ស៊ឹម សូលីកា ​ទទួល​តម្លៃខ្លួនថតភាពយន្ត​​​​​​​​​​​​ស្មើ​ ​​អម្ពរ ទេវី ​

អ្នក​នាង​ស៊ឹម សូលីកា កាលពីកន្លងទៅ​

គ្មានអ្នកណាមិនភ្ញាក់ផ្អើលនោះទេ ក្នុងពេលដែលពិធីការិនីល្បីឈ្មោះអ្នកនាងស៊ឹម សូលីកា បានសម្រេចចិត្តត្រឡប់មកកាន់ការសម្ដែងជាថ្មី បន្ទាប់ពីអ្នកនាងលាឈប់អស់ប្រមាណ១២ឆ្នាំ។ ជាមួយការបង្ហាញខ្លួនជាថ្មីនេះ អ្នកនាងក៏ត្រូវបានទម្លាយថាទទួលបានកម្រៃចុះថតប្រហាក់ប្រហែលនឹងអ្នកនាងអម្ពរ ទេវី ផងដែរ ដោយគ្រាន់តែខុសគ្នារឿងអ្នកនាងអម្ពរ ទេវី ទទួលបានការចំណាយលើថ្លៃសំបុត្រយន្តហោះប៉ុណ្ណោះ។

អ្នកនាងស៊ឹម សូលីកា បានអះអាងថាការសម្រេចចិត្តចូលសម្ដែងក្នុងរឿង«ទឹកចិត្តម្ដាយសម័យថ្មី» អោយអ្នកស្រីពាន់ ភួងបុប្ផា គឺមិនមែនក្នុងន័យត្រឡប់ចូលការសម្ដែងដូចដើមនោះទេ ប៉ុន្តែគឺមកពីខ្សែរឿងនោះអ្នកនាងជឿជាក់លើស្នាដៃរបស់អ្នកដឹកនាំរឿងនិងដោយសារតែតារាចាស់រួមមានអ្នកនាងអម្ពរ ទេវី ជាដើម ក៏បានស្ម័គ្រមកសម្ដែងរឿងនេះដែរប៉ុណ្ណោះ ទើបអ្នកនាងសុខចិត្តទទួលសម្ដែង។ អ្នកនាងបញ្ជាក់ថាការសម្ដែងលែងជាជម្រើសរបស់អ្នកនាងដូចមុនទៀត នៅក្នុងកាលទេសៈដែលអ្នកនាងមានការងារច្រើនជារៀងរាល់ថ្ងៃ ក្នុងការដឹកនាំនិងធ្វើជាពិធីការិនីនៅទូរទស្សន៍បាយ័ន។ អ្នកនាងបានចាត់ទុកថាការបង្ហាញខ្លួនក្នុងរឿង«ទឹកចិត្តម្ដាយសម័យថ្មី»គឺជាការបើកឆាកស្នាដៃក្រោយពីបានលាឈប់ពីការសម្ដែងក្នុងរឿងចុងក្រោយគឺ«នេសាទក្រពើ»កាលពីឆ្នាំ២០០២ ហើយក៏អាចជាស្នាដៃចុងក្រោយសម្រាប់វិស័យភាពយន្ត។ អ្នកនាងនិយាយថា៖ “ខ្ញុំមកសម្ដែងរឿងហ្នឹង គឺគ្រាន់តែចង់ទុកស្នាដៃមួយជាមួយតារាចាស់ៗតែប៉ុណ្ណោះ បើរឿងប្រឡូកសិល្បៈវិញប្រហែលអត់ច្រើនជាង ដោយសារពេលនេះយើងចាស់ហើយ ហើយក៏មិនចង់ប្រជែងជាមួយក្មេងៗអីទៀតដែរ!”។ អ្នកនាងបដិសេធមិនបញ្ជាក់អោយដឹងពីតម្លៃខ្លួនក្នុងពេលដែលអ្នកនាងត្រូវបានគេដឹងជាទូទៅរួចហើយថាសូម្បីតែការថតស្ពតក្នុងរយៈខ្លី ក៏ទទួលបានកម្រិតខ្ពស់ ទើបអ្នកនាងព្រមថត។ ប៉ុន្តែពាក់ព័ន្ធនឹងបញ្ហានេះ ផលិតករបានអះអាងថាអ្នកនាងទទួលបានកម្រៃតាមរយៈការត្រលប់មកសម្ដែងនេះមិនខុសពីអ្នកនាងអម្ពរ ទេវី នោះទេ ដោយសារតែផលិតករចង់បានអ្នកនាងមកសម្ដែងអោយខ្លាំងនៅក្នុងផ្ទៃរឿងនិងដោយសារតែអ្នកនាងក៏គួរតែបានតម្លៃនោះ ដើម្បីអោយសមនឹងកិត្តិយសនៅក្នុងវិថីសិល្បៈរបស់អ្នកនាងផ្ទាល់។

អ្នកស្រីពាន់ ភួងបុប្ផា ផលិតកររឿងបានថ្លែងប្រាប់ថាអ្នកនាងស៊ឹម សូលីកា ត្រូវបានពន្យល់និងទទូចខុសពីតួផ្សេងច្រើនទម្រាំតែអ្នកនាងយល់ព្រមសម្ដែងមួយរឿងនេះ ជាមួយតារាសិល្បករសិល្បការិនីជើងចាស់ដែលអ្នកស្រីសម្រាំងយក។ ក្នុងនោះអ្នកនាងមិនបានទាមទារតម្លៃខ្លួននៅពេលយល់ព្រមនោះទេ ប៉ុន្តែមកពីអ្នកនាងក៏ជាតួល្បីនិងមានក្រេឌីតមិនអន់នៅក្នុងពិភពសិល្បៈ ទើបអ្នកស្រីនិងផលិតកម្មថោនដែលជាអ្នកបោះទុន សម្រេចផ្ដល់អោយអ្នកនាងនូវតម្លៃខ្លួនស្មើគ្នានឹងអ្នកនាងអម្ពរ ទេវី ។ អ្នកស្រីនិយាយថា៖ “សម្រាប់សូលីកា ខ្ញុំអត់អាចបង្ហាញថាគាត់មកថតរឿងហ្នឹងបានតម្លៃខ្លួនប៉ុន្មានទេ ប៉ុន្តែសម្រាប់តួគាត់គឺខ្ញុំអោយស្មើនឹងតួអម្ពរ ទេវីដែរ គឺអម្ពរ ទេវី លើសគាត់តែថ្លៃសំបុត្រយន្តហោះប៉ុណ្ណោះ ចំណែកតម្លៃថតខ្ញុំអោយប្រហែលគ្នាគឺអត់ខុសគ្នាទេ ដោយសារពួកគាត់សុទ្ធតែលេងល្អនិងជាតួដែលខ្ញុំចង់បានដូចគ្នា!”។ អ្នកស្រីមិនបានទម្លាយថាតារាផ្សេងទៀតទទួលបានតម្លៃខ្លួនកម្រិតណាបើធៀបនឹងអ្នកនាង ស៊ឹម សូលីកានិងអ្នកនាងអម្ពរ ទេវី នោះទេ ដោយគ្រាន់តែអះអាងថា សម្រាប់តារាស្រីទាំងពីរដួងនេះគឺបានតម្លៃខ្លួនប្រហែលគ្នា។ អ្នកស្រីបញ្ជាក់ថាអ្នកមេម៉ាយកូនមួយអ្នកនាង ស៊ឹម សូលីកា ត្រូវសម្ដែងជាតួម្ដាយក្នុងរឿងដែលមានឈុតឆាកប្រហែលគ្នានឹងអ្នកនាងអម្ពរ ទេវីដូចគ្នា ដោយគ្រាន់តែអ្នកនាងត្រូវសម្ដែងជាតួបុគ្គលិកអង្គការ ហើយមានសម្ពាធមួយចំនួនព្រោះតែរឿងកូនប្រុសស្រី៣នាក់ធ្វើបាបតាមលំនាំរបស់គ្រួសារមួយផ្សេងទៀតខុសពីការសម្ដែងរបស់អ្នកនាងអម្ពរ ទេវី។ អ្នកស្រីថាអ្នកនាងត្រូវសម្ដែងច្រើនតាំងពីដើមដល់ចប់ ហើយក៏មានឈុតឆាកត្រូវសម្ដែងប៉ះគ្នាជាមួយអ្នកនាងអម្ពរ ទេវី ផងដែរ ដោយសារតែពួកគេសុទ្ធតែជាមិត្តជិតស្និទ្ធនៅក្នុងសម័យប៉ុលពត នៅក្នុងរឿងជាមួយគ្នា។

អ្នកនាងស៊ឹម សូលីកា នឹងត្រូវចេញថតនៅពាក់កណ្ដាលខែកក្កដានេះ ដោយឈុតដែលពាក់ព័ន្ធនឹងអម្ពរ ទេវី នឹងត្រូវថតបន្តក្នុងពេលអម្ពរ ទេវី ចុះមកនៅខែ៨ខាងមុខ៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ