បទយកការណ៍៖ ការផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋនឹងធ្វើឲ្យបរិស្ថានសាធារណៈប្រសើរឡើង

កាកសំណល់ដែលចោលនៅតាមមាត់ទន្លេ

មាត់​ទន្លេមុខព្រះបរមរាជ​វាំង​​គឺ​ជា​ទី​កន្លែង​ដ៏​ពេ​ញ​និយម​សម្រាប់​ប្រជាជន​ដែល​កំពុង​រស់​នៅ​រាជធា​នី​ភ្នំពេញ មកអង្គុយជជែកគ្នាលេងកម្សាន្ត ដើរហាត់ប្រាណ ហាត់​ប្រាណជាមួយ​បទភ្លេង ឬហាត់​ប្រាណ​ជាមួយ​ឧបករណ៍ដែល​បាន​ដាក់​អោយ​ប្រើ​ជាសាធារណៈ។ ងាក​ទៅ​មើល​ជ្រុង​ម្ខាង​នៃ​ព្រះ​បរម​រាជវាំងដែល​ជាប់​នឹងសាលចតុមុខ អ្នកនឹងឮសំឡេងអ្នក​លក់ផ្កាឈូក ទៀន​ធូប  ស្លាធម៌ ទ្រហឹងអឺងកងហៅភ្ញៀវដែល​កំពុង​តែ​ស្វែង​រក​ទិញ​វត្ថុទាំងនោះ​មក​ធ្វើ​ជាគ្រឿង​សក្ការៈថ្វាយ​ព្រះអង្គដងកើ អោយ​មកជាវ​របស់ខ្លួន។

ទោះ​បី​ជាមាន​ទី​កន្លែង​សម្រាប់​លំហែស្រស់​ស្អាត​បែប​នេះ​យ៉ាងណា​ក្តី សំរាមនៅ​តែ​ជា​បញ្ហា​​ដ៏ស្មុគ​ស្មាញ​នៅក្នុងសង្គម​មួយនេះ​។ ក្រឡេកមើល​នៅតាម​មាត់​ទឹក​វិញនោះ នឹងបានឃើញសំរាមជាច្រើនដែល​មាន​ដូច​ជា ថង់​ប្លាស្ទិក ប្រអប់​បាយ គ្រឿង​សក្ការៈ​ និង​សម្រាម​រឹង​ជា​ច្រើន​ទៀតត្រូវ​បាន​គេបោះចោល​អណ្តែតពាស​ពេញ​ផ្ទៃទន្លេ ព្រម​ទាំង​មានជះ​ក្លិន​អសោច​ភាយៗមក​ថែម​ទៀត។​

មតិសាធារណៈមួយចំនួនបានបន្ទោសអ្នកដែលមកកំសាន្តនៅទីនោះ  ដែលបោះចោលសំរាមផ្តេសផ្តាស ដោយគ្មានការខ្មាសអៀន ខណៈមតិខ្លះទៀតបន្ទោសអាជ្ញាធរ ដែលមិនបានធ្វើការផ្សព្វផ្សាយអប់រំ ប្រជាពលរដ្ឋឲ្យយល់ដឹងពីការទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ ហើយម្យ៉ាងវិញទៀត មិនទាន់មានធុងសម្រាមដាក់ពង្រាយគ្រប់គ្រាន់។

​គីម​ ដាវីត អាយុ ២០​ឆ្នាំ និស្សិត​ឆ្នាំ​ទី​៥​នៃ​វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុ​ជា ដែលតែង​តែ​មក​អង្គុយ​លេង​កម្សាន្តបានឲ្យ​ដឹង​ដែរ​ថា បញ្ហា​​សម្រាម​​នេះ​គឺអាច​មក​ពី​អាជ្ញាធរ​មិនសូវ​សម្អាត គួប​ផ្សំ​ជាមួយ​និង កង្វះអនាម័យ​របស់​ប្រជា​ជនដែលមកកម្សាន្ត។

សាលា​ក្រុង​ជួន​កាល​តាមតំ​បន់​ខ្លះវាខ្វះ​ធុង​សម្រាម វាអត់មាន​គ្រប់​គ្រាន់ទេ នៅពេល​ប្រជា​ជន​គាត់​ខ្ជិល​ដែរគាត់អត់ឃើញ គាត់​ចោល​ហ្នឹង​ ហើយ​ជួន​កាល​មកពី​ប្រ​ជា​ជន​ផង ខុស​គ្នា​បន្តិច​បន្តួច​គាត់​អត់ទៅ​បោះ​ចោល​ទេ គាត់ហូប​ហើយ​គាត់​ទុក​ហ្នឹង​តែម្តង គាត់​អាង​តែមាន​អ្នក​បោស​សម្រាម គាត់​អត់​គិត​ថាពេលខ្យល់​ប៉ើងឬក៏​រមៀល​ចូល​ទឹក​គាត់​ប្រើ​ប្រាស់​គាត់​អត់​ខ្វល់​ទេ[…]

គីម​ ដាវីត និស្សិត​ឆ្នាំ​ទី​៥​នៃ​វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុ​ជា

ដាវីត​បាន​បន្តទៀត​ថា ប្រជាជន​គួរ​តែ​ដឹងអំពី​ឥរិយាបថរបស់​ខ្លួនទាក់ទិននឹងអនាម័យ​តាម​ទី​សារធារណៈ ដោយ​គួរ​តែមានទំនួលខុសត្រូវ​ខ្ពស់ក្នុងការទុកដាក់សំរាមដែល​ពួក​គាត់​បានប្រើប្រាស់​ហើយ។

សម្រាមដែលបោះចោល តាមបណ្ដោយច្រាំងទន្លេ

និស្សិតវ័យ២០ឆ្នាំម្នាក់ទៀត​មកពីសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ ទី​ កញ្ញា យល់ថា​ការចូលរួមរបស់ប្រជាពលរដ្ឋទូទៅពិតជាមិនអាចខ្វះបាននោះទេ បើទោះជាការសម្អាតកន្លែងកម្សាន្តសាធារណៈទាំងនោះជាទំនួលខុសត្រូវរបស់អាជ្ញាធរក៏ដោយ។​

ក្នុង​នាម​យើង​ជា​ប្រជា​ជន​ យើង​គួរ​តែ​ស្រឡាញ់​បរិស្ថានទាំងអស់គ្នា​ដោយ​សារយើងរស់​នៅ​ជាមួយ​បរិស្ថាន​ជុំ​វិញ​ហ្នឹង ចឹង​ប្រសិន​បើ​យើង​បំ​ផ្លាញ​វា សួរ​ថាតើ​នៅ​ពេល​ដែល​យើង​រស់នៅ​ជាមូយវា​មាន​ផល​ប៉ះ​ពាល់អី? ចឹង​នៅ​ពេល​ដេកយើង​ដើរក៏​ដោយ ឬក៏​យើង​នាំ​សត្វ​ក៏​ដោយ បើមាន​សម្រាម​ ឬក៏​អី​គួរ​តែយើង​ខ្ចប់​យកបោះ​ចោល​ទៅ​ក្នុង​ធុង​សម្រាមកុំអោយ​វា​ប៉ះ​ដល់​បរិស្ថាន ឬ​ទឹក​ដែល​យើង​ប្រើ​ប្រាស់​រាល់​ថ្ងៃ

និស្សិតវ័យ២០ឆ្នាំម្នាក់ទៀត​មកពីសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ ទី​ កញ្ញា

សន្តិសុខខណ្ឌ​ដូន​ពេញម្នាក់ដែលកំពុងប្រចាំការនៅគោល​ដៅច្រាំង​ទន្លេបានប្រាប់​អ្នកយកព័ត៌មានវីអូឌីថា​ ​សាលា​ក្រុងភ្នំពេញ​ក៏ដូចជាសាលាខណ្ឌដូនពេញបានយក​ចិត្ត​ទុក​ដាក់យ៉ាង​ខ្លំាងចំ​ពោះ​បញ្ហា​អនាម័យ​នៅ​ម្តុំនោះ ប៉ុន្តែ​គួរ​អោយ​សោក​ស្តាយ​ ​ដែល​​ប្រជាពល​រដ្ឋ​មក​កម្សាន្ត​ហាក់​ដូច​មិន​សូវ​​សហការ​ដើម្បី​ឲ្យ​បរិស្ថាននៅ​ទី​នោះប្រសើរ។

អង្គុយ​សម្លឹង​មើល​ភ្ញៀវ​ទេសចរណ៍បណ្តើរ ហៅ​ម៉ូយ​ថត​រូប​បណ្តើរ​ លោក​ ថន លីន ជា​អ្នក​ថត​រូប​នៅមុខព្រះមរមរាជ​វាំងវិញ ​បាន​អោយ​ដឹង​ថា អនាម័យ​នៅ​ម្តុំ​នេះ​នៅ​មាន​កម្រិតដោយ​សារ​តែទាំងអ្នកលក់​និង​អ្នក​ដើរ​កម្សាន្ត​មិនបាន​ចូល​រួមថែ​រក្សាបរិស្ថាននិង​អនាម័យ។​​​គាត់​បាន​ឲ្យ​ដឹង​ទៀត​ថា​សម្មភាព​ការងារ​របស់អាជ្ញាធរមាន​ជា​រៀង​រាល់​ថ្ងៃ​មិន​ដែល​ខាននោះ​ឡើយ ពោល​គឺ​ពួក​គាត់​មកបោសនិងបាញ់​ទឹក​សម្អាតជា​រៀងរាល់ថ្ងៃ។

គេ(សាលារាជធានី)ចុះមករាល់ថ្ងៃហ្នឹង រាល់​ដង​ខាងសាលាខណ្ឌ​អីហ្នឹងគេមកគេ​បាញ់​ទឹក​សម្អាត​ឡើង​ពេញ​ហ្នឹង ចឹង​ហើយ​គេ​នៅ​តែ​ចាប់​អ្នក​លក់​ចាប់​អី​រហូតព្រោះ​អ្នកលក់​អត់​មាន​អនាម័យ ដូច​ជា​លក់​ប្រហិត វាមានចង្ក្រានហ្គាសអីចឹង​ទៅ វាអាច​ជា​ខ្លាញ់ជាអី​ចឹង​ទៅ

លោក​ ថន លីន ជា​អ្នក​ថត​រូប​នៅមុខព្រះមរមរាជ​វាំង

​អ្នក​នាំពាក្យ​សាលា​ក្រុង​ភ្នំ​ពេញ លោក ម៉េត ​មាស​ភក្តី  ​បានមានប្រសាសន៍ថា សាលារាជធានីភ្នំពេញយក​ចិត្ត​ទុក​ដាក់​ជាមួយ​បញ្ហាសម្រាមនេះយ៉ាង​ខ្លាំងជាពិសេស​ច្រាំងទន្លេ ដោយសហការជាមួយក្រុមហ៊ុនឯកជនផងដែរ។​

[…] ជា​ធម្មតា​ប្រចាំ​ថ្ងៃ គឺ​យើង​មាន​ក្រុមធ្វើ​ការងារ​ទាំង​ការ​ងារ​ត្រួត​ពិនិត្យទាំង​ការងារ​សម្អាត​ជា​ប្រចាំ​ផង​ដែរ។ ហើយ​កន្លង​មក​យើង​ឃើញ​ថា​បញ្ហា​សម្រាម ក៏​ត្រូវបាន​កាត់​បន្ថយ​ច្រើនបើ​ប្រៀប​ធៀបជាមួយ​នឹង​រយៈពេល​ពី​អតី​តកាល ​មាន​ន័យ​ថា​យើង​ទទួល​ស្គាល់ការ​បោះ​សម្រាម​ផ្តេសផ្តាស​ក៏​ដូច​ជា​ឥរិ​យាបថមួយចំ​នួន​របស់ប្រជា​ជន​កម្ពុជា​ មួយ​ចំនួនក៏​នៅ​មិន​ទាន់​បានល្អ​ប្រ​សើរ​ក្នុង​ការទុក​ដាក់​សម្រាម ក៏​ប៉ុន្តែឃើញ​ថាមាន​ការចូល​រួម​ច្រើនហើយ​កាត់​បន្ថយ​ច្រើន​ផង​ដែរ[…]

អ្នក​នាំពាក្យ​សាលា​ក្រុង​ភ្នំ​ពេញ លោក ម៉េត ​មាស​ភក្តី

លោក​បាន​បន្តអោយ​ដឹង​ថា​ខាង​សាលា​ក្រុង​មាន​សន្តិ​សុខ​ខណ្ឌ​ក៏​ដូច​ជា​សន្តិសុខ​តំបន់​ច្រាំង​ទន្លេ ហើយជារឿយ​ៗ​តែង​តែ​ចុះ​ទៅផ្សព្វ​ផ្សាយ​អប់រំ​ដល់​ប្រ​ជា​ជន​នៅតំ​បន់​នោះ ក៏​ដូច​ជាតាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយផ្សេងៗ ឲ្យ​យល់​ដឹង​ពី​ការ​ថែ​រក្សាអនាម័យតាម​រមណីយដ្ឋាន​​​​​​ក៏​ដូច​ជា​ការថែរក្សាអនាម័យ​ទូ​ទៅ។

សំណល់សំបកដូង និងសម្រាមមួយចំនួនទៀត ដែលបោះច្រោលនៅច្រាំងទន្លេ

នៅឆ្នាំ​២០១៥ រដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពី ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន​​​​ហើយក្នុងមាត្រា៤២​​​ បានចែងថា ចំពោះអ្នកដំណើរ អ្នកទេសចរណ៍ណា​ដែល​បាន​បោះ​សម្រាម​ សំណល់​រឹង​ទី​ប្រ​ជុំ​ជននៅ​លើ​ទី​សាធារណៈ តាម​ដង​ផ្លូវ ទី​វាល​ដី​កម្មសិទ្ធ ឬកន្លែង​ដែលរដ្ឋបាល​រាជ​ធានី​ ក្រុង ស្រុក ខ័ណ្ឌ ហាមឃាត់​ការ​បោះ​ចោលសម្រាម​ សំណល់​រឹង​ទី​ប្រ​ជុំ​ជន ត្រូវ​ទទួល​ការ​ពិន័យ ២០.០០០ រៀល ហើយត្រូវប្រមូល សំអាត យកទៅដាក់ធុងសំរាមសាធារណៈ។

ឆ្លើយតបទៅនឹងការអនុវត្តអនុក្រឹត្យនេះដែរ លោក ​មាសភក្តី បានប្រាប់ថា អាជ្ញាធរបាននឹងកំពុង​ផ្សព្វ​ផ្សាយ​អប់​រំពលរដ្ឋ​អំពីការទុកដាក់សម្រាម តែត្រូវការពេលវេលាដើម្បីអប់រំ ​​និងផ្លាប់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋ មុនឈានដល់ការផាកពិន័យ។

តែទោះ​ជាយ៉ាងណា​ក៏​ដោយ​ការ​អនុវត្តវិធានការ​ច្បាប់ក្រោយ​ពី​យើង​អប់រំ​ផ្សព្វ​ផ្សាយអោយ​បាន​មួយ​រយៈហើយ បើយើង​មើល​ឃើញ​ថា​នៅ​តែមានបង​ប្អូន​របស់​យើង​ដែល​មិន​យក​ចិត្ត​ទុក​ដាក់ ឬក៏នៅ​តែ​ចោល​សម្រាម​ផ្តេសផ្តាស​ទៀតនោះ ការ​អនុវត្ត​វិ​ធាន​ការណ៍ច្បាប់ក្នុង​ការ​ផាក​ពិន័យ​នោះក៏​នឹង​ត្រូវ​បាន​រៀប​ចំ​ដែរ

អ្នក​នាំពាក្យ​សាលា​ក្រុង​ភ្នំ​ពេញ លោក ម៉េត ​មាស​ភក្តី ​

វីអូ​ឌី​មិន​អាច​ទាក់​ទងសុំការ​បំភ្លឺពី ​លោក សៅ សុភាពអ្នក​នាំពាក្យក្រសួង​បរិស្ថាន បាន​ឡើយ។

យោងតាមរបាយការណ៍ក្រុមហ៊ុនស៊ីនទ្រីបានបង្ហាញថា ក្នុងមួយថ្ងៃក្រុមហ៊ុនប្រមូយសំរាមជាង២០០០​​​តោន នៅក្នុងទីក្រុងភ្នំពេញ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ