ព្រះសង្ឃនិងដូនជីនៅខេត្តបាត់ដំបងពុលអាហារសង្ស័យមកពីទឹកសណ្ដែក

ព្រះសង្ឃ និងដូនជីជាច្រើននាក់ នៅឃុំមួយ ក្នុងខេត្តបាត់ដំបង បានពុលចំណីនិងក្អួតចង្អោរ បន្ទាប់ពីពួកគាត់បានបរិភាគទឹកសណ្ដែក។

ព្រះសង្ឃ និងដូនជីជាច្រើននាក់ នៅឃុំមួយ ក្នុងខេត្តបាត់ដំបង បានពុលចំណីនិងក្អួតចង្អោរ បន្ទាប់ពីពួកគាត់បានបរិភាគទឹកសណ្ដែក។

លោក ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង បញ្ជាក់ថា កាលពីល្ងាចថ្ងៃពុធម្សិលមិញ មានព្រះសង្ឃ និងដូនជីចំនួន២៥អង្គ នៅវត្តបវេល ស្រុកបវេល ខេត្តបាត់ដំបង បានពុលចំណី រាគរួស និងក្អួតចង្អោរជាបន្ដបន្ទាប់ ដោយអាជ្ញាធរសង្ស័យថា ទំនងបណ្ដាលមកពីពុលទឹកសណ្ដែក។

បើតាមលោក ស ថេត ក្នុងចំណោមអ្នកពុលអាហារទាំង២៥នាក់ មានព្រះសង្ឃ១៤អង្គ និងដូនជី១១នាក់ និងត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពមួយកន្លែង។ ពាក់ព័ន្ធករណីពុលទឹកសណ្ដែកនេះ លោកអះអាងថា ពួកគេគ្មានគ្រោះថ្នាក់ដល់អាយុជីវិតទេ ព្រោះការពុលនេះមានកម្រិតស្រាល។ លោកថា៖ «ពុលទឹកសណ្ដែកនៅបវេល ពុលតិចតួចទេ វាអត់មានគ្រោះថ្នាក់អីទេ ប៉ុន្ដែឥឡូវយើងកំពុងតែស្រាវជ្រាវ»។

ស្នងការ​​​រងនគរបាល​​​ខេត្ត​​​បាត់​​​ដំបង លោក ជេត វ៉ាន់នី ឲ្យ VOD ដឹងបន្ថែមថា កម្លាំងសមត្ថកិច្ចបានប្រមូល និងបញ្ជូនទឹកសណ្ដែកទាំងនោះទៅឲ្យមន្ដ្រីកាំកុងត្រូលត្រួតពិនិត្យបន្ដហើយ ដើម្បីស្វែងរកមូលហេតុពិតប្រាកដ។ ប៉ុន្ដែលោកថា មកទល់ពេលនេះ មិនទាន់មានការឆ្លើយតបយ៉ាងណានោះទេ។

លោកថា៖ «ចំពោះបញ្ហាខាងលើនេះ ខ្ញុំបានគិតហើយ ឥឡូវហ្នឹងគឺថាព្រះសង្ឃ និងយាយជីមួយចំនួន គឺខាងសមត្ថកិច្ចរបស់យើង ស្នងការ និងអធិការ ការិយាល័យជំនាញបានជួយសង្គ្រោះគាត់ ហើយមិនជាធ្ងន់ធ្ងរប៉ុន្មានដែរទេ។ តែដោយឡែក វត្ថុដែលនៅសេសសល់ ដូចជាទឹកសណ្ដែកអីហ្នឹង យកទៅ មកឲ្យកាំកុងត្រូលគាត់ពិនិត្យ ប៉ុន្ដែការឆ្លើយតបដូចជាមិនទាន់មានការឆ្លើយតប»។

បើតាមមន្ដ្រីឲ្យដឹងថា ករណីពុលទឹកសណ្ដែកនេះ ទើបកើតមានជាលើកដំបូង ហើយថា មន្ដ្រីជំនាញនឹងមានវិធានការបន្ដបន្ទាប់ ដើម្បីកុំឲ្យកើតមានជាថ្មី៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។