ក្រុមប្រឹក្សាធម្មនុញ្ញ​បញ្ជាក់ធម្មនុញ្ញភាពនៃ​សេចក្តីព្រាងច្បាប់សហជីព

ក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាក់ថាសេចក្តីព្រាងច្បាប់ស្តីពីសហជីពដែលត្រូវបានរដ្ឋសភានិងព្រឹទ្ធសភាអនុម័តកាលពីខែមេសា ស្របនឹងរដ្ឋធម្មនុញ្ញ។ នេះបើយោងតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦។

ក្នុងសេចក្តីសម្រេចនោះ ក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាក់ថាការសម្រេចនេះជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ាហើយមានអនុភាពអនុវត្តទៅលើអំណាចទាំងអស់ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនិងត្រូវចុះផ្សាយក្នុងរាជកិច្ច។ បើតាមសេចក្តីសម្រេច ក្រុមប្រឹក្សាធម្មនុញ្ញបានពិនិត្យមើលទិដ្ឋភាពច្បាប់និងស្តាប់ការឆ្លើយបំភ្លឺរបស់តំណាងរដ្ឋាភិបាលកាលពីថ្ងៃទី២៧ ខែមេសា។

គួរបញ្ជាក់ថាសេចក្តីព្រាងច្បាប់សហជីពត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី៤ខែមេសានិងព្រឹទ្ធសភាបានពិនិត្យនិងឲ្យយោបល់ឯកភាពទាំងស្រុងដោយឥតកែប្រែកាលពីថ្ងៃទី១២ ខែមេសា។ សេចក្តីព្រាងច្បាប់នេះមិនត្រូវបានបោះឆ្នោតគាំទ្រពីតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិទាំង៥៥រូបនោះទេ។

សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ លោក ព្រហ្ម ញាណវិចិត្រ មានប្រសាសន៍ថាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញចំនួន៨នាក់ក្នុងចំណោម៩នាក់(១នាក់អវត្តមាន)បានសម្រេចបោះឆ្នោតថាច្បាប់នេះមានធម្មនុញ្ញភាព។ លោកបន្តថាច្បាប់ដែលទាក់ទងនឹងអង្គការឬសមាគមនានា រដ្ឋសភាត្រូវបញ្ជូនមកក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យមើលធម្មនុញ្ញភាព។ កុ្រមប្រឹក្សាធម្មនុញ្ញពិនិត្យធម្មនុញ្ញភាពនៃសេចក្តីព្រាងច្បាប់នេះតាមសំណើរបស់ប្រធានរដ្ឋសភា លោក ហេង សំរិន។

មាត្រា១៤០ថ្មីនៃរដ្ឋធម្មនុញ្ញចែងថាបទបញ្ជាផ្ទៃក្នុងរដ្ឋសភា បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានិងច្បាប់រៀបចំអង្គការទាំងឡាយត្រូវតែបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ មុននឹងប្រកាសឲ្យប្រើ។

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានលើកឡើងថាច្បាប់ស្តីពីសហជីពជាច្បាប់គ្មានស្តង់ដារនិងមិនអាចទទួលយកបាន ដោយលោកថាច្បាប់នេះផ្ទុយពីច្បាប់អន្តរជាតិនិងរដ្ឋធម្មនុញ្ញកម្ពុជា ។

[Quote]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ