អ្នក​សង្កេត​ការណ៍​អន្តរជាតិថា​ការ​បោះឆ្នោតនៅកម្ពុជាមិន​គ្រប់​លក្ខខណ្ឌ​ដែល​ចង់​បាន

បណ្តាញ​អាស៊ី​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី បាន​កោត​សរសើរចំពោះ​កិច្ច​ការ​របស់​គជប ក្នុង​ការ​ធានា​ការ​ប្រព្រឹត្តិទៅនៃការ​បោះឆ្នោតឃុំ សង្កាត់ ​កាលពី​ថ្ងៃ​ទី​៤ មិថុនា កន្លង​ទៅ ដោយ​ថាមានភាព​ល្អ​ប្រសើរ ប៉ុន្តែថានៅ​មិន​​​ទាន់​គ្រប់​លក្ខខណ្ឌ​ស្តង់​ដារ​អន្តរជាតិនៅ​ឡើយ​ ។

ក្នុងសន្និសីទនៅព្រឹកនេះ អង្គការអន្តរជាតិនេះ បានអះអាងថានៅមាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ត្រូវ​បាន​ក្រុម​​​​​នេះកត់​សម្គាល់បាន​​ទាំង​អំឡុង​ពេល​ឃោសនា និង​ក្នុងពេល​បោះ​ឆ្នោត។

អគ្គលេខាធិការ និង​ជាប្រធាន​បេសកម្ម​របស់​បណ្តាញ​អាស៊ី​ដើម្បី​ការបោះឆ្នោត​ដោយ​សេរីហៅ​កាត់​ថា អាន់ហ្វ្រែល លោក រូហាន់​ណា ហាត់​ទី​រ៉ាឈឺ មាន​ប្រសាសន៍​ថា​ការ​បោះឆ្នោត​ឆ្នាំ​២០១៧នេះ​កម្ពុជា​ធ្វើ​បាន​យ៉ាង​ល្អ​ប្រសើរ​តែ​ទោះ​ជាយ៉ាង​ណា​បើតា​ម​ការ​សង្កេតការ​របស់​បណ្តាញ​របស់​លោក​បាន​មើល​ឃើញ​ថា​នៅមានបញ្ហាដូចជា ចំណេះ​ដឹង​របស់​មន្ត្រី​បោះ​ឆ្នោត ការទិញ​សន្លឹក​ឆ្នោត ការ​ប្រើ​ប្រាស់​លុយ​ដើម្បីឃោសនាមិន​ស្មើ​គ្នា និង​ការ​ប្រើប្រាស់​​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​ភាព​លំអៀង។ លោកបញ្ហាទាំងនេះ​បាន​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ មិន​ទាន់​គ្រប់​ស្តង់ដារ​អន្តរជាតិបើ​ទោះ​បី​ជាបានប្រព្រឹត្តិ​ទៅ​បាន​រលូន​ក៏​ដោយ​។​

លោក​ថា៖ «គឺ​ហិរញ្ញប្បទាន​យុទ្ធនាការ​គឺ​មាន​សារៈសំខាន់​ជាខ្លាំង ជា​ពិសេស​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រនា​ពេល​ខាង​មុខ​នេះ ខ្ញុំ​គិត​ថា​រឿង​នេះ​មិន​មែន​សម្រាប់​តែកម្ពុជា​ទេ ប្រទេស​នៅ​អាស៊ីភាគច្រើន​ពុំ​មាន​បទ​បញ្ជាសម្រាប់​ហិរញ្ញប្បទាន យុទ្ធនាការ​ទេ គណបក្ស​ដែល​មាន​អំណាច​ហិរញ្ញវត្ថុ​ខ្លាំង គាត់​ទទួល​បាន​ឱកាស​ច្រើន​នឹង​ផល​ប្រយោជន៍​ច្រើន នេះ​គឺ​គោល​បំណង​មួយ​ដែល​យើង​ត្រូវ​តែ​ដោះ​ស្រាយ​ឲ្យ​បាន ខ្ញុំ​មិន​ដឹងថា​យើ​ង​អាច​ធ្វើ​បាន​មុន​ការ​បោះឆ្នោត​ឆ្នាំ​ក្រោយ​នេះ​បាន​ឬ​ក៏​អត់​ទេ​ ប៉ុន្តែ​នេះ​ជា​ចំណុច​ដែល​សំខាន់​ក្រប​ខណ្ឌ​ច្បាប់​នេះ​វាសំខាន់​ណាស់​ហើយ​នេះ​ជាចំងល់​មួយ​ដ៏​ធំ​ធេង​សម្រាប់​ការ​បោះឆ្នោត​ទាំង​អស់ »

បណ្តាញ​នេះ​សង្ឃឹម​ថា​រដ្ឋាភិបាល​កម្ពុជា នឹង​គិត​គូរ​ពី​បញ្ហា​នេះឡើង​វិញ​​ដើម្បីឲ្យ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨ អា​ចប្រព្រឹត្ត​ទៅ​ដោយ​មាន​ស្តង់​ដារ​មួយ​ដែល​ល្អ​ប្រសើរ​ជាង​នេះ។

អ្នក​នាំពាក្យគណបក្ស​សង្គ្រោះ​ជាតិលោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា គណបក្ស​លោក​គាំទ្រ​ទៅ​នឹង​លើក​ឡើង​របស់​អ្នក​សង្កេតការណ៍​អន្តរជាតិនេះ​ដោយ​ថាបទពីសោធន៍នេះនឹងជួយ​ឲ្យមាន​ភាព​ត្រឹមត្រូវ​នៃ​ការបោះឆ្នោត​មួយនាពេល​ខាង​មុខ។ លោកបន្ថែម​ថា គណបក្ស​បាន​ខិត​ខំ​ប្រឹង​ប្រែង​ជា​ខ្លាំង​ក្នុង​បង្កើត​ច្បាប់​ដើម្បីឲ្យ​មាន​ការ​ប្រើប្រាស់​ហិរញ្ញវត្ថុ​របស់​គណបក្ស​នយោបាយ និង​ការ​ឃោសនា​នេះ​ តែ​លោក​ថាកិច្ច​ខិត​ខំ​នេះ​មិន​បាន​ទទួល​លទ្ធផល​ក៏ព្រោះ​តែ​​មិនមាន​ការ​​ចូល​រួម​ពី​បក្ស​ប្រជា​ជន​កម្ពុជា។

លោកថា៖ «មិនមានគម្រោងទេ​! យើងខំប្រឹងធ្វើតាំងតែពីដើមមកក៏ប៉ុន្តែសំឡេងវាមិនគ្រប់ ដូច្នេះហើយបានជាយើងមិនបានបន្តទៅទៀតតែដល់ដំណាក់កាលមួយដែលយើងត្រូវខិតខំទាល់តែមានការគាំទ្រពីគណបក្សកាន់អំណាចអាហ្នឹងបានធ្វើគ្រប់គ្រាន់ពីព្រោះគេមានសំឡេងច្រើន អញ្ចឹកុំផ្តោតទៅលើគណបក្សសង្គ្រោះជាតិខ្លាំងពេក ពីព្រោះទោះជាខិតខំយ៉ាងមិចក៏មិនគ្រប់ ដូច្នេះសុំឲ្យជម្រុញទៅគណបក្សកាន់អំណាចឲ្យបានច្រើជាងគណបក្សសង្គ្រោះជាតិ »

វី​អូ​ឌី​មិន​អាច​ទាក់​ទង​អ្នក​នាំពាក្យ​គណបក្សប្រជា​ជន​ណា​ម្នាក់​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​បណ្តាញអាស៊ី​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​បាន​នៅ​ឡើយ​ទេ។

អ្នក​នាំពាក្យ​រដ្ឋសភា​ជាតិ​លោក​ ឡេង ប៉េងឡុង​ មាន​ប្រសាសន៍​ថារហូត​មក​ដល់​ពេល​នេះ​សភាជាតិ​មិន​ទាន់​បាន​គិត​គូរ​ពី​បញ្ហា​ហិរញ្ញវត្ថុ​សម្រាប់​គណបក្ស​នយោបាយ​សម្រាប់​ការ​បោះ​ឆ្នោតនៅ​ឡើយ​ទេ។ តែ​លោក​ថា​ច្បាប់​បោះឆ្នោត​បាន​ចែង​រួច​មួយ​ចំនួន​ហើយ​តែ​មិន​បាន​ចែង​ជាក់​លាក់។

លោក​ថា៖ «មក​ដល់​ឥឡូវ​នេះ​អត់​ទាន់​មាន​គិត​គូរ​អី​ទេ​ប៉ុន្តែ កន្លង​មក​ដូច​ជា​មាន​ខ្លះ​ហើយ​រឿង​ទាក់​ទង​នឹង​ហិរញ្ញវត្ថុ​ហ្នឹង គឺ​មាន​ក្នុង​ច្បាប់​បោះឆ្នោត​ខ្លះ​ៗ​ប៉ុន្តែ​មិន​កំណត់​ថា​ប៉ុន្មាន​ៗទេ។ គ្រាន់​តែ​មាន​ការ​ត្រួត​ពិនិត្យ​ហិរញ្ញ​វត្ថុ​សម្រាប់​ឃោសនា​បោះឆ្នោត ខ្ញុំ​អត់​បាន​ចាំ​ទេ​ខ្ញុំ​អត់​មាន​ច្បាប់​ហ្នឹងផង! តែ​នេះ​ជាមតិ​របស់​​គាត់​ទេ តែ​ប្រសិន​ជាគណបក្ស​នយោបាយ​ ឬ​ក៏​តំណាង​រាស្ត្រ​ណា​ដែល​គាត់​យល់​ឃើញ​ថារឿង​នេះ ​សំខាន់​គាត់​អាច​ធ្វើ​សេចក្តី​ស្នើច្បាប់ ឬ​សេចក្តី​ព្រាង​ច្បាប់​អី​ដាក់​ជូន​ទៅ​រដ្ឋសភាចំពោះ​ហិរញ្ញប្ប​ទាន​​របស់​គណបក្សនយោបាយ​ក្នុង​ការ​បោះឆ្នោត​ហ្នឹង កន្លងមក​ដូច​ជា​ មាន​ខ្លះ​ហើយ​តែ​មិន​ដឹង​ថា​កំណត់​ប៉ុន្មានៗទេ »

គួ​របញ្ជាក់ផង​ដែរ​ថា ក្នុង​ការ​ឃោស​នា​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ ត្រូវ​បាន​គេ​​​សង្កេត​ឃើញ​ថាគណបក្ស​ប្រជា​ជន​បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​ឃោស​នា​ច្រើន​រួម​មាន​ទាំង​វិទ្យុ​ និ​ង​ទូរទស្សន៍​​ដើម្បី​ផ្សព្វផ្សាយ​ពី​គោល​នយោបាយ​របស់​ខ្លួន ​ ខណៈដែល​ថ្ងៃ​ឃោសនា​ចុង​ក្រោយ​ប្រធាន​បក្សនេះ​លោក​ ហ៊ុន សែន អះអាងថាគណបក្សរបស់លោកជួលស្ថានីយ៍ទូរទស្សន៍ចំនួន៨ផ្សាយផ្ទាល់ ព្រឹត្តិការណ៍ហែបក្សឃោសនា ដែលចំណាយក្នុង១នាទី ៣០០ដុល្លារអាមេរិក​ បើ​សរុប​នៃ​ការ​ផ្សាយ​ផ្ទាល់​​​រយៈពេល​បីម៉ោង​ គណបក្សប្រជា​ជន​ត្រូវ​ចំណាយ​ជាង​៤០​ម៉ឺន​ដុល្លា​អាមេរិក៕  ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ