រាប់គោលនយោបាយគាំទ្រដល់គ្រូបង្រៀនវិញ លោកស្រីថា ប្រាក់បៀវត្សរ៍ដែលរដ្ឋាភិបាលថា ដំឡើងឲ្យដល់យ៉ាងតិច៩៥ម៉ឺនរៀលនោះ គឺមិនអាចផ្គត់ផ្គង់ជីវភាពក្រុមគ្រូបង្រៀនបានទេ បើធៀបនឹងតម្លៃទំនិញនៅលើទីផ្សារ ដែលចេះតែឡើងថ្លៃ។

២.ប្រព័ន្ធយុត្ដិធម៌

នៅក្នុងគម្រោងយុទ្ធសាស្ដ្រអភិវឌ្ឍថ្នាក់ជាតិពីឆ្នាំ២០១៤ដល់២០១៨ រដ្ឋាភិបាលបានប្ដេជ្ញាផ្ដោតជាសំខាន់លើកំណែទម្រង់ប្រព័ន្ធយុត្ដិធម៌ ដោយបានបន្ដពង្រឹងការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន-ពង្រឹងគុណភាពដំណើរការនីតិវិធីច្បាប់ និងសា្ថប័នតុលាការ-ធានាឯករាជ្យភាពរបស់ចៅក្រម ព្រះរាជអាជ្ញា និងឧត្តមស្នងការនៃអង្គចៅក្រម និងការជ្រើសរើសធនធានមនុស្ស ដើម្បីមកបំពេញការងារ។

នៅក្នុងរបាយការណ៍ស្ដីពីការវាស់វែងអំពើពុករលួយ សម្រាប់ឆ្នាំ២០១៦ របស់អង្គការតម្លភាពកម្ពុជា ដែលចេញផ្សាយថ្ងៃទី២៨កុម្ភៈកន្លងទៅ បានបង្ហាញថា ក្នុងចំណោមប្រជាពលរដ្ឋដែលគេបានសម្ភាសចំនួនមួយពាន់បីនាក់ (១០០៣ នាក់) ភាគច្រើននិយាយថា អំពើពុករលួយនៅតែកើនឡើងក្នុងស្ថាប័នចំនួន៣ គឺតុលាការ (៥៩ភាគរយ) ប៉ូលិស (៥២ភាគរយ) និងរដ្ឋាភិបាល (៤៤ភាគរយ)។ បើតាមរបាយការណ៍នេះ ស្ថាប័នតុលាការ គឺចាក់ស្រេះខ្លាំងជាងគេ ទៅដោយអំពើពុករលួយ នៅប៉ុន្មានឆ្នាំចុងក្រោយ។

ក្រៅពីមានការរិះគន់លើស្ថាប័នតុលាការថា បានបាត់បង់ឯករាជ្យភាព ដោយសារដិតដាមដោយអំពើពុករលួយនោះ ស្ថាប័នមួយនេះ ក៏ត្រូវបានគេតិះទៀនផងដែរថា មិនអាចនាំយកអ្នកមានអំណាច មកផ្ដន្ទាទោសតាមច្បាប់ ពោលគឺហ៊ានដាក់ទោសតែចំពោះប្រជារាស្ដ្រតូចទាប សាមញ្ញ ធម្មតាប៉ុណ្ណោះ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា លើកឡើងថា ការរិះគន់បែបស្ថាបនា និងតុលា​ការឯករាជ្យ ជាគោលការគ្រឹះនៃការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកលើកឡើងថា បើស្ថាប័ននីតិប្រតិបត្ដិ នៅតែអាចចូលជ្រៀតក្នុងកិច្ចការរបស់តុលាការនោះ លោកថា នឹងធ្វើឲ្យ​ពលរដ្ឋ​បាត់ប​ង់ជំ​នឿកាន់តែខ្លាំង ទៅលើស្ថា​ប័នកំ​ពូលៗ របស់ជាតិ។

លោកថា៖ «នៅក្នុងសង្គមមួយ បើមេដឹកនាំហាក់មិនខ្វល់ខ្វាយ ពីមតិរិះគន់ពីឯករាជ្យភាពរបស់ស្ថាប័នជាតិ នៅពេលនោះហើយវាឆ្លុះបញ្ចាំងថា មេដឹកនាំនោះធ្វើអ្វីក៏ដោយឲ្យតែបានសម្រេចគោលដៅ បើទោះ​បីប្រើ​មធ្យោបាយកខ្វក់ មធ្យោបាយដែល​ធ្វើឲ្យប៉ះ​ពាល់ផលប្រយោ​ជន៍ជាតិក៏ដោយ។​ អញ្ចឹងតាមរយៈ​រុញតុលា​ការ​មិន​ឯករាជ្យបែបនេះ ខ្ញុំគិតថាវាធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នជាតិដ៏ធ្ងន់ធ្ងរ»។

៣.អំពើពុករលួយ

ក្រោយការបោះឆ្នោតឆ្នាំ២០១៣ និងបន្ទាប់ពីមានការិះ​គន់យ៉ាងខ្លាំង​ពីសំណា​ក់អង្គ​ការ​សង្គមស៊ីវិល គណប​ក្ស​ប្រឆាំង និងម្ចាស់ជំនួយ រដ្ឋាភិបាល ត្រូវបានមជ្ឈដ្ឋានទូទៅមើលឃើញថា បានខិត​ខំយ៉ា​ងច្រើន​ នៅក្នុងការប្ដេជ្ញាលុបបំបាត់ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលកំពុងរីករាលដាលខ្លាំង។

នៅក្នុងប្រតិបត្តិការប្រឆាំងអំពើពុករលួយ ដែលធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន ក្រោយពីរដ្ឋាភិបាលប្រកាសធ្វើ​កំណែទម្រង់ អង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនលោក អាំង មាលតី ជាប្រធានសាលាដំបូង​រាជធានីភ្នំពេញ និងក្រឡាបញ្ជីតុលាការកំពូលម្នាក់ និងចាប់ខ្លួន លោក ស៊ុត ឌីណា ដែលជាឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង ដោយចោទពួកគេទាំងនេះថា មានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។

ច្រើនឆ្នាំមកនេះ របាយការណ៍របស់អង្គការតម្លាភាពកម្ពុជា បានបង្ហាញជាបន្តបន្ទាប់ថា អំពើពុករលួ​យ​នៅ​កម្ពុ​ជា នៅតែជាប់ចំណាត់ថ្នាក់អាក្រក់បំផុត បើធៀបនឹងបណ្ដាប្រទេសផ្សេងទៀតលើពិភពលោក ខណៈដែលកម្ពុជា បានបង្កើតឲ្យមានស្ថាប័នពិសេសមួយ ដើម្បីលុបបំបាត់អំពើ​ពុក​រ​លួយ​ក៏ដោយ។

បើតាមរបាយការណ៍អង្គការតម្លាភាព ជាង៤ឆ្នាំមកនេះ រដ្ឋាភិ​បាលកម្ពុជាមិនបានធ្វើឲ្យ​ប្រសើរឡើងនូវការ​ទប់​ស្កាត់អំពើពុ​ករលួយឲ្យមានប្រសិទ្ធភាពទេ ដោយ​អង្គ​កា​​រនេះ​វាយតម្លៃ​ថា​ «កម្ពុជា​នៅ​តែ​ជា​ប្រទេស ​មាន​​អំ​ពើ​​ពុក​រលួយ​ខ្ពស់​ដ​ដែ​ល» បើធៀប​នឹង​ប្រទេស១៧៦ លើពិភពលោក។

បើតាមរបាយការណ៍ថ្មីមួយទៀតរបស់អង្គការដដែលនេះ ឲ្យដឹងថា ក្នុងចំណោមប្រជាពលរដ្ឋប្រមាណជាងមួយពាន់នាក់ ដែលបានផ្ដល់បទសម្ភាសន៍ ក្នុងនោះ មាន​៣៥ភាគរយ យល់ថាអំពើពុករលួយនៅតែកើនឡើង ខណៈ២៨ភាគរយឆ្លើយថា ថយចុះ ចំណែក ៣១ភាគរយទៀត និយាយថា នៅថេរ ឬនៅដដែល។

យ៉ាងណាក៏ដោយ របាយការណ៍ដដែលនេះ បានបង្ហាញពីចំនុចវិជ្ជមានខ្លះដែរ ដោយថា ​ការសូកប៉ាន់ទាក់ទង​នឹងការប្រើសេវាសាធារណៈ ​បានធ្លាក់ចុះ ដោយនៅឆ្នាំ២០១៣ ពលរដ្ឋ៦២ភាគរយថា ពួកគេបានសូកប៉ាន់ដើម្បីធ្វើអត្តសញ្ញាបណ្ណ និងសំបុត្រកំណើត ហើយចំនួននេះ បានធ្លាក់ចុះមកត្រឹម៣០ភាគរយ នៅឆ្នាំ២០១៦។ ដូចគ្នានេះដែរ ពលរដ្ឋ៣៨ភាគរយ ថាខ្លួនបានបង់ប្រាក់សំណូកទៅមន្ទីរពេទ្យ នៅឆ្នាំ២០១៣ ហើយចំនួននេះបានថយចុះមក១៩ភាគរយ នៅឆ្នាំ២០១៦។

នាយកប្រតិបត្ដិអង្គការតម្លាភាព លោក ព្រាប កុល មានប្រសាសន៍បន្ថែមថា កម្រិតអំពើពុករលួយ មានការថយចុះគួរឲ្យកត់សម្គាល់ ពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈ បន្ទាប់ពីពីរាជរដ្ឋាភិបាល​បានប្រកាស​ធ្វើកំណែទម្រង់ស៊ីជំរៅលើវិស័យមួយចំនួន។ ប៉ុន្ដែលោកអះអាងថា ចំពោះកំណែទម្រង់នៅថ្នាក់ជាតិវិញ គឺមា​ន​កម្រិតនៅឡើយ។

លោកថា មូលហេតុនាំឲ្យកម្ពុជានៅមានកម្រិតអំពើពុករលួយខ្ពស់ដូចនេះ គឺបណ្ដាល​មកពី​ការរំលោភ​អំណាចរដ្ឋ ការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុ និងថវិកាជាតិមិនសូវមានប្រសិទ្ធភាព និងការ​រឹតត្បិត​ដល់​សិទ្ធិ​មនុស្ស និងសេរីភាពសារព័ត៌មាន និងថា ជាហេតុធ្វើឲ្យបាត់បង់កំណើនអ្នកវិនិយោគធំៗ។

លោកថា៖ «របាយការណ៍នេះ យើងឃើញថា ការប្រឆាំងអំពើពុករលួយ ដោយការកាត់បន្ថយការសូកប៉ាន់ ឬការទទួលសំណូកពីប្រជាពលរដ្ឋ គឺមានប្រសិទ្ធិភាពគួរឲ្យកត់សម្គាល់ហើយ គ្រាន់ថានេះ​ជាអំពើ​ពុករលួយតូចៗ មួយជ្រុង។ ប៉ុន្ដែតាមរបាយការណ៍ CPI ឬសន្ទស្សន៍វាស់វែងអំពើពុករលួយឆ្នាំ២០១៦ គេផ្ដោតទៅលើអំពើពុករលួយធំៗ ដែលខ្ញុំបាននិយាយពីរឿងប្រព័ន្ធយុត្តិធម៌ ពុករលួយនយោបាយ ការវិនិយោគធំៗ ការគ្រប់គ្រងធនធានធម្មជាតិ ហើយនិងការគ្រប់គ្រងថវិកាជាតិ ពន្ធនាំចេញនាំចូលអាធំៗ ហ្នឹង នៅមិនទាន់មានភាពល្អប្រសើរគួរឲ្យកត់សម្គាល់ទេ»។

លោក ព្រាប កុល បន្ថែមថា ដើមចមមួយទៀត រារាំងដល់ប្រសិទ្ធភាពនៃការទប់ស្កាត់អំពើពុករលួយនោះ គឺជាការគ្រប់គ្រងបែបបក្ខពួក និងគ្រួសារនិយម។ លោកថា អំពើពុក​រលួយប្រភេទនេះ មិនងាយបែកធ្លាយឯកសារពាក់ព័ន្ធ សម្រាប់ឲ្យមន្ត្រីជំនាញ ប្រមូលធ្វើជាសំអាង ដើម្បីចាត់​វិធានកា​រផ្លូ​វ​ច្បា​ប់នោះទេ។

អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន បានច្រាលចោលរបាយការណ៍នេះ ដោយលោកថាមុនធ្វើការចោទប្រកាន់ណាមួយ គួរមានភស្ដុតាងជាក់ស្ដែងមកបញ្ជាក់ឲ្យបានច្បាស់។ លោកបន្ដថា រដ្ឋាភិបាលបាន និងកំពុងអនុវត្តកំណែទម្រង់ស៊ីជម្រៅ ដែលលោកថា គិតមកដល់ពេលនេះ បានទទួលលទ្ធផលគួរជាទីគាប់ប្រសើរ មិនដូចការលើកឡើងនៅក្នុងរបាយការណ៍អង្គការតម្លាភាពនោះទេ។

លោកថា៖ «អាហ្នឹង វាត្រូវបញ្ជាក់ឯកសារពីគាត់មកវិញថាគាត់មានភស្ដុតាងអី ដែលគាត់ចោទគេថាប្រព្រឹត្ដអំពើពុករលួយ យើងមើលឃើញអំពីលទ្ធផលហើយ ការងារក៏កាន់តែមានប្រសិទ្ធិភាព ហើយបង់ប្រាក់កម្រៃក្រៅផ្លូវការ ក៏វាថយចុះ ឬមួយក៏អត់មានតែម្ដង»។

សម្រាប់អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមវិញ គឺ លោកបណ្ឌិត មាស នី បានតិះទៀនថា ចំណាត់ការប្រឆាំង អំពើពុករលួយនៅកម្ពុជា ធ្វើឡើងដោយគ្មានសមធម៌និងថា ត្រូវបានអ្នកនយោបាយយកមកធ្វើជាឧបករណ៍ ដើម្បីផ្តួលដៃ​គូប្រកួតប្រជែងទៅវិញ។

ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយឲ្យកាន់តែមានប្រសិទ្ធិភាព អង្គការតម្លាភាពបានទទូចឲ្យរដ្ឋាភិបាលប្ដេជ្ញាបន្ដធ្វើកំណែទម្រង់នៅថ្នាក់ជាតិ ដោយជម្រុញឲ្យមន្ដ្រីរដ្ឋាភិបាលប្រកាសទ្រព្យសម្បត្ដិ និងបំណុលជាសាធារណៈ អនុញ្ញាតឲ្យពលរដ្ឋចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងអំពើពុករលួយ ដោយគ្មានការភ័យខ្លាច និងធានានូវឯករាជ្យភាពស្ថាប័នតុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ