សមាគម​គ្រូ​បង្រៀនព្រមានធ្វើបាតុកម្មករណីលុបឈ្មោះគ្រូ

ទី​ប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជាឯករាជ្យ លោក រ៉ុង ឈុន និងក្រុមការងារ (ណាត សុភាព)

​សមាគម​គ្រូ​បង្រៀនកម្ពុជាឯករាជ្យ ព្រមានធ្វើបាតុកម្មនៅមុខ​ក្រសួងអប់រំនៅពេលខាងមុនេះ ដោយថា បើក្រសួងមិន​ទទួល​​យក​លោកគ្រូ-អ្នកគ្រូ១៣នាក់ ឲ្យ​បាន​​ចូលបំរើការងារវិញ។

ក្នុង​សន្និសីទសារព័ត៌មានព្រឹកនេះ ​ទី​ប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជាឯករាជ្យ លោក រ៉ុង ឈុន បានថ្លែងថា រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ លោក ហង់ ជួនណារ៉ុន បានលុប​ឈ្មោះលោកនិងអ្នកគ្រូ-លោកគ្រូសរុប​១៣នាក់ ដែលភាគច្រើន​ជា​​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ ស្រុក ខេត្ត ខណ្ឌ របស់អតីតគណបក្សសង្គ្រោះជាតិ​  ចេញពីក្របខណ្ឌ​។ ករណីនេះ​លោក​ថា ជាការសងសឹក ការ​​​រើស​អើង​​នយោ​បាយ និងធ្វើ​ខុស​ពីនីតិវិច្បាប់។

លោក រ៉ុង ឈុន ព្រមានថា បើក្រសួងមិនអនុញាតឲ្យ​ លោកគ្រូ-អ្នកគ្រូ ១៣នាក់បានចូលធ្វើការវិញទេ លោកនឹង​ដឹកនាំធ្វើបាតុកម្មនៅមុខ​ក្រសួង​អប់រំ ដើម្បីទាមទាររកយុត្តិធម៌។

លោកថ្លែងថា «បើយើងដើរតាមនីតិវិធីអស់ យើងនៅមានបន្តទៀតអាចឈានទៅដល់តុលាការផ្នែករដ្ឋបាល យើង អាចឈានដល់ឈរនៅមុខក្រសួងអប់រំលើកបដា…ដើម្បីធ្វើម៉េច ដើម្បីទាមទារនូវអ្វីដែលជាសិទ្ធិរបស់យើង ហើយយើងចង់បានយុត្តិធម៌មួយ ចង់បានការបំភ្លឺជាក់លាក់មួយជុំវិញរឿងនេះ»។

លើសពីនេះទៀត លោក ឈុន ថ្លែងថា ក្រោយពីសន្និសីទ នៅរសៀល​ថ្ងៃដដែល​នេះ សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ដាក់​លិខិតពីរដាច់ដោយឡែកពីគ្នាទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និង​តំណាង​ការិយា​ល័យឧត្តមស្នងការ អង្គការ​សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ឲ្យជួយ​អន្តរាគមន៍​ផង​ដែរ។

អតីតក្រុមប្រឹក្សាខេត្តព្រះសីហនុរបស់គណបក្សសង្គ្រោះជាតិ លោក លី ឌី ដែលអះអាងថា ក្រសួងអប់រំលុប​ឈ្មោះចេញពីក្រខណ្ឌ បានថ្លែងក្នុងសន្និសីទនោះថា ក្រសួងអប់រំលុបឈ្មោះលោកចេញពីក្របខណ្ឌ ដោយមិនបានជូនដំណឹង​ទៅមន្ទីរ និង​ការិយា​ល័យ​​អប់​រំខេត្តនោះឡើយ។ ករណីនេះលោកថា ក្រសួងធ្វើដោយអយុត្តិធម៌ និងខុស​ពីច្បាប់​ស្តីពីសហលក្ខន្តិកៈ​មន្ត្រី​រា​ជការស៊ីវិល ត្រង់មាត្រា៤០ និង៤៧។

លោកថ្លែងថា «ធ្វើការនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសង់តង់គ្នាអត់ ខាងក្រោមនេះអត់ដឹងគេលុបឈ្មោះខ្ញុំផង គេលុបតាំងពីថ្ងៃ៣០ ខែ១ មន្ទីរហៅខ្ញុំចូលធ្វើការថ្ងៃទី២ ខែ២ ឃើញទេ វាមានការបញ្ច្រាសគ្នា… ក្រសួងអប់ធ្វើបំផ្លាញអ្វីដែលជាសម្មិតផលរបស់សម្តេចនាយករដ្ឋមន្ត្រីដែលកំពុងតែខំប្រឹង»។

VODមិនអាចសុំការបំភ្លឺពីរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោក ហង់ ជួនណារ៉ុន និងអ្នកនាំ លោក រស់​ សាលីន បានទេនៅថ្ងៃនេះ ដោយទូរសព្ទចូលមិនមានអ្នកទទួល។​

ច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការពី មានត្រា៤០ ចែងថា មុនឈានទៅដល់ដាក់វិន័យ និង លុបឈ្មោះ មន្រ្តីណាម្នាក់ចេញពីក្រមខណ្ឌគឺត្រូវណែនាំតាមបែបរដ្ឋបាល ដោយហៅមកស្តីបន្ទោសផ្ទាល់ ឬតាមរយៈ ចំណារលិខិត និងព្យួរការងារមួយរយៈសិនជាដើម។ ចំណែកមាត្រា៤៧ ចែងថា មុនបញ្ជូនសុំណុំរឿងមន្រ្តីរាជ ការណាម្នាក់ទៅក្រុមប្រឹក្សាវិន័យសម្រេចចោទប្រកាន់ ត្រូវឲ្យមន្រ្តីរាជការនោះឆ្លើយដោះសារផ្ទាល់មាត់ និង លាយ​លក្ខណ៍ជាអក្សរ ប្រសិនបើពួកគេតវ៉ានិងសេចក្តីណាមួយនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ