អាជ្ញាធរ​ខេត្ត​ក្រចេះ​ជំរុញ​ទៅ​អ្នក​ភូមិ​ឲ្យ​ឈប់​ប្រើ​ប្រាស់​ទឹក​ដែល​សង្ស័យ​ថា​ពុល

រូបភាព៖ ពលរដ្ឋ​មក​ពី​ស្រុក​ចិត្របុរី សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ក្រចេះ បន្ទាប់​ពី​ធ្លាក់​ខ្លួន​ឈឺ​ ។ រូបថត៖ គេហទំព័រ​នគរបាល​ជាតិ

អាជ្ញាធរ​ខេត្ត​ក្រចេះ បាន​ជំរុញ​ទៅ​អ្នក​ភូមិ​នៅ​ស្រុក​ចិត្របុរី ឲ្យ​បញ្ឈប់​ការ​ប្រើ​ប្រាស់​ទឹក​នៅ​តាម​ប្រភព​ធម្មជាតិ​នៅ​ក្នុង​មូលដ្ឋាន បន្ទាប់​ពី​ពលរដ្ឋ ១០​នាក់​បាន​ធ្លាក់​ខ្លួន​ឈឺ និង​ស្លាប់ ហើយ​​អ្នក​ភូមិ ១២១​នាក់​ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​តាម​មន្ទីរ​ពេទ្យ។

ក្នុង​សេចក្ដី​រាយការណ៍​ផ្ញើ​ជូន​ទៅ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង នៅ​ថ្ងៃ​នេះ អភិបាល​ខេត្ត​ក្រចេះ លោក វ៉ា ថន បាន​បញ្ជាក់​ថា អ្នក​ភូមិ​ដល់​ទៅ ១០​នាក់​ហើយ បាន​​ស្លាប់​គិត​ត្រឹម​ថ្ងៃ​ត្រង់​ថ្ងៃ​អាទិត្យ​នេះ បន្ទាប់​ពី​ពួកគេ​មាន​អការ​ក្អួត​ចង្អោ ឈឺ​ពោះ ឈឺ​ក អស់​កម្លាំង ទន់​ដៃ​ជើង វិល​មុខ ថប់​ដង្ហើម នៅ​ក្នុង​ឃុំកន្ទួត។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដាច់​ដោយ​ឡែក​មួយ​ទៀត​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​ក្រចេះ បាន​សង្ស័យ​ថា ពលរដ្ឋ​ទាំង​នោះ​ពុល​សារធាតុ​គីមី​នៅ​ក្នុង​ទឹក ដែល​យក​ចេញ​ពី​ព្រែក​ទេរ ដៃ​អូរ​ព្រែក​ទេរ។

អាជ្ញាធរ​ខេត្ត​ក្រចេះ បាន​ជំរុញ​ទៅ​អ្នក​ភូមិ​ទាំង​នោះ​ឲ្យ​បញ្ឈប់​ការ​ប្រើ​ប្រាស់​ទឹក​មាន​ប្រភព​ពី​ព្រែក​នោះ​ទាំង​អស់ ព្រម​ទាំង​ទឹក​គ្មាន​អនាម័យ​នៅ​តំបន់​នោះ។

ក្រៅ​ពី​ជំរុញ​បែប​នេះ​ហើយ អាជ្ញាធរ​ខេត្ត​ក្រចេះ​ក៏​បាន​អះ​អាង​ថា ខ្លួន​បាន​បញ្ជូន​ទឹក​ស្អាត​ទៅ​ដល់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​ស្រែនន និង​ភូមិ​អាលច។

បើ​តាម​របាយការណ៍​នគរបាល​ខេត្ត​ក្រចេះ ពលរដ្ឋ​ដែល​ធ្លាក់​ខ្លួន​ឈឺ​ទាំង​នោះ សុទ្ធ​តែ​ជា​ជន​ជាតិ​ដើម​ភាគ​តិចព្នង​ស្ថិត​ក្នុង​ស្រុក​ចិត្របុរី។

ករណី​ពុល​អាហារ​បាន​កើត​ឡើង​ម្ដង​រួច​មក​ហើយ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន ដោយ​ព្រះ​សង្ឃ​ដល់​ទៅ​ជិត ១០០​អង្គ​នៅ​ក្នុង​វត្ត​សរសរ​ ១០០ ស្ថិត​ក្នុង​ស្រុក​សំបូរ បាន​ធ្លាក់​ខ្លួន​ឈឺ បន្ទាប់​ពី​ឆាន់​ចង្ហាន់។

របាយការណ៍ក្រសួងសុខាភិបាល ឲ្យដឹងថា ករណី​ពុលចំណីអាហារក្នុងឆ្នាំ២០១៧ កើតមានលើមនុស្ស៩៤៧នាក់ ក្នុងនោះមានមនុស្ស ៤នាក់ បានស្លាប់ដោយសារពុលស្រា ដែលចំនួននេះ បានធ្លាក់ចុះជិត ២០ភាគរយ បើធៀបទៅនឹងតួលេខ​ឆ្នាំ២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ