រដ្ឋាភិបាលច្រានចោលព័ត៌មានពីការផ្អាកគម្រោងសាងសង់ព្រលានយន្តហោះនៅខេត្តកណ្ដាល

រូបភាព៖ បណ្ដាញសង្គម

រដ្ឋលេខាធិការដ្ឋានអាកាសចស៊ីវិលបញ្ជាក់ថា គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីមួយនៅខេត្តកណ្ដាល មិនបានផ្អាកដូចព័ត៌មានដែលលេចឮទេនោះទេ។

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបញ្ជាក់ថា គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីមួយនៅខេត្តកណ្ដាល មិនបានផ្អាកដូចព័ត៌មានដែលបានលេចឮនោះទេ។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក កែវ ស៊ីវន ថ្លែងប្រាប់ VOD នៅព្រឹកនេះថា គម្រោងសាងសង់មិនមានអ្វីប្រែប្រួលទេ ហើយលោកមានការងឿងឆ្ងល់ពីព័ត៌មានដែលថាផ្អាកនេះដែរ។

ដូចជាអត់មានស្អីថ្មីផង វានៅតែដដែល! ហើយPolicyរបស់រដ្ឋាភិបាលនៅតែដដែល ហើយខាងក្រុមហ៊ុនក៏អត់មានអីប្រែប្រួលដែរ គឺផែនការគាត់ទៅមុខរហូត។ ខ្ញុំក៏ឆ្ងល់ដែរថា ព័ត៌មានដែលលេចឮថាផ្អាកអីហ្នឹង មិនដឹងឮពីណាមក? មានគេសួរច្រើនដែរ ហើយខ្ញុំក៏អត់មានអីអំណះអំណាងអីក្រៅពីហ្នឹងដែរ ព្រោះដំណើរការគេកំពុងតែទៅមុខ រៀបចំឯកសាររៀបចំអីអញ្ចឹងទៅណា! ហេតុអីក៏ឮសូរថាមានការផ្អាក ខ្ញុំវាឆ្ងល់ដែរ?

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចស៊ីវិល លោក កែវ ស៊ីវន

លោក កែវ ស៊ីវន ប្រាប់បន្ថែមថា បច្ចុប្បន្នកំពុងធ្វើការសិក្សាប្លង់រួមដែលជួលអ្នកជំនាញមកពីប្រទេសអង់គ្លេស និងសិក្សាពីផលប៉ះពាល់ដើម្បីដាក់ជូនរដ្ឋាភិបាលពិនិត្យបន្ត។ លោកបញ្ជាក់ថា ព្រលានយន្តហោះខ្នាតអន្តរជាតិបែបនេះ ត្រូវការពេលប្រហែលពីពីរទៅបីឆ្នាំ ទើបសាងសង់រួច។

កាលពីខែធ្នូឆ្នាំមុន រដ្ឋាភិបាលបានសម្រេចសាងសង់អាកាសយានដ្ឋានលំដាប់អន្តរជាតិថ្មីមួយ ដែលមានទីតាំងនៅក្រុងតាខ្មៅ និង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលលើផ្ទៃដីទំហំប្រមាណ ២ ៦០០ហិកតា និង គ្រោងចំណាយប្រាក់ ១ ៥០០លានដុល្លារ។

ថវិកានេះបានមកពីប្រាក់កម្ចីធនាគារបរទេសចំនួន ១ ១០០ លានដុល្លារ កម្ចីពីភាគទុនក្រុមហ៊ុន OCIC ចំនួន ២៨០លានដុល្លារ និងដើមទុនចុះបញ្ជីចំនួន ១២០លានដុល្លារ ក្នុងទុនវិនិយោគទាំងនោះមាន ៩០ភាគរយជារបស់ក្រុមហ៊ុន OCIC និង ១០ភាគរយទៀត ជារបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល តំណាងរាជរដ្ឋាភិបាលកម្ពុជា។

បច្ចុប្បន្នកម្ពុជាមានព្រលានយន្តហោះអន្តរជាតិ ធំៗចំនួន៣ហើយ ដែលមានទីតាំងនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។