បទយកការណ៍៖ កម្ម​ករ​ប្រមូល​សំរាមថា​​​ទទួល​បានការ​គាំទ្រ​សម​រម្យ​តែ​គ្មាន​​សម្ភារ​ការពារ​ខ្លួន​

ក្រុមហ៊ុន​ស៊ិន​ទ្រី (ហ៊ុន សិរីវឌ្ឍន៍)

ភ្នំពេញ​ជារាជធានី​​ជា​មជ្ឈមណ្ឌលពាណិជ្ជកម្ម រដ្ឋបាល​ និង​ទេសចរណ៍​ដែលមានភាពមមាញឹក។ ជា​រាជធានី​នៃ​ប្រទេស​មួយ​ពិត​ណាស់​ត្រូវ​ការ​សោភ័ណភាព និង​ភាព​ស្អាតជាប់​លាប់​ជា​និច្ច​ ហើយ​អ្នក​ដែល​ធ្វើ​ឲ្យ​ទី​ក្រុងរក្សា​បាន​នូវ​កេរ្តិ៍ឈ្មោះ​នោះ ​ពិត​មិនអាច​ខ្វះ​អ្នក​ប្រមូល​សំរាម​នោះ​ទេ។

រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​កម្ម​ករ​មួយចំនួន​ប្រមូល​សំរាមនៅក្រុមហ៊ុន​ស៊ិន​ទ្រីជាក្រុមហ៊ុន​សម្អាតរាជធានី​ លើកឡើង​​ថា ​ពួកគេ​បាន​ទទួល​ការ​គាំទ្រ​ច្រើន​រួម​មាន​ទាំង​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​តាម​រយៈបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) ចំណែកប្រាក់ខែក៏ពួកគេយល់ថា សមរម្យអាចទទួលយកបាន។​

ប៉ុន្តែអ្វី​ដែល​ពួកគាត់​នៅ​តែ​ប្រឈម​នៅ​ក្នុង​ការ​ងារនោះ​ គឺ​កង្វះ​សម្ភារ​ការ​ពារ​ខ្លួន​ដែល​រួម​មាន​ស្រោម​ដៃ ស្បែក​ជើង ខោ​រអាវ​ការ​ពារ និងម៉ាស​​ជា​ដើម​ ពួកគេ​មួយ​ចំនួន​ថា ​ពេល​ខ្លះ​ពួកគេ​ត្រូវ​បាន​មុតដៃជើង ហើយ​ការ​ដក​ដង្ហើម​ស្រូប​ក្លិន​ស្អុយ។

កម្ម​ករ​ប្រមូល​សំរាម​នៅ​ផ្សារ​ក្បែរ​រោង​ចក្រ​មួយ​ជិត​ផ្លូវ​លូ​ប្រាំ ផ្លូវ​វេងស្រេង លោក​ អៀន ទូច ដែល​ទើប​តែ​លើក​បាវ​សំរាម​ដោយ​​​ដៃ​ផ្ទាល់​​បោះ​ចូល​ទៅ​លើ​ឡាន​រៀបរាប់ថា ​លោក​​ចូល​ធ្វើ​ការ​ជា​​អ្នក​ប្រមូល​សំរាមនេះ​​ចាប់​ពី​ឆ្នាំ​២០១៥មក​ ហើយ​ថា​ក្រុមហ៊ុន​បាន​ផ្តល់​សេវា​សុខភាព ក៏​ដូច​ជា​ផ្តល់​នូវ​អត្ថប្រយោជន៍​ផ្សេងៗ​ផង​ដែរ​ តែ​​ចំពោះ​សម្ភារ ​ការពារ​ខ្លួន​ ​ លោក​ថា​ក្រុមហ៊ុន​ពុំ​បាន​ប្រគល់​ឲ្យ​លោក​នោះ​ទេ។ លោក​ថាលោក​ធ្លាប់​មុត​ដៃ​ជា​ច្រើន​ដង​ក្នុង​ពេល​ប្រមូល​សំរាម តែទោះ​ជា​យ៉ាង​លោក​ថា​អ្វី​ដែល​ក្រុម​ហ៊ុន​ផ្តល់​ឲ្យ​សម្រាប់​លោក​គឺ​គ្រប់​គ្រាន់​ហើយ។

[Quote]

ទាំង​ដៃ​ទាំងពីរ​កំពុង​កាន់ដោយ​ផ្ទាល់​​ប្រដាប់​ចូក​សំរាម ​ពុំ​មាន​ម៉ាស់​ការ​ពារ និង​ស្បែកជើង​កវែង​នោះ​ទេ  ខណៈ​ដែល​ស្ថាន​ភាពនៅ​កន្លែង​ធ្វើ​របស់​លោក​ពោរ​ពេញ​ដោយ​សំរាមនោះ លោក កុសល ជាកម្មករម្នាក់ទៀតមាន​អាយុ ​២៥ឆ្នាំ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​វី​អូ​ឌី ​ថា លោក​បាន​បម្រើ​ការ​ជា​អ្នក​ប្រមូល​សំរាម​នេះ​តាំង​ពី​ឆ្នាំ​២០១៥​ ហើយ​ក្រុម​ហ៊ុន​បាន​ទទួល​ខុសត្រូវ​ច្រើន​ចំពោះ​កម្ម​ករចំពោះ​ផ្នែក​សុខភាព តែ​ថា​សម្ភារ​ការ​ពារ​សុខភាពក្រុម​កម្មករ​នៅពុំបាន​ទទួលបាន​នោះ​ទេ។

[Quote2]

ការប្រមូល​សំរាមរបស់ក្រុមហ៊ុន​ស៊ិន​ទ្រី (ហ៊ុន សិរីវឌ្ឍន៍)

ទើប​តែ​អូស​រទេះ​សំរាម​ចេញពី​ម្តុំបន្ទប់​ជួលរបស់​កម្ម​ករ​រោង​ចក្រ កម្ម​ករប្រមូល​សំរាម​​វ័​យ​ចំណាស់​បន្តិច​លោក នូ ទូច មាន​ម៉ាស់​មួយ​ប៉ុណ្ណោះ​ដែល​លោក​ទិញ​ដោយ​ខ្លួន​ឯង​ ​ថា​លោក​មាន​អាជីព​ជា​អ្នក​ប្រមូល​សំរាម​នេះ​ជាង​១២​ឆ្នាំ​ហើយ និង​ថា​ក្រុម​ហ៊ុន​ធ្លាប់​ផ្តល់​ជូន​លោក​នូវ​សម្ភារ​ការ​ពារ​ខ្លួនមួយ​ចំនួន​​ផង​ដែរ​ តែ​រហូត​មក​ដល់​ពេល​នេះ​សម្ភារទាំង​នោះ​បាន​ខូ​ច បាត់​បង់ និង​ខូច​គុណ​ភាព​ប្រើ​ប្រាស់​អស់ទៅ​ហើយ​។

[Quote3]

ទោះ​ជាយ៉ាង​ណា ការ​ធ្វើ​ការ​ដោយ​ផ្ទាល់​ជា​មួយ​នឹង​សំរាម​បែប​នេះបើ​ទោះ​បី​ជា​ពេល​នេះ​កម្ម​ករ​ទាំង​នោះ​ពុំ​ទាន់មាន​បញ្ហា​សុខភាពណា​មួយធំ​ដុំ​ក៏​ដោយ តែ​ផល​ប៉ះពាល់​ដល់​សុខភាព​រយៈពេល​វែង​វា​អាច​នឹង​កើត​មាន​មួយ​ចំនួន​ផង​ដែរ។

ប្រធាន​សមាគម​គ្រូពេទ្យ​គុណ​ធម៌​កម្ពុជា លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី បាន​ពន្យល់ថា ការ​ងារ​ដែល​ប៉ះពាល់​ផ្ទាល់​ទៅ​នឹង​សំរាម​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ច្រើន​ដល់​សុខភាព​របស់​កម្ម​ករ​ទាំង​អស់នោះជា​ពិសេស​ប៉ះពាល់​ដល់​ប្រព័ន្ធ​ផ្លូវ​ដង្ហើម និង​បញ្ហា​ស្បែក​របស់​អ្នក​ដែល​បាន​ប៉ះពាល់​នេះ។

[Quote4]

ច្បាប់​ការ​ងារ​កម្ពុជាមាត្រា ២២៩ ចែង​ថា គ្រប់​គ្រឹះស្ថាន និង​ទី​កន្លែង​ធ្វើ​ការ​ត្រូវ​រក្សា​អោយ​បាន​ស្អាត​ ហើយ​បង្ហាញ​ថា មាន​ល័ក្ខខ័ណ្ឌ អនាម័យ​ និង​សភាព​សុខសប្បាយ​ជា​និច្ច ឬ​ជា​ទូ​ទៅ​ត្រូវមាន​ល័ក្ខខ័ណ្ឌ​ការងារ​ជា​ចាំ​បាច់​សំរាប់​សុខភាព​របស់​កម្ម​ករ​និយោជិត។

ប្រធាន​ការិយាល័យ​អតិថិជន និង​សំ​អាតក្រុង​នៃ​ក្រុម​ហ៊ុន​ស៊ិនទ្រី​លោក អ៊ិត ចិន្តា មាន​ប្រសាសន៍​ថា ក្រុម​ហ៊ុន​មាន​សេចក្តីណែនាំ និង​បទ​បញ្ជាដល់​បុគ្គលិក​អំពី​ការ​ប្រើ​ប្រាស់​ សម្ភារ​សុវត្ថិភាព​នេះ និង​បាន​ជំរុញដល់​កម្ម​ករ​ប្រមូល​សំរាម​ទាំង​អស់អនុវត្តន៍​ផង​ដែរ​កាលពី​អំឡុង​ឆ្នាំ​២០១២ និង​២០១៣ តែ​ពុំ​បាន​សម្រេច​នោះ​ទេ ដោយ​មូល​ហេតុ​មកពី​កម្ម​ករខ្លួន​ឯង​ផ្ទាល់​ពុំ​អាច​ទទួល​យកការ​អនុវត្តន៍​នោះ​បាន។

[Quote5]

គំនរសំរាម (ហ៊ុន សិរីវឌ្ឍន៍)

ទោះ​ជាយ៉ាង​ណា​លោក​ថា ដើម្បី​ជំនួសពី​ការ​មិន​ព្រម​ប្រើ​ប្រាស់​សម្ភារ​សុវត្ថិភាពរបស់​កម្ម​ករ​ ក្រុម​ហ៊ុន​បាន​ជំនួស​មក​វិញ​នូវ​ការ​ធានា​សុខ​ភាព​ដល់​កម្ម​ករ​ទាំង​នោះ។ ដោយ​នៅពេល​មាន​គ្រោះ​ថ្នាក់​ការងារភ្លាម​ៗ​ កម្ម​ករ​ប្រមូល​សំរាម​អាច​មក​រក​គ្លី​និក​សុខ​ភាព​​ដោយ​ឥតគិត​ថ្លៃ​នៅ​ក្រុម​ហ៊ុនផ្ទាល់​ និង​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀតដែល​បាន​ធានា​ដោយ​ច្បាប់​កម្ពុជា។

ក្រុម​ហ៊ុន​ស៊ីន​ទ្រី​ជា​សាខា​មួយ​នៃ​សហ​គ្រាស​កាណាដា ដែល​មានឈ្មោះ​ថា​ស៊ីនទ្រែក និង​ទទួល​បាន​សិទ្ធិ​ផ្តាច់​មុខ​លើ​ការ​ប្រមូល​ និង​ចោលសំរាម​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ចាប់​ពី​ឆ្នាំ​២០០២ បន្ទាប់​ពី​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​រដ្ឋា​ភិបាលរយៈពេល​៤៩​ឆ្នាំ​។

តាម​ការ​អះ​អាង ក្រុមហ៊ុននេះ​​មាន​បុគ្គលិក​-​កម្មករ​សរុប​ទាំង​អស់​ប្រមាណ​ជា ២០០០​នាក់​ ដែល​កំពុង​បំរើ​សេវា​កម្ម​សំអាត ប្រមូល ​និង​ដឹក​ជញ្ជូន​សំរាម សំណល់​រឹង​ដែល​ត្រូវ​បាន​បញ្ចេញ​ចោល​​ប្រហែល​ជា ១៨០០​តោន​ក្នុង​មួយ​ថ្ងៃ។

ក្រុម​ហ៊ុន​នេះ​ធ្លាប់​ត្រូវ​បាន​កម្ម​ករ​ប្រមូល​សំរាម​​ផ្ទុះ​ការ​តវ៉ា​ដំឡើង​ប្រាក់​ខែ និង​អត្ថប្រយោជន៍​ផ្សេង​ៗ​ចំនួន​ ​២​ដង​កាលពី​ឆ្នាំ២០១៤ ការ​តវ៉ា​របស់​កម្ម​ករ​ប្រមូល​សំរាម​ទាំង​នោះមិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ក្រុម​ហ៊ុន​ប៉ុណ្ណោះ​ទេ វា​ក៏​បាន​ធ្វើ​ឲ្យ​សំរា​ម​ជា​ច្រើនក្នុង​រាជ​ធានីភ្នំពេញ​​គរ​ដូច​ភ្នំផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ