ក្រុមអ្នករៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តអបអរបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅខេត្តសៀមរាបឆ្នាំនេះ សង្ឃឹមថាមានអ្នកចូលរួមច្រើនជាងឆ្នាំមុន។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៨ នៅព្រឹកមិញ ប្រធានគណៈកម្មការ និងជាប្រធានក្រុមការងារប្រតិបត្តិ លោក ហ៊ុន ម៉ានី មានប្រសាសន៍ថា លោករំពឹងថានឹងមានអ្នកចូលរួមលើសពីឆ្នាំមុន ដែលឆ្នាំមុនមានអ្នកចូលរួម១លាន៦សែននាក់។
តែទោះជាយ៉ាងណាលោក ហ៊ុន ម៉ានី មិនបានបញ្ជាក់ពីថវិកាចំណាយលើការរៀបចំព្រឹត្តិការណ៍ឆ្នាំនេះទេ។
នេះគឺជាឆ្នាំទី៦នៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលគេតែងតែធ្វើជារៀងរាល់ឆ្នាំនៅក្នុងតំបន់ប្រាសាទអង្គវត្ត ខេត្តសៀមរាប។ ឆ្នាំនេះគេគ្រោងធ្វើចំនួន៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ដល់១៦ មេសា ឆ្នាំ២០១៨ ក្រោមប្រធានបទ «សាទរមរតកដូនតា»៕