សង្គមស៊ីវិលបើកយុទ្ធនាការពាក់អាវពណ៌ខ្មៅរាល់ថ្ងៃចន្ទ ទាមទារឲ្យ​ដោះលែងមន្រ្តីសិទ្ធិមនុស្ស​

អង្គការសង្គមស៊ីវិលមួយចំនួននឹងបើកយុទ្ធនាការពាក់អាវពណ៌ខ្មៅ ជារៀងរាល់ថ្ងៃចន្ទ ក្នុងគោលបំណងបង្ហាញពីការរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនិងដើម្បីទាមទារឲ្យមានការដោះលែងសកម្មជនការពារសិទ្ធិមនុស្សនិងអគ្គលេខាធិការរងរបស់គ.ជ.ប ដែលកំពុងជាប់ពន្ធនាគារ។

ប្រធានកម្មវិធីអភិបាលកិច្ចល្អនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក បូ ពៅ មានប្រសាសន៍ថាការបើកយុទ្ធនាការពាក់អាវព៌ណខ្មៅរាល់ថ្ងៃចន្ទនេះ ដើម្បីបង្ហាញពីការមិនពេញចិត្តចំពោះចំណាត់ការរបស់រដ្ឋាភិបាលនិងអង្គភាពប្រឆាំងអំពើពុករលួយក្នុងការចាប់ខ្លួនមន្ត្រីការពារសិទ្ធិមនុស្សចំនួន៤រូបនិងមន្រ្តីគ.ជ.ប លោក នី ចរិយា។ លោកបន្តថាការចាប់ខ្លួនសិទ្ធិមនុស្សនេះធ្វើឡើង ដោយគ្មានភស្តុតាងច្បាស់លាស់។

លោកមានប្រសាសន៍ថា៖ “អញ្ចឹងហើយបានយើងចង់ឲ្យរដ្ឋាភិបាលងាកមកពិចារណាឡើងវិញ ហើយផ្ដល់សិទ្ធិសេរីភាពឲ្យពលរដ្ឋ ព្រោះពួកយើងជាពលរដ្ឋ ជាម្ចាស់ឆ្នោតជាម្ចាស់ប្រទេសយើងចង់ឲ្យមួយមានការដឹកនាំដោយគុណធម៌ ប្រជាធិបតេយ្យនិងនីតិរដ្ឋ ហើយអ្នកដឹកជាអ្នកដឹកនាំដែលមានគុណធម៌ មានទសពិធរាជធម៌ពិតប្រាកដ មិនមែនចង់ចាប់អ្នកណាចេះតែចាប់តាមតែនឹងចិត្តអញ្ចឹងនោះទេ”។

ទោះជាយ៉ាងណាលោកមិនដឹងថាមានអង្គការណាខ្លះចូលរួមនោះទេ តែលោកអំពាវនាវឲ្យអង្គការសង្គមស៊ីវិលជាង២០០០អង្គការ  ដៃគូអភិវឌ្ឍន៍និងប្រជាពលរដ្ឋ ឲ្យចូលរួមពាក់អាវខ្មៅទាំងអស់ដើម្បីទាមទារឲ្យមានការដោះលែងមន្រ្តីសិទ្ធិមនុស្ស។ លោកបញ្ជាក់ថា៖ ”អាវខ្មៅចង់បញ្ជាក់ថាស្រុកយើងអត់មានសិទ្ធិសេរីភាពមនុស្សនិយាយទៅមិនមានសិទ្ធិក្នុងការសម្តែងមតិ ត្រូវបានគេចាប់ ត្រូវបានគេរឹតត្បិត  ហើយអាវព៌ណខ្មៅនេះគឺមានន័យថាយើងដាក់សម្ពាធទៅរដ្ឋាភិបាលឲ្យពិចារណា ហើយដោះលែងពួកគាត់ឲ្យមានសិទ្ធិសេរីភាពឡើងវិញ ពីព្រោះសិទ្ធិសេរីភាពរបស់យើងត្រូវបានគេរឹតត្បិត”។

គួរបញ្ជាក់ថាកាលពីថ្ងៃទី២ ខែឧសភា តុលាការបានសម្រេចចោទប្រកាន់មន្រ្តីការពារសិទ្ធិមនុស្សអាដហុក៤រូប មន្រ្តីគ.ជ.បនិងមន្រ្តីអង្គការសហប្រជាជាតិពីបទសូកប៉ាន់សាក្សីនិងសមគំនិតសូកប៉ាន់។ មន្រ្តីអាដហុក៤ទាំងរូប រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និង លោកស្រី លឹម មុនី។ ចំណែកអតីតបុគ្គលិករបស់អាដហុក លោក នី ចរិយា ដែលទើបតែទទួលបានតំណែងជាអគ្គលេខាធិការរងគ.ជ.ប ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សី(មាត្រា២៩និង៥៤៨នៃក្រមព្រហ្មទណ្ឌ) ដោយសារអង្គភាពប្រឆាំងអំពើពុករលួយបានដឹងពីការពិភាក្សាតាមខ្សែអាត់សំឡេង។

តុលាការក៏បានចោទប្រកាន់មន្ត្រីមួយរូបរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាគឺលោក សឺន សាលី ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សីផងដែរ។ ប្រសិនបើតុលាការផ្តន្ទាទោស អ្នកទាំងអស់នោះអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី៥ឆ្នាំដល់១០ឆ្នាំ។ សង្គមស៊ីវិលជាតិនិងអន្តរជាតិបានថ្កោលទោសការចោទប្រកាន់នេះ។

នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី៩ដែលធ្វើឡើងនៅរាជធានីភ្នំពេញនិងបញ្ចប់កាលពីថ្ងៃពុធ សហភាពអឺរ៉ុបបានស្នើរដ្ឋាភិបាលកម្ពុជាបង្កើតឡើងនិងរក្សាបរិយាកាសមួយ ដែលគណបក្សនយោបាយទាំងអស់និងសង្គមស៊ីវិល អាចដំណើរការដោយសេរីនិងគ្មានការភ័យខ្លាចនិងអំពាវនាវដោះលែងមន្រ្តីសិទ្ធិមនុស្សដែលត្រូវបានចោទប្រកាន់រឿងសូកប៉ាន់សាក្សី។ ជាការឆ្លើយតប រដ្ឋលេខាធិការក្រសួងការបរទេស អ៊ុច បូររិទ្ធ ដែលដឹកនាំកិច្ចប្រជុំនេះបានលើកឡើងថារដ្ឋាភិបាលមិនបានប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីព្យាបាទសង្គមស៊ីវិលនិងបក្សប្រឆាំងនោះទេ។ លោកបញ្ជាក់ថា៖ “សកម្មភាពរបស់តុលាការដែលបានអនុវត្តរហូតមកដល់ពេលនេះ ពុំមែនជាការព្យាបាទឬជាការប្រើប្រាស់តុលាការ ដើម្បីរំខានដល់តួនាទីរបស់គណបក្សប្រឆាំងនោះទេ  ប៉ុន្តែគឺជាសកម្មភាពនៃការអនុវត្តនីតិរដ្ឋ”

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ