សមត្ថកិច្ចព្រំដែនរងការចោទថាទារលុយពីពលករធ្វើការស្រុកថៃ

ប្រភពរូបភាពពីគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ

សមត្ថកិច្ចតាមព្រំដែនកម្ពុជាថៃ រងការចោទថា បានទារលុយក្រៅផ្លូវការពីពលករខ្មែរដែលទៅ ធ្វើការនៅ ប្រទេស​ថៃក្នុងម្នាក់ៗប្រមាណ​ពីជាង៣ទៅ៥ម៉ឺនរៀល ខណៈពលករទាំងនោះសម្រុកមកស្រុកខ្មែរវិញ ដើម្បី​ចូលរួមពិធីបុណ្យចូលឆ្នាំ។

គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិចុះផ្សាយថា ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៥ខែមេសា ពលករខ្មែរ ដែល ទៅធ្វើការនៅប្រទេសថៃបានសម្រុកឆ្លងដែនមកស្រុកកំណើតវិញ ដែលមាន​ប្រមាណ​ពី៥០០ ទៅ ៧០០ នាក់ក្នុង១ថ្ងៃ។

ពលករមួយចំនួនបានប្រាប់VODតាមរយៈបណ្តាញសង្គម​ប្រហាក់ប្រហែលគ្នាថា ពួក​គេត្រូវបង់លុយ​ឲ្យសមត្ថ​កិច្ចនៅច្រកព្រំដែន​ម្នាក់ប្រមាណ​៣០០ ទៅ ៥០០បាត ដែលស្នើនឹងជាង ៣០ ០០០រៀល​ទៅ​ជាង​៥០ ០០០រៀល​ ជាថ្នូរបានឆ្លងដែនចូលទឹកដីកម្ពុជា​វិញ​ ដោយថាបើមិនបង់ត្រូវ​សមត្ថកិច្ច​បង្កការ​លំបាក​​​ក្នុង​​​ការបំពេញ​ឯកសារ ដោយថាខុស​នេះ ខុសនោះ ពន្យាពេលដល់ម៉ោង៦ល្ងាច​ជាដើម​។

ទោះជាយ៉ាងណាVODមិនអាចសុំការបំភ្លឺភ្លាមៗពីមន្ត្រីចក្រព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង បានទេ​នៅ​ថ្ងៃនេះ​។

ប៉ុន្តែ​គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិបានដកស្រង់សំដីលោក ហម សំខាន់ ប្រធានគណៈកម្មការ​ច្រកទ្វារ​ព្រំដែនអន្តរជាតិដូងស្រុកកំរៀង ខេត្ត​បាត់ដំបង បំភ្លឺឱ្យដឹងថា ពាក់ព័ន្ធបញ្ហានេះ នគរបាល​ខ្មែរមិន​បាន​ទារលុយទេ។ តែលោកថា ខាង​ថៃ​បាន​ទារ​លុយមួយចំនួនពាក់ព័ន្ធនឹងឯកសារខ្លះ។​

កាល​ពីពេលថ្មីៗនេះ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ លោក​ សុខ ផល បាន​ណែ​នាំ​ដល់នគរបាលអន្តោប្រវេសន៍មិនឲ្យទារលុយពីពលករទេ ហើយត្រូវយកចិត្តទុកដាក់​ក្នុងការ​ជួយ​ដោះ​ស្រាយបញ្ហារបស់ពលករឲ្យបានឆាប់រហ័ស។

អ្នកប្រឹក្សាឯករាជ្យ ផ្នែកសិទ្ធិមនុស្ស លោក សួន​ ប៊ុនស័ក្តិ យល់ថា បើសមត្ថកិច្ចប្រើអំណាចរបស់ខ្លួន ដើម្បី​ទារលុយ​ពីពលករចំណាកស្រុក​មែន នោះជា​អំពើពុក​រលួយ។ លោក​ផ្តល់ជាអនុសាសន៍ថា រដ្ឋាភិ​បាល​​គួរតែចាត់វិធានការលើមន្ត្រីទំាងនោះ ដើម្បីកុំឲ្យប៉ះពាល់ដល់បក្សកាន់អំណាច​។

លោក​ផ្តល់​ជា​យោ​បល់ថា​ «ថ្ងៃនេះរហូតមកទល់ម៉ោងនេះ គឺមន្ត្រីរដ្ឋាភិបាលគួរតែរៀនសូត្រធ្វើការឲ្យបាន ប្រសើរបន្តិចទៅ ព្រោះយើងឃើញថាប្រមុខរដ្ឋាភិបាលក៏ដូចជាស្រែកជេ ស្រែកថាទៅដល់អ្នករាជការច្រើនដែរ ពីរឿងផ្លូវថ្នល់ លូស្ទះជាដើម ហើយបើកាលណាម៉ោងនេះហើយ អ្នករាជការនៅក្រោមការឃុំគ្រងរបស់រដ្ឋាភិបាល នៅតែធ្វើអញ្ចឹង គឺវាប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលជាទូទៅ ហើយវាអាចប៉ះពាល់ទៅដល់បក្សកាន់អំណាចដែលកំពុងដឹកនាំរដ្ឋាភិបាលបច្ចុប្បន្នដែរ ហើយចំណុចនេះរដ្ឋាភិបាលគួរតែមានចំណាត់ការដាក់ទណ្ឌកម្មទៅលើអ្នកប្រព្រឹត្តជំរិតយកលុយពីប្រជាពលរដ្ឋ បើសិនជាមានករណីអញ្ចឹង»។

កាលពីឆ្នាំ​២០១៦​ ក្រសួងការបរទេស​បានឲ្យដឹងថា ​ក្រសួង​បាន​ជួយ​សម្រួល​​ទិដ្ឋាការ​ជូន​ពលករ​-ពល​ការិនី​​​កម្ពុជា ទៅ​ធ្វើ​ការ​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ​ បាន​ចំនួន​ជិត១០ម៉ឺននាក់ (៩៧ ១០២នាក់) បើធៀប​នឹង​​​​ឆ្នាំ​២០១៥ ​មាន​ចំនួន​​ជិត​៧​ម៉ឺន​នាក់។ ចំណែក​​របាយការណ៍ក្រសួងការងារថៃបាន​បង្ហាញថា បច្ចុប្បន្ន​ពល​​រដ្ឋ​ខ្មែរ​ជាង១លាននាក់ ​កំពុងធ្វើការ​ស៊ីឈ្នួល​នៅ​ក្នុង​ប្រទេសថៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ