គ.ជ.ប ព្រមានចាត់វិធានការលើអង្គភាពព័ត៌មាន ដែលផ្សាយលទ្ធផលបោះឆ្នោតមុន គ.ជ.ប

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ព្រមានចាត់វិធានការលើស្ថាប័ននិងអង្គភាពសារព័ត៌មានមួយចំនួន ដែលចុះផ្សាយលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ន មុន គ.ជ.ប ប្រកាស។

ការព្រមាននេះ គឺបន្ទាប់ពីមានបណ្ដាញសារព័ត៌មានគាំទ្របក្សកាន់អំណាចមួយចំនួន ចុះផ្សាយលទ្ធផលបោះឆ្នោតថាគណបក្សប្រជាជនកម្ពុជានៅតែឈ្នះមេឃុំភាគច្រើន។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ឲ្យដឹងថា កាលពីពេលកន្លងទៅ លោកក៏ធ្លាប់ផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានម្ដងហើយ ដោយថា គ.ជ.ប នឹងពិចារណាវិធានការច្បាប់លើអង្គការ គណបក្សនយោបាយ និងបណ្ដាញសារព័ត៌មាន ដែលចុះផ្សាយលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ន មុន គ.ជ.ប ប្រកាសផ្លូវការ ដោយថា វានាំឲ្យមានភាពមិនប្រក្រតី និងធ្វើឲ្យពលរដ្ឋយល់ច្រឡំ។

លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា តាមច្បាប់ មានតែ គ.ជ.ប ទេ ដែលមានសិទ្ធិប្រកាសលទ្ធផលបោះឆ្នោតឃុំសង្កាត់ និងថា បើអង្គភាព ឬស្ថាប័នណាបំពាននោះ លោកថា ពួកគេនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯង។ ប៉ុន្ដែលោកថា គ.ជ.ប មិនទាន់ចេញវិធានការជាក់លាក់ណាមួយទេ ដោយថា ព្រោះកំពុងមមាញឹកប្រមូល និងរាប់សន្លឹកឆ្នោត។

លោកមានប្រសាសន៍ថា៖ «ច្បាប់ចែងឲ្យ គ.ជ.ប ជាអ្នកប្រកាសលទ្ធផល […] ស្ថាប័នទាំងអស់ ទាំងអង្គការមិនមែនរដ្ឋាភិបាល ទាំង Media ទាំងអី ដែលផ្សាយលទ្ធផលចេញ គឺត្រូវទទួលខុសត្រូវខ្លួន​ឯង»។

កាលពីវេលាម៉ោង៩ល្ងាច ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ គឺបន្ទាប់ពីបិទបញ្ចប់ដំណើរបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤​ មិនដល់៦ម៉ោងផង អង្គភាពសារព័ត៌មាន Fresh News ដែលមាននិន្នាការគាំទ្រគណបក្សប្រជាជននោះ បានចុះផ្សាយលើគេហទំព័ររបស់ខ្លួននូវលទ្ធផលបោះឆ្នោតតាមឃុំសង្កាត់ ព្រមទាំងចាក់ផ្សាយលទ្ធផលបោះឆ្នោតតាមឃុំសង្កាត់ តាមទូរទស្សន៍ និងគេហទំព័រផ្សេងៗ។

បើតាមការចុះផ្សាយនោះ អង្គភាព Fresh News បានបង្ហាញលទ្ធផលបោះឆ្នោតតាមឃុំសង្កាត់ ដោយថា គណបក្សប្រជាជនឈ្នះ ១.១៦៣ឃុំសង្កាត់ គណបក្សសង្គ្រោះជាតិឈ្នះ ៤៨២ ឃុំសង្កាត់ និងគណបក្សខ្មែររួបរួមជាតិឈ្នះ១ឃុំ។

នាយកប្រតិបត្តិសារព័ត៌មាន Fresh News លោក លីម ជាវុត្ថា អះអាងថា ការចុះផ្សាយទាំងនេះ គឺប្រមូលបានមកពីភ្នាក់ងារ​ និងប្រភពមួយចំនួនរបស់អង្គភាព ដោយលើកហេតុផលថា វាត្រឹមជាការចុះផ្សាយក្រៅផ្លូវការមួយប៉ុណ្ណោះ។

អំឡុងពេល គ.ជ.ប ប្រមូល និងរាប់សន្លឹកឆ្នោត ក៏មានបណ្ដាញសារព័ត៌មានមួយចំនួនទៀត បានចុះផ្សាយពីលទ្ធបោះឆ្នោតតាមឃុំសង្កាត់ផងដែរ ដូចជា​ សារព័ត៌មាន ដើមអំពិល កោះសន្ដិភាព ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ