មេបក្ស​អំណាច​ខ្មែរ​ថា​វៀតណាម​បោះ​បង្គោលនិង​ដាក់​ទាហាន​ក្នុង​វត្ត​ខ្មែរ​ចំនួន​ពីរ​

បង្គោល​ដែល​វៀតណាម​បោះ​នៅ​ក្នុង​វត្ត​ស្រៃស្ពៃ ក្នុងស្រុក​អូររាំងឪ ខេត្ត​កំពង់ចាម(រូបថតពីគណបក្ស​អំណា​ចខ្មែរ​)

ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ លោក សួន សេរីរដ្ឋា បាន​អះអាង​ថា​វៀតណាម​បាន​បោះ​បង្គោលថ្ម​មួយ​នៅ​ក្នុង​វត្ត​ស្រែស្ពៃ ​ក្នុងឃុំ​គងជ័យ ​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំនិង​ដាក់ទាហានមួយចំនួន​​​នៅ​វត្ត​ត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ក្នុង​ស្រុក​ពញាក្រែក​  ខេត្តត្បូងឃ្មុំ ដោយ​លោកថា​ប្រជា​ពលរដ្ឋ​កំពុង​មា​ន​ការ​ព្រួយ​បារម្ភ។​

លោក សួន សេរីដ្ឋា នៅ​ថ្ងៃ​ពុធនេះ បាន​ដឹកនាំក្រុមការងារគណបក្សអំណាចខ្មែរ ចុះទៅជួបប្រជា​ពលរដ្ឋនិង​ពិនិត្យ​មើល​ស្ថានភាពនៅទីនោះ ក្រោយ​ពី​បាន​ទទួល​ដំណឹង​ពី​ប្រជា​ពលរដ្ឋ​លើ​ការ​បោះ​បង្គោល​នេះ។​ លោក​បាន​ប្រាប់វីអូឌីតាមទូរស័ព្ទក្រោយ​ពី​ការ​ចូលទៅពិនិត្យ​មើល​ថាវៀតណាមពិ​ត​ជា​បាន​បោះបង្គោល​ក្នុង​វត្តស្រែស្ពៃនិងដាក់ទាហាន​នៅ​ក្នុង​វត្តត្រពាំងផ្លុង។ លោក​បន្ត​ថាប្រជា​ពលរដ្ឋ​អះអាង​ថា​​ដីវត្ត​ទាំងពីរនោះ​ជា​ដី​​របស់ខ្មែរ។​ លោក​មានប្រសាសន៍ថា៖ “មិន​មែនជារបៀប​​បង្គោល​ព្រំដែន​ដែល​បោះ​មក​ខ្ពស់​ផុតពីដីអីទេ ជា​បង្គោល​មួយ​ដែល​បោះ​បង្កប់នៅ​ក្នុង​ដី ពលរដ្ឋភ័យ​ឆ្ងល់គ្រប់គ្នា អត់មាននរណា​ហ៊ាន​ប៉ះពាល់អីទេ​”។ លោក​បន្ថែម​ថា៖ “ខ្ញុំមកដល់​គឺនៅក្នុងវត្ត​ស្រែស្បៃ  ក្នុង​ស្រុក​អូររាំងឪហ្នឹង គឺ​​ទឹកដីខ្មែរ​។ ខ្ញុំមកដល់វត្ត​ត្រពាំងផ្លុង ក្នុង​ពញាក្រែក ក៏​នៅទឹកដីខ្មែរ”។​

ពលរដ្ឋម្នាក់​រស់នៅភូមិស្រែស្ពៃ លោក ជុន វ៉ែង ប្រាប់វីអូឌី​ពិត​ជា​មាន​ការ​បោះបង្គោល​ថ្មមួយនៅក្នុងវត្ត​កាលពីឆ្នាំមុន តែ​លោក​ថា​ពលរដ្ឋ​មិន​ដឹង​ថា​នោះ​ជា​បង្គោល​អ្វីនោះទេ។ លោក​មានប្រសាសន៍ថា៖ “បង្គោល​បោះពេល​យប់កាលពីឆ្នាំទៅ ហើយ​ពលរដ្ឋ​ទើប​ឃើញ គ្រាន់តែ​ឆ្ងល់​ថា​បង្គោលអី តែ​គេ​ថា​មិនមែន​បង្គោល​ព្រំដែន​ទេ”។​

វីអូឌី​មិនទាន់អាច​ទាក់ទង​អភិបាល​ខេត្ត​កំពង់ចាម លោក លន់ លឹមថៃនិង​អភិបាល​ខេត្ត​ត្បូងឃ្មុំ លោក ប្រាជ្ញ ចន្ទ បាននៅឡើយទេ។ ​វីអូឌី​ក៏​មិនទាន់អាច​ទាក់ទង​ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាលោក វ៉ា គឹម​ហុង​ បាននៅឡើយទេ ដោយ​លោក​ថា​កំពុង​ជាប់រវល់ ពេល​ទាក់ទងទៅ។ វីអូឌីមិនអាច​សុំការឆ្លើយ​តបភ្លាមៗពីស្ថានទូតវៀតណាមប្រចាំកម្ពុជា​បានដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ